រឿង​ បុរស​បាញ់​ទង់

  • Print

ប្រជុំរឿងព្រេងខ្មែរភាគបី ទំព័រ ១៦៥ - ១៦៧

    មាននិទានមួយដំណាលថា : នៅស្រុកមួយនោះ មានបុរស ២ នាក់ ម្នាក់ឈ្មោះចៅសោកែ ម្នាក់ទៀតឈ្មោះចៅពាលោ ៗ ទៅរករៀនមន្តអាគមចេះសព្វគ្រប់ ហើយតែងរកឧបាយកលចំហូវយកទ្រព្យរបស់គេមកជារបស់ខ្លួន ។
    ថ្ងៃមួយចៅសោកែចេញទៅបាញ់ទុងបានមួយ ។ ចៅពាលោគិតថា “ សោកែគាត់នឹងឲ្យសាច់ទុងអញស៊ីផងឬទេ ? បើគាត់មិនឲ្យសាច់ទុងអញស៊ីទេ អញនឹងរករឿងគាត់ឲ្យកើតជាក្ដីឡើងបានម្ដង ” ។ ឯចៅសោកែស្លអាំងសាច់ទុងរួចស្រេចក៏បរិភោគទៅ ពុំបានឲ្យទៅចៅពាលោឡើយ ។ ចៅពាលោក៏ប្ដឹងទៅចៅក្រម ឲ្យកោះចៅសោកែ យកទៅជំនុំជម្រះ ហើយចៅពាលោប្ដឹងចៅក្រមនោះថា

“កាលឪពុកខ្ញុំព្រះបាទឈឺថ្កាត់នោះ គាត់ផ្ដាំនឹងខ្ញុំព្រះបាទថា “បើគាត់ស្លាប់ទៅនឹងទៅយកកំណើតជាសត្វទុង ដោយជួរចំបួរមេបារៀង ៗ មក សឹងស្លាប់ទៅកើតជាទុងទាំងអស់ បើមានអ្នកណាមួយទៅបាញ់ទុង ឲ្យប្ដឹងចៅក្រមឲ្យចាប់យកទៅជំនុំពិចារណាលក់ពិន័យ តាមដោយនូវច្បាប់ស្លាប់គេ ឥឡូវនេះ ចៅសោកែសម្លាប់ឪពុកខ្ញុំស៊ី ហេតុនេះសូមព្រះបាទម្ចាស់កាត់សេចក្ដីឲ្យទានខ្ញុំព្រះបាទហោង ” ។
    ឯចៅសោកែឆ្លើយដោះសារថា  “ឪពុកម្ដាយខ្ញុំប្រាប់រៀង ៗមកថា “ មេបាជីដូនជីតាឪពុកម្ដាយ អម្បាលដែលស្លាប់ទៅសឹងយកកំណើតជាត្រី ហើយផ្ដាំថា បើមានសារពើសត្វអ្វីទៅសម្លាប់សត្វត្រីស៊ី ឲ្យខ្ញុំប្របាទបាញ់សម្លាប់សត្វអស់នោះស៊ីវិញ បើសត្វអស់នោះមានកូនចៅផៅពង្សនៅជាមនុស្ស ឲ្យប្ដឹងចៅក្រមឲ្យចាប់យកមកជំនុំជម្រះលក់ពិន័យកូនចៅផៅពង្សអស់នោះ ឥឡូវនេះ ហ្វូងទង់នាំគ្នាទៅប្លន់ចាប់ត្រីជាជីដូនជីតាឪពុកម្ដាយខ្ញុំប្របាទស៊ី ទើបខ្ញុំប្របាទបាញ់ទុងអស់នោះ, ឥឡូវបើចៅពាលោថាទុងនោះជាឪពុកគេដូច្នេះ សូមអស់លោកជាចៅក្រមជំនុំជម្រះ ពិចារណាសេចក្ដីនេះឲ្យទានខ្ញុំប្របាទចុះ ” ។
    ចៅក្រមជំនុំពិចារណាសេចក្ដីនេះមិនដាច់ស្រេច ទើបនាំចៅទាំង ២ នាក់ ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសេចក្ដីនោះសព្វគ្រប់ប្រការ ។ ចៅពាលោឃើញថាក្ដីរបស់ខ្លួនចាញ់ប្រៀបក្ដីរបស់ចៅសោកែ ទើបនិយាយដោះសាខ្លួនថា “ ចៅសោកែពុំបានបាញ់ទុងនៅអាយឡើយបាញ់ទុងពីនាយទេ ខ្ញុំព្រះបាទអម្ចាស់ប្រកាន់ត្រង់នេះឯង ” ។
    ព្រះមហាក្សត្រ មានព្រះបន្ទូលដណ្ដឹងសួរទៅចៅពាលោថា “ ឯទុងឪពុកចៅនៅឯអាយស៊ីអ្វី ស៊ីក្ដាមខ្យងឬស៊ីត្រី ? ” ។ ចៅពាលោក្រាបទូលថា “ ស៊ីត្រី ” ។ ព្រះមហាក្សត្រមានព្រះបន្ទូលថា “ បើដូច្នេះទុងជាឪពុកឯងចាប់ត្រីជាឪពុកចៅសោកែស៊ី ដូចពាក្យចៅសោកែមែន ” ហើយទ្រង់បង្គាប់ឲ្យចៅពាលោទៅជាខ្ញុំចៅសោកែ ។ ចៅទាំង ២ ក៏សុខចិត្តហើយក្រាបថ្វាយបង្គំលាត្រលប់ទៅកាន់លំនៅអាត្មាវិញហោង ។