រឿង វិហារ​អដ្ឋរស្ស

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៦៩ - ៧៥

    នៅប្រទេសកម្ពុជាទាំងមូល ពុទ្ធសាសនិកជនជាតិខ្មែរតែងធ្វើវត្ត ធ្វើវិហារ បែរមុខឆ្ពោះទៅទិសខាងកើត តាមទម្លាប់ដែលគេនិយមប្រកាន់ទុកតាំងពីបុរាណកាល ប៉ុន្តែយើងឃើញមានវិហារមួយបែរមុខឆ្ពោះទៅទិសខាងជើងដែរ គឺវិហារអដ្ឋរស្ស នៅលើកំពូលភ្នំព្រះរាជទ្រព្យ នៅស្រុកពញាឮ ខេត្តកណ្ដាល ។ ការប្លែកនោះហើយ ដែលគួរឲ្យចង់ដឹងណាស់ ។
    រឿងវិហារនោះ មានសេចក្ដីដំណាលដូចតទៅនេះ ៖
    កាលនៅគ្រិស្តសតវត្សទី ១៣ គឺចុងសម័យអង្គរ ព្រះរាជាប្រទេសចិនបានចាត់បេសកជនជាច្រើនក្រុមឲ្យដើរមកមើល ដើរស៊ើបសួរ ក្នុងប្រទេសនានា ដើម្បីដឹងថា តើប្រទេសណាមានអារ្យធម៌ដូចម្ដេចខ្លះ ? បើប្រទេសណាមានអារ្យធម៌រុងរឿងត្រូវកត់ត្រា យកទៅផ្សាយក្នុងប្រទេសចិន ហើយប្រទេសចិននឹងយកប្រទេសនោះជាមិត្ត បើប្រទេសណាមានអារ្យធម៌ឱនអាប់ ប្រទេសចិននឹងជួយទំនុកបម្រុង ឬមួយនឹងយកធ្វើជាប្រទេសចំណុះ ។

    កាលនោះ ក្រុមបេសកជនចិនចូលមកមើលមកស៊ើបសួរក្នុងប្រទេសខ្មែរសព្វគ្រប់ហើយ ក៏ត្រឡប់ទៅទូលព្រះរាជាវិញថា "ប្រទេសខ្មែរថ្កុំថ្កើងរុងរឿង តែឱនអាប់ជាងកាលមុនបន្តិចហើយ អ្នកស្រុកនៅដើរជើងទទេ បរិភោគអាហារផ្ទាល់នឹងដៃ ក្បាលទទេពុំសូវមានប្រើប្រាស់អ្វីឲ្យបានងាយស្រួលទេ ប៉ុន្តែមិនយូរប៉ុន្មាន ប្រទេសមុខជាជួបប្រទះនូវសេចក្ដីថ្កុំថ្កើងរុងរឿងអស្ចារ្យឡើងវិញលើសដើម" ។ ដោយបេសកជនទាំងនោះបានមកឃើញទីមួយ ដែលតាមក្បួនចិនសែថា "ទីនោះនឹងឲ្យផលល្អផ្សេងៗ ដល់ប្រទេស" ។ ឯទីនោះគឺភ្នំព្រះរាជទ្រព្យនៅក្នុងស្រុកពញាឮខេត្តកណ្ដាលសព្វថ្ងៃ ។ ពួកបេសកជនចិនបានមើលឃើញភ្នំនោះ មានរាងដូចសត្វមករ គឺខ្លួនមករនៅត្រង់ព្រះចេតិយត្រៃត្រិង្ស ក្បាលនឹងពុកមាត់មករនៅត្រង់ព្រះចេតិយទន្ទឹម កន្ទុយមករនៅត្រង់ព្រះពុទ្ធរូបចូលនិព្វាន មិនតែប៉ុណ្ណោះនៅលើកំពូលភ្នំនោះ ថែមទាំងមានរូបមួយជ្រៅស្រឡូងទៅក្រោមផង ។ ពួកចិនយល់ឃើញថា "មិនយូរប៉ុន្មានទេ សត្វមករនឹងរុលចេញតាមរូងនេះ" ហើយក្បួនចិនសែ "បើប្រទេសឯណាឬទីណាមានសត្វមករផុសឡើង ប្រទេសនោះនឹងមានរឹទ្ធិអំណាចថ្កុំថ្កើងរុងរឿង ពុំមានប្រទេសឯណាអាចស៊ូបានទេ " ។ ដូច្នេះ ដើម្បីសេចក្ដីសុខដល់ប្រទេសចិនទៅអនាគត មន្ត្រីចិនទាំងឡាយទូលសុំស្ដេចក្រុងចិនថា " ត្រូវលើកទ័ពទៅវាយយកប្រទេសខ្មែរធ្វើជាស្រុកចំណុះឲ្យហើយ" ។ ស្ដេចក្រុងចិនទ្រង់ព្រះតម្រិះថា "ធ្វើយ៉ាងដូចជារំលោភទៅលើប្រទេសនេះជ្រុលពេក ម្យ៉ាងទៀត ប្រទេសខ្មែរនៅខ្លាំងពូកែ ថ្កុំថ្កើងនៅឡើយ ពុំអាចនឹងវាយបានដោយងាយទេ ទោះបីប្រទេសខ្មែរច្បាំងចាញ់ប្រទេសចិន ៗ ក៏មុខជាលំបាកដោយអស់ពេលយោធាច្រើន នឹងមានទុក្ខវេទនាដល់បណ្ដាជនមិនខានឡើយ " ។
    ហេតុនេះ ដើម្បីនឹងទប់ទល់កុំមករនេះនឹងងើបរួច នៅទីនោះបានពួកចិនចង់សន្ធប់រូងភ្នំនោះឲ្យជិតដោយប្រការណាមួយ ហើយគិតថា "បើយកដុំថ្មមកសន្ធប់រូងនោះទៅ ខ្លាចក្រែងថ្ងៃក្រោយ ខ្មែរយល់គំនិតនឹងគាស់ចេញវិញបាន ដូច្នេះ គួរធ្វើអ្វីដែលជាទីគោរពរបស់ខ្មែរ " ទើបចិនយល់ឃើញថា "ប្រទេសខ្មែរកាន់ព្រះពុទ្ធសាសនាមាំណាស់ នៅទីណាមានព្រះពុទ្ធរូប មានវិហារ ខ្មែរពុំហ៊ានរំលាងរំលើងទីនោះទេ " ។ ដោយហេតុនេះ បានជាស្ដេចក្រុងចិនឲ្យមន្ត្រីមកសុំធ្វើវិហារនៅលើកំពូលភ្នំព្រះរាជទ្រព្យ ។ កាលបានអនុញ្ញាតហើយ, លើកដំបូង ពួកចិនចាប់កសាងព្រះពុទ្ធរូបមុនគេ តាមរចនាខ្មែរ រួចហើយទើបធ្វើវិហារគ្របព្រះពុទ្ធរូបនោះតាមទំនៀមទម្លាប់ខ្មែរ ព្រមទាំងតាមក្បួនហោរាសាស្ត្រចិនផង ព្រោះហេតុនេះ បានវិហារនេះបែរមុខឆ្ពោះទៅទិសខាងជើង គឺឆ្ពោះទៅរកប្រទេសចិន ។ ឯឈ្មោះវិហារនោះ ពុំដឹងជាពួកចិនគេហៅថាម្ដេចទេ តែជនជាតិខ្មែរ ដោយឃើញក្នុងវិហារនោះ មានព្រះពុទ្ធរូបមារវិជ័យ ១ ព្រះអង្គអស្ចារ្យ កម្ពស់ ១៨ ហត្ថ ក៏ហៅថា " វិហារអដ្ឋរស្ស " ប្រែថា " វិហារព្រះ ១៨ ហត្ថ " ។
    តមកស្ដេចក្រុងចិនឲ្យមន្ត្រីចិននាំប្រស្នា ៣ ខ មកថ្វាយព្រះរាជាខ្មែរដោះស្រាយ បើព្រះរាជាខ្មែរដោះស្រាយប្រស្នាទាំង ៣ខ នេះពុំបាន នោះប្រទេសខ្មែរត្រូវជាចំណុះប្រទេសចិន ត្រូវយកសួយសារអាករទៅថ្វាយស្ដេចក្រុងចិនរាល់ឆ្នាំ ។ ឯប្រស្នាស្ដេចក្រុងចិន ទាំង ៣ ខ នោះ មានសេចក្ដីដូចតទៅនេះ ៖
    មុនដំបូង មន្ត្រីចិនម្នាក់ដែលជាអ្នកនាំប្រស្នាពីស្ដេចក្រុងចិនមកថ្វាយព្រះរាជាខ្មែរដោះស្រាយនោះ ក្រោកឈរឡើងចំពោះព្រះភក្ត្រព្រះរាជា នឹងចំពោះមុខមន្ត្រីខ្មែរទាំងឡាយហើយធ្វើអាការដូចតទៅ :
    ប្រស្នាទី ១ មន្ត្រីចិនចំកោងខ្នង លាដៃទាំងពីររបៀបដូចជាឱបរបស់អ្វីយ៉ាងធំ;
    ប្រស្នាទី ២ មន្ត្រីចិនក្ដោបដៃលើកឡើងកម្ពស់មុខ ;
    ប្រស្នាទី ៣ មន្ត្រីចិនបោះដៃទៅមុខ លាម្រាមដៃទាំង ៥ ក្រញាងឡើង ។
    ហើយថ្វាយកាលបរិច្ឆេទចំពោះព្រះរាជាខ្មែរថា "៧ ថ្ងៃនឹងត្រឡប់មកគាល់សូមព្រះរាជទានសេចក្ដីដោះស្រាយ" ។ ព្រះរាជាប្រទេសខ្មែរ ព្រួយព្រះហឫទ័យ ក៏ទ្រង់ត្រាស់បង្គាប់ឲ្យអស់នាហ្មឺនមុខមន្ត្រីខំត្រិះរិះរកប្រស្នាទាំងនេះ ។ ក្នុងចំណោមមន្ត្រីទ្រង់ទាំងប៉ុន្មានពុំមាននរណាម្នាក់អាចដោះស្រាយប្រស្នានោះបានឡើយ ទើបព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យប៉ាវគងរកអ្នកមានប្រាជ្ញាដោះស្រាយ ។
    នៅសម័យនោះ មានគង្វាលគោម្នាក់បានឃើញគេប្រឹក្សាគ្នាជុំៗ ក៏ចូលទៅឈរស្ដាប់ហើយឆ្លើយថា ប្រស្នាទាំង ៣ ខ នេះ ងាយដោះស្រាយសោះ គឺ ៖
    ប្រស្នាទី ១ ដែលធ្វើដៃទាំងពីរវង់ចូលនោះ ប្រែថា អង្រុតត្រី ;
    ប្រស្នាទី ២ ដែលក្ដោបដៃម្ខាងលើកទៅលើនោះ ប្រែថា ស្នតែមួយ;
    ប្រស្នាទី ៣ ដែលលាម្រាមដៃបោះត្រង់ទៅមុខនោះ ប្រែថា រកបានត្រី ៥ ។
    អ្នកដែលបានស្ដាប់ឮទាំងប៉ុន្មាន នាំគ្នាពិចារណាហើយសួរបុរសនោះថា " និយាយលេងឬដូចម្ដេច ? " ។ បុរសនោះឆ្លើយប្រាប់គេវិញថា " ប្រស្នាទាំង ៣ ខ នេះ ប្រាកដជាប្រែដូច្នេះ " ។ អ្នកនោះនាំពាក្យទៅប្រាប់មន្ត្រីដែលប៉ាវគង មន្ត្រី ក៏នាំបុរសគង្វាលគោនោះទៅថ្វាយព្រះមហាក្សត្រ ។ កាលព្រះរាជាទ្រង់មានព្រះរាជឱង្កាសួរបុរសនោះ អំពីសេចក្ដីដោះស្រាយប្រស្នាទាំង ៣ ខ បុរសនោះ ក៏ក្រាបបង្គំទូលដោយស្ងាត់ថា :
    ប្រស្នាទី ១ ប្រែថា មានផែនដីមួយ គឺប្រទេសខ្មែរយើង,
    ប្រស្នាទី ២ ប្រែថា មានស្ដេចមួយអង្គសោយរាជសម្បត្តិនៅលើផែនដីនេះ;
    ប្រស្នាទី ៣ ប្រែថា មានសេនាបតី ៥ នាក់ធ្វើការមើលសុខទុក្ខរាស្ត្រ រងពីព្រះរាជាមក ។
    ដល់ថ្ងៃដែលបានកំណត់ មន្ត្រីចិនចូលគាល់ព្រះរាជាខ្មែរទូលសុំសេចក្ដីដោះស្រាយ ។ ព្រះរាជាខ្មែរមានព្រះរាជឱង្កាមកដោះស្រាយប្រស្នា ។ នៅវេលានោះ គង្វាលគោក្រាបបង្គំព្រះរាជារួចហើយ ក៏ដោះស្រាយប្រស្នាទាំង ៣ ខ នោះ ចំពោះមុខមន្ត្រីខ្មែរចិនថា :
    ប្រស្នាទី ១ គឺចក្កវាឡ ១ បានដល់ចក្កវាឡដែលយើងនៅសព្វថ្ងៃ ;
    ប្រស្នាទី ២ គឺចក្កវាឡនេះមានភ្នំព្រះសុមេរុ១ ធំក្រៃលែង;
    ប្រស្នាទី ៣ គឺក្នុងចក្កវាឡនេះ មានព្រះពុទ្ធត្រាស់ ៥ អង្គ ។
    មន្ត្រីចិនព្រមទទួលថា " សេចក្ដីដោះស្រាយប្រស្នាទាំង ៣ ខ នេះ ត្រូវហើយ " រួចទើបក្រាបបង្គំលាព្រះរាជាខ្មែរទៅទូលស្ដេចខ្លួនវិញ ។ ព្រះរាជាក្រុងចិនក៏សូមចងមិត្តមេត្រីនឹងប្រទេសកម្ពុជា តាំងពីសម័យដរាបមក ពុំមានរករឿងហេតុអ្វីម្ដងណាសោះឡើយ ។
    ឯបុរសគង្វាលគោ ព្រះរាជាប្រទេសខ្មែរទ្រង់ព្រះប្រោសព្រះរាជទានសម្បត្តិទ្រព្យជាច្រើនហើយតាំងគោរមងារជា " ធនញ្ជ័យបណ្ឌិត " ។
    តមក ជាយូរអង្វែង វិហារអដ្ឋរស្សក៏បាក់បែកខ្ទេចខ្ទីអស់ទៅ សល់តែសីមា និងពុទ្ធរូប ។
    លុះមកដល់សម័យលង្វែក ទើបព្រះចន្ទរាជា ព្រះមហាក្សត្រទ្រង់ធម៌ ទ្រង់ត្រាស់បង្គាប់ឲ្យវិហារនោះជាថ្មី ។ ចំណែកព្រះពុទ្ធរូបនៅដូចដើម ពុំមានកែប្រែឡើយ គ្រាន់តែជួសជុលបន្តិចបន្តួចប៉ុណ្ណោះ ។
    ប៉ុន្តែដោយវិហារនោះទ្រុឌទ្រោមទៅទៀត ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម ព្រះអង្គចំណាយព្រះរាជទ្រព្យនិងប្រាក់ឃោសនាពីអ្នកនគរស្ថាបនាជាថ្មីម្ដងទៀត ដោយមានសម្ដេចព្រះមហាសង្ឃរាជ ទៀង កាន់កាប់ការផ្ទាល់ព្រះអង្គ ។ វិហារថ្មីនេះបានហើយស្រេចសព្វគ្រប់ បានធ្វើបុណ្យបញ្ចុះសីមា នៅ គ. ស. ១៩១១ ក្នុងរជ្ជកាលព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ ។


១- ហត្ថព្រះសុគត ។

Flag Counter