រឿង បុរស២នាក់ ទាស់​គ្នា​ពី​ការ​ជីក​អណ្ដូង

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១១៣ - ១១៤

    មាននិទានមួយដំណាលថា : មានបុរស ២ នាក់នាំគ្នាទៅជីកអណ្ដូង លុះជីកជ្រៅទៅប្រទះឃើញមាសមួយពិន្ទង គឺបុរសមួយជីកត្រូវមាត់ពិន្ទងម្ខាង បុរសមួយទៀត ក៏ជីកត្រូវមាត់ ពិន្ទងម្ខាងដែរ ហើយបារយកមាសមកចែកស្មើគ្នា នៅតែពិន្ទងដែលដាក់មាស ចែកគ្នាមិនដាច់ស្រេចសោះ ចៅមួយថា “ ត្រូវឲ្យពិន្ទងនេះមកអញ ” ។ ឯចៅមួយថា “ អញជីកត្រូវស្មើគ្នាដែរ ម្ដេចក៏ត្រូវបានតែម្នាក់ឯង គួរបានអញផង ” ។ ចៅទាំងពីរនាក់ប្រកែកជជែកគ្នាពុំដាច់ស្រេច ទើបនាំសេចក្ដីទៅប្ដឹងចៅក្រម ៗ ជម្រះជំនុំទៅថា “ ត្រូវបំបែកពិន្ទងនេះ ចែកគ្នា ” ។ ចៅទាំងពីរនាក់ពុំសុខចិត្ត ទើបចៅក្រមនាំចៅទាំង ២ នាក់ ឡើងទៅក្រាបទូលព្រះមហាក្សត្រតាមដោយដំណើរនោះ ។ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលដណ្ដឹងទៅចៅទាំង ២ នាក់នោះ ថា “ មាសនិងពិន្ទងនេះ ព្រះស្ដែងបានមកពីណា ? ” ។ ចៅទាំងពីរនាក់ក្រាបបង្គំទូលព្រមគ្នាថា “ សូមទ្រង់ព្រះមេត្តាប្រោស ត្បិតខ្ញុំព្រះបាទ អម្ចាស់ទាំង ២ នាក់នេះ នាំគ្នាទៅជីកអណ្ដូងត្រូវលើមាត់ពិន្ទងមាសព្រមគ្នា ” ។ ព្រះមហាក្សត្រទ្រង់ត្រាស់ដណ្ដឹងទៅទៀតថា “ កាលព្រះស្ដែងទៅជីកអណ្ដូងនោះ តើនរណាបបួលទៅជីកមុន ? ” ។ ចៅមួយក្រាបទូលថា “ ចៅនេះបបួលខ្ញុំព្រះបាទអម្ចាស់មុន ” ។ ឯចៅមួយក៏ក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់បបួលចៅនេះមែន ” ។ ព្រះមហាក្សត្រទ្រង់យល់ថា “ ចៅអ្នកបបួលមុននោះ ត្រូវបានចំណែកលើសគេ ” ហើយព្រះអង្គឲ្យយកមាសនោះមកចែកជា ៣ ភាគ ភាគ ២ និងពិន្ទងនោះ ឲ្យបានទៅចៅដែលបបួលនោះ ១ ភាគទៀតឲ្យបានទៅចៅដែលគេបបួលនោះ ។
    ព្រះមហាក្សត្រទ្រង់វិនិច្ឆ័យសេចក្ដីដូច្នេះហើយ ចៅទាំងពីរនាក់សុខចិត្ត ក៏ថ្វាយបង្គំលាទៅផ្ទះអាត្មាទីទៃ ៗ ហោង ។

Flag Counter