រឿង ស្រី២នាក់​ដណ្ដើម​កូន​គ្នា

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១២៧ - ១២៩

    មាននិទានមួយដំណាលថា : មានស្រី ២ នាក់មានកូនដូចគ្នា ។ បណ្ដានាងទាំង ២ នាក់នោះ ស្រី ១ កូនស្លាប់ ស្រី ១ ទៀតកូនរស់ ស្រីនោះពកូនទៅផ្ងូតទឹក ។ ឯស្រីកូនស្លាប់នោះដើរមកជួប ហើយនិយាយថា “ នាងអើយ ! កូននាងដូចកូនអញ អញសុំថើបកូននាងបន្តិច ” ។ ស្រីម្ដាយក៏ឲ្យកូននោះទៅ ស្រីនោះទទួលយកមកថើបបំបៅហើយឡើងដើរនឹងកូននោះទៅកាន់លំនៅរបស់វា ។ ស្រីម្ដាយស្រែកថា “ នាងអើយ ! នាងយកកូនអញទៅណា ? ” ស្រីនោះថា “ កូនអញទេតើ ម្ដេចថាកូនឯង ” ។ ស្រីទាំង ២ នោះឈ្លោះប្រកែកដណ្ដើមកូនគ្នា ទៅវិញទៅមក មិនដាច់ស្រេចសោះ ហើយក៏នាំគ្នាទៅប្ដឹងចៅក្រម ។ ស្រីដែលដណ្ដើមកូនគេនោះប្ដឹងថា “ សូមទាន ! នាងខ្ញុំពកូនមក មេនោះឃើញកូននាងខ្ញុំ ក៏ដើរតាមមកថាជាកូនរបស់វា ” ។ ស្រីជាម្ដាយប្ដឹងថា “ នាងខ្ញុំពកូនមកផ្ងូតទឹក មេនេះដើរមក

អំពីឯណាមិនដឹង ឃើញកូននាងខ្ញុំ ថាដូចកូនវា ៗ និយាយសុំអំពីនាងខ្ញុំយកទៅថើប លាដៃមករកខ្ញុំ ៗ ក៏ឲ្យកូនទៅថើបហើយវាពបំបៅនាំកូននាងខ្ញុំរត់ទៅ សូមលោកពិចារណាឲ្យខ្ញុំហោង ” ។ ឯចៅក្រមជំនុំពិចារណាអស់រាត្រី ៣ ក៏ពុំយល់ប្រាកដជាកូននាងណាឡើយ នឹងកាត់សេចក្ដីនេះពុំបាន ទើបនាំស្រីទាំង ២ នាក់ ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនូវដំណើរនោះ ។ ព្រះមហាក្សត្រទ្រង់ជ្រាប សព្វគ្រប់ដោយដំណើរនោះហើយ ទើបព្រះអង្គទ្រង់ព្រះចិន្ដាពិចារណា ដោយនូវព្រះប្រាជ្ញាពិសេស លុះឈ្វេងយល់ហើយ ទ្រង់ត្រាស់ឲ្យយកកូននោះទៅដាក់នៅកណ្ដាល ឲ្យស្រីទាំង ២ នាក់ដណ្ដើមគ្នាវា “ បើនរណាដណ្ដើមយកបាន ឲ្យអ្នកនោះយកកូននោះចុះ ” កាលបើដូច្នោះស្រីទាំង ២ ក៏ចូលទៅដណ្ដើមគ្នា ។ ស្រីកូនស្លាប់ក៏ចាប់យួរយកភ្លាម ពុំគិតបាក់បែករហែកដៃជើង ដោយឥតមេត្តាករុណាក្មេងនោះឡើយ ។ ឯស្រីជាម្ដាយខឹងនឹងមេនោះខ្លាំងណាស់ តែមានចិត្តអាណិតអាសូរកូននោះក្រៃពេក ក៏ដើរចូលទៅថ្នមឱបក្រសោបយកកូនដោយបបក់ព្រលឹង, លុះឃើញស្រីនោះវាខំពុះពារប្រវាចាប់កូនពុំគិតបាក់ឆ្អឹងដូច្នោះ ក៏លែងកូនចេញ បានកូនទៅស្រីម្នាក់នោះទៅ ។ ព្រះមហាក្សត្រមានព្រះបន្ទូលថា “ នាងដែលលែងកូនឲ្យបានទៅគេនោះ ជាម្ដាយពិត ហេតុត្បិតមានចិត្តអាសូរករុណាកូន, ស្រីដែលដណ្ដើមកូនបានទៅនោះ ពុំមែនជាម្ដាយពិតទេ ព្រោះឥតមានចិត្តអាណិតអាសូរកូនបន្តិចសោះ ខំដណ្ដើមយកតែឈ្នះដៃ ” ទ្រង់មានព្រះបន្ទូលដូច្នោះហើយ ក៏ទ្រង់កាត់សេចក្ដីឲ្យបានកូននោះទៅស្រីជាម្ដាយវិញ ។ ឯស្រីដែលដណ្ដើមកូននោះ ព្រះអង្គឲ្យផ្ដន្ទាទោសផ្ចាញ់ផ្ចាលឲ្យរាងចាលហោង ។

Flag Counter