រឿង ពានរ​លួច​ព្រះ​មកុដ

  • Print

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៥៩ - ១៦៤

    មាននិទានមួយដំណាលថា : មានព្រះមហាក្សត្រមួយព្រះអង្គ តែងស្ដេចយាងទៅប្រពាតព្រៃឧទ្យាន ហើយដោះមកុដក្នុងប្រអប់មាសឲ្យស្រីម្នាក់ថែរក្សានៅព្រះពន្លាភាក់ ហើយព្រះអង្គស្ដេចចេញទៅបរបាញ់ជាមួយនឹងសេនាយោធាផង ។ ស្រីចាំរក្សាមកុដនោះ ងុយដេកក៏ដេកលក់ទៅ ។ កាលនោះមានពានរមួយចុះពីលើដើមឈើមក ឃើញស្រីនោះដេកនោះពុំដឹងខ្លួនប្រាណ ក៏លួចបើកប្រអប់យកព្រះមកុដទៅ ពាក់រាំបង្អួតគ្នាលេងលើមែកឈើ រួចលាក់ទុកទៅ ។ ស្រីនោះភ្ញាក់ឡើងឃើញប្រអប់បើកបាត់ទាំងព្រះមកុដផង ក៏ភិតភ័យក្រៃពេក គិតថា “ ខ្លួនមុខជាស្លាប់ដោយព្រះរាជអាជ្ញាជាប្រាកដ ក៏ខំរត់រកព្រះមកុដពុំឃើញឡើយ ហើយស្រែកទ្រហោយំ ” ។

ព្រះមហាក្សត្រស្ដេចមកអំពីបរបាញ់ ស្រីនោះក៏ក្រាបបង្គំទូលដោយដំណើរ អំពីងងុយដេក ៗ លក់ទៅមានចោរលួចព្រះមកុដបាត់ ។ ព្រះអង្គឲ្យសេនាយោធាមាត្យដើររកសព្វអន្លើ ស្រាប់តែប្រទះឃើញចៅនេសាទម្នាក់ កាន់ស្នាដើរបាញ់សត្វដើម្បីលក់ចិញ្ចឹមជីវិត ។ សេនាយោធាមាត្យក៏ចោមចាប់ចៅនេសាទនោះ នាំបណ្ដើរមកក្រាបបង្គំទូលព្រះរាជាថា “វានេះជាចោរលួចព្រះមកុដ” ហើយដាក់ឲ្យចៅក្រមជំនុំជម្រះ ។ ចៅក្រមពិចារណា សួរចៅនេសាទនោះ ៗ ឆ្លើយថា “ ខ្ញុំពុំបានលួចព្រះមកុដទេ ខ្ញុំស្វែងរកបាញ់សត្វក្នុងព្រៃទេតើ “ ខ្ញុំពុំបានមកជិតព្រះពន្លានេះឡើយ ” ។ ចៅក្រមក្រាបបង្គំទូលព្រះមហាក្សត្រថា “វានេះឯងជាចោរកំណាច ឥតមាននរណាមួយហ៊ានមកជាន់ព្រៃនេះទេ រឿងនេះចាំបាច់ជំនុំថ្វីគ្រាន់តែគាបវាសួររកព្រះមកុដឲ្យឃើញ ប៉ុណ្ណោះបានហើយ ” ។ ព្រះអង្គបង្គាប់ឲ្យគាបចៅនេសាទនោះ ។ ចៅនេសាទនោះពុំមែនជាចោរលួចទេ តែឈឺណាស់ អត់ទ្រាំពុំបាន ក៏ស្រែកថា “ ម្ចាស់ខ្ញុំអើយ ! ខ្ញុំជាចោរព្រះមកុដមែន ខ្ញុំយកទៅឲ្យមហាសេដ្ឋី ត្បិតមហាសេដ្ឋី ប្រើខ្ញុំឲ្យមកលួច គាត់នឹងឲ្យរង្វាន់ខ្ញុំ ” ។ ព្រះមហាក្សត្របានជ្រាប ឲ្យទីចាប់មហាសេដ្ឋីយកមកពិចារណា ។ មហាសេដ្ឋីឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់ពុំបានប្រើចៅនេសាទនេះឲ្យលួចព្រះមកុដទេ ” ។ ពួកចៅក្រមក្រាបបង្គំទូលឲ្យគាបមហាសេដ្ឋី ។ លុះមហាសេដ្ឋីត្រូវឃ្នាបឈឺខ្លាំងពេក អត់ទ្រាំពុំបាន ក៏ឆ្លើយថា “ ម្ចាស់ខ្ញុំអើយ ! ខ្ញុំប្រើចៅនេសាទនេះឲ្យលួចព្រះមកុដនេះមែន តែខ្ញុំយកទៅឲ្យរង្វាន់ចៅបុរោហិតទៅហើយ ” ។ ចៅក្រមក្រាបបង្គំទូលឲ្យចាប់បុរោហិតនោះពិចារណាទៀត ។ បុរោហិតឆ្លើយថា “ ម្ចាស់ខ្ញុំអើយ ! មហាសេដ្ឋីនេះពុំបានយកព្រះមកុដមកឲ្យខ្ញុំទេ” ។ ចៅក្រមក៏ក្រាបបង្គំទូលឲ្យគាបបុរោហិតនោះទៀត ។ បុរោហិតពុំដឹងខ្លួនសោះ តែលុះត្រូវឃ្នាបឈឺខ្លាំងពេក អត់ទ្រាំពុំបាន ក៏ស្រែកថា “ សូមឲ្យម្ចាស់បន្ធូរបន្តិច” ហើយឆ្លើយថា “ម្ចាស់ខ្ញុំអើយ ! មហាសេដ្ឋីយកព្រះមកុដមកឲ្យខ្ញុំមែន តែខ្ញុំយកទៅទុកឯព្រៃឧទ្យានទៅហើយ ” ។ ព្រះមហាក្សត្រទ្រង់បង្គាប់ឲ្យទៅរកឯព្រៃឧទ្យាន ក៏ឥតនរណារកឃើញសោះ ទ្រង់ឲ្យគាបទៀត ។
    គ្រានោះ ព្រះពលទេពសេនាបតី ឡើងទៅក្រាបបង្គំគាល់ឮសម្រែក បុរោហិត មហាសេដ្ឋី និងចៅនេសាទស្រែកយំរំពងដូច្នោះ ក៏រំពឹងគិតដោយប្រាជ្ញាថា “បើនៅតែគាបដូច្នេះ បុរោហិត មហាសេដ្ឋី និងចៅនេសាទនេះ មុខជាស្លាប់មិនខាន ឯព្រះមកុដក៏បាត់ពុំឃើញ ” ទើបក្រាបបង្គំទូលសូមយកសេចក្ដីនោះទៅពិចារណា ។ ព្រះមហាក្សត្រទ្រង់ព្រះរាជានុញ្ញាតឲ្យព្រះពលទេពសេនាបតី យករឿងនោះទៅជំនុំពិចារណា ជាមួយនឹងពលសេនាបតី ព្រះពលទេពសេនាបតីក៏នាំជនទាំង ៣ នាក់ទៅឃុំក្នុងរោងមួយមានជញ្ជាំងជិត លុះវេលាយប់ ឲ្យស្មៀនម្នាក់ទៅលបលាក់ខ្លួន ពួនចាំស្ដាប់ពីក្រៅជញ្ជាំង កុំឲ្យអ្នកទាំង ៣ នាក់ដឹង ។ គ្រានោះមហាសេដ្ឋីនិយាយ “ ហេតុដែលអញត្រូវឃ្នាបឈឺដល់ម្ល៉េះ ព្រោះតែចៅនេសាទនេះឯង អើចៅនេសាទ ! ចុះអញប្រើចៅឲ្យលួចព្រះមកុដពីអង្កាល់បានជាចៅឆ្លើយដាក់អញ នាំឲ្យលោកធ្វើក្ដីលំបាកដល់អញដូច្នេះ ? ” ។ ឯចៅនេសាទឆ្លើយថា “លោកអើយ ! ខ្ញុំពុំបានលួចព្រះមកុដមកឲ្យលោកទេ តែគេគាបខ្ញុំឈឺណាស់ អត់ទ្រាំពុំបាន ទើបខ្ញុំឆ្លើយដាក់លោកឲ្យតែបានរួចខ្លួនមួយគ្រាសិនទៅ” ។ បុរោហិតក៏និយាយទៅនឹងមហាសេដ្ឋីថា “អ្នកឯងបានយកព្រះមកុដទៅឲ្យអញពីអង្កាល់បានជាឆ្លើយដាក់អញ ?” ។ មហាសេដ្ឋីឆ្លើយថា “ម្ចាស់ខ្ញុំអើយ ! គេគាបខ្ញុំឈឺណាស់អត់ទ្រាំពុំបាន ទើបខ្ញុំឆ្លើយដាក់លោក” ហើយសួរទៅបុរោហិតវិញថា “ចំណែកខាងលោក ខ្ញុំពុំបានឲ្យព្រះមកុដទេ ម្ដេចក៏លោកថាឲ្យ ហើយថាយកទៅទុកឯព្រៃឧទ្យាន ឲ្យគេទៅរកពុំឃើញដូច្នេះ ? ” ។ បុរោហិតឆ្លើយថា “ អ្នកអើយ ! លោកពុំពិចារណាឲ្យអស់សេចក្ដី ស្រាប់តែគាបឈឺណាស់ ខ្ញុំចេះតែថាឲ្យតែរួចពីមាត់ទៅ ឲ្យតែលោកបន្ធូរជំងឺបន្តិចប៉ុណ្ណោះទេ ” ។
    ស្មៀនស្ដាប់ឮជាក់ ក៏កត់ពាក្យចៅនេសាទ មហាសេដ្ឋីនិងបុរោហិត យកទៅជូនព្រះពលទេពសេនាបតី ៗ ជំនុំជម្រះថា “ចៅនេសាទ មហាសេដ្ឋី និងបុរោហិតនោះពុំមែនជាចោរឡើយ ” ហើយព្រះពលទេពសេនាបតីឲ្យជាងធ្វើព្រះមកុដមាសមួយដូចព្រះមកុដពីមុន យកទៅថ្វាយព្រះមហាក្សត្រ ហើយយាងស្ដេចទៅប្រពាតព្រៃឧទ្យានម្ដងទៀត ទុកព្រះមកុដនៅទីដដែលឲ្យស្រីដដែលនោះនៅថែរក្សា ផ្ដាំថា “ឲ្យធ្វើជាដេកលក់ហើយមើលបំណាំ” កាលណាមានចោរមកលួចព្រះមកុដម្ដងទៀត ឲ្យស្រែកអាក្រោសឡើង ” ។ ផ្ដាំស្រីនោះស្រេច ព្រះពលទេពសេនាបតីក៏ឲ្យសេនាយោធាមាត្រពួនចាំឃ្លាំមើល ហើយព្រះមហាក្សត្រស្ដេចចេញទៅបរបាញ់ដូចមុន ។
    ពានរដដែលនោះ ចុះអំពីចុងឈើទៅគន់មើលស្រីនោះយល់ដេកលក់ពុំកម្រើក ក៏បើកប្រអប់លួចព្រះមកុដយកទៅពាក់រាំបង្អួតគ្នានៅលើចុងឈើ ទើបស្រីនោះស្រែកថា “ពះអាស្វាលួចព្រះមកុដ” ។ អស់សេនាយោធាមាត្រដែលចាំយាមក៏ប្រញាប់គ្រប់គ្នា ស្រែកថា “ ស្វាលួចព្រះមកុដ ទៅលាក់ក្នុងរូងឈើ ” ។ លុះព្រះមហាក្សត្រទ្រង់យាងដល់ព្រះពន្លាភាក់ ស្រីនូវអស់សេនាយោធាមាត្រ ក្រាបបង្គំទូលតាមដំណើរនោះសព្វគ្រប់ ។ ព្រះមហាក្សត្រទ្រង់បង្គាប់ឲ្យឡើងទៅមើលរូងឈើ ឃើញព្រះមកុដទាំងចាស់ទាំងថ្មី យកមកថ្វាយព្រះអង្គ ។ ព្រះអង្គមានព្រះបន្ទូលថា “ឱស្វានេះទេតើ ដែលលួចព្រះមកុដនេះ សេចក្ដីនេះ បើកុំបានព្រះពលទេពសេនាបតីមកជំនុំពិចារណា សមចៅក្រមរកពុំឃើញឡើយ មុខជាគាបបុរោហិត នូវមហាសេដ្ឋី និងចៅនេសាទ ត្រាតែស្លាប់ពុំខាន ឯព្រះមកុដអញក៏នឹងបាត់អសារបង់ ” ។
    ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ទ្រង់ព្រះរាជទានពរសព្ទសាធុការដល់ព្រះពលទេពសេនាបតី ជាអស្ចារ្យ នាកណ្ដាលជំនុំហោង ។