រឿង បុរស​កម្សត់​ចេញ​ទៅ​ជួញ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១០១ - ១០៤

    មាននិទានមួយថា : មានបុរសកម្សត់ម្នាក់ចេញទៅជួញបានមាសប្រាំផែន នាំមកដល់ផ្ទះអាត្មា យកមាសនោះទៅកប់ក្រោមជើងជណ្ដើរ ហើយយកថ្មនិងកាំបិតដាក់លើ ។ ប្រពន្ធបុរសនោះមានស្មន់អន្ធករ ចៅស្មន់អន្ធករនោះលបស្ដាប់ក្រោមផ្ទះ កាលដែលប្ដីឡើងទៅលើផ្ទះ ប្រពន្ធដណ្ដឹងសួរថា “ អ្នកមកពីជួញតើបានអ្វីខ្លះ ? ” ប្ដីនោះប្រាប់ប្រពន្ធថា “ អញបានមាស ៥ ផែន ” ។ ប្រពន្ធដណ្ដឹងថា “ មាសទុកឯណា ? ” ។ ប្ដីប្រាប់ថា “ អញកប់នៅជើងជណ្ដើរ ហើយយកថ្ម និងកាំបិតសង្កត់លើ ” ។ ឯអាស្មន់អន្ធករមេនោះ វាឮហើយ វាទៅកាយយកមាស នៅក្រោមជើងជណ្ដើរនោះបាត់ទៅ ។ លុះព្រឹកឡើង បុរសនោះទៅមើលកំណប់មាសនោះឃើញបាត់ ហើយបុរសនោះថា “ ឯងអើយ ! អញកប់មាសនេះយប់ពន់វេលា ណាស់ហើយឥតអ្នកឯណាដឹងផងទេ មានតែថ្មនិងកាំបិតនេះឯង ឥឡូវនេះ

អានបន្ត ៖ រឿង បុរស​កម្សត់​ចេញ​ទៅ​ជួញ

រឿង ចោរ​លួច​គោ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៩៩ - ១០០

    មាននិទានមួយថា : មានបុរសម្នាក់ទិញគោ ១ ដឹកមកដល់ផ្ទះខ្លួន ហើយរៀបចំនំចំណីចងដៃជាស្រេច រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆីស្មៅ ហើយទៅដេកក្រោមម្លប់ឈើ, កំពុងតែដេកលក់ស្រួល មានបុរសម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ ។ បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ មើលទៅឃើញចោរកំពុងដឹកគោនោះ នាំរត់ទៅ, បុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថា “ វ៉ើយចៅដឹកគោអញទៅណា ? ” ។ ចោរនោះមិនស្ដី ។ បុរសម្ចាស់គោរត់ទៅចាប់ខ្សែគោអំពីដៃចោរ ។ ចោរថា “ យីអើ ! អញចង់អស់សំណើចនឹងចៅនេះពេកណាស់  គោអញដឹកពីផ្ទះអញមកម្ដេចក៏ចៅឯងមកចោទថាអញលួចគោចៅ ? ” ។

អានបន្ត ៖ រឿង ចោរ​លួច​គោ

រឿង បុរស៤នាក់​ជីក​កំណប់​មាស

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៩៧

    មាននិទានមួយដំណាលថា : មានបុរស ៤ នាក់បបួលគ្នាទៅជីកកំណប់មាសជាមួយគ្នា លុះជីកទៅបានមាស ១ ក្រឡ ហើយយកមាសនោះមកចែកទាំង ៤ នាក់ស្មើគ្នា សល់តែមាស ១ ដុំ ហើយចៅទាំង ៤ នាក់ដណ្ដើមគ្នា ជជែកគ្នាពុំដាច់ស្រេចក៏នាំគ្នាទៅរកចៅក្រម ៗ កាត់សេចក្ដីនេះពុំបាន, ទើបនាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយដំណើរទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ឲ្យយកចបចៅទាំង ៤ នាក់នោះមកថ្លឹង ចបចៅទាំង ៣ នាក់មានទម្ងន់ស្មើគ្នា ប្លែកតែចបចៅម្នាក់ធ្ងន់លើសគេ ទើបព្រះអង្គឲ្យមាស ១ ដុំនោះទៅចៅកាន់ចបធ្ងន់នោះ ។ ចៅទាំង ៤ ក៏ល្មមចូលចិត្តរៀងខ្លួន ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ។

រឿង បុរស២នាក់​កាប់​ឈើ​ធ្វើ​អង្គប់

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៩៥ - ៩៦

    មាននិទានមួយថា : មានបុរស ២ នាក់បបួលគ្នាទៅកាប់ឈើធ្វើអង្គប់ ចៅម្នាក់រំលំ ចៅម្នាក់ក្របែលចុង ស្រេចហើយក៏សែងឈើនោះទៅ ។ ចៅដែលកាប់ដើមឈើនោះសែងខាងដើម ចៅដែលក្របែលចុងឈើនោះសែងខាងចុង កាលសែងទៅដល់ផ្ទះ ធ្វើជាអង្គប់នោះ សឹងព្រួយស្មើគ្នា លុះត្រូវសត្វក៏ពន្លាត់ពន្លះសាច់ចែកស្មើគ្នា នៅសល់តែក្បាល ទើបចៅទាំង ២ ដណ្ដើមក្បាលសត្វផងគ្នា ហើយនាំទៅដល់ចៅក្រម ៗ កាត់សេចក្ដីចៅទាំង ២ នាក់ពុំបាន ទើបចៅទាំង ២ នាំគ្នាទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលដោយដំណើរទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “នរណាសែងខាងដើម នរណាសែងខាងចុង ? ” ។ ចៅម្នាក់ទូលថា “ ខ្ញុំព្រះបាទអម្ចាស់សែងខាងចុង ” ចៅម្នាក់ទូលថា “ ខ្ញុំព្រះបាទអម្ចាស់សែងខាងដើម ” ។ ព្រះមហាក្សត្រទ្រង់កាត់ឲ្យបានក្បាលសត្វនោះ ទៅចៅសែងខាងដើម ។ ព្រះអង្គកាត់ដូច្នេះ ចៅទាំង ២ នាក់ក៏ល្មមចិត្តគ្រប់គ្នា ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ។

រឿង​ បុរស៤នាក់​ដើរ​រក​ភូមិ​ដាំ​ដើម​ដូង

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៩៣ - ៩៤

    មាននិទានមួយដំណាលថា : មានបុរស ៤ នាក់គិតគ្នារកភូមិនឹងដាំដើមដូង បុរសទាំង ៤ នាក់ ក៏បណ្ដើរគ្នាទៅដល់ភូមិមួយមានស្រះ ៤ ទើបបុរសទាំង ៤ យកដូងទៅដាំកណ្ដាល ភូមិនោះ ហើយបុរសទាំង ៤ ទៅរក្សាដូងនោះ បុរសម្នាក់នៅខាងកើតដើមដូង បុរសម្នាក់នៅខាងលិចដើមដូង បុរសម្នាក់នៅខាងជើងដើមដូង បុរសម្នាក់នៅខាងត្បូងដើមដូង ហើយបុរស ៤ នោះតែងទៅដងទឹកមកស្រោចដើមដូងនោះសព្វថ្ងៃ ។ បុរសនៅឯកើតទៅដងទឹកពីស្រះខាងកើត បុរសនៅឯលិចទៅដងទឹកពីស្រះខាងលិច បុរសនៅឯជើងទៅដងទឹកពីស្រះខាងជើង បុរសនៅឯត្បូងទៅដងទឹកពីស្រះខាងត្បូង ស្រះទាំង ៤ នោះសឹងមានចម្ងាយនោះស្មើគ្នា ។ លុះដូងផ្លែ ៥ បុរសទាំង ៤ បេះផ្លែដូង ៥ នោះមកចែកគ្នា ១ ម្នាក់នៅសល់ផ្លែដូង ១ ក៏បណ្ដើរគ្នា ហើយនាំគ្នាទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលដោយដំណើរទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ពិចារណាថា “ចៅទាំង ៣ នាក់ នេះសឹងព្រួយស្មើគ្នា តែចៅម្នាក់នៅខាងកើតដើមដូងនោះ ព្រួយលើសគេ ពិបាកលើសគេបន្តិច ព្រោះព្រឹកព្រហាមឡើង បុរសនោះចេញទៅដងទឹកស្រះ ព្រះអាទិត្យចាំងពីមុខ លុះដងទឹកបានហើយវិលមកខាងលិចថ្ងៃរសៀលចាំងពីមុខ បុរសនោះដើរច្រាស់ថ្ងៃទៅវិញទៅមកដូច្នេះ ទើបផ្លែដូង ២ ត្រូវបានទៅចៅនៅខាងកើតនោះឯង ” ។ ព្រះអង្គកាត់សេចក្ដីដូច្នេះ បុរសទាំង ៤ នាក់ព្រមចូលចិត្ត ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នោះ ហៅសុគតិគមនំហោង ។

Flag Counter