រឿង អាឡេវ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៨៨-១០៨

    កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះអ្នកង៉េះ ប្រពន្ធនាងង៉ោះ មានកូនប្រុសម្នាក់ឈ្មោះ អាឡេវ ។ កូននោះ លុះធំឡើងអាយុ ៧ ឆ្នាំ ជាក្មេងមានប្រាជ្ញាដឹងថាម្ដាយឪពុកល្ងង់ មិនចេះធ្វើការរកស៊ី ជាអ្នកក្រលំបាក វាក៏និយាយនឹងម្ដាយ ឪពុកថា «ម៉ែអើយ! ឪអើយ! ឥឡូវនេះ យើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្រ បើដូច្នេះ ខែវស្សាយើងធ្វើស្រែ ខែប្រាំងយើងទៅធ្វើចម្ការ ឯខ្ញុំទៅធ្វើស្រែជាមួយនឹងឪឯង បើយើងអត់ស្លាម្លូអង្ករម្ហូបចំណីអ្វី សឹមខ្ញុំមករកយកពីផ្ទះនេះ ទៅស៊ី» ។ អាឡេវនិងឪពុកម្ដាយ គិតគ្នាព្រមហើយ ក៏រៀបប្រដាប់ប្រដាឡើងទៅធ្វើស្រែ ។ លុះនៅស្រែយូរទៅ អាឡេវនឹកចង់ស៊ីនំ ហើយវាគិតថា «បើដូច្នេះអញនឹងបញ្ឆោតម៉ែឪអញយកនំស៊ី» គិតហើយប្រាប់ឪពុកវាថា «ឪៗ! ខ្ញុំទៅផ្ទះយកស្លាម្លូមកស៊ី» ។ ឪពុកក៏ឲ្យកូនទៅផ្ទះ ។ អាឡេវ ដើរទៅដល់កណ្ដាលផ្លូវបានឃើញវត្តលោក ក៏ចូលទៅថ្វាយបង្គំរកលោកកោរសក់ឲ្យ, លុះកោររួចហើយក្រាបថ្វាយបង្គំលាលោកទៅ ។ លុះទៅដល់ជិតផ្ទះ អាឡេវ មកសំពត់ទទូរក្បាលហើយធ្វើជាយំ ដើរចូលទៅក្នុងផ្ទះ ។ ឯម្ដាយឃើញកូនយំដូច្នោះ ក៏សួរទៅកូនថា «ថ្វីក៏កូនយំ?» ។ អាឡេវ ធ្វើជាយំខ្លាំងឡើងទៀត ។ ម្ដាយឃើញកូនរឹតតែយំខ្លាំងឡើងដូច្នោះ ក៏ស្ទុះទៅឱប ហើយបើកសំពត់អំពីក្បាលកូនចេញ ឃើញក្បាលកោររលីង រឹតតែសង្ស័យ ហើយសួរទៀតថា «ហេតុអ្វី ក៏បានជាកោរសក់ហើយយំដូច្នេះ?» ។

អានបន្ត ៖ រឿង អាឡេវ

រឿង អន្ទង់​វែង​ឆ្នាំង​វែង

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៨៧

    ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ ជាប្ដីប្រពន្ធ ។ ថ្ងៃមួយ ប្ដីចេញទៅរកអន្ទង់ដើម្បីជាអាហារ បានអន្ទង់១ យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា «ចូរឯងយកអន្ទង់នេះទៅស្លស៊ី» ។ ប្រពន្ធឆ្លើយថា «ចុះបើអន្ទង់នេះវែងម្ល៉េះ បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន?» ។ ប្ដីឮហើយ នឹកក្នុងចិត្តថា «ប្រពន្ធអញល្ងង់អីម្ល៉េះ!» ហើយប្រាប់ប្រពន្ធថា «បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ!» ។ ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ ។ ប្ដីក៏យកអន្ទង់នោះមកកាប់ចិញ្ច្រាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ, លុះឆ្អិនក៏ដោះដួស រួចហៅប្រពន្ធឲ្យមកស៊ី ៗ រួចលាងចានទុក តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង, ប្ដីមិនលាងឆ្នាំងនោះទេ ហើយចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធ ដឹងថាប្ដីចេញទៅបាត់ហើយ នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង ទៅយកឆ្នាំងនោះមកលិទ្ធ, ដល់ខំលិទ្ធណាស់ទៅ ក្បាលនាំងនោះ ចូលទៅក្នុងឆ្នាំង ៗ គ្របជាប់ពីលើ, មិនដឹងធ្វើដូចម្ដេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង ។ លុះប្ដីត្រឡប់មកពីភ្ជួរស្រែវិញ រកប្រពន្ធពុំឃើញក៏ស្រែកហៅ ឮសូរឆ្លើយសំឡេងនោះក្រងូរងល់ ហាក់ដូចជាចម្លែកណាស់, ប្ដីដើរចូលមករកមើល ទើបរកដំបងវាយឆ្នាំងនោះបំបែកទៅ ។ ប្រពន្ធលាន់មាត់ស្រែកថា «យ៉ា! អញពួននឹងគាត់ឯងសោះ» ។ ប្ដីនឹកអស់សំណើច ក៏ដើរចេញទៅ ។

អន្ទង់វែងឆ្នាំងវែង

រឿង ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៧៥-៨៦

    កាលពីព្រេងនាយ មានបុរសម្នាក់ ជាអ្នកកម្សត់ក្រលំបាក, ម្ដាយឪពុកស្លាប់ចោលពីតូច នៅតែម្នាក់ឯង តែងរកស៊ីចិញ្ចឹមអាត្មាគ្រាន់តែឆ្អែតពោះ ។ ដល់បុរសនោះចម្រើនធំដឹងសេចក្ដីឡើង ក៏ចង់ដឹងថា «ក្នុងនគរនោះ នឹងមានស្ត្រីពិត ម្ដាយពិត ឪពុកពិត ឬទេ? » ។ ថ្ងៃមួយ ស្ដេចក្នុងនគរនោះ ទ្រង់គិតធ្វើបុណ្យកម្សាន្តសប្បាយមួយ ។
    ស្ដេចទ្រង់មានព្រះបន្ទូលហៅនាហ្មឺនធំម្នាក់ ឲ្យចូលមកគាល់ ។ មកដល់ទ្រង់បង្គាប់ឲ្យនាហ្មឺននោះ ចេញទៅធ្វើរោងសង់សាលាបុណ្យនៅត្រើយស្ទឹងម្ខាង ។ ឯស្ទឹងនោះ មានស្ពានសួរឆ្លងទេ ។ នាហ្មឺននោះ ទៅធ្វើរោងសង់សាលារួចស្រេចវិលមកក្រាបទូលស្ដេច ៗ ទ្រង់ឲ្យរៀបភ្ញីផ្កា ស្លាម្លូ គ្រប់បរិក្ខារ ជារណ្ដាប់បុណ្យ ហើយស្ដេចយាងចេញកាន់ចុងព្រះរាជរោង ដោយជួនជុំមន្ត្រីតូចធំហែស្ដេចយាងចូលរោងបុណ្យ ។

អានបន្ត ៖ រឿង ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត

រឿង សុភា​ទន្សាយ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៦៥-៧៤
ពាក្យរាយតពីពាក្យកាព្យ

    ដំណាលពីរឿងទន្សាយ កាលដែលរត់ពីអណ្ដូងទៅនោះ ទៅឈប់ជិតភូមិមួយ មានយាយចាស់ម្នាក់ទូលចេកទៅលក់ ទន្សាយនោះឃើញ គិតថា «ឥឡូវអញអស់កម្លាំងម៉េ្លះ ធ្វើម្ដេចនឹងបានចេកនោះស៊ី មានតែធ្វើជាស្លាប់» គិតហើយលូនទៅដេកនៅផ្លូវ ។ ឯយាយចាស់នោះទូលចេកដើរមកដល់ ឃើញទន្សាយគិតស្មានថាជាស្លាប់មែន ហើយលាន់មាត់ថា «អះអញមកលក់ចេកថ្ងៃនេះ ហៅពេញជាមានលាភសុន្ទរពន់ពេកណាស់ អញនឹងយកអាទន្សាយនេះ ទៅស្លស៊ីបានម្ដង» ហើយក៏លើកទន្សាយនោះដាក់ក្នុងល្អីដើរទៅ ។ ឯទន្សាយកាលបើយាយចាស់ដាក់ទៅលើល្អីចេកហើយ ក៏បកស៊ី ៗ ។ លុះយាយចាស់នោះដល់ទៅផ្ទះគេ ៗ ហៅទិញចេក គាត់ដាក់កញ្ជើចេកពីលើក្បាលមក ទន្សាយវាលោតបោលទៅ មើលទៅចេកនៅសល់តែសំបក ។ យាយចាស់នោះថា «ម៉ែ អាទន្សាយនេះវារស់ទេតើ អញស្មានថាវាងាប់» ។ ចេកនោះ ក៏អស់ខានលក់, ទន្សាយនោះក៏វាបោលរួចទៅ ។

អានបន្ត ៖ រឿង សុភា​ទន្សាយ

រឿង សុភាទន្សាយ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៥៣-៦៤

ពាក្យកាព្យ
បទមណ្ឋោកគតិ
    នេះនឹងស្រដី ពីសត្វប្រាំនៃហោងណា ភេមាន់អកខ្លា និងទន្សាយទាំងប្រាំជាក់ ។ គិតគ្នាធ្វើផ្ទះ នឹងបានប្រើប្រាស់ទុកដាក់ គ្រាន់បានសម្នាក់នឹងបានគិតការតទៅ ។ ខ្លាថាបើច្នោះ ព្រមគ្នាចំពោះឥឡូវ យើងទៅច្រូតស្បូវ រួចហើយសឹមយើងគិតសង់ ។ គិតស្រេចហើយណា បបួលគ្នីគ្នាដើរត្រង់ពុំហ៊ានបង្អង់ ពុំបានឈរឈប់ឡើយណា ។ ដើរទៅដល់ព្រៃ គយគន់រំពៃព្រឹក្សាឃើញវាលស្បូវណា នេះហើយគេហៅស្បូវល្អ ។ ដល់បោះជំរំ និយាយគ្នាជុំមាត់ក ថានេះស្បូវល្អ យើងរកទៅទៀតក្រែងគ្មាន ។ យើងច្រូងរៀងអាយ ទោះក្រទោះងាយគង់បាន ទៅទៀតក្រែងគ្មាន ពុំបានប្រទះស្បូវល្អ ។ គេថាឥឡូវ ឲ្យអ្នកបងខ្លានៅអាយ ចាំដៃឲ្យបាយ រៀបស្លដណ្ដាំឲ្យស្រេច ។ ថាហើយនាំគ្នាដើរទៅម្នីម្នារំពេច ដល់ទៅព្រៃស្រេច ទន្សាយថាគ្នាយើងអើយ ។ យើងច្រូតនៅនេះ ទៅឆ្ងាយម្ដេចម៉េ្លះអ្នកអើយ ស្បូវច្រើនម្ល៉េះហើយ នេះឯងហៅស្បូវល្អណាស់ ។ ភេអកនូវមាន់ ព្រមគ្នារួសរាន់រហ័ស ច្រូតស្បូវឆាប់ណាស់ តែមាន់និងអកនូវភេ ។ ឯអាទន្សាយ រកកលនាយអាយវេះវេ ភៀសប្រាប់ទៅគេ ថាវ៉ីអើយគ្នាឈឺពោះ ។

អានបន្ត ៖ រឿង សុភាទន្សាយ

Flag Counter