រឿង ព្រះរាជ​បុត្រ៣អង្គ​រៀន​សិល្ប៣យ៉ាង

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៦៥ - ៦៦

    -មួយអង្គរៀនសិល្បធ្នូ ,
    -មួយអង្គរៀនហោរាសាស្ត្រ ,
    -មួយអង្គរៀនយកចិត្តរេហ៍ពល ។
    មាននិទានមួយថា : មាននគរមួយ ព្រះមហាក្សត្រជាអម្ចាស់នគរនោះមានព្រះរាជបុត្រសុទ្ធតែប្រុសទាំង ៣ ព្រះអង្គកាលចម្រើនធំឡើងសុទ្ធតែចេញទៅស្វែងរករៀនសិល្បសាស្ត្រទាំងអស់  គឺប្អូនបង្អស់រៀនសិល្បធ្នូ, បងបន្ទាប់រៀនហោរាសាស្ត្រ, បងបង្អស់រៀនយកចិត្តរេហ៍ពលសកលយោធា ។ ព្រះរាជបុត្រទាំង៣អង្គនេះសុទ្ធតែបានរៀនចេះចប់សព្វគ្រប់ប្រការទីទៃៗ ហើយវិលមកនគរព្រះវរបិតាវិញ។ ព្រះវរបិតាទ្រង់ព្រះចិន្ដាថា “បើដូច្នេះអញនឹងឲ្យកូនណាសោយរាជស្នងអញ”។ ទ្រង់ព្រះចិន្ដាពិចារណាពុំស្រេចក្នុងព្រះរាជហឫទ័យឡើយ ទើបឲ្យព្រាហ្មណ៍អ្នកប្រាជ្ញរាជបុរោហិតនិងមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យ ទៅដណ្ដឹងសួរមហាឫសីថា

“រាជបុត្រទាំង ៣ អង្គនេះ គួរឲ្យអង្គណា សោយរាជ្យស្នងឪពុក?”។ ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតនិងមុខមន្ត្រី សេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យ អាមាត្យទៅដល់មហាឫសីពិតពុទ្ធដីកាដោយនូវដំណើរថា  “ បពិត្រមហាឫសីអើយ ព្រះមហាក្សត្រជាអម្ចាស់យើងខ្ញុំមានព្រះរាជបុត្រ៣ព្រះអង្គ សុទ្ធតែចេះសិល្បសាស្ត្រគឺ មួយចេះសិល្បធ្នូ, មួយចេះហោរាសាស្ត្រ, មួយចេះយកចិត្តរេហ៍ពលសកលយោធា, បណ្ដាអង្គទាំង៣នេះ តើអង្គណាគួរគ្រងរាជសម្បត្តិបាន?”។ មហាឫសីឆ្លើយថា  “ អ្នកចេះយកចិត្តរេហ៍ពលសកលយោធាគួរបានជាស្ដេច, អ្នកចេះសិល្បធ្នូគួរទុកជាសេនាបតី, អ្នកចេះហោរគួរទុកជាឧបរាជ ដើម្បីតម្រែតម្រង់សេចក្ដីគាប់ខុសស្នងអង្គស្ដេច សម្រេចការខុសត្រូវដោយនូវប្រការអម្បាលនេះឯងហោង។

Flag Counter