រឿង ប្រពៃណី​នៃ​សត្វ​សុនខ

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៨៧ - ៩៣

    លោកអ្នកធ្លាប់ឃើញទេ ? សត្វសុនខវាកាន់ប្រពៃណី ២ ប្រការគឺ ៖
    ១-តែកាលណាវាជួបគ្នានៅទីណាៗ ក៏ដោយ មិនថាញីមិនថាឈ្មោលទេ វាតែងតែហិតគូថគ្នាទៅវិញទៅមក ។ កិច្ចនេះទៀងទាត់ ខានធ្វើមិនបាន ។
    ២- សត្វសុនខឈ្មោល កាលណាវាបន្ទោបង់បស្សាវៈតែងតែលើកជើងម្ខាងជាដរាប  កិច្ចនេះវាលះបង់មិនបានដូចគ្នា ។
     លោកអ្នកយល់ទេ កិច្ចវត្តទាំង ២ ប្រការ ដែលសុនខតែងប្រព្រឹត្តមកមិនដែលខាននោះ តើបណ្ដាលមកអំពីអ្វី ? មានពីត្រឹមណាមក ? កិច្ចវត្តដែលសុនខតែងប្រព្រឹត្ត ២ ប្រការនោះគឺ ៖

    កិច្ចវត្តប្រការទី ១ គឺកាលពីបឋមកប្ប ដែលទើបកើតមានមនុស្ស មានសត្វ មានសាសនា (ពាក្យប្រដៅ) បន្តិចបន្តួចលើផ្ទៃផែនដីនោះ ។ មានរឿងដំណាលថា ក្នុងសម័យព្រេងនាយ មានវត្តអារាម មានអ្នកបួសកាន់សីលធម៌ សុចរិតកាន់ពាក្យសច្ច ប្រជុំគ្នាដោយពួក ៗ នៅក្នុងវត្តនីមួយ ។ មានសុនខជាច្រើនជ្រកកោននៅក្នុងវត្តចាំបរិភោគអាហារសេសសល់អំពីអ្នកបួស តែកាលណាលោកប្រជុំឆាន់ចង្ហាន់នៅលើសាលា ពួកសុនខក៏នាំគ្នាឡើងទៅក្រាបគាល់លោកចាំបរិភោគអាហារសំណល់ តែរៀងរាល់ថ្ងៃខែឆ្នាំពុំដែលដាច់ខាន ។ ឯភូមិផ្ទះអ្នកស្រុកឥតមានសុនខអាស្រ័យនៅដូចសព្វថ្ងៃនេះទេ ។
    ថ្ងៃមួយនោះ បណ្ដាពួកសុនខទាំងនោះ មានសុនខមួយចេញខ្យល់អាចម៍ (ផោម) ធុំក្លិនអាក្រក់ដល់លោកមេវត្ត ដែលកំពុងឆាន់ ។ លោកក៏សួរទៅពួកសុនខដែលនៅជួបជុំគ្នានោះ ឱ្យឆ្លើយតាមពិតត្រង់ តែគ្មានសុនខណាមួយទទួលថាខ្លួនផោមសោះ ។ ឯលោកគ្រូមេវត្តលោកជ្រាបច្បាស់ថា មានសុនខមួយក្នុងចំណោមនោះចេញផោមជាប្រាកដ ទើបលោកពោលថា " អើបើឯងនៅតែលាក់បិទបាំង មិនសំដែងទោសកំហុសរបស់ខ្លួនដូច្នេះ ចូរឯងទាំងឡាយវិនាស ចាកវត្តក្នុងកាលឥឡូវនេះចុះ " ដោយពាក្យសច្ចៈរបស់លោកគ្រូ ពួកសុនខក៏អន្តរធានចាកវត្តក្នុងពេលមួយរំពេច ពុំអាចទប់ទល់បានឡើយ ។
    តាំងអំពីពេលនោះមក សុនខទាំងឡាយក៏ក្លាយទៅជាសត្វអនាថាចេញទៅ លាក់ខ្លួនពួនអាត្មាដោយព្រៃខ្លះ ដោយផ្ទះសម្បែងគេខ្លះ អត់ឃ្លានពន់ពេក កើតក្ដីសង្វេគអាណិតតែរៀងខ្លួន ។  តាំងពីថ្ងៃនោះមកពួកសុនខទាំងនោះ ក៏តាំងចិត្តស្វែងរកភស្តុតាងឱ្យប្រាកដថា សុនខណាវាផោមហើយលាក់បិទបាំងទុកបណ្ដាល ឱ្យពួកសុនខដែលសុចរិតស្លូតត្រង់ទទួលសេចក្ដីលំបាកវេទនា ។ ហេតុនេះបានជាពួកសុនខ ប្រកាន់ខ្ជាប់ក្នុងកិច្ចវត្តនោះរៀងៗមក តែបានជួបគ្នាវេលាណា ក៏តាំងផ្ដើមកិច្ចវត្តមួយមុនកិច្ចឯទៀត ៗ គឺចូលទៅហិតគូថគ្នាទៅវិញទៅមក ហើយបានធុំក្លិនអសោចដូចគ្នា សុនខមួយក៏ញេញធ្មេញបញ្ចេញសំឡេងឡើងថា ង៉ែង ៗ សុនខម្ខាងទៀត ក៏ចោទមកវិញថា ង៉ែងៗ ដូចគ្នាទើបបង្កើតទោសឡើងព្រម ៗ គ្នា ក៏ប្រើកម្លាំងកាយប្រយុទ្ធគ្នាទៅវិញទៅមក ពេញទំហឹងឡើង ។  
    កិច្ចវត្តប្រការទី ២   គឺសុនខឈ្មោលមានប្រកាន់កិច្ចវត្តមួយបែបទៀតគឺ ពេលបន្ទោបង់បស្សាវៈ តែងតែលើកជើងម្ខាងជាដរាប ។ រឿងទី ២ នេះ ក៏កើតឡើងក្នុងសម័យជាមួយគ្នានឹងរឿងទី ១ ដែរ ។
     កិច្ចវត្តដូចមានសេចក្ដីដំណាលត ៗ គ្នាមកថា សម័យនោះ មានបុរសស្ត្រីប្ដីប្រពន្ធមួយគ្រួ មានទីលំនៅមិនឆ្ងាយអំពីទីអារាមណាស់ណាទេ លុះដល់ខ្លួនកាន់តែចាស់ៗទៅមានសេចក្ដីសង្វេគ ទើបនាំគ្នាស្វាមីភរិយាពិចារណាថា "យើងចាស់ៗណាស់ហើយ ចូលក្នុងសេចក្ដីមិនទៀង តែយើងទាំងពីរនាក់ជាអ្នកទុគ៌ត ក្រខ្សត់គ្មានអ្វីនឹងធ្វើបុណ្យឱ្យទានដល់ម្ដងសោះ យល់ជានឹងស្លាប់ទៅទទេ ឥតផលប្រយោជន៍អ្វី ឃើញថានឹងបង់ជាតិកំណើត ដែលបានកើតមកជាមនុស្សនេះមិនខាន" ។ ទើបយាយចាស់ឆ្លើយឡើងថា " ថ្វីត្បិតតែក្រ បើប្រឹងត្រដរទៅក៏គង់ធ្វើបានខ្លះមិនលែង គ្រាន់តែជាទុគ្គតបណ្ដាការទៅចុះ" ។ តាតបថា អើយាយ ! យាយ ឯងថាធ្វើបាន តើបានអ្វីធ្វើ ? ។ យាយថា " បើគាត់តាមខ្ញុំ ទើបធ្វើបាន " ។ ទើបយាយអធិប្បាយថា 'សព្វថ្ងៃនេះ មានស្រែគេនៅជុំវិញភូមិយើង គេទើបនឹងច្រូតដឹកនាំយកទៅ លែងអ្វីនឹងជ្រុះគ្រាប់ស្រូវខ្លះ បើយើងនាំគ្នាទៅរើសមួយថ្ងៃ គង់ដណ្ដាំបាយបានជាចង្ហាន់ម្ដងដែរ " តាថា "យីយាយថានេះហៅពេញជាត្រូវ ណ្ហើយយាយប្រញាប់ទៅក្រែងវាបានក្រែលបន្តិច" ។ ថាហើយយាយនិងតាក៏កាន់ល្អីមួយម្នាក់ ចេញទៅរើសស្រូវនៅក្នុងស្រែដែលគេទើបច្រូតកាត់ហើយ ។ រើសមួយថ្ងៃវាល់ល្ងាចបានស្រូវប្រមាណមួយត្រឡោកម្នាក់ យាយតាក៏នាំគ្នាវិលមកផ្ទះវិញ ។ លុះបរិភោគអាហាររួចហើយក៏បបួលគ្នាបកគ្រាប់ស្រូវ ចំណែកខាងតាគាត់យកកាំបិតស្លាកោសគ្រាប់អង្ករនោះ មានសម្បុរសភ្លឺថ្លាដូចពងសង្អារ ជិតភ្លឺយាយយកអង្ករនោះទៅលាងទឹក ហើយច្រកក្នុងឆ្នាំងដណ្ដាំបាយតាមធម្មតា ។
    និយាយពីលោកគ្រូ លោកមានញាណយល់ការណ៍ជាក់ច្បាស់ដោយអំណាចលោកកាន់ធម៌សច្ចៈ លោកបានជ្រាបហេតុពីយាយនិងតា ប្រាថ្នាធ្វើមហាទានក៏លោកហៅភិក្ខុសាមណេរមកប្រជុំប្រាប់ថា" យប់នេះត្រូវនាំគ្នាបោសសំអាតវត្តដោតទង់ឱ្យចង់ស៊ុមឱ្យរុងរឿង ព្រោះព្រឹកនេះ មានមហាទានចូលមកវត្តរបស់យើងដូច្នេះត្រូវយើងធ្វើឱ្យគួរសមនឹងទទួលមហាទាន " ។
គ្រានោះ ភិក្ខុសាមណេរទាំងឡាយ ក៏ខ្វល់ខ្វាយបោសច្រាសសំអាតវត្ត ចងស៊ុម ដូចជាការធ្វើទទួលមហាកឋិនមួយ ។ លុះព្រឹកឡើងអរុណរៀបរះ ស្រាប់តែឃើញយាយនិងតាបណ្ដើរគ្នាចូលទៅក្នុងវត្ត ។ ឯយាយគាត់កណ្ដៀតល្អីមួយ មានបាយមួយចានដាក់ក្នុងល្អីដើរចូលសំដៅទៅកុដិលោកគ្រូធំៗ វាយរគាំងម៉ឹងៗ  ប្រជុំភិក្ខុមួយរូបសាមណេរធ្វើភត្តានុមោទនា ។ នៅវេលាគ្រានេះ មានភិក្ខុមួយរូបក្ដៅចិត្តណាស់ ស្ទុះចេញទៅឈរចាំមើលផ្លូវ ។ លុះយាយនិងតាបណ្ដើរគ្នាចេញទៅដល់ព្រំវត្ត ភិក្ខុនោះក៏និយាយថា " នែយាយនិងតា ក្រោយៗយកចង្ហាន់របស់យាយនិងតាទៅវត្តឯណាទៀតទៅ កុំនាំចូលមកវត្តនេះទៀត សព្វបើបាយមួយចាន ឱ្យគេលំបាកអស់មួយយប់ " ថាហើយភិក្ខុនោះគេចចេញទៅ ។
រីឯយាយនិងតា លុះបានឮសំដីភិក្ខុនោះ និយាយដូច្នោះហើយក៏មានសេចក្ដីវិតក្កក្នុងចិត្តពន់ពេក នាំគ្នាសង្វេគក្នុងចិត្តថា " ឱកម្មអើយ ! កម្ម ! ហេតុតែយើងក្រីក្រធ្វើទានមិនដិតដល់បានជានាំឱ្យលោកមិនសប្បាយចិត្ត ' ។ តាថា " ចុះយាយគិតយ៉ាងណាដូចម្ដេចទៀត  ?  " យាយថា "តាកុំព្រួយមិនអ្វីទេ សព្វថ្ងៃខ្ញុំឃើញសុនខខ្ចាត់ភ្លាត់ មកនៅក្បែរផ្ទះយើងច្រើនណាស់ (ជាន់នោះប្រហែលជាគេសម្គាល់ថា សម្លាប់សត្វទៅធ្វើបុណ្យ មិនបាប ត្រឡប់ជាបានបុណ្យច្រើនទៅវិញទេដឹង ?" ។ តាថា " ឱមែនហើយយាយ ! មកយាយយកចន្ទាស់ទ្វារមួយមក" ។ ថាហើយ តាដកដាវចេញពីស្រោមបណ្ដើរយាយចេញផុតពីផ្ទះទៅ ក៏ស្រាប់តែប្រទះ សុនខ ៤-៥ នៅហែ ៗ ក្បែរព្រៃ ។ តាថា "យាយស្ទាក់ពីមុខ"  យាយស្ទុះដេញវាយត្រូវសុនខមួយដំបងតាស្ទុះទៅត្រកងនិងដាវដាច់កសុនខមួយទៅ ។ ស្ទាក់ចុះ ស្ទាក់ចុះស្ទាក់ឡើងសម្លាប់សុនខបាន ៤-៥ ។ យាយថា "ល្មមហើយតា ! ល្មមធ្វើចង្ហាន់លោកបានមួយវត្តហើយ " ហើយយកខ្សែចងសែងជញ្ជូនយកទៅផ្ទះ យាយគាត់ចាត់ការបានច្រើនមុខ គាត់ធ្វើជាសាច់ច្រនួចដោតជាចង្កាក់ៗ ឱ្យតាអាំង គាត់ហាន់ជាដុំ ៗ ដាក់ថ្លាងមួយ ហើយគាត់ហាន់តូចៗ ធ្វើជាសម្លម្ជូរគ្រឿង ។ ក្នុងរាត្រីនោះ លោកគ្រូឈ្វេងយល់ទៀត ក៏ប្រជុំភិក្ខុសាមណេរមកប្រាប់ថា "ព្រឹកស្អែកមានទានមកដល់វត្តយើងទៀតហើយ  ប៉ុន្តែទាននោះថាធំក៏បាន ថាតូចក៏បាន មិនចាំបាច់រៀបវត្តទទួលទេ " ។ លុះព្រឹកឡើងភ្លឺច្បាស់ឃើញយាយទូលថ្លាងមួយ តារែកអម្រែកមួយចូលទៅក្នុងវត្ត ។ លោកគ្រូក៏វាយរគាំងម៉ឹងៗ បីបទប្រជុំភិក្ខុសាមណេរធ្វើភត្តានុមោទនា រួចហើយលោកគ្រូហាមថា "ភិក្ខុក្ដី សាមណេរក្ដី បើបានទទួលចង្ហាន់មានដុំសាច់ កុំអាលឆាន់ត្រូវនាំយកសម្ល ដែលមានដុំសាច់ នោះមកប្រគល់ឱ្យអាត្មាកុំខាន " លុះធ្វើភត្តានុមោទនារួចហើយយាយនិងតា ក៏ដួសសម្លចែកលោកគ្រប់កុដិ  ។ ឯភិក្ខុសាមណេរកាលបានទទួលម្ហូបស្រេចហើយ ពិចារណាមើលពុំឃើញមានត្រី មានសុទ្ធតែសាច់ក៏នាំគ្នាយកម្ហូបនោះទៅប្រគេនលោកគ្រូធំ នៅសល់តែភិក្ខុមួយរូប ពុំបានយកសម្លទៅប្រគេនលោកគ្រូធំ សម្ងំទុកឆាន់តែម្នាក់ឯង ។ ឯលោកគ្រូធំស្មានថាអស់ លោកយកមកជុំគ្នាហើយ ក៏សូត្រគាថាផ្សំធាតុកើតឡើងជាសត្វសុនខ ។ ឯសុនខ ដែលកើតដោយអំណាចគាថានោះ កើតឡើងជារូបសុនខសុទ្ធសាធ តែមានជើងតែបី ។ ទើបលោកគ្រូធំចាត់លោកសូត្រឱ្យដើរមើលគ្រប់កុដិ ទៅឃើញក្នុងកុដិភិក្ខុមួយរូបនោះមាន សាច់ច្រនួចមានខ មានសម្លម្ជូរគ្រឿងសុទ្ធតែសាច់ ក៏បង្គាប់ឱ្យភិក្ខុនោះនាំយកទៅប្រគេនលោកគ្រូធំ ។ លុះលោកគ្រូធំបានទទួលម្ហូបថ្មីទៀតក៏លោកសែកគាថាផ្លុំម្ដងទៀត ទើបកើតជាសុនខមានគ្រប់ជើង ៤ ដូចដើមឡើងវិញ ។
តាំងពីនោះសត្វសុនខកើតមានសេចក្ដីកតញ្ញូដល់លោកគ្រូជាប់ជានិច្ចក្នុងចិត្ត តែកាលណាបន្ទោបង់បស្សាវៈក៏នឹករឭកដល់គុណរបស់លោកគ្រូថា កុំតែបានលោកគ្រូកុំអើយយើងខ្វះជើងមួយ គិតហើយក៏លើកជើងក្រោយម្ខាងឡើងគំនាប់រំឭកគុណ នៅពេលបន្ទោបង់បស្សាវៈគឺលើកជើងដែលលោកគ្រូបង្កើតឱ្យលើកក្រោយបង្អស់នោះឯង  ។

Flag Counter