រឿង អាមាត្យ​រក្សា​ព្នៅ​ព្រះ​រាជ​ទ្រព្យ

  • Print

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៦៩ - ១៧១

    មាននិទានមួយដំណាលថា : មានអាមាត្យម្នាក់តែងរក្សានិងរាប់ផ្លែព្នៅព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រមួយអង្គ កាលណាផ្លែព្នៅនោះទុំ ក៏បេះយកទៅថ្វាយជានិច្ចពុំដែលខាន គាប់ជួនថ្ងៃមួយនោះ បុរសម្នាក់កាន់ទំពក់ទៅបេះផ្លែព្នៅ ដើរទៅក្បែរខាងដើមព្នៅ ដែលអាមាត្យនៅថែរក្សានោះ ។ អាមាត្យមើលទៅ យល់បុរសនោះកាន់ផ្លែព្នៅនៅថ្នក់ ទំពក់នៅដៃ ក៏ទៅរាប់ផ្លែព្នៅនៅដើមនោះមើល ឃើញតែទងទទេទើបគិតថា “ សមជាអាលីទំពក់នឹងផ្លែព្នៅដើរទៅអម្បាញ់មិញ នេះឯង ជាចោរលួច ” ។ អាមាត្យក៏រត់ទៅតាមចៅនោះ ឃើញមានផ្លែព្នៅនៅថ្នក់ទំពក់នៅដៃមែន ហើយក៏ចាប់កោះយកទៅប្ដឹងចៅក្រមថា “ ចៅនេះឯង ជាចោរលួចផ្លែព្នៅព្រះរាជទ្រព្យ ខ្ញុំចាប់បានផ្លែព្នៅនៅថ្នក់ទំពក់នៅដៃ ” ។

    ចៅក្រមដណ្ដឹងសួរថា “ ចៅឯងជាចោរលួចបេះផ្លែព្នៅព្រះរាជទ្រព្យមែនឬទេ ? ” ។ ចៅនោះឆ្លើយថា “ ខ្ញុំមិនមែនជាចោរលួចទេ, ឯផ្លែព្នៅនេះខ្ញុំបេះមកពីព្រៃដទៃទៀតទេ ” ។ ទើបចៅក្រមនាំសេចក្ដីនោះ ទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសេចក្ដីនោះសព្វគ្រប់ ។
    ព្រះមហាក្សត្រមានបន្ទូលថា “កុំអាលឲ្យគាបវាឡើយ” ហើយត្រាស់បង្គាប់ឲ្យយកផ្លែព្នៅអំពីចៅនោះ ទៅដាក់ផ្ទាប់ទល់នឹងទង ដែលផ្លែព្នៅជ្រុះចេញទៅនោះ តើត្រូវឬមិនត្រូវ រួចសឹមទម្លាក់ផ្លែព្នៅនោះទៅដី ហើយពិចារណារកដើមហេតុឲ្យឃើញពិតប្រាកដសិនបើឃើញថា គួរមានទោសសឹមធ្វើទោសវា ” ។
    អាមាត្យទទួលព្រះរាជឱង្ការ ហើយយកផ្លែព្នៅនោះទៅដាក់លនឹងទងព្នៅ ឃើញថាមិនត្រូវទំនងគ្នាសោះ ហើយទម្លាក់ទៅដី ផ្លែព្នៅនោះក៏ជ្រុះទៅក្នុងថ្លុកកប់ភក់ទៅ ។ ព្រះអង្គឲ្យយកផ្លែព្នៅ ដែលជ្រុះអំពីមុននោះទៅដាក់ផ្ទាប់លមើល ក៏ឃើញត្រូវនឹងទងនោះមែន ហើយត្រាស់បង្គាប់ឲ្យយកផ្លែព្នៅខុសនឹងទងវាឲ្យទៅបុរសលីទំពក់វិញ ហើយឲ្យបើកលែងទៅ ។ ចៅនោះក៏យកទំពក់និងផ្លែព្នៅរបស់ខ្លួនទៅកាន់ទីលំនៅអាត្មាវិញ ។
    ព្រះមហាក្សត្រទ្រង់រកសេចក្ដីពិត បានឃើញជាក់ស្ដែងដូច្នេះហៅសុគតិគមនំ ត្រូវតាមគន្លងធម៌ហោង ។