រឿង វត្ត​វិហារសួរ (នៅ​ខេត្ត​កណ្ដាល)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៣៧ - ៤៣

    វត្តវិហារសួរ ជាបូជនីយដ្ឋានដ៏ស័ក្ដិសិទ្ធ ១ ឮកិត្តិនាមពេញប្រទេសកម្ពុជា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះ អ្នកផងសឹងបានជ្រាបជាច្រើន ។ រៀងរាល់ឆ្នាំ ក្នុង ១ ឆ្នាំៗ តែងមានមហាជនរាប់ពាន់នាក់ទៅបូជាបែរបន់តាមប្រាថ្នាផ្សេងៗ ទាំងព្រះរាជាព្រះរាជវង្សា-នុវង្ស នាហ្មឺនសព្វមុខមន្ត្រី ក៏តែងស្ដេចយាង តែងអញ្ជើញទៅបូជាបួងសួងនៅទីនោះដែរ ។
    វត្តវិហារសួរ មានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុងទ្រង់សាង ទុកជាអនុស្សាវរីយ៍ ត្រង់ទីដែលតាគហ៊េតើនព្រះអង្គឡើងសួរ សឹងមានតែងទុកជាប្រវត្តិនៃវិហារដូចតទៅ

    តាមរបាក្សត្រដែលមានចារឹកទុកមក ក្នុងព្រះរាជពង្សាវតារប្រទេសកម្ពុជា ថា "វត្តវិហារសួរ" កើតឡើងក្នុងរជ្ជកាលទី១៩ គឺរជ្ជកាល ព្រះបាទបក្សីចាំក្រុង ជាព្រះរាជាប្រទេសកម្ពុជាគង់នៅនគរវត្ត ក្នុងពុទ្ធសករាជរវាង ១៥៧២ គ្រិស្តសករាជរវាង ១០២៨ ឬ ២៩ ព្រះអង្គបានផ្ដើមកសាងទុកជាអនុស្សាវរីយ៍ រំលឹកពេលដែលព្រះអង្គរត់ទ័ពជាមួយតាគហ៊េ ។
    រឿងរ៉ាវដើមហេតុនាំឲ្យមានការរត់ទ័ពនេះ មានដំណាលថា
    កាលដែលព្រះបាទចក្រពត្រ ព្រះរាជាប្រទេសកម្ពុជារជ្ជកាលទី ១៦ ទ្រង់ព្រះទិវង្គតទៅ បុរសម្នាក់ឈ្មោះដំបងគ្រញូងមានរឹទ្ធិខ្លាំងពូកែបានសោយរាជ្យជារជ្ជកាលទី ១៧ ឡើង បង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន ។
    កាលនោះ មានព្រះម្នាងម្នាក់ទ្រង់ព្រះគភ៌ពុំទាន់គ្រប់ខែ ភៀសខ្លួនជារាស្ត្រសាមញ្ញចេញទៅនៅស្រុកក្រៅ សំណាក់ជាមួយតាគហ៊េ និងយាយលាក់ ជាស្វាមីភរិយា ។ លុះព្រះគភ៌គ្រប់ ខែ ១០ ក៏សម្ភពព្រះរាជបុត្រា ១ ព្រះអង្គ ប្រកបដោយលក្ខណៈល្អ មានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្តនិងបាតព្រះបាទ ។ តាគហ៊េ និងយាយលាក់ស្រឡាញ់ណាស់ ថ្នាក់ថ្នមដូចកូនបង្កើត ។ ថ្ងៃមួយ តាយាយនឹងព្រះម្នាងទៅច្រូតស្រូវ បានផ្ដេកព្រះរាជកុមារក្រោមម្លប់ឈើ ១ដើម ។ លុះកម្ដៅថ្ងៃចាំងមកត្រូវព្រះរាជកុមារ មានសត្វបក្សី ១ មកកាងស្លាបក្រុងបាំងពីលើមិនឲ្យត្រូវថ្ងៃ ។ តាគហ៊េស្មានថាសត្វចឹកចៅ រត់ទៅមើល បក្សីនោះហើរបាត់ទៅ ។ តាគហ៊េនឹកសរសើរថា កូននោះមានបុណ្យអស្ចារ្យណាស់ ក៏ថ្វាយព្រះនាមថា  " បក្សីចាំក្រុង " ។
    តមក កាលព្រះបាទព្រហ្មកិល (ពញាក្រែក) រជ្ជកាលទី ១៨ ទ្រង់សោយរាជ្យឡើង ទ្រង់បានជ្រាបទំនាយតាមពួកហោរាទាយថ្វាយថា " មានអ្នកមានបុណ្យកើតក្នុងត្រកូលក្សត្រ បានព្រះជន្ម ៧ ឆ្នាំ ហើយភៀសខ្លួនជារាស្ត្រនៅក្នុងព្រះរាជាណាចក្រនេះ អ្នកមានបុណ្យនោះមានកងចក្រនៅបាតដៃបាតជើង " ទ្រង់ក៏យកក្មេងៗ អាយុ ៧ ឆ្នាំ ដែលមានក្នុងព្រះនគរទាំងប៉ុន្មាន មកផ្ដិតដៃលើម្សៅចង្អេរ ដើម្បីទ្រង់ពិនិត្យរកកង់ចក្រ ។ តាគហ៊េភ័យក៏ពបក្សីចាំក្រុងរត់ចេញ ។ ព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់ ។
    ហេតុតែបុណ្យបារមីបក្សីចាំក្រុង កងទ័ពដេញតាមពុំទាន់ រកពុំឃើញ ។ តាគហ៊េបញ្ជិះបក្សីចាំក្រុងលើស្មា ដើរកាត់ព្រៃទៅផ្ទះគាត់ ដល់ហើយគាត់ទូលបក្សីចាំក្រុងថា " បាគង់នៅទីនេះចុះ ចាំតាទៅកៀងគោបញ្ចូលក្រោលសិន " ហើយគាត់ចោលដំបងដេញគោ ដំបងបាត់ក្នុងទឹកអូរ រកពុំឃើញបានជានោះមានឈ្មោះថា " អូរដំបង " នៅក្នុងខេត្តបាត់ដំបង សព្វថ្ងៃនេះ ។
    បន្ទាប់ពីនេះ តាគហ៊េពបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួល១ មានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់សម្រាកដេកនៅទីនោះ បានជាទីនោះហៅថា " ភូមិរលួស " នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបសព្វថ្ងៃនេះ ។
    លុះព្រឹកឡើងរត់ដោះពីទីនោះ ចូលទៅក្នុងព្រៃប្រទះនឹងព្រែក ១ មានទឹកខណ្ឌផ្លូវ តាគហ៊េបានឃើញម្នាក់ឈ្មោះ ជីក្រែង ជិះទូកស្ទូចត្រីក៏ឲ្យចម្លង បានជាជាប់ឈ្មោះទីនោះថា "ភូមិជីក្រែង" ស្រុកជីក្រែង " នៅក្នុងខេត្តសៀមរាបសព្វថ្ងៃនេះ ។
    ក្រោយពីនោះមក រត់មកដល់ភ្នំមួយ ជួបនឹងតាម្នាក់ឈ្មោះ ម៉ឹង តាម៉ឹងសួរតាគហ៊េថា "តានាំចៅទៅណា?“ ។ តាគហ៊េប្រាប់ថា "ខ្ញុំមានអាសន្ន មានទុក្ខធំណាស់ អត់ទាំងស្បៀងអាហារផង" ។ តាម៉ឹងឲ្យតាគហ៊េពួននៅចាំភ្នំនោះ ខ្លួនគាត់ទៅយកអាហារមកឲ្យបរិភោគ ហើយឲ្យជាស្បៀងតាមផ្លូវផង បានជាភ្នំនោះឈ្មោះថា "ភ្នំអាសន្នទុក្ខ" ដែលក្លាយមកជា ភ្នំសន្ទុក ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ សព្វថ្ងៃនេះ ។
    តពីនោះ តាគហ៊េនិងបក្សីចាំក្រុង ដោយសារទូកគេឆ្លងកាត់ទីទំនាបទឹកមកដល់ខេត្តជើងព្រៃ កងទ័ពលើកមកតាមជិតទាន់ តាគហ៊េក៏នាំបក្សីចាំក្រុងវេះពួនក្នុងព្រៃ ១ វេលាយប់ ព្រៃនោះមានមូសច្រើន បក្សីចាំក្រុងបួងសួងថា "បើខ្ញុំមានបុណ្យសូមកុំឲ្យមានមូសក្នុងទីនេះ" ។ ដោយអានុភាពព្រះរាជកុមារ មូសក៏បាត់អស់ទៅ ទើបទីនោះមានឈ្មោះថា " ទួលគហ៊េ " នៅក្នុងតំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាលសព្វថ្ងៃនេះ ។
    លុះព្រឹកឡើង តាគហ៊េក៏នាំបក្សីចាំក្រុងរត់ទៅទៀត ដល់មាត់ទន្លេប្រុងនឹងឆ្លងទៅត្រើយខាងត្បូង តែរកទូកឆ្លងគ្មាន បក្សីចាំក្រុងផ្សងបារមីថា "បើខ្ញុំត្រូវបានសោយរាជ្យហើយបានទំនុកបម្រុងពុទ្ធសាសនាមែន សូមឲ្យដើមរកានៅត្រើយខាងជើងកោងទៅ ដើមល្វានៅត្រើយខាងត្បូងទេរមក " ។ ដើមឈើទាំងពីរនោះក៏កោងទៅ ទេរមកដូចប្រណិធាន ។
    តាគហ៊េ ក៏បក្សីចាំក្រុងឆ្លងតាមឈើទាំងពីនោះទៅ ដើមឈើទាំងពីរក៏ងើបឡើងដូចដើមវិញ ទើបទីត្រើយខាងជើងឈ្មោះថា “រកាកោង“ នៅស្រុកមុខកំពូល ខេត្តកណ្ដាល ទីត្រើយខាងត្បូងឈ្មោះថា " ល្វាទេរ " នៅស្រុកស្រីសន្ធរ នៅខេត្តកំពង់ចាម សព្វថ្ងៃនេះ ។
    លុះតាគហ៊េនាំរត់ទៅត្រើយខាងត្បូងដល់ទួល ១ ប្របឆ្នេរបឹងបានកាប់មែកជ្រៃដោតធ្វើសម្រប់ស្រប់សម្រាកកម្លាំងនៅទីនោះ បក្សីចាំក្រុងក៏និទ្រាលក់ក្រោមម្លប់សម្រប់នោះ ។ កំពុងតែលក់ស្រួលស្រាប់តែហ្វូងសត្វតាដក់រនាលទុងជាច្រើន ដែលចុះរកស៊ីក្នុងបឹងនោះ វាផ្អើលអ៊ូឡើងឮសន្ធឹកជាខ្លាំង តាគហ៊េឮសព្ទស្មានថាជាកងទ័ព ក៏ស្ទុះតើនព្រះកុមារសួរថា  " នែចៅ! ឮសូរអ្វីខ្លាំងម្ល៉េះ?” ។ ព្រះរាជកុមារតើនឡើងភ័យណាស់ស្មានកងទ័ព ក៏ស្ទុះឡើងមែកជ្រៃដែលដោតធ្វើសម្រប់នោះ ឈរមើលគ្រប់ទិសមិនឃើញកងទ័ព ឃើញតែសត្វហើរដេរដាស ក៏បាត់ភ័យទៅវិញ ។ មែកជ្រៃនោះរស់នៅរៀងរាបដរាបមក នៅខាងត្បូងវត្តវិហារសួរសព្វថ្ងៃនេះ ។ លំដាប់ពីនោះ តាគហ៊េនាំបក្សីចាំក្រុងរត់ឆ្លងទន្លេដោយទូកទៅត្រើយខាងលិចទៅពួននៅគុហាភ្នំប្រសិទ្ធិ ខេត្តសំរោងទងចាស់ ដែលជាស្រុកពញាឮ ខេត្តកណ្ដាល សព្វថ្ងៃនេះ ។ កងទ័ពតាមទៅបៀតបៀនពុំបានឡើយ ។
    លុះព្រះបាទព្រហ្មកិល (ពញាក្រែក) សោយរាជបាន ២០ ឆ្នាំ ទ្រង់ព្រះទិវង្គតទៅ នាហ្មឺនសព្វមុខមន្ត្រីដឹងថា បក្សីចាំក្រុងរាជកុមារមានបុណ្យអស្ចារ្យ គង់ភ្នំប្រសិទ្ធិ ក៏អញ្ជើញទ្រង់មកសោយរាជសម្បត្តិតទៅ ។
    កាលបក្សីចាំក្រុងរាជកុមារបានសោយរាជ្យឡើង ទ្រង់តាំងតាគហ៊េនឹងយាយលាក់ជាព្រះអយ្យកោព្រះអយ្យិកាធម៌ ។ ទ្រង់ឲ្យសាងប្រាសាទ១ ទ្រង់ទីដែលឃើញទង់ជ័យវែងលលៃនៃកងទ័ព ដែលលើកដេញតាមជាដំបូង ហៅថា " ប្រាសាទលលៃ " ។ ទ្រង់ឲ្យសាងប្រាសាទ ១ ត្រង់តាគហ៊េថា "បាគង់សិន" ហៅថា "ប្រាសាទបាគង់" ដែលក្លាយមកជា "ប្រាសាទបាគង" នៅខេត្តសៀមរាប សព្វថ្ងៃនេះ ។ ទ្រង់ឲ្យសាងប្រាសាទ ១ ទៀតនៅក្រោលគោរបស់តាគហ៊េហៅថា "ប្រាសាទបាគោ" នៅខេត្តសៀមរាប សព្វថ្ងៃនេះ ។ ទ្រង់ឲ្យសាងព្រះវិហារ ១ នឹងព្រះពុទ្ធបាទ ១ នៅភ្នំអាសន្នទុក្ខលើកតាម៉ឹងជាចៅហ្វាយស្រុករក្សាទីនោះ ។ ទ្រង់ឲ្យសាងវិហារ១ តម្កល់ព្រះពុទ្ធបដិមាករ ១ ព្រះអង្គ ត្រង់ទីដែលដោតមែកជ្រៃធ្វើសម្រប់ គឺទីដែលតាគហ៊េតើនទ្រង់សួរពីសូរសព្ទហ្វូងសត្វស្មានថាកងទ័ពនោះ ហៅថា " វត្តវិហារសួរ " ទើបជាប់មាននាមថា " វត្តវិហារសួរ " ជាបូជនីយដ្ឋានដ៏ស័ក្ដិសិទ្ធដរាបមកដល់សព្វថ្ងៃនេះ ។
    ឯតាគហ៊េ និងយាយលាក់នោះ លុះចាស់ជរាទទួលមរណភាពតាមលំដាប់គ្នាទៅ ព្រះរាជាទ្រង់ឲ្យធ្វើបុណ្យរំលាយសព្វ ហើយទ្រង់ឲ្យយកធាតុតាគហ៊េទៅបញ្ចុះនៅទីដែលផ្សងមិនឲ្យមានមូស ទើបទីនោះមានឈ្មោះថា " ទួលគហ៊េ " នៅតំបន់រកាកោង ស្រុកមុខកំពូលខេត្តកណ្ដាល សព្វថ្ងៃនេះ ។ ឯធាតុយាយលាក់ ទ្រង់ឲ្យយកទៅបញ្ចុះនៅប្រាសាទបាគោ ក្នុងខេត្តសៀមរាប ព្រោះភូមិនោះជាទីភូមិរបស់គាត់នៅ ។


 

១- ត្រូវសរសេរ ថា សួរ កុំសរសេរថា សួគ៌ ឬ សូ ឡើយ ។

Flag Counter