រឿង ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី

មាននិទានមួយដំណាលថា នៅក្នុងនគរមួយនោះ មានសេដ្ឋីពីរនាក់ សេដ្ឋីម្នាក់មានកូនស្រី សេដ្ឋីម្នាក់ទៀតមានកូនប្រុស ទើបសេដ្ឋីទាំងពីរ គិតផ្សំផ្គុំកូនប្រុស-ស្រីរបស់ខ្លួនបានជាស្វាមីភរិយា ។ គាប់ជួនជានគរនោះកើតចលាចល បះបោរឡើង ហើយសេដ្ឋីទាំងពីរនាក់ ក៏បាក់បែកខ្ចាត់ខ្ចាយចេញទៅនៅទីទៃៗពីគ្នា តមកសេដ្ឋីមានកូនស្រីនោះ ក៏ផ្សំផ្គុំកូនស្រីឲ្យមានប្ដីនឹងបុរសដទៃទៅ កូនស្រីក៏ព្រមទទួលយកប្ដីពុំប្រកែក លុះនាងបានទៅនៅនឹងប្ដីហើយ ទើបនាងស្រដីនឹងប្ដីថា ដ្បិតអាពុកខ្ញុំបានផ្សំផ្គុំខ្ញុំឲ្យមានប្ដីអំពីមុនរួចហើយ តែ ពុំទាន់បានមូលលំនៅស្ថាន ស្រាប់តែអ្នកបានខ្ញុំមកជាភរិយា ហើយខ្ញុំពុំទាន់បានដោះប្ដេជ្ញានឹងប្ដីមុននោះនៅឡើយ ឥឡូវនេះខ្ញុំសូមលាអ្នក ទៅដោះប្ដេជ្ញានឹងប្ដីដើមនោះសិន បើអម្ចាស់បើកទើបខ្ញុំហ៊ានទៅ បើអម្ចាស់ពុំបើកឲ្យទៅទតេខ្ញុំពុំហ៊ានទៅឡើយ ។

           ឯប្ដីនោះឆ្លើយថា អញគិតថានាងជ្រះស្រឡះទំនេរឥតប្ដីទេ បើនាងមានស្វាមីអំពីមុនរួចមកហើយដូច្នោះ ចូរនាងទៅដោះប្ដេជ្ញានឹងប្ដីដើមឲ្យជ្រះស្រឡះសិនចុះ អញពុំឃាត់នាងឡើយ ។ លុះនាងបានអនុញ្ញាតពីប្ដីដូច្នោះហើយ ក៏តាក់តែងស្អិតស្អាងរាងកាយ ប្រដាប់គ្រឿងសម្រាប់អាត្មារួចស្រេចហើយ ក៏លីលាចេញទៅ សំដៅស្មោះចំពោះរកកូនសេដ្ឋីជាប្ដីដើមនោះ ស្រាប់តែទៅពើបប្រទះនឹងខ្លាធំអត់អាហារមក ៧ ថ្ងៃហើយ ទើបខ្លាលោតទៅប្រុងចាប់នាងធីចំអែតអាត្មា ។ នាងក៏រ៉ាយរឿងនាងឲ្យខ្លាស្ដាប់សព្វគ្រប់ ខ្លាក៏លែងបើកឲ្យនាងត្រេចទៅដោយស្រួល ។
           ឯនាងខំស្រូតដើរ តអំពីនោះបន្តិចមកកូវ ស្រាប់តែចួបប្រទះននឹងចោរ ៧ នាក់ ចោរយល់នាងនោះមានគ្រឿងប្រដាប់សម្រាប់អាត្មាសឹងដ៏ជារបស់មានដំឡៃ ទើបចោរគិតគ្នានិងទៅចាប់នាងយកអីវ៉ាន់អស់នោះ ។ នាងក៏និយាយសារស័ព្ទប្រាប់ចោរតាមដំណើរសព្វគ្រប់ ពួកចោរបានស្ដាប់ដូច្នោះ ក៏មិនយកទ្រព្យទាំងនោះឡើយ ហើយបើកឲ្យនាងទៅដោយស្រួល ។

           នាងបានរួចរបូតពីកណ្ដាប់ដៃចោរដូច្នោះហើយ ក៏ខំដើរត្រេចរង្កាត់ទៅរហូតដល់លំនៅប្ដីដើមនោះៗ ក៏សួរថា នាងមកអំពីទីតំបន់ណា ? នាងអង្គុយនាស្ថានដ៏សមគួរហើយ ជំរាបថា អាពុកខ្ញុំជាសេដ្ឋីបានផ្សំផ្គុំខ្ញុំឲ្យជាភរិយាអ្នកអំពីមុនរួចមកហើយ ឥឡូវនេះ អាពុកខ្ញុំលើកខ្ញុំឲ្យមានប្ដីនឹងបុរសដទៃទៀត ឯខ្ញុំពុំបានក្រាប់លា ប្ដេជ្ញានឹងអ្នកជាប្ដីដើម ឲ្យបានជ្រះស្រឡះ ដូច្នេះបើអម្ចាស់បើកឲ្យខ្ញុំទៅខ្ញុំក៏ទៅ បើអម្ចាស់ពុំព្រមបើកឲ្យទៅទេ ខ្ញុំពុំហ៊ានទៅឡើយ ។
ឯចៅនោះឆ្លើយឡើងថា នាងមានចិត្តស្មោះចំពោះមកដល់អញ ៗ អរណាស់ តែឥឡូវនេះអាពុកនាងលើកនាងឲ្យមានប្ដីហើយ អញនឹងទៅតវ៉ាប្រាថ្នានាងជាប្រពន្ធពុំបានឡើយ ចូរនាងទៅកាន់ប្ដីនាងហោង ។ ទើបនាងក្រាបលាចៅនោះត្រឡប់ទៅផ្ទះវិញ ។

           គាប់ចួនជានាងដើរមក តាមផ្លូវស្រាប់តែពើបពះប្រទះនឹងចៅម្នាក់កំពុងដើរទេសរកប្រពន្ធ បានយល់នាងមានរូបឆោមស្អាងស្អាតមានទាំងគ្រឿងប្រដាប់ដ៏ល្អនៅនឹងខ្លួន ទើបចៅនោះនិយាយចែចង់ប្រាថ្នានឹងយកនាងជាប្រពន្ធ ។ ឯនាងក៏ថ្លែងសេចក្ដីប្រាប់ដោយដំណើររឿងតាំងពីដើមរៀងមក ចៅនោះក៏ពុំជជែកតវ៉ាប្រាថ្នានាងនោះឡើយ លុះនាងបានទៅដល់លំនៅប្ដីហើយ ក៏នៅរួមគ្នាជាសុខក្សេមក្សាន្តរៀងទៅ ។

           នៅទីបំផុតនៃនិទានរឿងនេះ មានសេចក្ដីពោលទុកថា បើអ្នកឯណាសរសើរចិត្តប្ដីនាងនោះ ហេតុតែអ្នកនោះជាមនុស្សច្រើនប្រចណ្ឌ បើអ្នកឯណាសរសើរចិត្តខ្លា ហេតុតែអ្នកនោះជាមនុស្សគាប់ចិត្តបៀតបៀនបំបាត់ជីវិតគេ ។ បើអ្នកឯណាសរសើរចិត្តចោរទាំង ៧ នោះហេតុតែអ្នកនោះជាមនុស្សមានចិត្តរំលោភចង់បានតែទ្រព្យគេ ។ បើអ្នកឯណាសរសើរបុរសដើរទេសរកប្រពន្ធនោះ ហេតុតែអ្នកនោះជាមនុស្សចូលចិត្ត ប្រព្រឹត្តបរទាកម្មនឹងភរិយាគេ ។ បើអ្នកឯណានិមួយវៀរក្ដីទាំង ៤ ចំពូកនេះបានអ្នកនោះនឹងបានឆ្លងរំលងទៅដល់-ស្ថានសួគ៌នាយហោង ។
ចប់រឿងស្រ្តីស្មោះត្រង់នឹងស្វាមីតែប៉ុណ្ណោះ ។

Flag Counter