រឿង សង្គ្រាម​រវាង​គីង្គក់ និង​តា​ព្រហ្ម

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៦១ -៦៥

សម័យព្រេងនាយ វេលាមួយពិភពលោកកើតទុរ្ភិក្ស ក្ដៅហួតហែង គ្រប់ទិសទីព្រះពិរុណមិនបង្អុរភ្លៀងសោះ ស្ទឹងត្រពាំង ថ្លុកបឹងព្រែក ទន្លេរីងទឹកអស់ ។ សត្វទាំងឡាយស្លាប់គរឆ្អឹងលើគ្នារុក្ខជាតិនានាស្វិតក្រៀមក្រញង់  ។  ពួកមណ្ឌុកសត្វមានគីង្គក់ ហ៊ីង កង្កែបជាដើមដែលជាសត្វប៉ិនអត់ធន់ ក៏ស្គមនៅតែស្បែកនឹងឆ្អឹង។ ថ្ងៃមួយ គីង្គក់ជាមេប្រកាសដល់ក្រុមញាតិ និងហ៊ីងកង្កែបជាមិត្តថា ហៃមិត្តទាំងអស់គ្នា ! មើលទៅតាព្រហ្មមិនបង្អុរភ្លៀងមក ឱ្យយើងទៅបើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់ មកវ៉ីមិត្តយើងកេណ្ឌគ្នាទៅតយុទ្ធ នឹងតាព្រហ្មយកភ្លៀងឱ្យបាន អាសន្នដល់ហើយស្ងៀមក៏ស្លាប់ច្បាំងក៏ស្លាប់ បើម្ង៉ៃនឹងស្លាប់ៗក្នុងចម្បាំងយកជ័យឱ្យក្រុមញាតិនិងមិត្រប្រសើរជាង មក !  មក ! ទៅប្រយុទ្ធ ។ ក្រោយដែលបានប្រកាសយ៉ាងនេះ ពលគីង្គក់និងមិត្រទាំងអស់ក៏លើកព្យុហយាត្រាទៅតយុទ្ធនឹងតាព្រហ្ម ក្នុងវិមានលោកឰដ៏អាកាស ។ កងទ័ពមណ្ឌុកសត្វដើរកាត់ទីវាល បន្តិចមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀត ។

មេបញ្ជាការធំនៃទ័ពគីង្គក់ឃើញហ្វូងពលត្រីអណ្ដែងធំៗ ខ្នាន់ខ្នាប់ខ្លួនប្រឡាក់ស្រមកដោយកម្ទេចធូលីនិងផែះនៃវាលស្រែ ។ មេគីង្គក់សួរថា " នែវ៉ីតើកនឯងទៅណា បានជាប្រមៀលខ្លួនហុយដីទ្រលោមកាត់មុខឱ្យរំខានដល់កងទ័ពអញនេះ? " ។ ត្រីអណ្ដែងជាមេទ័ពតបថា ' ភឿនអើយ ! ពួកមច្ឆាបានបញ្ជូន យើងឱ្យមកជាមួយបងក្រាញ់ដ៏ប៉ិនប្រសប់ខាងរត់ឆ្លងភ្នំ និងបារាយណ៍ ដើម្បីច្បាំងនឹងតាព្រហ្មយកភ្លៀងមកបំពេញបឹងស្ទឹងយើងទៅ ! ភឿន ! ។ គីង្គក់ឮដូច្នោះអរណាស់ក៏ប្រាប់កងទ័ពខ្លួន មួយរំពេចនោះសព្ទជយោបានលាន់ឮចេញពីទ័ពទាំងពីរក្រុម ហើយទ័ពទាំងនោះក៏ប្រមូលគ្នាយាត្រាទៅតាមវាលក្ដៅហួតហែងទៅ បន្តិចទៅស្រាប់តែឃើញបាណកជាតិមួយហ្វូងធំ ហើរខ្មៅខ្នាប់សូរងូងៗ លើអាកាស ហើយឮឃ្មុំនិងឪម៉ាល់ជាមេទ័ពបន្លឺមក នែគីង្គក់ ហ៊ីង កង្កែប ត្រីអណ្ដែង ត្រីក្រាញ់ ឯងទៅណាស្រមកយ៉ាងនេះ ? គីង្គក់តបថា មកវ៉ឺយ ! បងឃ្មុំ ! យើងហើយនិងក្រុមបងលើកទ័ពទៅច្បាំងព្រោះអត់ភ្លៀងខ្វះឈើព្រៃផ្ដល់ធ្វើសំបុកដល់ក្រុមបង មកកុំបង្អង់ យើងព្រួតគ្នាទៅតយុទ្ធនឹងតាព្រហ្ម កុំខ្លាចខ្លាច ស្លាប់ទៅ ! ទៅ ! ។ ទ័ពគោកនិងអាកាស ហ៊ោយកជ័យ ហើយក៏លើកតទៅទៀត ។ លុះដល់ជិតចម្ការស្ងួតមួយ តែទ័ពនេះប្រទះនឹងផ្លែត្រសក់ស្រូវដួលរណែលលើផែនដី ដាច់របះទងគួរឱ្យអាសូរ ។ ត្រសក់មួយស្រែកដោយមានសង្ឃឹមថា "ភឿនអើយឱ្យគ្នាយើងដោយសារទៅផង តែខំយើងស្ងួត ស្លាប់អស់ហើយភឿនទៅច្បាំង យើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរ មិនឱ្យនៅវេទនាទេ " មេទ័ពទាំងបី ក៏យល់ព្រមឱ្យត្រសក់ស្រូវប្រមៀលខ្លួនទៅតាមក្បួន លុះផុតពីវាល ក៏បានដល់ព្រៃមួយដែលរុក្ខជាតិទាំងឡាយក្រៀមរញមស្លាប់ជិតអស់ ។ កងទ័ពបានទៅដល់ឃើញវល្លិផ្ដៅធំ ៗ ពីរដើមនៅនឹងគល់ឈើងាប់មួយដើម ។ ផ្ដៅសូរថា "នែភឿន ! ទៅណាហ្នឹងសន្ធឹកម្ល៉េះ ភឿនមិនអាសូរមិត្តរុក្ខជាតិគ្នាយើងទេឬ? ឃើញទេស្លាប់ដេកពពូនដោយដៃតាព្រហ្មអស់ហើយ ឱ្យយើងទៅច្បាំងផង យើងនៅយ៉ាងនេះ ក៏វេទនាណាស់ យើងស៊ូទៅស្លាប់ក្នុងសង្គ្រាម ដើម្បីដណ្ដើមយកជ័យមកផ្ដល់ជីវិតសត្វលោក "  ។ ទ័ពទាំងអស់ក៏យល់ព្រមឱ្យផ្ដៅគោចរទៅតាមផង ។
ក្រោយមកទ័ពទាំងអស់ក៏បានដល់ឋានតាព្រហ្ម ។ គីង្គក់បានបញ្ជាឱ្យឃ្មុំ ប្រុងវាយសម្រុកនៅទ្វាខាងមុខនិងខាងក្រោយ ត្រីអណ្ដែង ត្រីក្រាញដែលខ្លួនប្រឡាក់ទៅដោយក្បុង និងផែះឱ្យចូលទៅក្នុងពាងនិងផើងទឹកនៅមាត់ទ្វារប្រាសាទ ត្រសក់ស្រូវឱ្យប្រមៀលទៅទៀបជើងក្រាបអាសនៈតាព្រហ្មគង់ ។ ឯក្រុមគីង្គក់ ហ៊ីង កង្កែបជាទ័ពស្រួចអ្នកចូលលុក ។ លុះចាត់ស្រេចហើយ ទ័ពមណ្ឌុកសត្វក៏ចូលស្រតម្រង់អាសនៈតាព្រហ្មអាស្រ័យនៅដោយហ៊ោសន្ធប់យ៉ាងខ្លាំង ធ្វើឱ្យរេហ៍ពល អស់ទាំងទេវតា មេនំ មេនាង ចៅជិតចៅចម ម៉ម ខុនណាងជំទាវ  រត់ចេញពី ប្រាសាទស្លន់ស្លោទៅត្រូវទឹកផែះ ទឹកក្បុងដែលត្រីអណ្ដែងត្រីក្រាញបាចមកលើភ្នែក ផ្សាស្រវាំងរកទិសតំបន់ពុំឃើញ ថែមទាំងត្រូវពួកឃ្មុំ ឪម៉ាល់ទិច ចុកឈឺរមួល ស្រែកយំរំពងតាព្រហ្មរកច្រកចេញពុំទាន់ស្រែកសួរថា "នែវើយ ! អាពួកគីង្គក់ ហ៊ីងកង្កែបចង្រៃឯងទៅណា?” ពួកមណ្ឌុកសត្វ តបថា "យើងមកច្បាំង ៗ" តាព្រហ្មចុះចាកអាសនៈឥតមើលក្រោយ ក៏ជាន់លើត្រសក់ស្រូវរអិលដួលផ្ងារ ស្រទាង ត្រូវផ្ដៅទាំងពីរបន្ទន់ខ្លួនប្រញាប់សង្កត់កជាប់ ឃ្មុំក៏ទិច ឈឺផ្សា ស្រែកចុះញ៉មពួកសត្វ និងរុក្ខជាតិថា "ចាញ់ហើយ ! " ។ ឮដូច្នេះ មេបញ្ជាការគីង្គក់ក៏ឃាត់ទ័ពឱ្យឈប់ ដើម្បីដោះស្រាយបញ្ហាចុះចាញ់  ។  គីង្គក់សួរទៅតាព្រហ្មបរាជ័យថា "ម៉េចក៏លោកបង្អត់ភ្លៀងដល់សត្វលោក ធ្វើឱ្យស្លាប់គ្រប់កន្លែង ដូច្នោះ ? គ្នាយើងមិនសុខចិត្តទេ បើលោកមិនបង្អុរភ្លៀងចុះទៅនោះ យើងនឹងកម្ទេចវិមានលោកសម្លាប់ទាំងពល ទាំងលោកពុំខាន" ។ តាព្រហ្មនឹកភ័យក៏និយាយអង្វរអស់ពលសត្វនឹងរុក្ខជាតិថា "សូមពួកព្រះស្ដែងកុំខឹង យើងខ្លាចហើយ យើងនឹងផ្ដល់ទឹកភ្លៀងឱ្យឥឡូវនេះហើយ សូមអស់លោកអញ្ជើញទៅវិញចុះ កុំខឹងអី " ។  គីង្គក់តបថា "ទេ ! កនយើងមិនព្រមទេ បើយើងទៅ នោះលោកនឹងផ្ដល់ភ្លៀងឱ្យយើងតែមួយមេ ហើយព្រងើយកន្តើយទៅ នាំឱ្យពិបាកយើងលើកទ័ពឡើងមកទៀត ដូច្នោះសូមលោកសន្យាឱ្យពរពិសេសដល់យើងសិន ទើបកនយើងសុខចិត្ត" ។ លុះជញ្ជឹងមួយសន្ទុះ តាព្រហ្មពោលថា "អើ ! យើងព្រមឱ្យពរដល់អ្នករាល់គ្នា ហើយ បើដូច្នោះពេលណា អ្នកត្រូវការភ្លៀង ចំណែកគីង្គក់ហ៊ីង កង្កែបត្រូវសង្កៀតធ្មេញ បន្លឺសំឡេងពីក្រោមមក ពេលនោះយើងនឹងបង្អុរភ្លៀងឱ្យអ្នកភ្លាម ។ កាលសន្យារួចស្រេច ទ័ពមណ្ឌុកសត្វបាណកសត្វ និងរុក្ខជាតិក៏ថយ មកលំនៅរៀង ៗ ខ្លួន ។ តាំងពីនោះមកពេលណាគីង្គក់ ហ៊ីង កង្កែប ត្រូវការភ្លៀង ក៏សង្កៀតធ្មេញ បន្លឺសំឡេងក្រត ៗ ! អែប ៗ ! អោក ៗ ! ហ៊ីងហ៊ឹង ៗ ! ភ្លៀងក៏ធ្លាក់មក ។


 

១- ស្រង់ពីទស្សនាវដ្ដីកម្ពុជសុរិយា លេខ១១ ឆ្នាំ១៩៦០ រៀបរៀងដោយលោក លាង ហាប់អាន សាស្ត្រាចារ្យ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ក្រុងភ្នំពេញ ។

Flag Counter