រឿង ដឹង​សង​ដឹង អំបែង​សង​អំបែង

ប្រជុំរឿងព្រេងខ្មែរ ភាគ ៣ ទំព័រ ១៤៥ - ១៤៨

    មាននិទានមួយថា : មានបុរសប្ដីប្រពន្ធ មានកូនប្រុសម្នាក់ ។ បុរសជាប្ដីនោះទៅខ្ចីដឹង អំពីសេដ្ឋីម្នាក់យកទៅកាប់ឧស លុះលើកឡើង នឹងសំពងកាប់ ស្រាប់តែដឹងនោះរង្គោះផ្លែខ្ទាតទៅត្រូវប្រើសមួយ កប់បាត់ទៅក្នុងខ្លួនប្រើសនោះ ៗ បោលចូលព្រៃទៅ  តាមរកពុំឃើញ ។ បុរសនោះក៏វិលមកផ្ទះវិញ ប្រាប់ប្រពន្ធកូន ហើយទៅប្រាប់សេដ្ឋីដោយនូវដំណើរដឹងបាត់នោះ ។ សេដ្ឋីថា “ដឹងនោះជារបស់កម្សត់កម្រ ពីមេបាអញ បើឥតអំពីដឹងនេះហើយ អញគ្មានអ្វីប្រើការឡើយ” ។ បុរសនោះអង្វរសុំសងជាដឹង ១ ថ្មីវិញ សេដ្ឋីពុំព្រម

ថា “ លុះតែបានដឹងដើមទើបយក ” ។ ទុកជាបុរសនោះអង្វរសុំសង ១ ជា ២ ក៏សេដ្ឋីពុំព្រមយក ។ បុរសនោះវិលទៅគិតនឹងប្រពន្ធ  រួចត្រលប់ទៅរកសេដ្ឋីទៀត អង្វរសុំសង ១ ជា ៤សេដ្ឋីនៅតែមិនព្រមយក សង ១ ជា ១០ សេដ្ឋីក៏ពុំយកទៀត នៅតែទទូចនិយាយថា “ ឲ្យបានដឹងដើមនោះទើបយក” ។   បុរសនោះលាសេដ្ឋីវិលទៅគិតនឹងប្រពន្ធព្រមព្រៀងគ្នាថា “ ត្រូវយកកូនកំលោះធ្វើជាសំណងវិញ ” ។ លុះគិតគ្នាដូច្នេះហើយ បុរសនោះក៏នាំកូនកំលោះ ទៅប្រគល់ឲ្យសេដ្ឋីជាសំណងដឹងនោះ ។ សេដ្ឋីព្រមទទួលយក ។ បុរសនោះក៏វិលទៅផ្ទះអាត្មាវិញ ហើយទៅរកឧសក្នុងព្រៃទៀត ស្រាប់តែឃើញប្រើសនោះស្លាប់រលួយ ហើយឃើញទាំងដឹងនៅនោះផង ក៏មានសេចក្ដីត្រេកអរឥតឧបមា នាំយកមកផ្ទះស្គាល់ជាក់ជាដឹងរបស់មហាសេដ្ឋី ដុសលាងស្អាតហើយយកទៅជូនសេដ្ឋី ប្រាប់តាមដំណើរនោះសព្វគ្រប់ ហើយសុំយកកូនមកវិញ ។ ឯសេដ្ឋីស្គាល់ដឹងនោះ ជាក់ក៏ទទួលយកហើយ ឲ្យកូនកំលោះទៅបុរសនោះៗ នាំកូនទៅកាន់លំនៅរបស់ខ្លួន ។ ចំណេរកាលក្រោយមក ដល់រដូវស្រូវទុំ បុរសប្ដីប្រពន្ធដាល់អំបុកស៊ី ។ កូនស្រីសេដ្ឋីនោះធុំក្លិនអំបុកនឹកចង់ស៊ី អង្វរម្ដាយឪពុកឲ្យរកអំបែងឲ្យ សេដ្ឋីរកអំបែងពុំបាន ក៏ចូលទៅខ្ចីអំបែងបុរសនោះ លុះដាល់អំបុករួចហើយ ចួនជាមានឆ្កែប្រខាំគ្នាពារលើអំបែងនោះបែកខ្ទេចអស់ ។ សេដ្ឋីឲ្យទៅប្រាប់បុរសនោះ ៗ យំគក់ទ្រូងថា “ អំបែងនេះជារបស់កម្សត់កម្រពីមេបាមក ត្រូវតែរកអំបែង ដើមមកសងវិញទើបបាន ” ។ ទុកជាសេដ្ឋីអង្វរថា “នឹងសង ១ ជា ២ ក្ដី បុរសនោះក៏ពុំព្រមយកឡើយ គឺទទូចយកឲ្យបានតែអំបែងដើមនោះឯង បើមិនបានអំបែងដើមនោះមិនព្រមទេ” ។ ទុកជាសេដ្ឋីឲ្យទៅនិយាយថា នឹងសង ១ ជា ៤ ក្ដី ១ ជា ១០ ក្ដី បុរសនោះក៏ពុំព្រមយក ។ សេដ្ឋីខឹងទៅប្ដឹងចៅក្រម ៗ ឲ្យហៅបុរសនោះមកដណ្ដឹងសួរដោយដំណើរ ហើយចៅក្រមបង្គាប់ឲ្យសេដ្ឋីនោះសងអំបែងតែ ១ បុរសនោះក៏ពុំព្រមយក ។ ចៅក្រមខឹងថា “បុរសនេះល្មើសនឹងបង្គាប់ខ្លួន” ។ សេដ្ឋីឃើញបុរសនោះពុំសុខចិត្ត ក៏នាំសេចក្ដីឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរនោះ ។ ព្រះអង្គឲ្យហៅបុរសនោះមក មានព្រះបន្ទូលដណ្ដឹងសួរថា “ដំណើរនេះដូចម្ដេចបានជាចៅក្រមបង្គាប់ហើយព្រះស្ដែងពុំសុខចិត្ត ?” ។ បុរសនោះក្រាបបង្គំទូលថា “ត្បិតសេដ្ឋីខ្ចីអំបែងខ្ញុំព្រះបាទអម្ចាស់ ទៅដាល់អំបុក ទុកឲ្យឆ្កែប្រខាំគ្នាពារលើ បែករបស់ខ្ញុំព្រះបាទអម្ចាស់ ឯអំបែងនោះជាកេរ្តិ៍ពីមេបាមក តែងតែចិញ្ចឹមជីវិតដោយសារអំបែងនោះ ដូច្នោះលុះតែបានអំបែងដើមទើបខ្ញុំព្រះបាទអម្ចាស់យក បើពុំបាន ខ្ញុំព្រះបាទអម្ចាស់ពុំយកឡើយ” ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាថា “ការអស់នេះ សមជាមានហេតុនឹងគ្នាអំពីមុនមក បានជាប្រកាន់ខ្លាំងម្ល៉េះ ” ទើបត្រាស់ដណ្ដឹងសួរថា “ ព្រះស្ដែងមានដំណើរហេតុដូចម្ដេចអំពីដើមបានជាប្រកាន់គ្នាខ្លាំងម្ល៉េះ” ។ បុរសនោះក្រាបបង្គំទូលថា “ដំណើរដើម ខ្ញុំព្រះបាទអម្ចាស់ខ្ចីដឹងសេដ្ឋី ទៅកាប់ឧស ហើយរង្គោះផ្លែបាត់ទៅត្រូវប្រើស មុតជាប់នឹងខ្លួនវា ៗ បោលបាត់ទៅ ខ្ញុំព្រះបាទអម្ចាស់រកពុំឃើញ ទៅប្រាប់សេដ្ឋី ៗ ថា ”ដឹងនេះជាដឹងកម្សត់កម្រពីមេបា “ ខ្ញុំព្រះបាទអម្ចាស់សុខចិត្តសង ១ ជា ២ ដល់ ១ ជា ១០ សេដ្ឋីក៏ពុំយកថាឲ្យបានដឹងដើមទើបយក បើពុំបានដឹងដើមពុំយកឡើយ” សេដ្ឋីប្រកាន់ដូច្នេះ ខ្ញុំព្រះបាទអម្ចាស់ក៏យកកូនកំលោះឲ្យទៅនៅបម្រើជំនួសខ្លួនទើបសេដ្ឋីទទួលយក ថ្ងៃក្រោយខ្ញុំព្រះបាទអម្ចាស់ទៅរកឧសក្នុងព្រៃស្រាប់តែឃើញប្រើសនោះងាប់រលួយទៅ ហើយ ៗ ឃើញផ្លែដឹងនៅក្នុងប្រើសនោះ ខ្ញុំព្រះបាទអម្ចាស់ស្គាល់ជាក់ជាដឹងសេដ្ឋីហើយ ត្រេកអរណាស់ យកទៅឲ្យសេដ្ឋី ៗ ស្គាល់ជាក់ជារបស់ខ្លួន ក៏ទទួលយកហើយឲ្យកូនខ្ញុំព្រះបាទអម្ចាស់មកវិញ?” ។ ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ហើយដណ្ដឹងសួរសេដ្ឋីថា “ ដំណើរនោះដូច្នោះមែនឬអ្វី ? ” ។ សេដ្ឋីក្រាបបង្គំទូលថា “ ដូច្នេះមែន ” ។ ទើបព្រះអង្គមានព្រះបន្ទូលថា “ បើដូច្នោះ សេដ្ឋីត្រូវឲ្យកូនខ្លួនទៅនៅបម្រើគេវិញ ទើបដោយគន្លងធម៌ ” ។ សេដ្ឋីនិងបុរសនោះ ក៏ថ្វាយបង្គំទទួលព្រះបន្ទូលពិសេសទាំងអស់គ្នា ហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅទីទៃ ៗ ហោង ។

Flag Counter