រឿង ភ្នំ​នាង​កង្រី​ (នៅ​ខេត្ត​កំពង់ឆ្នាំង)

  • Print

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៦១ - ១៦៤

    នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំ ១ ខ្ពស់ ជាងគេ មើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួន ។ នៅលើភ្នំនោះ មានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះម្អមដុះច្រើនណែនណាន់តាន់តាប់, អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគម្អមនោះទេ ព្រោះគេឮចាស់ៗ ដំណាលថា ភ្នំនោះកើតពីរូបនាង កង្រីយក្ខិនី ជាមហេសី ព្រះពុទ្ធិសែន ហើយគេសន្មតថាម្អមនោះ ជារោមយោនីនៃនាង កង្រី នោះឯង ។ មិនតែប៉ុណ្ណោះនៅជើងភ្នំនោះ មានត្បាល់ថ្ម ១ អង្រែថ្ម ១ ធំតាំងពីបុរាណមក មិនដឹងជានរណាសាងទេ ។ ពួកជនអ្នកឡើងទៅដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនចាញ់ ហើយនឹងបានសុខសប្បាយ ។ (នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាល) ។
    រឿងនាង កង្រី មានសេចក្ដីសង្ខេបដូចតទៅនេះ ៖

    កាលពីព្រេងនាយ មានសេដ្ឋីម្នាក់ នៅនគរមួយ ជាមនុស្សឥតកូន បាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ ។ ក្រោយពីបន់មក ប្រពន្ធមានកូន ១២ នាក់ សុទ្ធតែស្រី ។ លុះបានកូនហើយ សេដ្ឋីធ្លាក់ខ្លួនជាអ្នកទាល់ក្ររកអាហារចិញ្ចឹមគ្មាន ក៏រទេះដឹកកូនទាំង ១២ ទៅប្រោសចោលក្នុងព្រៃជ្រៅ ។
    ក្រោយពីឪពុកប្រោសចោល កូនទាំង ១២ នាក់ ក៏នាំគ្នាដើរក្នុងព្រៃទៅដល់នគរមួយ ជានគរយក្សស្រីឈ្មោះនាង សន្ធមារ ។ យក្សស្រីនោះ មានកូនស្រីមួយឈ្មោះនាង កង្រី ។ នាង សន្ធមារ បានឃើញនាងទាំង ១២ ក៏តំណែងខ្លួនជាមនុស្សស្រី នាំយកនាងទាំងនោះ ទៅទុកប្រាសាទរបស់ខ្លួន ឲ្យបម្រើនាង កង្រី ជាកូន ។
    កាលនាងទាំង ១២ ដឹងថា នគរនោះជានគរយក្ស នាង សន្ធមារ ជាយក្ខិនី ហើយក៏នាំគ្នារត់ចេញ ។ នាង សន្ធមារ តាមរកទៅឃើញនាងទាំង ១២ បានជាមហេសីព្រះបាទ រថសិទ្ធ នៅនគរមនុស្ស ក៏តំណែងខ្លួនជាស្រីក្រមុំ បានធ្វើជាមហេសីព្រះបាទ រថសិទ្ធ នោះដែរហើយនាង សន្ធមារ ពុតធ្វើជាឈឺធ្ងន់ ញុះញង់ពេទ្យឲ្យទូលព្រះបាទ រថសិទ្ធ ឲ្យឆ្កៀលភ្នែកនាងទាំង ១២ យកមកធ្វើជាថ្នាំព្យាបាលរោគខ្លួន និងឲ្យយកនាង ១២ ដែលមានគភ៌គ្រប់គ្នាទៅទុកក្នុងរណ្ដៅមួយជាមួយគ្នា បង្អត់អាហារ ហើយឲ្យយកគ្រាប់ភ្នែកនាងទាំង ១២ ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួន ឲ្យនាងកង្រីជាកូនខ្លួនថែរក្សា ។
    បណ្ដានាងទាំង ១២ នោះ នាងបងៗ ១១ នាក់ត្រូវគេឆ្កៀលភ្នែកទាំងសងខាង ឯនាងពៅត្រូវគេឆ្កៀលភ្នែកតែម្ខាង ដោយមកពីជាតិមុន នាងពៅឆ្កៀលភ្នែកត្រីម្ខាងដែរ ។ នាងទាំង ១២ ដែលមានគភ៌នោះ នាងពៅមានព្រះពោធិសត្វមកចាប់ផ្ទៃ ។ វេលានាងបងៗ កើតកូនមកភ្លាម គេហែកសាច់កូនចែកគ្នាស៊ីអស់ ។ ចំណែកនាងពៅកើតកូនមកឲ្យឈ្មោះថា "ពុទ្ធិសែន" ហើយលាក់ទុកមិនឲ្យនាងបងៗដឹង ។
    ចំណេរកាលមកខាងក្រោយ វេលា ពុទ្ធិសែន ធំពេញជំទង់ឡើងនាង សន្ធមារ ដឹងថាជាកូននាង ១២ ក៏ប្រើឲ្យជិះសេះនាំសំបុត្រទៅឲ្យនាង កង្រី ដោយដាក់សេចក្ដីថា "បើ ពុទ្ធិសែន មកដល់យប់ឲ្យស៊ីទាំងយប់ ដល់ថ្ងៃឲ្យស៊ីទាំងថ្ងៃ " ។ តែជាភ័ព្វរបស់ពុទ្ធិសែន នៅពេលជិះសេះទៅដល់ពាក់កណ្ដាលព្រៃ មហាឫស្សីបានឃើញ ពុទ្ធិសែន កំពុងផ្ទំលក់ នឹងឃើញសំបុត្រដែលចងនៅកសេះក៏ហែកសំបុត្រចោល ហើយសរសេរសំបុត្រជាថ្មីថា "បើ ពុទ្ធិសែន មកដល់យប់ឲ្យរៀបការទាំងយប់ ដល់ថ្ងៃឲ្យរៀបការទាំងថ្ងៃ ជាមួយនាងជាកូន" ។ ពេលដែល ពុទ្ធិសែន ទៅដល់នគរយក្ស នាង កង្រី បានឃើញសំបុត្រក៏រៀបការជាមួយ ពុទ្ធិសែន ភ្លាម ។ ព្រះ ពុទ្ធិសែន បានសោយរាជ្យនៅនគរយក្សមិនយូរប៉ុន្មាន ដោយនាង កង្រី ថ្វាយដំណឹងអំពីប្រស្រីភ្នែកមាតាលោក និងអំពីថ្នាំសម្រាប់ដាក់ភ្នែកឲ្យជា ហើយនិងថ្នាំសម្រាប់បោះទៅកើតជាទឹកសមុទ្រ ជាភ្នំបាន ក៏ទ្រង់លួចរត់ចោលនាង កង្រី ទាំងអធ្រាត្រមកនគរវិញ ។ នាង កង្រី តាមមក ព្រះ ពុទ្ធិសែន បោះថ្នាំឲ្យកើតជាទឹកសមុទ្រខាំងផ្លូវ ។ នាង កង្រី ក៏យំសោកស្លាប់ខ្លួននៅកណ្ដាលព្រៃ ហើយព្រះ ពុទ្ធិសែន មកដល់នគរវិញដោយសុវត្ថិភាព ទ្រង់ដាក់ថ្នាំភ្នែកមាតា និងមាតាធំទាំងអស់ឲ្យជាឡើង ហើយទ្រង់សម្លាប់នាង សន្ធមារ ទៅ ទ្រង់បាយសោយរាជ្យជំនួសព្រះបិតាជាសុខក្សេមក្សាន្ត រហូតដល់ទ្រង់ព្រះទិវង្គត។


 

១- ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់លេខ ២៧.០៨២ រៀបរៀងដោយ ស៊ាង-លិន ។
២- ឯកសារជាច្រើន និយាយត្រូវគ្នាថា ខ្មោចនាងកង្រីដែលស្លាប់នៅមាត់ទឹកនោះ កើតមកជាភ្នំកង្រី ហើយថា នៅជិតភ្នំនាងកង្រីមានភូមោ ២ ឈ្មោះកំពង់ហាវ ១ កំពង់លែង ១ ។ ភូមិកំពង់ហាវ ជាទីដែលនាងកង្រីស្រែកហៅព្រះពុទ្ធសែន ភូមិកំពង់លែងជាទីដែលព្រះពុទ្ធិសែនលែងត្រូវការនាងកង្រី ។