រឿង ប្រាសាទ​ភ្នំ​ជីសូរ

រឿង ប្រាសាទ​ភ្នំ​ជីសូរ (នៅ​ខេត្ត​តាកែវ) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៥៣ - ៦៣ ភ្នំ​ជីសូរ ជា​ឈ្មោះ​ទី​កន្លែង​មួយ ដែល​គេ​ស្គាល់​ច្រើន ក្នុង​មជ្ឈដ្ឋាន​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទី​ជិត ឬ ឆ្ងាយ ព្រោះ​ជា​ទី​ដំណែល​បុរាណ ហើយ​ជា​រមណីយដ្ឋាន​ដែល​ទើប​នឹង​រៀបចំ​ថ្មី​ៗ ក្នុង​ប្រទេស​កម្ពុជា​យើង ។ ការ​ល្បី​រន្ទឺ​នាម​ដូច្នេះ ជា​ហេតុ​នាំ​ឲ្យ​អ្នក​ផង​ចង់​ដឹង​អំពី​ភាព​រាង ទី​តាំង និង ប្រវត្តិ​ដើម​របស់​កន្លែង​នេះ ឲ្យ​រឹង​រឹត​បាន​ច្បាស់​លាស់​ឡើង ព្រោះ​បណ្ដា​អ្នក​ដែល​ពុំ​ទាន់​បាន​ឃើញ ក៏​មាន​គំនិត​ឆ្ងល់ ចង់​ឃើញ ចង់​ដឹង​ទាំង​ស្រុង, ចំណែក​អ្នក​ដែល​ធ្លាប់​បាន​ស្គាល់​ហើយ ក៏​រមែង​នៅ​មាន​ឆ្ងល់​ពី​ប្រវត្តិ ដើម​កំណើត​ទី​នេះ ជា​មិន​ខាន​ដែរ ។ អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ មាន​ភារៈ​ធ្វើ​ការ​ស្រាវ​ជ្រាវ រក​ហេតុ​ផល​ច្បាស់​លាស់ យក​មក​អធិប្បាយ​បញ្ជាក់​ជូន​ក្នុង​គ្រា​នេះ ដោយ​ប្រមូល​ឯកសារ ដែល​សមាជិក​ឆ្លើយ​ឆ្លង​នៅ​ខេត្ត​ក្រៅ សរសេរ​ឲ្យ​ព័ត៌មាន​មក និង ដោយ​ការ​ចាត់​ឲ្យ​សមាជិក ចេញ​ទៅ​ពិនិត្យ​សង្កេត​ផ្ទាល់​ដល់​ទី​កន្លែង ព្រម​ទាំង​សាក​សួរ​អ្នក​ស្រុក ដែល​នៅ​ជិត​ខាង​ទី​នោះ​ទៀត​ផង ។ ភ្នំ​ជីសូរ​ស្ថិត​នៅ​ក្នុង​ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ គឺ​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ ដែល​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ ២ (ភ្នំពេញ-តាកែវ) កាត់​តម្រង់​ទៅ​ឯ​ផ្សារ​ព្រៃ​ល្វា ស្រុក​ព្រៃ​កប្បាស ។ ផ្លូវ​ថ្នល់​ត្រង់​ជើង​ភ្នំ​នេះ ជ្រុង​ខាង​ជើង មាន​បែក​ជា ៣ គឺ​មួយ ចូល​ពី​វត្ត​ប្រាសាទ​នាង​ខ្មៅ, មួយ​បែក​ពី​ផ្លូវ​ជាតិ កាត់​មក​តាម​ផ្សារ​បត់​រកា (សាលា​ស្រុក​សំរោង) និង មួយ​ទៀត​មក​ពី​ផ្សារ​ព្រៃ​ល្វា (សាលា​ស្រុក​ព្រៃ​កប្បាស) មក​ប្រសព្វ​គ្នា​ត្រង់​កន្លែង​នេះ ។ ដូច្នេះ អ្នក​ធ្វើ​ដំណើរ​ទៅ​ពី​ភ្នំពេញ ដោយ​រថយន្ត​ផ្ទាល់​ខ្លួន អាច​បត់​ចូល​តាម​ផ្លូវ​បែក ត្រង់​វត្ត​ប្រាសាទ​នាង​ខ្មៅ​ក៏​បាន ឬ ចាំ​ទៅ​បត់​តាម​ផ្លូវ​បំបែក​ចូល​ផ្លូវ​បត់​រកា​ក៏​បាន ។ សព្វ​ថ្ងៃ នៅ​លើ​កំពូល​ភ្នំ​នេះ មាន​ប្រាសាទ​បុរាណ​មួយ​តូច​ល្មម ប៉ុន្តែ​មាន​របៀប​រៀប​រយ​ប្រកប​ដោយ​ផែន​ទី សមរម្យ​នៅ​ឡើយ ។ ប្រាសាទ​នេះ​ហើយ ដែល​អ្នក​ផង​និយម​ហៅថា "ប្រាសាទ​ភ្នំ​ជីសូរ" ហើយ​ដែល​យើង​អធិប្បាយ​ពី​ខាង​ដើម​ថា អ្នក​ផង​គេ​និយម​ទៅ​ទស្សនា​ជា​ញឹក​ញាប់ ។ តាម​ពិត រូប​រាង​ប្រាសាទ​នេះ ពុំ​មាន​ភាព​ស្ដុក​ស្ដម្ភ ដូច​ប្រាសាទ​អង្គរ ឬ ប្រាសាទ​ដទៃ​ទៀត នៅ​ចំណោម​អង្គរ​ឡើយ, គេ​ប្រទះ​ឃើញ​តែ​កំពែង​ព័ទ្ធ​ជុំ​វិញ​ប៉ុណ្ណោះ ដែល​នៅ​គង់​ទ្រង់ ។ កំពែង​នេះ ធ្វើ​ពី​ថ្ម​ភក់ ឬ ថ្ម​បាយ​ក្រៀម តម្រៀប​គ្នា​ជា​ពីរ​តម្រួត​ក្នុង​ក្រៅ ឃ្លាត​ពី​គ្នា​ប្រមាណ​ជា ២ ម៉ែត្រ ហើយ​ខាង​លើ មាន​តម្រៀប​ថ្ម​ដូច​គ្នា​នេះ ធ្វើ​ជា​ដំបូល​ប្រក់​ពី​លើ អាច​ឲ្យ​មនុស្ស​ជ្រក​នៅ​ក្នុង​នេះ​បាន​យ៉ាង​ស្រួល ។ ជ្រុង​ទាំង​បួន​នេះ មាន​ទ្វារ​ធំ​ៗ នៅ​គ្រប់​ទាំង​បួន​ទិស ដោយ​មាន​ថ្ម​ឆ្លាក់​ជា​ក្បាច់​ត្របក​ឈូក បន្តុប​គ្នា​ជា​កំពូល​ប្រាង្គ ដ៏​មាន​ក្បាច់​ផ្ដែ និង ក្បាច់​ស៊ុម​យ៉ាង​ស្រស់ គួរ​ជាទី​ទស្សនា​ណាស់​ផង ។ សង​ខាង​ទ្វារ​សំខាន់​នេះ មាន​ទ្វារ​តូច​ៗ ពីរ ដែល​មាន​ចន្លោះ ល្មម​តែ​ចុះ​ខ្លួន​មនុស្ស​ម្នាក់​ចេញ​ចូល​បាន ។ រូប​ចម្លាក់​សំខាន់​ជាង​គេ នៅ​ក្នុង​ផ្ដែ​នៃ​ខ្លោង​ទ្វារ​ទាំង​នោះ មាន​រូប​ព្រះ​ឥសូរ គង់​លើ​អាសនៈ ក៏​មាន​ស្រី​ស្នំ​គាល់​ហ្វៅ និង ពពួក​សត្វ​លោក ឱន​ក្បាល​គោរព ដង្កូវ​ដង្ហែ​ខ្លាច​ព្រះ​បារមី ។ សព្វ​ថ្ងៃ កំពែង​ជុំ​វិញ​នេះ ទៅ​ជា​កំពែង​ព្រះ​វិហារ​ព្រះ​ពុទ្ធ​សាសនា ដែល​ទើប​តែ​នឹង​សង់​ឡើង​នៅ​គ្រា​បច្ចុប្បន្ន​ទៅ​វិញ គ្រាន់​តែ​នៅ​សល់​បណ្ណាល័យ​បុរាណ ជា​ថ្ម​បាក់​បែក​នៅ​សល់ សង​ខាង​វិហារ​ប៉ុណ្ណោះ ។ ដូច្នេះ មុន​នឹង​ជម្រាប​ទ្រង់​ទ្រាយ​ច្បាស់​លាស់ ហាក់​ដូច​ជា​ជួយ​បង្ហាញ​ទី​កន្លែង​ហូរហែ ដល់​លោក​អ្នក​អាន យើង​សូម​ជម្រាប​អំពី​ប្រវត្តិ​ពង្សាវតារ​នៃ​បុរាណ​ដ្ឋាន​នេះ ជា​មុន​សិន ។ ប្រវត្តិ​នេះ​ឯង មាន​ពីរ​ស្ថាន គឺ​មួយ​តាម​ការ​ស្រាវ​ជ្រាវ ដោយ​យក​សិលា​ចារឹក​ធ្វើ​ជា​មូលដ្ឋាន និង​មួយ​បែប​ទៀត ផ្អែក​ទៅ​លើ​រឿង​ព្រេង​និទាន ដែល​អ្នក​ស្រុក​និយាយ​រត់​មាត់​ត​ៗ គ្នា ជា​ច្រើន​តំណ​មនុស្ស​មក​ហើយ ។ សិលា​ចារឹក ដែល​អ្នក​ស្រាវ​ជ្រាវ បាន​រក​ឃើញ​នៅ​លើ​ភ្នំ​ជីសូរ ទាំង​អស់​មាន ៤ គឺ បី​ផ្ទាំង ជា​គោល​ដោយ​ខ្លួន​ៗ ពី​គ្នា និង​មួយ​ផ្ទាំង​ទៀត ចារ​ជាប់​នឹង​ស៊ុម​ទ្វារ (Piédroit) ។ សេចក្ដី​ក្នុង​សិលា​ចារឹក​ទាំង​អស់​នេះ​មាន​ចុះ​នាម​ព្រះ​មហា​ក្សត្រ ៣ ព្រះ​អង្គ គឺ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី ១ (គ. ស. ១០០២-១០៤៩) ព្រះ​បាទ​ធរិណន្ទ្រ​វរ្ម័ន​ទី ១ (គ. ស. ១១០៧-១១១៣) ព្រះ​បាទ​សុរ្យវរ្ម័ន​ទី ២ (គ. ស. ១១១៣- ១១៤៥) ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង ចាប់​សេចក្ដី​បាន​ថា ព្រះ​រាជា​ទាំង ៣ ព្រះ​អង្គ​នេះ មាន​ការ​ទាក់​ទង​ក្នុង​ដំណើរ​សាង​បុរាណ​វត្ថុ​នេះ ជា​ប្រាកដ ។ ដូច្នេះ យើង​ស្រង់​យក​ន័យ​ជា​ដំណើរ​សាង​ទី​កន្លែង​នេះ មក​ចុះ​ក្នុង​សេចក្ដី​ស្រាវ​ជ្រាវ​បាន ដោយ​សង្ខេប​ថា ៖ ចាប់​ផ្ដើម​ឡើង, សិលា​ចារឹក​របស់​បណ្ឌិត​សិវាចារ្យ សរសេរ​ថា កាល​នោះ ៩៣៩ ស័ក (គ. ស. ១០១៧) ក្នុង​រជ្ជ​កាល​ព្រះ​បាទ​សុរ្យ​វរ្ម័ន​ទី ១, លោក​បណ្ឌិត​សិវាចារ្យ បាន​ចូល​បព្វជ្ជា​ក្នុង​សាសនា​ព្រាហ្មណ៍ ស្ថិត​ក្នុង​ទី​អាស្រម​បទ​មួយ​កន្លែង​ឈ្មោះ យោគេន្ទ្រាល័យ ដែល​ពពួក​អ្នក​មាន​សទ្ធា​ជំនាន់​នោះ បាន​រួប​រួម​គ្នា​កសាង​ឡើង នៅ​លើ​កំពូល​ភ្នំ (គឺ​ជីសូរ​នេះ​ឯង) ។ បន្ទាប់​មក មាន​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នាម គម្ដែង​អញ ស្រីវិរិន្ទ្រ ដែល​ជា​អ្នក​ឧបត្ថម្ភ​អាស្រម​បទ "យោគេន្ទ្រា​ល័យ" និង​ជា​ឧបដ្ឋាក​របស់​បណ្ឌិត​សិវាចារ្យ​ផង លោក​បាន​ផ្ដើម​គំនិត រើ​តាក់​តែង​ទី​អាស្រម​នេះ ឲ្យ​បាន​ធំ​ថ្កុំ​ថ្កើង​រុង​រឿង​ទៀត ។ កិច្ចការ​ដ៏​ធំ​នេះ នឹង​ធ្វើ​ទៅ​បាន លុះ​ណា​តែ​មាន​មធ្យោបាយ​គ្រប់​គ្រាន់ ម្ល៉ោះ​ហើយ​បាន​ជា​សិវាចារ្យ និង ស្រីវរិន្ទ្រ បាន​មូល​មតិ​គ្នា​ធ្វើ​ជា​គម្រោង​ការ​មួយ ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​ទ្រង់​ពិនិត្យ ដើម្បី​សុំ​ព្រះ​រាជានុញ្ញាត និង សុំ​ព្រះ​រាជូបត្ថម្ភ​ក៏​ផង ។ កាល​នោះ ព្រះ​បាទ​សុរ្យវរ្ម័ន​ទី ១ ព្រះ​អង្គ​ក៏​ទ្រង់​មេត្តា​ប្រោស តាម​ការ​ស្នើ​នេះ ដោយ​បាន​ទាំង​ប្រោស​ប្រទាន នូវ​វត្ថុ​មាន​តម្លៃ សម្រាប់​ជា​ការ​ចំណាយ​ក្នុង​កិច្ច​ស្ថាបនា​នេះ​ទៀត ។ មិន​តែ​ប៉ុណ្ណោះ ទ្រង់​ប្រោស​ប្រទាន​នូវ​ដី​ត្រង់​តំបន់​ដែល​ហៅថា យោគេន្ទ្រាល័យ និង ដី​ស្រុក​ភូមិ​មួយ ជាប់​នឹង​ទី​នេះ ដែល​មាន​ឈ្មោះ​ថា "យោគេន្ទ្រ​បុរៈ" ដល់​ការ​ស្ថាបនា​នេះ​ទៀត ។ ចាប់​តាំង​ពី​នោះ​មក បណ្ឌិត​សិវាចារ្យ និង គម្ដែង​អញ ស្រី​វរិន្ទ្រ នាំ​គ្នា​ចាត់​ចែង​ស្ថាបនា​ទៅ​នេះ ឲ្យ​កើត​ឡើង​ជា​តួ​ប្រាសាទ​ស្ដុក​ស្ដម្ភ ហើយ​ក៏​សុំ​ប្រោស​ព្រះ​រាជ​ទាន នូវ​នាម​ទី​សក្ការ​សង់​ថ្មី នៅ​លើ​ភ្នំ​នេះ​ឲ្យ​ហៅថា "សុរ្យ​បវ៌ត" ដែល​បាន​ន័យ​ថា ភ្នំ​នៃ​ព្រះ​បាទ​សុរ្យ" ។ កិច្ចការ​ស្ថាបនា​នេះ ពុំ​មែន​ធ្វើ​ហើយ​ភ្លាម​ៗ ទេ, ហេតុ​នេះ​ហើយ​បាន​ជា ផុត​ពី​រាជ្យ នៃ​ព្រះ​បាទ​សុរ្យ​វរ្ម័ន​ទី ១ ទៅ ក៏​នៅ​តែ​បន្ត​កិច្ចការ​នេះ​ត​ទៅ ក្នុង​រាជ្យ​ព្រះ​បាទ​ធរណិន្ទ្រ​វរ្ម័ន​ទៀត រហូត​ដល់​រជ្ជកាល​ព្រះ​បាទ​សុរ្យ​វរ្ម័ន​ទី ២ ទើប​បាន​ហើយ​ស្រេច, ព្រះ​បាទ​សុរ្យ​វរ្ម័ន ទ្រង់​យាង​ធ្វើ​ជា​ព្រះ​រាជាធិបតី ក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នេះ​ជា​ស្រេច ។ ដោយ​មាន​ដំណើរ​ដូច្នេះ ទើប​សិលា​ចារឹក​ទាំងឡាយ​នៅ​លើ​ភ្នំ​ជីសូរ មាន​ចែង​អំពី​ព្រះ​នាម​ព្រះ​រាជា​ទាំង ៣ អង្គ​នេះ ។ កាល​បើ​បាន​ជា​បូជនីយដ្ឋាន​ស្ដុក​ស្ដម្ភ​ហើយ ពពួក​ព្រាហ្មណ៍ ដែល​ទទួល​ភារៈ​ក្នុង​កិច្ចការ​ស្ថាបនា​នេះ បន្ត​មក​ពី គម្ដែង​អញ​ស្រី​វរិន្ទ្រ នោះ​មក ក៏​កសាង​ជា​បដិមាករ​សំខាន់​ៗ តម្កល់​នៅ​ក្នុង​ទី​នេះ ធ្វើ​ជា​ទី​សក្ការ​បូជា សម្រាប់​អ្នក​ផង​ទូទៅ ។ បដិមាករ​សំខាន់​ជាង​គេ ថ្វាយ​នាម​ថា "វ្ឫសធ្វជ" ដែល​ជា​តំណាង​ព្រះ​ឥសូរ2 ហើយ​មាន​ព្រះ​នាម​មួយ​ទៀត ដែល​និយាយ​ក្នុង​សិលា​ចារឹក​ជា​ញឹក​ញាប់ ហៅថា "គម្ដែង ជគត ស្រី សុរ្យ​វរ្ម័ន ទេវៈ" ។ សេចក្ដី​រៀបរាប់​មក​ទាំង​នេះ បញ្ជាក់​តាម​ន័យ​ក្នុង​សិលា​ចារឹក​ទាំង​ប៉ុន្មាន​ផ្ទាំង ដែល​យើង​ចង្អុល​បង្ហាញ​មក​ហើយ​ខាង​លើ ។ បន្ត​ទៅ​ទៀត​នេះ យើង​ងាក​បែរ​ទៅ​លើក​យក​រឿង​ព្រេង តាម​អ្នក​ស្រុក​ចាំ​ត​ៗ គ្នា មក​អធិប្បាយ​ម្ដង, ព្រោះ​ជា​ធម្មតា អ្នក​ស្រុក​ដែល​នៅ​តាម​ទី​កន្លែង​ក្បែរ​ៗ នោះ រមែង​មាន​ចាំ​រឿង​រ៉ាវ​តាម​ស្រុក តាម​ភូមិ​របស់​ខ្លួន រៀង​ៗ ខ្លួន ហើយ​រឿង​ទាំង​នោះ ជួន​កាល ក៏​មាន​សារៈ គួរ​យក​ជា​ការ​បាន​ខ្លះ​ដែ ។ រឿង​ព្រេង​នោះ ដំណាល​ថា ៖ កាល​នោះ មាន​ក្សត្រ​មួយ​ព្រះ​អង្គ ព្រះ​នាម​សុរិយា-ទេវេស សោយ​រាជ្យ​ជា​អង្វែង​មក​ហើយ បាន​កសាង​ព្រះ​រាជ​និវេសន៍​នៅ​ក្បែរ​ជើង​ភ្នំ​មួយ (ភ្នំ​ជីសូរ​សព្វ​ថ្ងៃ) ដែល​មាន​បឹង​ធំ​មួយ​ទៀត ហៅថា "ទន្លេ​ឱម" នៅ​ជាប់​ពី​ខាង​កើត ។ រាជ​និវេសន៍​នេះ ស្ថិត​នៅ​កណ្ដាល​ព្រៃ​មួយ ហៅថា "ព្រៃ​សែន​ភូវាំង"3 ក្រោយ​ដែល​សាង​ព្រះ​រាជ​និវេសន៍​រួច​ហើយ ព្រះ​រាជា​ទ្រង់​ប្រារព្ធ​ធ្វើ​ពិធី​ចម្រើន​ព្រះ​កេស​ព្រះ​រាជ​ឱរស​របស់​ព្រះ​អង្គ ។ ព្រះ​រាជ​ពិធី​យ៉ាង​ឧឡារិក ក៏​ផ្ដើម​ឡើង ដោយ​មាន​ពពួក​ព្រាហ្មណ៍​ព្រឹទ្ធ​កវី ព្រឹទ្ធាចារ្យ ចូល​ថ្វាយ​សព្ទ​សាធុការ​ពរ ចំពោះ​ព្រះ​រាជ​ឱរស បន្ត​បន្ទាប់​គ្នា ។ ពេល​នោះ មាន​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ​ម្នាក់ ជា​អធិបតី​ក្នុង​ពិធី​នេះ បាន​ចូល​ទៅ​ថ្វាយ​ព្រះ​ពរ​ក្រោយ​គេ មាន​សេចក្ដី ៣ ប្រការ ប្លែក​ពី​គេ​ថា ៖ - សូម​ឲ្យ​មាន​កម្លាំង​ដូច​ស្រមោច - សូម​ឲ្យ​មាន​ឫទ្ធិ​ដូច​ខ្មោច - សូម​ឲ្យ​មាន​ចិត្ត​មុត​ដូច​មនុស្ស​ស្រី ក្រោយ​ដែល​ទ្រង់​ព្រះ​សណ្ដាប់​ឃ្លា​នេះ​ចប់ ព្រះ​រាជា​ទ្រង់​ក្រោធ​នឹង​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ​មួយ​រំពេច, ប៉ុន្តែ ព្រាហ្មណ៍ សុំ​ព្រះ​រាជានុញ្ញាត ធ្វើ​ជា​ពិសោធ​យក​ជា​បន្ទាល់ ថ្វាយ​ព្រះ​អង្គ​ទ្រង់​យល់​សិន ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ប្រោស​ប្រទាន​តាម​សេចក្ដី​សុំ ។ ដំបូង ត្រង់​ពរ​ថា "ឲ្យ​មាន​កម្លាំង​ដូច​ស្រមោច" ព្រាហ្មណ៍​បង្គាប់​ឲ្យ​ធ្វើ​រូប​ដែក​មួយ ប៉ុន​ខ្លួន​មនុស្ស​ម្នាក់ ហើយ​ហៅ​មនុស្ស​ម្នាក់ ឲ្យ​មក​លើក​រូប​ដែក​នេះ​ល្បង​មើល តែ​លើក​មិន​រួច​សោះ ។ រួច​ព្រាហ្មណ៍​ឲ្យ​យក​ម្ជុល​មួយ​ប៉ុន​ខ្លួន​ស្រមោច មក​កាត់​យក​ប្រវែង​ប៉ុន​ស្រមោច, ប្រឡាក់​ទឹក​ឃ្មុំ ហើយ​យក​ទៅ​ដាក់​ឲ្យ​ស្រមោច​រោម, ពេល​នោះ ស្រមោច​មួយ​ក៏​ពាំ​កំណាត់​ម្ជុល​នោះ​បាត់​ទៅ ។ ព្រាហ្មណ៍ ក្រាប​បង្គំ​ទូល​ព្រះ​មហា​ក្សត្រ​ថា "ក្រាប​ទូល នេះ​ហើយ ដែល​ថា កម្លាំង​ដូច​ស្រមោច" ។ ពរ ទី ២ ដែល​ថា "មាន​ឫទ្ធិ​ដូច​ខ្មោច" ព្រាហ្មណ៍ ឲ្យ​គេ​យក​ខ្មោច​ស្លាប់​តៃហោង ៧ យ៉ាង គឺ ស្លាប់​ដោយ​សម្រាល​កូន ១, ដោយ​ពស់​ចឹក ១, ដោយ​ក្របី​វ័ធ ១, ដោយ​រន្ទះ​បាញ់ ១, ដោយ​គេ​លប​កាប់ ១, ដោយ​លង់​ទឹក ១, ដោយ​ចង​ក ១, ហើយ​ឲ្យ​យក​ខ្មោច​ទាំង ៧ នេះ ទៅ​កប់​នៅ​ឆ្ងាយ​ពី​ភូមិ​ស្រុក រួច​ហើយ​ឲ្យ​យក​ផ្តិល​ប្រាក់​ល្អ​ៗ ទៅ​កប់​នៅ​ចំ​ចន្លោះ​ក្បាល​ខ្មោច​នេះ ។ មិន​តែ​ប៉ុណ្ណោះ​ឲ្យ​យក​ពែ​រួត, ពែ​ហ៊ុម, ពែ​ជើង​ត្រុំ, ពែ​ច្រមុះ​ជ្រូក ជាដើម ទៅ​តម្រៀប​នៅ​លើ​កំណប់​ក្បាល​ខ្មោច​នេះ ដោយ​មាន​ដាក់​បាយ​ស បាយ​ក្រហម ក្បាល​ជ្រូក មាន​ឆ្កាង​នៅ​ត្រង់​នោះ​ផង, លុះ​ដល់​ពេល​យប់​ស្ងាត់ ព្រាហ្មណ៍​ក៏​ប្រើ​ពួក​អមាត្យ​ណា​ម្នាក់​ដែល​ចង់​បាន​ផ្តិល​ប្រាក់ ដែល​កប់​នោះ ឲ្យ​ទៅ​ជីក​យក​ចុះ ។ ពេល​នោះ គ្មាន​នរណា​ម្នាក់ ហ៊ាន​ទៅ​យក​ផ្តិល​ប្រាក់​នោះ​សោះ ។ ត្រង់​នេះ ព្រាហ្មណ៍ ក្រាប​ទូល​ព្រះ​រាជា​ថា "នេះ​ហើយ ដែល​ហៅ​ថា ៖ មាន​ឫទ្ធិ​ដូច​ខ្មោច" ។ ចំណែក​ពរ​ទី ៣ ដែល​ថា "មាន​ចិត្ត​មុត​ដូច​មនុស្ស​ស្រី" នោះ, ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ បាន​ធ្វើ​ការ​ពិសោធន៍​វែង​ឆ្ងាយ ដូច​ត​ទៅ​នេះ ។ ដំបូង​ហៅ​បុរស​កម្សត់​ម្នាក់ មក​និយាយ​ថា ៖ មើល៍ ! សព្វ​ថ្ងៃ​នេះ អ្នក​ឯង​កម្សត់​តោក​យ៉ាក, បើ​ខ្ញុំ​បង្គាប់​ឲ្យ​អ្នក​សម្លាប់​ប្រពន្ធ​អ្នក​ឯង​ចោល, ក្នុង​រយៈ​បី​ថ្ងៃ​ទៀត ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​ធ្វើ​ជា​មន្ត្រី​ធំ តើ​សុខ​ចិត្ត​ឬ​ទេ ? ។ បុរស​សញ្ជឹង​គិត​មួយ​សន្ទុះ ក៏​ងើប​ឡើង​ឆ្លើយ​ថា "ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ​លោក ! ព្រោះ​ភរិយា​ខ្ញុំ​នេះ បាន​រួម​សុខ-ទុក្ខ កម្សត់​កម្រ​នឹង​គ្នា​យូរ​មក​ហើយ ខ្ញុំ​មិន​ងាយ​បំភ្លេច​សេចក្ដី​កម្សត់​នេះ​បាន​ទេ ហើយ​មួយ​ទៀត ភរិយា​ខ្ញុំ​ជា​មនុស្ស​ស្រី គ្នា​តែង​ទន់​ភ្លន់​ជានិច្ច ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​រក​ដាច់​ចិត្ត​សម្លាប់​មិន​កើត" ។ ឮ​សូរ​ឆ្លើយ​ដូច្នេះ ព្រាហ្មណ៍ ក៏​ប្រើ​ឲ្យ​បុរស​នេះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ថ្ងៃ​បន្ទាប់​មក ព្រាហ្មណ៍ ឲ្យ​អមាត្យ​ទៅ​លប​ហៅ​នាង​ជា​ភរិយា​មក​សួរ​ម្ដង ។ នាង​នោះ មក​ដល់​ភ្លាម, ព្រាហ្មណ៍ ក៏​ចាប់​សួរ​ថា ៖ "នែ​នាង" ប្ដី​នាង​ជា​មនុស្ស​ក្រ​ណាស់ អនាគត​នាង​ក៏​ពុំ​មាន​សង្ឃឹម​អ្វី​ដែរ, ដូច្នេះ ខ្ញុំ​ស្នើ​ស្ងាត់​ៗ ជា​មួយ​នាង​ថា បើ​នាង​ហ៊ាន​សម្លាប់​ប្ដី​នាង ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ទៀត ខ្ញុំ​នឹង​លើក​នាង​ជា​ប្រពន្ធ​ពេញ​យស ហើយ​ខ្ញុំ​ប្រគល់​ដាក់​ដៃ​នាង នូវ​ទ្រព្យ​សម្បត្តិ មាន​តម្លៃ​ទាំង​អស់ ។ នាង​ស្រី​នោះ នៅ​ស្ងៀម​មួយ​សន្ទុះ ពុំ​ចេញ​ស្ដី​សោះ, ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ ក៏​អនុញ្ញាត​ឲ្យ​នាង​យក​ទៅ​រេ​គិត​មួយ​ថ្ងៃ​សិន​ចុះ ចាំ​ដល់​ថ្ងៃ​ស្អែក សឹម​មក​ប្រាប់​វិញ ។ នាង​ស្រី​ក៏​លា​ចេញ​ទៅ, លុះ​ដល់​ថ្ងៃ​ស្អែក ត្រឡប់​នាំ​ចម្លើយ​មក​វិញ ។ នាង​ឆ្លើយ​ជម្រាប​ព្រាហ្មណ៍ នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​មហា​ក្សត្រ​ថា "ខ្ញុំ​ព្រម​ធ្វើ​តាម​លោក​ហើយ ព្រោះ​ខ្ញុំ​គ្មាន​សង្ឃឹម​លើ​ប្ដី​ខ្ញុំ​ទេ បើ​រក​ស៊ី​នេសាទ​ត្រី​យ៉ាង​នេះ" ។ គ្រាន់​តែ​នាង​នេះ​ឆ្លើយ​ចប់​ភ្លាម, ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ ក៏​ងាក​បែរ​យ៉ាង​ប្រញាប់ ទៅ​ក្រាប​ទូល​ព្រះ​រាជា​មួយ​រំពេច​ថា "ក្រាប​ទូល នេះ​ហើយ​ជា​បន្ទាល់ ដែល​ទូល​ព្រះ​បង្គំ​ក្រាប​ទូល​ថា ៖ មាន​ចិត្ត​មុត​ដូច​ស្រី" ។ ព្រះ​មហា​ក្សត្រ កាល​បើ​ព្រះ​អង្គ​បាន​យល់​សព្វ​គ្រប់​បន្ទាល់ តាម​ពាក្យ​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ​រួច​ហើយ ព្រះ​អង្គ​ក៏​តម្កល់​ព្រាហ្មណ៍​នេះ​ជា​អ្នក​ប្រាជ្ញ​ធំ ហើយ​ប្រទាន​ពរ​តាម​សេចក្ដី​ប្រាថ្នា ។ ពេល​នេះ ព្រាហ្មណ៍​ក៏​សុំ​ព្រះ​អង្គ​អនុញ្ញាត​សាង​អាស្រម​បទ សម្រាប់​ពួក​ព្រាហ្មណ៍ ឲ្យ​បាន​ស្ដុក​ស្ដម្ភ​នៅ​លើ​កំពូល​ភ្នំ ដែល​ជាប់​នឹង​ព្រះ​រាជ​និវេសនដ្ឋាន​នេះ ។ ដោយ​ចង់​តប​ស្នង សង​គុណ​ព្រាហ្មណ៍​នេះ​ផង, ព្រះ​អង្គ ក៏​ទ្រង់​ប្រោស​ព្រះ​រាជានុញ្ញាត តាម​បំណង​ព្រាហ្មណ៍ ហើយ​ក៏​តាំង​ជា​ព្រះ​គ្រូ​នៃ​ព្រះ​រាជ​បុត្រា​ត​រៀង​ទៅ ។ សេចក្ដី​អធិប្បាយ​ហូរ​ហែ​មក​នេះ សម្រាប់​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ប្រវត្តិ​ដើម នៃ​ប្រាសាទ​បុរាណ​នៅ​លើ​ភ្នំ​ជីសូរ គឺ​មាន​ទាំង​បែប​ប្រវត្តិ​ការណ៍​ផង ទាំង​បែប​រឿង​ព្រេង​ផង ។ ប៉ុន្តែ បើ​យើង​ផ្ទូរ​ផ្ទឹម តាម​បែប​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​វិញ យើង​និយម​យក​សិលា​ចារឹក ធ្វើ​ជា​មូលដ្ឋាន​សំខាន់​ជាង ត្បិត​សិលា​ចារឹក ពុំ​មាន​អ្នក​ណា​កែ​ប្រែ​បាន សូម្បី​បន្តិច​បន្តួច​ឡើយ រី​ឯ​រឿង​ព្រេង​វិញ រមែង​មាន​វិបត្តិ​ឃ្លៀង​ឃ្លាត​ជា​ធម្មតា ព្រោះ​អ្នក​ចាំ នាំ​មក​និយាយ​ត​ៗ គ្នា តែង​តែ​មាន​លើស​ខ្វះ​បន្តិច​ម្នាក់​ៗ ជា​រៀង​រាល់​គ្នា ។ ដូច្នេះ​ទើប​យើង​បញ្ជាក់​បាន​ថា ប្រាសាទ​នៅ​លើ​ភ្នំ​ជីសូរ​នេះ កសាង​ឡើង​តាំង​ពី​រាជ្យ​ព្រះ​បាទ​សុរ្យ​វរ្ម័ន​ទី ១ រវាង គ. ស. ១០០២ ដល់ ១០៤៩ ដើម្បី​ឧទ្ទិស​ថ្វាយ​ទេវ​រូប តំណាង​ព្រះ​សិវៈ ដែល​មាន​សម្មតិ​នាម​មួយ ថាៈ "គម្ដែង​ជគត ស្រី សុរ្យ​វរ្ម័ន ទេវៈ" ឬ​ហៅ​កាត់​ខ្លី​ឲ្យ​ចំ​ថា "ព្រះ​ឥសូរ" ហើយ​ទី​នេះ​ក៏​មាន​នាម​ថា "សុរ្យ​បវ៌ត" បាន​ន័យ​ថា ភ្នំ​នៃ​ព្រះ​បាទ​សុរ្យ​វរ្ម័ន ។

រឿង ភ្នំ​បូរី-ភ្នំ​ដា

៥- រឿង ភ្នំ​បូរី-ភ្នំ​ដា1 (នៅ​ខេត្ត​តាកែវ) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៤២ - ៥១ ភ្នំ​បូរី ស្ថិត​នៅ​ក្នុង​ឃុំ​អង្គ​បូរី ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ។ សព្វ​ថ្ងៃ គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​នេះ​បាន ដោយ​លំបាក​បន្តិច ព្រោះ​ត្រូវ​ទៅ​តាម​ផ្លូវ​ជាតិ ទៅ​ដល់​ផ្សារ​ព្រៃ​ល្វា (សាលា​ស្រុក​ព្រៃ​កប្បាស) ហើយ​ត្រូវ​បែក​ចូល​ផ្លូវ​លំ ចម្ងាយ ២២ គីឡូម៉ែត្រ​ទៀត ទើប​ដល់​ផ្សារ​អង្គ​បូរី ។ ដែល​ជា​ទី​តាំង​នៃ​ចៅ​តំបន់​អង្គ​បូរី ។ លុះ​ឆ្លង​ស្ពាន ទៅ​ត្រើយ​ខាង​ត្បូង ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​រទេះ ប្រមាណ ៥ ឬ ៦ គីឡូម៉ែត្រ​ទៀត ទើប​ទៅ​ប្រទះ​ឃើញ​ភ្នំ​ពីរ​ទន្ទឹម​គ្នា គឺ​ភ្នំ​ដា នៅ​ខាង​កើត ភ្នំ​បូរី នៅ​ខាង​លិច ។ ម្យ៉ាង​ទៀត ផ្លូវ​នេះ បើ​ជា​រដូវ​វស្សា​វិញ ត្រូវ​ទឹក​លិច​ល្ហ​ល្ហាច តោង​តែ​ជិះ​ទូក​ឆ្លង​ទើប​បាន ។ ភ្នំ​ទាំង​ពីរ​នេះ មាន​ទំនង​ជា​ទី​ស្ថាន​វាំង​បន្ទាយ ដែល​មាន​សេស​សល់​តាំង​ពី​បុរាណ​កាល គឺ​នៅ​ភ្នំ​បូរី មាន​ថ្ម​ភក់​តម្រៀប​បង្គរ​គ្នា​ជា​កំពែង​បន្ទាយ​ធំ​ទូលាយ ដែល​សព្វ​ថ្ងៃ បាក់​បែក​ស្ទើរ​តែ​បាត់​រូប​ឆោម​អស់​ទៅ​ហើយ ឯ​នៅ​លើ​ភ្នំ​ដា ឃើញ​នៅ​សល់​ប្រាង្គ​សិលា​មួយ នៅ​មាន​ជា​រូប​រាង​ច្បាស់​លាស់​នៅ​ឡើយ ដោយ​មាន​រំលេច​ក្បាច់​រចនា គួរ​ជា​ទី​គយ​គន់​ផង ។ មិន​តែ​ប៉ុណ្ណោះ នៅ​ជិត​ខាង​ភ្នំ​ទាំង​ពីរ​នេះ មាន​បុរាណ​ដ្ឋាន​ច្រើន​ទៀត ប្រកប​ដោយ​បែប​រចនា​ពិសេស​ៗ ក្នុង​ជំនាន់​នោះ ដូចជា​បែប​រចនា​ខាង​ស្ថាបត្យកម្ម ខាង​ការ​ប៉ាន់​រូប​ភាព និង ក្បាច់​ចម្លាក់​ភ្ញី​វល្លិ នាំ​ឲ្យ​អ្នក​ប្រាជ្ញ​ខាង​ការ​ស្រាវ​ជ្រាវ​គុហា​សាស្ត្រ (Archéologie) សន្មត​ឈ្មោះ​ការ​រចនា​ខ្មែរ​នៅ​សម័យ​នោះ ហៅថា "បែប​ភ្នំ​ដា" ។ សព្វ​ថ្ងៃ ទេសចរ​ទាំងឡាយ ពុំ​សូវ​បាន​ទៅ​ដល់​ទី​នេះ​ទេ ដោយ​សារ​លំបាក​ខាង​គមនាគមន៍ ដូច​យើង​ជម្រាប​មក​ហើយ​ខាង​លើ ។ ប៉ុន្តែ ទោះ​បី​ពុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ក៏​ដោយ ការ​អាន​អត្ថបទ និង​ការ​ស្ដាប់​រឿង​និទាន ដែល​ទាក់​ទង​ដោយ​រឿង​រ៉ាវ នៅ​ទី​កន្លែង​នោះ ក៏​ហាក់​ដូចជា​នាំ​ឲ្យ​យើង​បាន​ឃើញ បាន​យល់​ក្នុង​ចិត្ត​ដែរ ។ ដើម្បី​បញ្ជាក់​ជូន ពី​រឿង​ព្រេង​ប្រចាំ​ភ្នំ​នោះ យើង​សូម​លើក​យក​សេចក្ដី​ឲ្យ​ការណ៍​របស់​លោក ឌួង-អ៊ូច, អតីត​ចៅ​សង្កាត់ នៅ​សង្កាត់​អង្កាញ់ ស្រុក​ព្រៃ​កប្បាស ហើយ​ដែល​ជា​សមាជិក​ឆ្លើយ​ឆ្លង របស់​ក្រុម​ជំនុំ​យើង2 មក​អធិប្បាយ​ជូន​ទាំង​ស្រុង ដោយ​បាន​ផ្ទៀង​ផ្ទាត់​ជា​មួយ​នឹង​ការ​ស៊ើប​សួរ​ពី​អ្នក​ស្រុក នៅ​ត្រង់​ភូមិ​នោះ​ថែម​ទៀត​ផង ។ រឿង​ព្រេង​នោះ មាន​សេចក្ដី​និទាន​ថា ៖ កាល​នោះ មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ គង់​នៅ​ព្រះ​រាជ​វាំង​ក្រុង​ចម្ប៉ា​ស័ក ឬ បាសាក់ គឺ​នៅ​ផ្នែក​ខាង​លើ តាម​ដង​ទន្លេ​មេគង្គ, ទ្រង់​មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​អង្គ ព្រះ​នាម​ព្រះ​នាង "អាក់អ" ។ ព្រះ​រាជ​បុត្រី​នេះ មាន​រូប​ឆោម​លោម​ពណ៌​ស្រស់​ឆើត​ឆាយ​ណាស់ រក​នរណា​ឲ្យ​ល្អ​ត្រឹម​ស្មើ​ពុំ​បាន​ឡើយ ។ ប៉ុន្តែ ដោយ​ព្រះ​នាង​មាន​ព្រះ​ទ័យ​រវើរវាយ​ក្នុង​កាម​រាគ នាំ​ឲ្យ​ព្រះ​នាង​ស្លុត​ចិត្ត​ប្រតិព័ទ្ធ​ទៅ​លើ​បុរស​ទុគ៌ត​ម្នាក់ ភ្លេច​គិត​អំពី​កិត្តិយស​របស់​ព្រះ​រាជ​វង្សានុវង្ស ។ ដូច្នេះ​ហើយ បាន​ជា​ព្រះ​បិតា ទ្រង់​ត្រាស់​ឲ្យ​ចាប់​ព្រះ​នាង​នេះ ព្រម​ទាំង​ប្រុស​សហាយ ដាក់​ពោង​ពាយ​បំបរ​បង់ បណ្ដែត​ចោល​តាម​ផ្ទៃ​ទន្លេ ទម្លាក់​ទៅ​កាន់​សមុទ្រ​ដ៏​ធំ​ល្ហល្ហេវ​ទៅ ។ ក្នុង​ពោង​ពាយ ជា​មួយ​នោះ ព្រះ​រាជា​ទ្រង់​ចាត់​ឲ្យ​ដាក់​ទាំង​ស្រូវ អង្ករ ល្ង ពោត សណ្ដែក អំបិល ព្រហក់ ជា​ស្បៀង​ជាប់​ទៅ​ជា​មួយ ព្រម​ទាំង​គ្រឿង​ប្រដាប់​ប្រើ​ប្រាស់​ជា​ច្រើន​ផង, លុះ​ពោង​ពាយ​នោះ រសាត់​អណ្ដែត​ទៅ​ៗ ជា​យូរ​ថ្ងៃ ក៏​បាន​ទៅ​ប៉ះ​ជាប់​នឹង​ភ្នំ​មួយ (គឺ​ភ្នំ​បូរី​នេះ​ឯង) ដែល​គេ​ពុំ​ទាន់​បាន​ឃើញ​មាន​មនុស្ស​ណា​ទៅ​រស់​នៅ នៅ​ឡើយ​ទេ ។ នាង​អាក់អរ និង ស្វាមី នាំ​គ្នា​ត្រេក​អរ​ដោយ​បាន​មក​ប៉ះ​ត្រើយ នាំ​ឲ្យ​ខ្លួន​រស់​រួច​ជីវិត​បាន, ទើប​នាំ​គ្នា​ម្នីម្នា​ជញ្ជូន​របស់​របរ​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន ចុះ​ទៅ​អាស្រ័យ​នៅ​នឹង​ភ្នំ​នោះ ។ អ្នក​ទាំង​ពីរ ចាប់​ប្រកប​របរ​ដំណាំ​ដាំ​ដុះ និង ស្វែង​ចូល​ព្រៃ​រក​កាប់​ឈើ​ធ្វើ​ឧស និង ធ្វើ​ជា​ខ្ទម​អាស្រម​សម្រាប់​ជ្រក​នៅ​ផង ។ ក្រោយ​ពី​បាន​តាំង​លំនៅ​ឋាន បាន​ស្រួល​បួល​មក​ថ្ងៃ​ណា នាង​អាក់អ តែង​ព្រួយ​លំបាក​ក្នុង​ព្រះ​ទ័យ​ណាស់ ព្រោះ​បារម្ភ​នឹង​សុខ-ទុក្ខ​របស់​ខ្លួន​ផង នឹក​រលឹក​ដល់​ស្រុក​កំណើត​ផង និង​ស្ដាយ​កិត្តិយស​របស់​ខ្លួន​ដែល​ធ្លាប់​តែ​ថ្កុំថ្កើង​ផង ។ ហេតុ​នេះ​ហើយ រៀង​រាល់​យប់, មុន​នឹង​ចូល​ដំណេក នាង​តែង​អុជ​ធូប​ទៀន​បន់​ស្រន់ បួង​សួង​ដល់​អារុក្ខអារក្ខ​អ្នក​តា​នៅ​ព្រៃ​ភ្នំ ព្រម​ទាំង​ម្រេញ​គង្វាល​ដែល​រក្សា​នៅ​បឹង​បួ​ទួល​ទី​នោះ​ថា ៖ សូម​ឲ្យ​លោក​ជួយ​បីបាច់​ថែរក្សា​យើង​ទាំង​ពីរ​នាក់ ឲ្យ​បាន​សុខ​សប្បាយ រក​ស៊ី​ចិញ្ចឹម​ជីវិត​ក៏​បាន​បរិបូណ៌ កុំ​ឲ្យ​មាន​សេចក្ដី​ខ្វះ​ខាត​ឡើយ ។ ដោយ​អានុភាព​នៃ​សេចក្ដី​អធិដ្ឋាន​រាល់​ៗ ថ្ងៃ​យ៉ាង​នេះ មិន​យូរ​ប៉ុន្មាន ក៏​មាន​អ្នក​សច្ចំ​បំបាំង​បាត់​មួយ​អង្គ3 មក​ពន្យល់​សប្ដិ​ប្រាប់​នាង​ថា "ចាប់​ពី​ថ្ងៃ​នេះ​ទៅ" ចូរ​នាង​កុំ​ភ័យ​ឲ្យ​សោះ យើង​ជា​អ្នក​សច្ចំ នឹង​ជួយ​នាង​ឲ្យ​បាន​សុខ ឲ្យ​បាន​ថ្កុំថ្កើង​ល្បី​ឈ្មោះ​នៅ​ក្នុង​ទី​នេះ, ប៉ុន្តែ​យើង​មិន​បាច់​ឲ្យ​នាង​ឃើញ​រូប​យើង​ទេ ។ ក្រោយ​ពី​ស្ដាប់​បណ្ដាំ​អ្នក​សច្ចំ​ដូច្នេះ ព្រះ​នាង​ភ្ញាក់​ខ្លួន​ភ្លាម ហើយ​ព្រះ​នាង​នាំ​ព័ត៌មាន​នេះ ប្រាប់​ស្វាមី​កម្សត់​ឲ្យ​បាន​ដឹង​ផង ។ ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក ព្រះ​នាង​បាន​ចាត់​បុរស​ជា​ប្ដី​ទៅ​រក​ឧស​ពី​ក្នុង​ព្រៃ​រាល់​ថ្ងៃ​ដូច​ធម្មតា ។ ឯ​បុរស​ជា​ប្ដី​នោះ ទៅ​កាប់​ឧស​បាន​សុទ្ធ​តែ​ដើម​ចន្ទន៍​ក្រស្នា​មាន​ក្លិន​ក្រអូប រែក​ជញ្ជូន​មក​គរ​ទុក​ជា​ច្រើន​គំនរ ប៉ុន្តែ មាន​ប្រាថ្នា​យក​មក​ប្រើ​ត្រឹម​តែ​ជា​ឧស​ដុត​ប៉ុណ្ណោះ ឥត​មាន​យល់​ថា នេះ​ជា​ឈើ​មាន​តម្លៃ​ឡើយ ។ ថ្ងៃ​មួយ​នាង​អាក់អ ចេញ​ទៅ​មើល​គំនរ​ឧស ក៏​ស្គាល់​ច្បាស់​ជា​ឈើ​ចន្ទន៍​ក្រស្នា​ដែល​មាន​តម្លៃ ព្រះ​នាង​ក៏​ញញឹម​ប្រាប់​ប្ដី​ថា "រក​ឈើ​នេះ​ឲ្យ​បាន​ច្រើន​មក​ទៀត​" ។ ប្ដី​ក៏​ខំ​ប្រឹង​រក​តាម​បណ្ដាំ​ប្រពន្ធ ។ ពេល​មួយ បុរស​នោះ​ទៅ​ក្នុង​ព្រៃ ប្រទះ​ដុំ​មាស​ក្រហម​ឆ្អៅ​ជា​ច្រើន ក៏​គិត​ថា "ថ្ម​នេះ មាន​សម្បុរ​ល្អ​ចម្លែក​ជា​ថ្ម​ទាំង​ពួង បើ​ដូច្នេះ អញ​គិត​យក​ទៅ​ផ្ទះ​ឲ្យ​បាន​ ៣ ដុំ សម្រាប់​ឲ្យ​ប្រពន្ធ​តម្កល់​ធ្វើ​ជើង​ក្រាន" ។ គិត​ដូច​នេះ​ហើយ បុរស​នោះ ក៏​លើក​ថ្ម​ដាក់​ក្នុង​ល្អី រែក​យក​ទៅ​ផ្ទះ ដោយ​មិន​ស្គាល់​ជា​ដុំ​មាស​ឡើយ ។ លុះ​ប្រពន្ធ​បាន​ឃើញ​ដុំ​មាស​ដូច្នោះ​ហើយ ស្គាល់​ច្បាស់​ជា​មាស តែ​មិន​ប្រាប់​ប្ដី​ទេ គ្រាន់​តែ​ផ្ដាំ​ប្ដី​ថា "បើ​ប្រទះ​ឃើញ​ថ្ម​ក្រហម​ដូច្នេះ​ទៀត ឲ្យ​ជញ្ជូន​មក​ទុក​ទាំង​អស់" ។ ប្ដី​ក៏​ធ្វើ​តាម​បណ្ដាំ​នាង​ជា​ដរាប ។ ថ្ងៃ​មួយ​ព្រះ​នាង​គិត​ឃើញ​ថា ឧស​ចន្ទន៍​ក្រស្នា និង មាស​របស់​អញ​មាន​កាន់​តែ​ច្រើន​ឡើង​ហើយ បើ​ដូច្នេះ អញ​គិត​លើក​ទង់​មួយ​ខ្ពស់​ជា​សញ្ញា ក្រែង​មាន​សំពៅ​ពី​ប្រទេស​ក្រៅ ធ្វើ​ដំណើរ​ជំនួញ​លក់​ដូរ​របស់​ផ្សេង​ៗ គេ​ឃើញ​ហើយ​នឹង​ចូល​មក​ទាក់​ទង ។ គិត​ហើយ ព្រះ​នាង​ក៏​នាំ​ប្ដី​ប្រញាប់​ប្រញាល់​ធ្វើ​តាម​គំនិត​នេះ​ភ្លាម ។ មិន​យូរ​ប៉ុន្មាន មាន​ដង្ខៅ​សំពៅ​នៅ​ស្រុក​ស្លាត់​លង្កា បើក​សំពៅ​ទាំង ៧ នាំ​កំណាត់​សំពត់ និង ភស្តុភារ​ដទៃ​ទៀត មក​លក់​ដូរ​តាម​ឆ្នេរ​សមុទ្រ ។ លុះ​សំពៅ​នេះ បាន​មក​ដល់​ជិត​ភ្នំ​បូរី ក៏​ឃើញ​ទង់​សញ្ញា​ឲ្យ​ដឹង​ថា ទី​នេះ​មាន​មនុស្ស​រស់​នៅ ទំនង​ជា​មាន​ការ​ចង់​ទាក់​ទង​លក់​ដូរ​របស់​របរ​ផង គេ​នាំ​គ្នា​តម្រង់​ក្បាល​សំពៅ​ចូល​ចត​ត្រង់​ទី​នោះ ។ នាយ​សំពៅ​ទាំង ៧ នាក់ ឡើង​ទៅ​លើ​ដី​គោក ប្រទះ​ឃើញ​ព្រះ​នាង​អាក់អ ពីរ​នាក់​ប្ដី​ប្រពន្ធ​រស់​នៅ​ក្នុង​ទី​នោះ ក៏​ពោល​ប្រាស្រ័យ​ទាក់​ទង​ដោយ​ការ​គួរ​សម ។ ព្រះ​នាង​អាក់​អ បបួល​នាយ​សំពៅ​ដូរ​កំណាត់​សំពត់ ព្រម​ទាំង​ភស្តុភារ​ផ្សេង​ៗ ជា​មួយ​នឹង​ឈើ​ចន្ទន៍​ក្រស្នា​របស់​ព្រះ​នាង ។ នាយ​សំពៅ​យល់​ព្រម​សុខ​ចិត្ត​ដូរ​គ្នា ហើយ​ទើប​នាង​នាំ​នាយ​សំពៅ​ទាំង​នោះ ទៅ​បង្ហាញ​ឃ្លាំង​ដុំ​មាស​របស់​ព្រះ​នាង​ទៀត ។ នាយ​សំពៅ​បបួល​ដូរ​កំណាត់​សំពត់​ជា​មួយ​មាស​នោះ ប៉ុន្តែ ព្រះ​នាង​អាក់អ​មិន​ព្រម ។ ព្រះ​នាង​ប្រាប់​ទៅ​នាយ​សំពៅ​ថា "បើ​ចង់​បាន​មាស​នេះ ចូរ​អ្នក​ទៅ​នាំ​យក​ជាង​មាស​ចំនួន ១០០ នាក់​ប្រុស ១០០ នាក់​ស្រី ១០០ មក​ឲ្យ​ខ្ញុំ​សិន" ។ គ្រា​នោះ​នាយ​សំពៅ​ក៏​ព្រម​យ៉ាង​ពេញ​ចិត្ត ហើយ​ក៏​នាំ​គ្នា​បើក​ក្ដោង​សំពៅ វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ ។ ជា​ខាង​ក្រោយ​មក ពេល​ដែល​ទៅ​ដល់​ស្រុក​ហើយ នាយ​សំពៅ​និយាយ​បញ្ចុះ​បញ្ចូល​អ្នក​ស្រុក​ដែល​ចេះ​ធ្វើ​ជាង​មាស ទាំង​ប្រុស​ស្រី​ចំនួន ២០០ នាក់ ដូច​ពាក្យ​នាង​ស្រី​បាន​ផ្ដាំ​មក ។ កាល​បើ​បាន​គ្រប់​ចំនួន​ហើយ នាយ​សំពៅ​រូត​រះ​ចុះ​សំពៅ វិល​ត្រឡប់​ទៅ​ស្រុក​ព្រះ​នាង​អាក់អ​យ៉ាង​ប្រញាប់ ។ នាយ​សំពៅ​ប្រគល់​ឲ្យ​ព្រះ​នាង​អាក់អ ព្រះ​នាង​ក៏​ប្រគល់​មាស​ឲ្យ​ទៅ​គ្រប់​សំពៅ​ទាំង ៧ ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ទៅ ។ ចំណែក​ព្រះ​នាង​អាក់អ និង ស្វាមី ក៏​បាន​ចាត់​ចែង ពួក​អ្នក​ស្រុក​ស្លាត់​ទាំង​ប៉ុន្មាន ដែល​មក​រស់​ជា​មួយ ឲ្យ​អ្នក​ខ្លះ​ទៅ​ជួយ​គាស់​ជញ្ជូន​យក​ដុំ​មាស​មក​ពី​ភ្នំ ឲ្យ​បាន​ច្រើន​ឡើង​ថែម​ទៀត, អ្នក​ខ្លះ​ឲ្យ​ដំ​រំលាយ​មាស​ផែ​ធ្វើ​ជា​គ្រឿង​អលង្ការ​ផ្សេង​ៗ មាន​ធ្វើ​ជា​កង ចិញ្ចៀន ជាដើម ។ លុះ​បាន​របស់​របរ​ច្រើន​ហើយ តែង​មាន​ឈ្មួញ​ស្រុក​ក្រៅ​ចូល​សំពៅ មក​ចត​ទាក់​ទង​ទិញ​ដូរ​របស់​របរ​ទាំង​នេះ​ជា​ហូរ​ហែ ។ មិន​យូរ​ប៉ុន្មាន ៥-៦ ឆ្នាំ​ប៉ុណ្ណោះ ក៏​មាន​អ្នក​ស្រុក​ក្រៅ​ខ្លះ​ៗ ទៀត មក​សុំ​ជ្រក​នៅ​រក​ស៊ី បាន​គ្នា​កាន់​តែ​ច្រើន​កុះ​ករ​ឡើង, ឯ​អ្នក​ស្រុក​ស្រី​ប្រុស​ដែល​មក​នៅ​យូរ​ហើយ​នោះ ក៏​បង្កើត​បាន​ជា​កូន ពូន​ជា​ចៅ ថែម​ឡើង​ទៀត, ម្ល៉ោះ​ហើយ ភូមិ​ស្រុក​នោះ ក៏​បាន​រីក​ធំ​ឡើង ហើយ​អ្នក​ស្រុក​ទាំង​អស់ ក៏​គោរព​ដល់​ព្រះ​នាង​អាក់អ និង ស្វាមី​គ្រប់​ៗ គ្នា ព្រោះ​សំគាល់​ថា​ជា​ម្ចាស់​ទី​កន្លែង និង ជា​ដង្ខៅ​នៃ​របរ​រក​ស៊ី​ក្នុង​ទី​នោះ ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​នាង​អាក់អ ដឹក​នាំ​ឲ្យ​ស្វាមី​ប្រកាស​តាំង​ខ្លួន​ជា​ស្ដេច​មួយ​ព្រះ​អង្គ គ្រង​រាជ​នៅ​តំបន់​នេះ​ឡើង ដោយ​មាន​ព្រះ​នាម​ថា ព្រះ​បាទ "សង្ខចក្រ" និង ព្រះ​នាង​អាក់អ ជា​អគ្គ​មហេសី ។ គ្រា​នោះ ព្រះ​បាទ​សង្ខចក្រ ទ្រង់​ចាត់​តាំង​ឲ្យ​មាន​ជា​មន្ត្រី​រាជការ តាម​ក្រុម​តាម​ពួក រវាង​អ្នក​ស្រុក​ទាំង​អស់​នោះ​ឡើង ។ មិន​តែ​ប៉ុណ្ណោះ ទ្រង់​ចាត់​ឲ្យ​រេហ៍ពល​ទាំង​នោះ សង់​បន្ទាយ​ធ្វើ​ជា​កំពែង​ថ្ម និង ឥដ្ឋ ព័ទ្ធ​ជុំ​វិញ​ឲ្យ​កើត​ជា​បរិវេណ​យ៉ាង​ធំ​មួយ​ឡើង4 ហើយ​សន្មត​បរិវេណ​កំពែង​នោះ ហៅ​ថា "បូរី" បាន​ន័យ​ថា​ទី​ក្រុង គឺ​ថា ជនានុជន និង ភូមិ​ស្ថាន​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​នេះ ទុក​ជា​អ្នក​ក្រុង សម្បត្តិ​ក្រុង ។ ហេតុ​នេះ​ឯង បាន​ជា​ជាប់​ឈ្មោះ​ទី​ភ្នំ​នេះ​ដល់​សព្វ​ថ្ងៃ ហៅ​ថា "ភ្នំ​បូរី"5 ។ កាល​បើ​សាង​បាន​ជា​ទី​បូរី​សមរម្យ មាន​កិត្តិយស​សមរម្យ សម​តាម​ប្រាថ្នា​ហើយ ព្រះ​បាទ​សង្ខចក្រ និង ព្រះ​អគ្គ​មហេសី ទ្រង់​រំលឹក​ដល់​គុណ​អ្នក​សច្ចំ ដែល​បាន​សន្យា​ថា​ជួយ​ពី​ថ្ងៃ​មុន​នោះ, ព្រះ​អង្គ​ក៏​ចាត់​ឲ្យ​សាង​ជា​ប្រាសាទ​ថ្ម​តូច​មួយ យ៉ាង​ល្អ​ស្រស់​នៅ​លើ​ភ្នំ​ខាង​កើត ដែល​សព្វ​ថ្ងៃ ហៅថា ប្រាសាទ​ភ្នំ​ដា ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​អ្នក​សច្ចំ ដែល​មាន​គុណ​ឧបការៈ​លើ​ព្រះ​អង្គ ។ ដូច្នេះ យើង​បញ្ជាក់​ឡើង​វិញ តាម​រឿង​ព្រេង​នេះ បាន​ថា ភ្នំ​បូរី កើត​ឡើង​ពី​ព្រះ​បាទ​សង្ខចក្រ និង ព្រះ​នាង​អាក់អ នោះ​ឯង ដូច​មាន​សេចក្ដី​ហូរហែ​មក​ហើយ ។ តាម​សេចក្ដី​សង្កេត​ដោយ​យក​ប្រវត្តិសាស្ត្រ​មក​សំអាង​ផង ឃើញ​ថា ប្រាសាទ​ទាំង​ឡាយ​ដែល​កសាង​ឡើង​នៅ​ក្នុង​ភូមិ​ភាគ​អង្គរ​បូរី អ្នក​ប្រាជ្ញ​ស្រាវ​ជ្រាវ​ទាំង​ប៉ុន្មាន បាន​រក​ដាន​ឃើញ​ថា សុទ្ធ​សឹង​ជា​ប្រាសាទ​ចាស់​ជាង​គេ គឺ​កសាង​ឡើង​តាំង​ពី​មុន​សម័យ​អង្គរ (Préangkir) ដែល​កាល​នោះ ប្រទេស​កម្ពុជា​យើង នៅ​ជា​ពីរ​ផ្នែក​នៅ​ឡើយ គឺ​ផ្នែក​ខាង​លើ​មាន សម្ភុបុរៈ ជា​ទីក្រុង និង​ខាង​មាត់​សមុទ្រ​មាន វ្យាធបុរៈ ជា​រាជ​ធានី ។ វ្យាធបុរៈ​នេះ​ហើយ ដែល​អ្នក​ប្រាជ្ញ​ស្រាវ​ជ្រាវ សន្និដ្ឋាន​ច្បាស់​លាស់​ថា គឺ​អង្គរ​បូរី សព្វ​ថ្ងៃ​នេះ​ឯង ។ ដូច្នេះ ឃើញ​ថា ទី​ស្ថាន​បុរាណ​ទាំងឡាយ​នៅ​ជិត​ៗ គ្នា​ត្រង់​អង្គរ​បូរី ប្រាកដ​ជា​ទី​ស្ថាន​បុរី​ចាស់ របស់​ខ្មែរ​យើង​សម័យ​កសាង​សញ្ជាតិ កសាង​ប្រទេស ដែល​ពុំ​ទាន់​រីក​ធំ​ទូលំ​ទូលាយ​នៅ​ឡើយ ។ ហេតុ​នេះ រឿង​ព្រេង​ភ្នំ​បូរី គ្រាន់​តែ​ជា​ឯកសារ​មួយ បន្ថែម​លើ​ឯកសារ​សំខាន់​ទាំង​ឡាយ សម្រាប់​ជួយ​បញ្ជាក់​តាម​បែប​រឿង​ព្រេង​ប៉ុណ្ណោះ ។

រឿង ភ្នំ​សុពណ៌កាឡី (នៅ​ខេត្ត​ក្រចេះ)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៨៩ - ១៩៣

    បើធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវទន្លេធំ ដោយទូកឬកប៉ាល់ ដល់ទៅភ្នំដីច្រាល ហើយបត់ទៅដល់ផែក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ក្រឡេកចោលភ្នែកទៅទិសឦសាន ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រើយខាងជើង ត្រង់ឃុំចំបក់ យើងនឹងឃើញភ្នំមួយខ្ពស់ទទុងនៅក្បែរមាត់ទន្លេនោះ ឈ្មោះ " ភ្នំសុពណ៌កាឡី " ជាភ្នំស័ក្ដិសិទ្ធិ ។
    ភ្នំនោះ មានរឿងព្រេងដំណាលដូចតទៅនេះ :
    កាលពីព្រេងនាយ មានក្រពើមួយឈ្មោះ " សុពណ៌កាឡី " ខ្លួនធំមហិមា មានឫទ្ធានុភាពពូកែណាស់ ឥតក្រពើណាប្រឡងឫទ្ធិផងបាន អាស្រ័យនៅក្នុងអន្លង់មួយឈ្មោះអន្លង់សាលី ដែលសព្វថ្ងៃហៅ ភូមិអន្លង់សាលី ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាខាងក្រោមភ្នំ សុពណ៌កាឡី ចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ។

អានបន្ត ៖ រឿង ភ្នំ​សុពណ៌កាឡី (នៅ​ខេត្ត​ក្រចេះ)

រឿង ក្រពើ​ឈ្មោះ​អាធន (នៅ​ស្រុក​សម្បូរ ខេត្ត​ក្រចេះ)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៧៩ - ១៨៨   

    សម័យទីក្រុងតាំងនៅឧត្ដុង្គ នៅស្រុកសម្បូរ ខេត្តក្រចេះ មានចៅអធិការវត្តមួយអង្គ ជាអ្នកប្រព្រឹត្តរៀន នូវវិជ្ជាវេទមន្តអាគម ហើយជាអ្នកចេះចិញ្ចឹមក្រពើផង ។ ឯចំណេះរបស់លោកគ្រូចៅអធិការ ដែលចេះចិញ្ចឹមក្រពើនោះ ធ្វើឲ្យលោកមានឈ្មោះល្បីល្បាញណាស់ ក៏ប៉ុន្តែចំណេះនោះបែរជាបណ្ដាលឲ្យមានសេចក្ដីអន្តរាយដល់រូបលោកទៅវិញ ។ លោកគ្រូចៅអធិការនោះ ចិញ្ចឹមក្រពើមួយទុកដូចជាកូនសិស្សរបស់លោក ក្រពើនោះនៅក្នុងទន្លេមេគង្គ ជាទន្លេដែលប្រកបដោយទឹកជ្រៅមានត្រីច្រើន ។ លោកឲ្យឈ្មោះក្រពើនោះថា "អាធន" ។ ដោយលោកស្រឡាញ់ក្រពើនោះពេក លោកចូលចិត្តគង់លើថ្មនៅមាត់ច្រាំងទន្លេ ស្រែកហៅអាធនឲ្យមកលេងសប្បាយជាមួយលោក ។ អាធនបានឮពុទ្ធដីការបស់លោកគ្រូកាលណា ក៏វាប្រញាប់មកថ្វាយបង្គំលេងកម្សាន្ត សប្បាយជាមួយលោកគ្រូវាកាលនោះ ហើយតាំងកិរិយាសុភាពនឹងធឹង ចំពោះភិក្ខុសង្ឃទាំងអស់ និងអ្នកស្រុកទាំងអំបាលម៉ាន ដែលនៅជិតខាងវា ។

អានបន្ត ៖ រឿង ក្រពើ​ឈ្មោះ​អាធន (នៅ​ស្រុក​សម្បូរ ខេត្ត​ក្រចេះ)

រឿង ភ្នំ​សន្ទុក​ (នៅ​ខេត្ត​កំពង់ធំ)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៧៣ – ១៧៧

    ចាស់ៗ ដំណាលតៗ គ្នាមកថា : កាលពីព្រេងនាយនៅស្រុកសន្ទុក ខេត្តកំពង់ធំ សព្វថ្ងៃនេះ មានស្ដេចមួយអង្គ ទ្រង់មានព្រះអគ្គមហេសី ព្រះរាជបុត្រ ស្រីស្នំក្រមការ សេនាទាហាន និងនាហ្មឺនសព្វមុខមន្ត្រី ជាច្រើន ស្ដេចទ្រង់មានព្រះរាជបញ្ជាឲ្យឆ្ការព្រៃមួយកន្លែង សង់ប្រាសាទ ព្រះរាជវាំង និងគុក ភូមិប្រាសាទ រហូតមកដល់សព្វថ្ងៃ ។
    លុះសង់បានប្រាសាទនោះហើយ ព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យឆ្ការព្រៃមួយកន្លែងទៀត ឆៀងខាងជើងខាងលិចប្រាសាទនោះ ធ្វើទីសម្រាប់ស្រីស្នំ មានកំពែងជុំវិញ ទីនោះ ជាប់មានឈ្មោះថា ភូមិវាំង រហូតមកដល់សព្វថ្ងៃ ។

អានបន្ត ៖ រឿង ភ្នំ​សន្ទុក​ (នៅ​ខេត្ត​កំពង់ធំ)

Flag Counter