រឿង ឧកញ៉ា​យោមរាជ និង​ឧកញ៉ា​ពល​ទេព

  • Print

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៧៣ -៨១

    កាលពីព្រេងនាយ មាននាម៉ឺនពីរនាក់ ម្នាក់ជាទីឧកញ៉ាយោមរាជ ម្នាក់ទៀតជាឧកញ៉ាពលទេព ។ ឯឧកញ៉ាពលទេពជាមនុស្សលោភបុណ្យសក្ដិ ចង់បានទីយោមរាជគិតស្វែងរកទោសដាក់និងក្រាបទូលស្ដេចទម្លាក់ចាកទីយោមរាជអាត្មាឯង នឹងបានស្ដីទីយោមរាជនោះតទៅ ។ ឧកញ៉ាពលទេពស្វែងរកទោស លោកយោមរាជនោះជាយូរខែមក។ ថ្ងៃមួយមានអ្នកទោសម្នាក់ជាប់ទោសធ្ងន់ ក្រុមជំនុំកាត់ទោសដល់ប្រហារជីវិត ។ ឯអ្នកទោសនោះដឹងថាថ្ងៃព្រឹកនេះ ស្នែងគេនឹងនាំអាត្មាទៅសម្លាប់ជាប្រាកដ ក៏តាំងសៅសោកវិយោគ ស្ដាយជីវិត មហិមាយំពណ៌នាថា” ឱ ! ជីវិតអញអើយ ! ព្រឹកស្អែកនេះហើយនឹងបង់ចាកប្រាណ អើត្រង់ក្ដីស្លាប់ ១ នេះនរណាឡើយនឹងវៀរបង់បាន តែកើតឡើងហើយ រមែងតែស្លាប់ជាធម្មតា តែថាត្រង់ជីវិត ១ នេះទោះបង់បាត់ទៅក្ដី ក៏មិនសូវជាសោកស្ដាយប៉ុន្មាន មកស្ដាយតែវិជ្ជា ១ ដែលខ្លួនបានចេះហើយពុំទាន់បានបង្ហាត់បង្ហាញនរណា ១ បើព្រឹកនេះខ្លួនស្លាប់ហើយ វិជ្ជានេះយល់នឹងជាសូន្យសោះ អស់មាននរណាមួយ ក្នុងលោកនេះ អាចចេះតទៅទៀតបានឡើយ" ។

    កាលនោះមាននាយឆ្មាំពន្ធនាគារម្នាក់ បានឮចៅនោះពណ៌នាសោកស្ដាយវិជ្ជាដូច្នោះ ក៏ចូលទៅសាក សួរថា "ចៅឯងព្រឹកនេះដល់ទីស្លាប់ប្រាកដហើយ ចៅយំរៀបរាប់ថាត្រង់ជីវិត រូបរាងកាយ មិនសូវជាស្ដាយប៉ុន្មាន មកស្ដាយវិជ្ជា ១ ដែលចេះមក តើវិជ្ជានោះឈ្មោះវិជ្ជាអ្វី ចៅចេះវិជ្ជាអ្វី ចូរប្រាប់យើងមើល" ។
    អ្នកទោសក៏ប្រាប់ថា "ខ្ញុំបាទចេះវិជ្ជាស្ដាប់ភាសាសត្វ វិជ្ជានេះវិសេសរបស់ខ្ញុំបាទណាស់  ក្នុងលោកនេះគ្មាននរណាចេះសោះ តែខ្ញុំបាទដល់ទីស្លាប់ហើយ វិជ្ជានេះសូន្យតែម្ដង ព្រោះពុំមាននរណាបានមករៀនតទៅឡើយ" ។ នាយឆ្មាំពន្ធនាគារឮដូច្នោះ ក៏នាំសេចក្ដីនោះទៅជម្រាបលោកឧកញ៉ាយោមរាជសព្វប្រការ ។ ឧកញ៉ាយោមរាជនឹកក្នុងចិត្តថា វិជ្ជានេះវិសេសក្រៃពេក គួររៀនយក ទើបនាំនាយឆ្មាំពន្ធនាគារទៅដោះអ្នកទោសចាកទីឃុំឃាំង ហើយសួរបញ្ជាក់ថា ពិតឬពុំពិត ។ អ្នកទោសក៏ជម្រាបថា "នេះពិតប្រាកដមែន " ឧកញ៉ាយោមរាជថា "បើយើងសុំរៀនពីចៅឯង តើបានឬមិនបាន ? ហើយវិជ្ជានេះតម្លៃប៉ុន្មាន?" ។ អ្នកទោសថា "ខ្ញុំបាទជូនព្រះតេជព្រះគុណបាន សូមព្រះតេជព្រះគុណរៀនតទៅចុះ តែអត់អំពីខ្ញុំប្របាទនេះហើយវិជ្ជានេះនឹងសូន្យជាប្រាកដ តែការនឹងរៀននោះតោងទៅតាំងពិធីរៀន នៅក្នុងព្រះវិហារចំពោះព្រះភក្ត្រព្រះបដិមាករជាប្រធាន ឯគ្រឿងតម្កល់គ្រូនោះមិនមានអ្វីច្រើនទេ ត្រូវការតែទៀន ៥ ធូប ៥ លាជ ៥ ផ្កា ៥ ប៉ុណ្ណោះឯង អញ្ជើញព្រះតេជព្រះគុណរៀបរៀនឱ្យឆាប់ចុះ តែព្រឹកស្អែកខ្ញុំប្របាទលាព្រះតេជព្រះគុណទៅស្រុកខ្មោចហើយ  " ។
ឧកញ៉ាយោមរាជធ្វើតាម ទើបឱ្យនាយឆ្មាំពន្ធនាគារនាំខ្លួនអ្នកទោសទៅវត្ត ក៏នាំចូលទៅក្នុងព្រះវិហារ ឱ្យបិទទ្វារវិហារជិតទាំងអស់ពុំឱ្យមនុស្សណាមួយឮឡើយ ឧកញ៉ាយោមរាជក៏តាំងរៀបទៀនធូប លាជផ្កា នៅចំពោះព្រះភក្ត្រព្រះ  ហើយថា "ពិធីរៀននោះតើដូចម្ដេចខ្លះ ចូរចៅបង្គាប់ទៅមើល យើងនិងធ្វើតាម" អ្នកទោសបង្គាប់ឱ្យអុចទៀនធូបហើយយលោកយោមរាជនិងខ្លួនវាក្រាបថ្វាយបង្គំព្រះ សូត្រនមស្ការ ពុទ្ធគុណ ធម្មគុណ សង្ឃគុណ ចប់ចុះ ហើយអ្នកទោសប្រណម្យដៃពោលដង្ហោយឡើងថា "ឱ! ព្រះដ៏មានបុណ្យព្រះគុណដោយមហាករុណា តែងប្រោសមេត្តាសត្វដែលកើតមានក្ដី វិបត្តិចូលមកពឹងពោធិសម្ភារជួយដោះទុក្ខសត្វឱ្យសត្វបានក្ដីសុខសម្រាន្តទាំងលោកនេះនិងបរលោក ព្រះពុទ្ធជាម្ចាស់អើយ! ខ្ញុំព្រះករុណានេះត្រូវទោសធំណាស់ព្រឹកស្អែកនេះហើយ លោកឧកញ៉ាយោមរាជនឹងឱ្យនាំទៅប្រហារជីវិតខ្ញុំព្រះករុណា ៗ មានក្ដីភិតភ័យខ្លាចក្ដីស្លាប់នោះជាបំផុត ស្ដាយជីវិតក្រៃពេកណាអើយ! សូមព្រះអង្គទ្រង់ប្រោសបិណ្ឌបាតជីវិតខ្ញុំព្រះករុណា អំពីលោកឧកញ៉ាយោមរាជនេះ ឱ្យលោកប្រោសលែងខ្ញុំឱ្យរួចចាកក្ដីស្លាប់ ក្នុងគ្រាម្ដងនេះ " ថាហើយអ្នកទោសវាទៅក្រាបទៀបបាទជើងលោកយោមរាជ ហើយដង្ហោយថា "ឱព្រះតេជព្រះគុណអើយ ! សូមប្រោសអត់ទោសខ្ញុំព្រះបាទនេះ ហេតុដែលខ្ញុំប្របាទសោកពោលថា "ស្ដាយវិជ្ជាចេះភាសាសត្វនោះខ្ញុំមិនចេះវិជ្ជានោះទេ គឺខ្ញុំសោកស្ដាយជីវិតពិតៗ គិតបញ្ឆោតឱ្យព្រះតេជព្រះគុណអញ្ជើញមកកាន់ព្រះវិហារនេះឯង ដើម្បីឱ្យព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺព្រះពុទ្ធរូបនេះទ្រង់បិណ្ឌបាតជីវិតខ្ញុំប្របាទអំពីព្រះតេជ-ព្រះគុណ ឱព្រះតេជព្រះគុណអើយ ! ប្រោសថ្វាយជីវិតខ្ញុំប្របាទ ដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទៅ ឥឡូវព្រះអង្គទ្រង់បិណ្ឌបាតហើយព្រះគុណអើយ ! ការបូជាដោយគ្រឿងអាមិសទានឯទៀត ៗ នោះមានផលានិសង្សពុំស្មើនឹងការបូជាជីវិតខ្ញុំព្រះបាទដល់ព្រះពុទ្ធជាម្ចាស់ក្នុងគ្រានេះឡើយ ផលនេះហើយជាផលយ៉ាងធំបំផុត ព្រះតេជព្រះគុណនិងប្រាថ្នាសាងជាពុទ្ធភូមិឬអរហន្ត ភូមិក៏អាចសម្រេចដូចក្ដីប្រាថ្នាទៅអនាគតកាល "លោកឧកញ៉ាយោមរាជលុះឮពាក្យអ្នកទោសពោលដង្ហោយដូច្នោះ ក៏ដូចជាគេខ្ទាស់ណែនឱរានឹកឃើញថា ចាញ់កលឧបាយអ្នកទោសជាប្រាកដ ទើបនិយាយទៅកាន់នាយឆ្មាំពន្ធនាគារថា " អើយើងចាញ់កលអ្នកទោសនេះហើយ ឥឡូវវាពោលពាក្យដង្ហោយសូមជីវិតវានឹងព្រះពុទ្ធ ថាឱ្យទ្រង់បិណ្ឌបាតទោសវាឯងជាម្ដង ការនេះតែយើងមិនលែងវា ក៏ដូចជាយើង មិនយល់ដល់ព្រះពុទ្ធជាម្ចាស់ ហាក់ដូចជាយើងឥតសទ្ធា ក្នុងព្រះពុទ្ធសាសនា បើដូច្នេះនាយឆ្មាំឯងនិងខ្ញុំ យើងពីរនាក់ចូលសទ្ធាលើកជីវិតវា ថ្វាយដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ចុះ ហើយយើងពីរនាក់ទទួលកែខៃជាក្រោយ គឺយើងបិទបាំងឱ្យជិត កុំឱ្យខ្ចរខ្ចាយឮដល់ត្រចៀកអ្នកដទៃឯទៀតឡើយ " ។
ឯនាយឆ្មាំក៏ព្រមតាម ទើបលោកយោមរាជឱ្យនាយឆ្មាំស្រាយចំណងហើយថា " យើងលែងចៅឯងហើយ ចូរចៅរត់ទៅនៅទីណាមួយ ដែលជាទីរក្សាជីវិតឯងចុះ ហើយកុំនិយាយប្រាប់គេថា យើងដោះលែងចៅឯង ចៅឯងចូរថាកាច់ច្រវាក់រត់ចាកគុកទៅចុះ តទៅមុខទៀតចៅកុំប្រព្រឹត្តការលាមកយ៉ាងនេះទៀតឡើយ" ។ ឯអ្នកទោសក៏ក្រាបថ្វាយបង្គំព្រះ ហើយក្រាបលាលោកយោមរាជ និងនាយឆ្មាំ ហើយក៏រត់ចេញទៅស្រុកក្រៅ លាក់ខ្លួនពុំឱ្យពួករាជការដឹងឮឡើយ  ។
ឯឧកញ៉ាយោមរាជ ក៏នាំនាយឆ្មាំថ្វាយបង្គំ លាព្រះពុទ្ធរូបហើយវិលទៅកាន់លំនៅៗ ជាសុខសប្បាយ កំចាយតែសព្ទប្រាប់គេថា អ្នកទោសនោះកាច់ច្រវាក់ រត់ចេញចាកគុកទៅបាត់ហើយ ។ លុះកន្លងកាលយូរ រឿងនោះពុំស្ងាត់បាត់ទៅឡើយ ជាហេតុដឹងឮទៅដល់ឧកញ៉ាពលទេព ៗ ។ មានចិត្តត្រេកអរដោយសមតាមគំនិត ដែលគិតរកឱកាសនឹងក្រាបទូលព្រះរាជាឱ្យដកងារឧកញ៉ាយោមរាជនេះ អាត្មាគង់នឹងបានទីនោះ  ។  សម័យថ្ងៃមួយ ជាពេលាព្រឹក ព្រះរាជាស្ដេចចេញអង្គាសភត្តដាក់បាត្រលោកសង្ឃ ស្ដេចកំពុងទុកបាត្រមានហ្វូងក្អែកទាំងឡាយហើរមកស្រែកកញ្ឆៀវកងរំពងទាំងផ្ទៃវាំង ក្អែកពួកខ្លះហើរស្រែកយំ ទំតាមដើមឈើទំតាមដំបូលប្រាសាទ ដំបូលដំណាក់ទីទៃ ៗ ។ ឯព្រះបរមចក្រី លុះស្ដេចទុកបាត្រស្រេចហើយ ទ្រង់ត្រាស់ថា អាសត្វក្អែកអស់នេះ មានហេតុភេទអ្វី  បានជាថ្ងៃនេះវានាំគ្នាមកស្រែកគឹកកងកោលាហលយ៉ាងនេះធ្វើម្ដេចនឹងបានដឹងភាសាវាអេះ ! " ។ 
ឯឧកញ៉ាពលទេពអង្គុយគាល់នៅទីនោះ លុះបានឮព្រះបន្ទូល ដូច្នោះបានឱកាសទើបក្រាបទូលឡើងថា "សូមទ្រង់ព្រះមេត្តាប្រោសមនុស្សយើងទាំងឡាយ ក្នុងព្រះនគរនេះពុំមាននរណាមួយអាចចេះភាសាសត្វឡើយ ឮថាអ្នកឧកញ៉ាយោមរាជ គេចេះភាសាសត្វ ដោយគេបានរៀនតអំពីអ្នកទោសដល់ទីប្រហារជីវិតម្នាក់ ហើយបានលែងអ្នកទោសជាគ្រូគេនោះបង់ សូមទ្រង់ព្រះមេត្តាប្រោស ឱ្យហៅមកសួរគង់ទ្រង់ជ្រាប" ។ ព្រះរាជាបានទ្រង់ព្រះសណ្ដាប់ដូច្នេះ ក៏ប្រើរាជបម្រើម្នាក់ ឱ្យទៅហៅឧកញ៉ាយោមរាជចូលមកគាល់ ។ ឧកញ៉ាយោមរាជ ឮថាទ្រង់មានព្រះរាជឱង្ការឱ្យហៅទៅគាល់ដូច្នោះ ក៏នឹកពិភាល់ក្នុងចិត្តថា ទ្រង់ឱ្យរកខ្លួនចូលទៅនេះ មុខជាមានការប្លែកប្រាកដ ទើបសួរទៅកាន់រាជបម្រើនោះថា "នាហ្មឺនណាគាល់នៅក្នុងទីនោះខ្លះ?" រាជបម្រើជម្រាបថា "លោកឧកញ៉ាពលទេព គាល់នៅទីនោះ" ។ ឧកញ៉ាយោមរាជឮដូច្នោះ ក៏ដឹងខ្លួនថាអាពលទេព វាគង់ក្រាបទូល ពោលទោសអញជាប្រាកដ គិតហើយឧកញ៉ាយោមរាជរៀបអាត្មាម្នីម្នាទៅជាមួយនឹងរាជបម្រើនោះ លុះដល់ហើយក៏ចូលទៅក្រាបបង្គំអង្គុយគាល់ក្នុងទីដ៏គួរសម។ ឯព្រះរាជាទតយល់ឧកញ៉ាយោមរាជចូលមកគាល់ហើយក៏ត្រាស់ថា "អើអ្នកយោមរាជ ឥឡូវឧកញ៉ាពលទេព គេប្រាប់យើងថា អ្នកឯងបានរៀនភាសាសត្វអំពីអ្នកទោសម្នាក់ ហើយអ្នកឯងបានលែងអ្នកទោសនោះចេញចាកគុកទៅ ឥឡូវហ្វូងសត្វក្អែកទាំងឡាយវាមកស្រែកកញ្ជ្រៀវ កងរំពងជាកោលាហល យល់ថានឹងមានហេតុអ្វីមួយពុំខាន បើដូច្នេះអ្នកឯងចេះភាសាសត្វ ចូរស្ដាប់វា និយាយគ្នាវាទៅមើល" ។ ឧកញ៉ាយោមរាជក៏ទទួល ព្រះឱង្ការទូលអនុលោមតាមថា "ខ្លួនបានរៀនចេះដឹងភាសាសត្វពិតប្រាកដមែន" លុះឮព្រះឱង្ការប្រើឱ្យ ស្ដាប់សត្វក្អែកដូច្នោះ ក៏ធ្វើជាបែរផ្ទៀងត្រចៀកស្ដាប់សត្វក្អែកម្ខាង ហើយបែរទៅស្ដាប់សព្ទក្អែកម្ខាងទៀត លុះស្ងប់សព្ទក្អែកបន្តិច ក៏ក្រាបបង្គំទូលថា "សូមទ្រង់ព្រះមេត្តាប្រោស ហ្វូងក្អែកដែលទំលើដើមឈើនេះ ជាហ្វូងក្អែកស្រុកក្រៅ ឯហ្វូងក្អែកដែលទំលើដំបូលមហាប្រាសាទនោះ ជាហ្វូងក្អែកនៅក្នុងនេះ "  ។  ព្រះរាជាឮដូច្នោះ ក៏ត្រាស់សួរទៅវិញថា " ចុះក្អែកស្រុកក្រៅវាមកយំកង តើវាយំដូចម្ដេច ? ក្អែកក្នុងក្រុង តើកញ្ជ្រៀវថាដូចម្ដេច? " អ្នកឧកញ៉ាក្រាបទូលថា "ក្អែកស្រុកក្រៅ មានក្ដីក្ដៅក្រហាយ ដោយអ្នកស្រុកក្រៅពុំបានធ្វើបុណ្យឱ្យទាន ដូចអំពីឆ្នាំមុន ៗ គឺឆ្នាំមុន ៗ ប្រជារាស្ត្រសម្បូរស្រូវអង្ករ គេនាំគ្នាធ្វើបុណ្យនិមន្តលោកសង្ឃឆាន់ តាមភូមិលំនៅ ឯចំណីអាហារដែលសេសសល់នោះ គេបោះឱ្យទានក្អែកឬសត្វឯទៀតៗផង បណ្ដាសត្វទាំងឡាយមានក្អែកជាដើម សឹងបានបរិភោគចំណីដែលសេសសល់នោះទូទៅ សេចក្ដីសុខសប្បាយក៏មានគ្រប់ដំបន់ ឥឡូវឆ្នាំនេះលោកឧកញ៉ាពលទេពជានាយក្សេត្រ ចាត់មេកងអាជ្ញាហ្លួងចេញទៅកត់ស្រូវមិនត្រូវតាមប្រពៃណី គឺយកពន្ធរាស្ត្រលើសប្រមាណ រាស្ត្រគ្នាមានស្រូវតែត្រឹម ៤-៥ ថាំងក៏កត់គ្នាឱ្យជាប់ពន្ធដែរ  ឧកញ៉ាពលទេពឱ្យកត់ដល់ទៅស្រូវពូជ ស្រូវដំណើប ស្រូវចម្ការប្រាំងយកជាពន្ធទាំងអស់  មួយទៀតស្រូវគ្នាមានតែត្រឹម ៥០-៦០ ក៏ទារយកបង្កើតដាក់ថា ៩០-១០០ រាស្ត្រគ្នាតវ៉ាក៏មិនបាន យកបុណ្យស័ក្ដិ សង្កត់បង្ក្រាបគ្នាទៅតាមអំពើចិត្តផ្សេង ៗ ពួកប្រជារាស្ត្រកើតក្ដីក្រលំបាកបានក្ដីក្ដៅក្រហាយតែរាល់ៗគ្នា បានជាឆ្នាំនេះមិនមាននរណាអាចធ្វើបុណ្យឱ្យទានដូចឆ្នាំមុនៗបាន ពួកក្អែកទាំងឡាយពុំបានទទួលទានបាយសម្ល ដែលសេសសល់អំពីការធ្វើបុណ្យទាននោះឯង ទើបវានាំគ្នាចូលមកក្នុងក្រុង នាំសេចក្ដីក្ដៅក្រហាយឡើងក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ផ្ទៃក្រោមទ្រង់ជ្រាប ការឧកញ៉ាពលទេពប្រព្រឹត្តខុសព្រះរាជបញ្ញត្តមានសភាពយ៉ាងនេះ សូមល្អងធូលីព្រះបាទស្ដេចទ្រង់ជ្រាប  "  ។
ព្រះបរមរាជា បានទ្រង់ព្រះសណ្ដាប់ពាក្យឧកញ៉ាយោមរាជដូច្នេះក៏ត្រូវព្រះទ័យ ទើបទ្រង់ខ្ញាល់នឹងឧកញ៉ាពលទេពថា កោងកាចឆបោករាស្ត្រ ធ្វើឱ្យប្រជារាស្ត្រក្ដៅក្រហាយទាំងព្រះរាជអាណាខេត្ត ស្ដេចទ្រង់ឱ្យដកងារឧកញ៉ាពលទេពចេញចាកមុខងារមន្ត្រី ប្រោសប្រទានឧកញ៉ាយោមរាជឡើងទីជាសម្ដេចជហ្វាទឡ្ហ អគ្គមហាសេនា ស្ដីទីរាជការជាអធិបតីក្រសួងនានាតទៅ  ។