រឿង​ បុរស​ម្នាក់​ទៅ​ជួញ ភ្លើង​ឆេះ​ទំនិញ​ក្នុង​សំពៅ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ២៧ - ២៩
    មាននិទានមួយថា : មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន ចុះសំពៅទៅជួញ មានកូនក្មួយសុំដោយសារសំពៅទៅជួញជាមួយជាច្រើននាក់ ។ ឯម្ចាស់សំពៅនោះចិញ្ចឹមឆ្មា ១ ទុកជាមង្គលក្នុងសំពៅ ហើយឲ្យកូនក្មួយ ៤ នាក់រក្សាជើងឆ្មាទាំង ៤ មួយៗ ម្នាក់ ។ ឆ្មានោះកើតដំបៅនៅជើងម្ខាង ។ ចៅអ្នករក្សាជើងឆ្មាដំបៅនោះយកសំពត់ជ្រលក់ប្រេងរុំជើងឆ្មា ៗ នោះនៅមិនស្ងៀមសោះដើរជាន់ដើរទៅជាន់លើភ្លើង ឆេះសំពត់ក្ដៅដល់ជើង ឆ្មានោះនាំភ្លើងរត់ទៅក្នុងសំពៅឆេះអស់ទ្រព្យនឹងទំនិញទាំងពួងនៅក្នុងសំពៅនោះឥតសល់តិចឡើយ ។ ម្ចាស់សំពៅប្រាប់ចៅទាំង ៤ នាក់ដែលរក្សាជើងឆ្មានោះឲ្យសងទ្រព្យទាំងអស់ ។ ចៅរក្សាជើងឆ្មា

អានបន្ត ៖ រឿង​ បុរស​ម្នាក់​ទៅ​ជួញ ភ្លើង​ឆេះ​ទំនិញ​ក្នុង​សំពៅ

រឿង ​កុដុម្ពី​ម្នាក់ មាន​កូន​ប្រុស ៣​នាក់​ឈ្លោះ​ដណ្ដើម​មត៌ក​គ្នា​

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ២៥ - ២៦

    មាននិទានមួយថា : មានកុដុម្ពីម្នាក់ មានកូនប្រុស ៣ នាក់, កូនច្បងទៅបម្រើស្ដេច, កូនបន្ទាប់ទៅជួញស្វែងរកទ្រព្យសម្បត្តិមកចិញ្ចឹមខ្លួនឯង ឯប្អូនពៅទៅបួសក្នុងសំណាក់សាសនាព្រះតថាគត ។ លុះចំណេរយូរមកឪពុកនោះអស់អាយុទៅ កូនទាំង ៣ នាក់ឈ្លោះប្រកែកគ្នាដណ្ដើមសម្បត្តិរបស់ឪពុកតែរាល់ខ្លួន ជជែកគ្នាមិនដាច់ស្រេចសោះ ហើយក៏នាំគ្នាទៅប្ដឹងចៅក្រម ៗ កាត់សេចក្ដីចែកសម្បត្តិនោះឲ្យកូនទាំង ៣ នាក់ ។ កូនទាំង ៣ នាក់មិនសុខចិត្ត ក៏នាំរឿងនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រ តាមដំណើរ ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីថា “ព្រះស្ដែងកូនច្បងចេញទៅនៅបម្រើស្ដេច  ប្រាថ្នាឲ្យបានយសស័ក្ដិជាប្រយោជន៍ផ្ទាល់ខ្លួន, និងព្រះស្ដែងប្អូនបន្ទាប់ ដែលចេញទៅជួញស្វែងរកទ្រព្យមកចិញ្ចឹមខ្លួនឯងនោះ ត្រូវបានភាគ ១ ម្នាក់ស្មើគ្នា, ឯព្រះស្ដែងប្អូនពៅដែលចេញទៅបួស យកផលានិសង្ស ចម្រើនជូនទៅម្ដាយឪពុកនោះ ត្រូវបានភាគ ២ ម្នាក់ឯង ។ កូនទាំង ៣ នាក់សុខចិត្តទទួលចំណែកតាមព្រះបន្ទូលគ្រប់គ្នា ហើយក្រាបថ្វាយបង្គំលាទៅលំនៅទីទៃ ៗ ។
    ព្រះមហាក្សត្រ ទ្រង់កាត់សេចក្ដីចែកសម្បត្តិឲ្យកូនទាំង ៣ នាក់យ៉ាងនេះ ហៅសុគតិគមនំហោង ។

រឿង មហាសេដ្ឋី​មាន​កូន ៣​នាក់​ឈ្លោះ​ដណ្ដើម​មត៌ក​គ្នា

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ២៣ - ២៤

    មាននិទានមួយថា : មានមហាសេដ្ឋីម្នាក់ មានកូនប្រុស ៣ នាក់ កូនច្បងនិងកូនបន្ទាប់ ២ នាក់ មានប្រពន្ធហើយ ចេញទៅធ្វើផ្ទះនៅដោយខ្លួនពីគ្នា ឆ្ងាយពីផ្ទះឪពុក, ចំណែកកូនពៅនៅផ្ទះជាមួយឪពុកជាប់រហូតមក ។ លុះឪពុកមានជំងឺឈឺធ្ងន់កូនពៅដែលនៅផ្ទះជាមួយ តែងថែទាំចាំជំងឺបម្រើឪពុករាល់ថ្ងៃរហូតដល់ឪពុកក្ស័យជីវិត ។ ឯកូនបងពីរនាក់ មិនបាននៅថែរក្សាជំងឺឪពុកទេ ប៉ុន្តែលុះឪពុកក្ស័យផុតទៅហើយ ទើបបានមកជួយធ្វើបុណ្យខ្មោចឪពុក ។
    កូនទាំង ៣ នាក់ឈ្លោះប្រកែកជជែកគ្នាដណ្ដើមកេរ្តិ៍មត៌កឪពុក និយាយមិនដាច់ស្រេច នាំគ្នាទៅប្ដឹងចៅក្រមៗ កាត់សេចក្ដីពុំបាន ក៏នាំបុរសទាំងនោះឡើងក្រាបបង្គំទូល ព្រះមហាក្សត្រតាមដំណើរគ្រប់ប្រការ ។ ព្រះមហាក្សត្រទ្រង់ពិចារណាជ្រាបហើយទ្រង់កាត់សេចក្ដីថា “ព្រះស្ដែងជាច្បងទាំង ២ នាក់ដែលមានប្រពន្ធហើយ ចេញទៅសង់ផ្ទះនៅដោយខ្លួនឆ្ងាយពីឪពុកនោះត្រូវបាន ១ ភាគម្នាក់ស្មើគ្នា, ឯប្អូនពៅដែលនៅផ្ទះជាមួយឪពុក ហើយបានថែរក្សាជំងឺឪពុកនោះ ត្រូវបាន ២ ភាគ” ។ កូនមហាសេដ្ឋីទាំង ៣ នាក់សុខចិត្តព្រមព្រៀងទទួលតាមព្រះបន្ទូលនោះហើយ ថ្វាយបង្គំលាទៅយកទ្រព្យកេរ្តិ៍មត៌កតាមចំណែកគ្រប់គ្នា ហើយនៅទីលំនៅនៃខ្លួនទីទៃ ៗ ។
    ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីយ៉ាងនេះ ហៅសុគតិគមនំហោង ។

រឿង​ បុរស៣នាក់ ឈ្លោះ​ដណ្ដើម​ដំណេក​គ្នា​

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ២១ - ២២

    មាននិទានមួយថា : មានបុរស ៣ នាក់វិវាទជជែកប្រកែក ដណ្ដើមដំណេកគ្នា ចង់ដេកកណ្ដាលតែរៀងខ្លួន ។ បុរសទាំង ៣ នាក់នោះក្រវើនតែ ប្រកែកជជែកគ្នាទៅវិញទៅមក ក៏ខានបានដេកយប់នោះ ។ លុះព្រឹកឡើងក៏នាំគ្នាទៅរកចៅក្រម ប្ដឹងដោយដំណើរទីទៃ ៗ ។ ចៅក្រមពិចារណាក្ដីនេះពុំដាច់ស្រេច ក៏នាំបុរសទាំង ៣ នាក់ទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយដំណើរនោះ ។ ព្រះអង្គទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះតម្រិះដោយព្រះប្រាជ្ញា ឈ្វេងយល់ក្នុងព្រះវិចារណញ្ញាណ ហើយទ្រង់ត្រាស់បង្គាប់ថា “ចូរព្រះស្ដែងទាំង ៣ នាក់ដេកយកក្បាលឈមជុំចូលរកគ្នា នេះឯងហៅថាដេកកណ្ដាលគ្រប់គ្នាហោង ” ។
    បុរសទាំង ៣ នាក់ទទួលព្រះបន្ទូលនោះហើយ ក៏ក្រាបថ្វាយបង្គំលាព្រះមហាក្សត្រទៅលំនៅរៀងខ្លួន ។
    ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ។


 

១ ក្រវើនតែ កិរិយាសព្ទ ប្រែថា ខំតែ ឧស្សាហ៍តែ ។ ពាក្យនេះ ជាវេវចនៈនិងពាក្យថា អាត់តែ ដែលជានិបាតសព្ទ ប្រែថា រវល់តែ អាល័យតែ ឧទាហរណ៍ដូចប្រយោគថា អាត់តែស្ដាប់គេនិយាយ ភ្លេចខ្លួន ខាតការអស់ ។ អ្នកផងច្រើនប្រើរវល់តែ ឬអាល័យតែ ជាង ។

រឿង​ បុរស​៣​នាក់​ធ្វើ​ទូក​ឈ្មួញ​ឲ្យ​លិច

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៩ - ២០

    មាននិទានមួយថា : មានបុរស ៣ នាក់សុំដោយសារទូកឈ្មួញទៅ បុរសម្នាក់យកឈើដូចជាដងសាដៀវមកដេញធ្វើជាភ្លេង បុរសម្នាក់ទៀតកាលបើឮគេដេញសាដៀវធ្វើជាភ្លេងដ៏ពីរោះដូច្នោះហើយ ក៏ទះដៃឮសូរស្រួយពីរោះ, បុរសម្នាក់ទៀតឮគេទះដៃពីរោះដូច្នោះក៏ក្រោកឈរឡើងរាំរំពេនបត់បែនរត់ទៅមកលើទូក ។ ទូកនោះក៏ឃ្លេងឃ្លោងផ្អៀងក្រឡាប់លិចទៅ ខូចបង់របស់របស់ទ្រព្យឈ្មួញអស់ ។ ឈ្មួញបន្តឹងឲ្យបុរសទាំង ៣ នាក់សងទ្រព្យសម្បត្តិដែលលិចលង់ទៅក្នុងទឹកបាត់អស់នោះ ។

អានបន្ត ៖ រឿង​ បុរស​៣​នាក់​ធ្វើ​ទូក​ឈ្មួញ​ឲ្យ​លិច

Flag Counter