រឿង ភ្នំ​សំពៅ (នៅ​ខេត្ត​បាត់ដំបង)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៣៧ – ១៤២

    នៅខាងលិចទីក្រុងបាត់ដំបង ចម្ងាយប្រមាណ ១២ គីឡូម៉ែត្រ មានភ្នំជាច្រើននៅជិតៗគ្នា មានភ្នំសំពៅ ភ្នំទ្រុងមាន់ - ទ្រុងទា និងភ្នំរំសាយសក់ជាដើម ។
    រឿងព្រេងនិយាយតៗគ្នា ប្រចាំភ្នំនោះ មានដំណាលដូចតទៅនោះ ៖
    កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយអង្គ ព្រះនាមរាជកុល សោយរាជ្យនៅប្រទេសកម្ពុជា តាំងព្រះរាជវាំងនៅលើជួរភ្នំដងរែក ។ ព្រះបាទ រាជកុល ទ្រង់សព្វព្រះរាជហឫទ័យនឹងស្ត្រីម្នាក់ឈ្មោះនាង សុវណ្ណមសា នាងនេះជាកូនក្រីក្រទេ ប៉ុន្តែនាងមានរូបឆោមសក្ដិសមល្អឆើត នាងចិញ្ចឹមក្រពើមួយ ក៏មានឫទ្ធក្លាហានឈ្លាសវៃណាស់ ទោះបីប្រើឲ្យវាធ្វើអ្វីបានទាំងអស់ ។ ក្រពើនោះមានខ្លួនធំលើសប្រមាណនាងឲ្យឈ្មោះ អាធន់ ។ តាមដំណាលថា មុនដំបូង នាង សុវណ្ណមសា រើសបានពងសត្វមួយយកមកទុក ដោយនាងមិនស្គាល់ថាជាពងសត្វអ្វីទេ ប៉ុន្តែលុះដល់ថ្ងៃខែនឹងញាស់ស្រាប់តែឃើញចេញជាកូនក្រពើមក ។ នាងក៏ចេះតែអាណិត ខំចិញ្ចឹមថែរក្សាដោយពេញចិត្តណាស់ ។ ក្រពើនោះទៀតសោត ក៏ប្លែកពីក្រពើទាំងពួង ចេះស្ដាប់បង្គាប់នាងដូចជាមនុស្សសុទ្ធសាធ ។

    ឯព្រះបាទរាជកុល លុះបាននាង សុវណ្ណមសា មកជាគូស្នេហាហើយ មិនយូរប៉ុន្មាន ក៏បែរជាមានព្រះទ័យពុំសូវស្ម័គ្រស្មោះទៅវិញដោយទ្រង់ព្រះតម្រិះយល់ឃើញថា " នឹងលើកនាងជាអគ្គមហេសីពេញទីពុំបាន ព្រោះនាងជារាស្ត្រ មានឋានៈពុំស្មើ ពុំសមនឹងរៀបអភិសេកជាអគ្គមហេសីឡើយ " ។ លុះទ្រង់ព្រះតម្រិះដូច្នេះហើយ ទ្រង់ស្ដេចទៅក្រាបបង្គំព្រះវរបិតាៗ ក៏ទ្រង់យល់តាមហើយចាត់ស៊ើបសួររកស្ត្រីណា ដែលមានពូជពង្សត្រកូលខ្ពង់ខ្ពស់ ដើម្បីរៀបអភិសេកជាមួយព្រះរាជបុត្ររបស់ព្រះអង្គ ។
    យូរបន្តិចមក ឮដំណឹងថា នៅស្រុកចន្ទបុរី មានស្ដេចមួយព្រះអង្គ មានព្រះរាជបុត្រីមួយព្រះនាមនាង រំសាយសក់ ព្រោះព្រះនាងមានសក់ទិព្វ ចង់បានអ្វីក៏បានដូចព្រះទ័យ គឺព្រះនាងគ្រាន់តែច្រូតព្រះកេសីទៅ ចង់ឲ្យទឹកសមុទ្រខះទៅជាដីគោកក៏បាន ចង់ឲ្យដីគោកក្លាយទៅជាទឹកសមុទ្រក៏បាន ។ ព្រះវររាជមាតាបិតានៃព្រះបាទ រាជកុល ទ្រង់ប្រើសេនាឲ្យនាំសារទៅថ្វាយស្ដេចក្រុងចន្ទបុរី ដើម្បីដណ្ដឹងនាងនោះតាមព្រះរាជប្រពៃណី ។ ស្ដេចក្រុងចន្ទបុរី ក៏ពុំទ្រង់យល់ទាស់ឡើយ ទ្រង់តបព្រះរាជសារមកព្រះវររាជមាតាបិតានៃព្រះបាទ រាជកុល ថា "បើទ្រង់សព្វព្រះរាជហឫទ័យ សូមទ្រង់លើកបណ្ណាការមកចុះ" ។ សេនាបានទទួលព្រះរាជឱង្ការហើយ ក្រាបបង្គំលាត្រឡប់មកក្រាបបង្គំទូល ព្រះរាជមាតាបិតានៃព្រះបាទ រាជកុល វិញសព្វគ្រប់តាមដំណើរនោះ ។ ព្រះបាទរាជកុល បានទ្រង់ព្រះសណ្ដាប់ដូច្នោះ ក៏ទ្រង់មានព្រះទ័យសោមនស្សពន់ពេក ទើបទ្រង់ត្រាស់បង្គាប់ឲ្យរៀបចំគ្រឿងបណ្ណាការយ៉ាងឧឡារិកផ្ទុកក្នុងសំពៅ ដើម្បីធ្វើព្រះរាជដំណើរចេញទៅកាន់ក្រុងចន្ទបុរី ។
    ចំណែកនាង សុវណ្ណមសា លុះបានដំណឹងនេះហើយ ក៏កើតចិត្តក្ដៅក្រហាយខ្លាំងណាស់ ទើបប្រើក្រពើឲ្យទៅតាមកល់សំពៅនោះឲ្យលិចវិនាសអន្តរាយ ដើម្បីមិនឲ្យព្រះបាទ រាជកុល ទៅជួបនឹងនាង រំសាយសក់ ។ ក្រពើនោះក៏ប្រើបានដូចចិត្តទៀត វាបោះពួយក្នុងទឹកលឿនដូចព្រួញ លុះទៅជិតដល់សំពៅ ព្រះបាទរាជកុលៗ ទ្រង់ក្រឡេកឃើញ អាធន់ ក៏ទ្រង់មានព្រះបន្ទូលខ្លាំងៗ ថា " នៃ អាធន់ ! អញទេ កុំមកធ្វើផ្ដេសផ្ដាស " ។ អាធន់ ឆ្លើយតបទៅវិញថា " ស៊ីបាយអ្នកណា យកអាសាអ្នកនោះ " ។
    ពួកពលក្រឡេកឃើញក្រពើធំសម្បើម ក៏ភ័យស្រែកឆោឡោពេញទាំងសំពៅ ខ្លះបោះត្រឡាច ល្ពៅ ព្រមទាំងមាន់និងទាទាំងទ្រុងៗ ទៅឲ្យ អាធន់ស៊ី ដើម្បីឲ្យវាឈប់ វាឃ្លាតឆ្ងាយអំពីសំពៅ តែអាធន់ ពុំទទួលស៊ីសោះ ។ ព្រះបាទរាជកុល ក៏បួងសួងអស់ទេវតា សូមឲ្យលោកជួយឲ្យផុតពីគ្រោះថ្នាក់ ។
    ដោយបុណ្យបារមីព្រះអង្គ សេចក្ដីបួងសួងនោះ ក៏រំជួលទៅដល់ព្រះឥន្ទ្រាធិរាជៗ ក៏ទ្រង់ប្រើបម្រើទៅប្រាប់ព្រះនាង រំសាយសក់ ភ្លាម ។ ព្រះនាង រំសាយសក់ ក៏ច្បូតព្រះកេសី ឲ្យទឹកសមុទ្រខះរឹងទៅជាដីទាំងអស់ ។ ក្រពើក៏ជាប់ក្នុងដីនោះ មុននឹងដាច់ខ្យល់ស្លាប់ ក្រពើនោះគោះកន្ទុយផង ដកដង្ហើមធំផង រមួលខ្លួនត្រឡប់ត្រឡិន ហើយតួខ្លួនក្រពើនោះគោះកន្ទុយ នឹងត្រង់ច្រមុះក្រពើ ក៏កើតទៅជាបឹង ២ នៅដល់សព្វថ្ងៃនេះ ហៅថា បឹងកន្ទុយក្រពើ និង បឹងច្រមុះក្រពើ ។ ឯសំពៅនោះ ក៏កើតទៅជាភ្នំធំមួយ មានរាងជាសំពៅសុទ្ធសាធហៅថា ភ្នំសំពៅ តែផ្អៀងបន្តិចព្រោះរលកបោកខ្លាំងណាស់ ។ នៅពេលដែលអាធន់ ជិតទៅដល់សំពៅ ក្ដោងសំពៅក៏សណ្ដកធ្លាក់ទៅក្នុងទឹក កើតទៅជាភ្នំមួយ ហៅថា ភ្នំក្ដោងសំពៅ ទាល់សព្វថ្ងៃ ។ ទ្រុងមាន់ទ្រុងទាដែលពួកពលបោះទៅឲ្យក្រពើ ក៏កើតទៅជាភ្នំមួយ ហៅថា ភ្នំទ្រុងមាន់ទ្រុងទា ដរាបដល់សព្វថ្ងៃនេះ ។
    លុះសមុទ្រក្លាយទៅជាដីហើយ ព្រះបាទ រាជកុល ទ្រង់ប្រើពួកពលឲ្យជញ្ជូនប្រដាប់ប្រដាទាំងពួង យាងទៅកាន់ក្រុងចន្ទបុរី ដើម្បីរៀបអភិសេកជាមួយនឹងព្រះនាង រំសាយសក់ តាមព្រះរាជប្រពៃណី ។ កន្លែងដែលព្រះនាង រំសាយសក់ ច្បូតសក់នោះ ក៏កើតទៅជាភ្នំមួយនៅខាងត្បូងភ្នំសំពៅ ហៅថា ភ្នំរំសាយសក់ ដល់សព្វថ្ងៃ ។
    កាលរៀបអភិសេករួចស្រេចហើយ ព្រះបាទ រាជកុល ទ្រង់នាំព្រះនាង រំសាយសក់ ជាអគ្គមហេសី ព្រមទាំងពលសេនាជាច្រើន ត្រឡប់ទៅកាន់រាជបុរីវិញ ។ ព្រះអង្គទ្រង់គង់លើដំរីជាមួយព្រះនាង ជាព្រះជាយា មានពលសេនាហែហមមកជាច្រើន ។ មកដល់ពាក់កណ្ដាលផ្លូវ ទ្រង់ក្រឡេកទៅឃើញភ្នំសំពៅ ភ្នំក្រពើ ទ្រង់នឹកទោមនស្សជាខ្លាំងនឹងនាង សុវណ្ណមសា ថា "ព្រោះតែវាចិត្តអាក្រក់ បានជាឲ្យគេស្លាប់វិនាសអស់យ៉ាងនេះ " ។ ព្រះអង្គប្រើសេនាឲ្យទៅចាប់នាង សុវណ្ណមសា យកមកសម្លាប់ចោល សេនាក៏ធ្វើតាមព្រះរាជបញ្ជា ចាប់នាងសុវណ្ណមសា មកកាត់ក្បាលសងសឹកវិញ ក្បាលនោះក៏កើតជាភ្នំមួយ ហៅថា ភ្នំសងក្បាល នៅជិតស្រុកមង្គលបុរីសព្វថ្ងៃនេះ ប៉ុន្តែអ្នកស្រុកហៅក្លាយមកថា ភ្នំសងក្បាន ទៅវិញ ។ មានវាលមួយនៅជិតភ្នំនោះ សព្វថ្ងៃហៅថា វាលចិញ្ច្រាំពោះ ព្រោះពួកសេនាចិញ្ច្រាំពោះវៀននាងចោលនៅទីនោះ ។ ឯយោនីរបស់នាង សេនាបានគ្រវែងចោល ហើយកើតទៅជាភ្នំមួយទៀត ហៅថា ភ្នំក្រពាយនាង តែសព្វថ្ងៃ គេហៅក្លាយមកថាភ្នំ បន្ទាយនាង ។
    ចំណែកព្រះបាទ រាជកុល និងព្រះនាង រំសាយសក់ ជាព្រះអគ្គមហេសី យាងចូលទៅថ្វាយបង្គំព្រះវរបិតា-មាតាវិញ ហើយទ្រង់គង់នៅជាសុខសាន្តទៅ ។


១- ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៧.០២៩ រៀបរៀងដោយអ្នកស្រី អ៊ូច-សុន កាលធ្វើលេខាធិការ នៅពុទ្ធសាសនបណ្ឌិត្យ ។
២- តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៧.១៧៦ រៀបរៀងដោយលោក រៀម-យឹម នៅឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ថា នាងនេះឈ្មោះ មច្ឆោនព ។

Flag Counter