រឿង ក្រពើ​ឈ្មោះ​អាធន (នៅ​ស្រុក​សម្បូរ ខេត្ត​ក្រចេះ)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៧៩ - ១៨៨   

    សម័យទីក្រុងតាំងនៅឧត្ដុង្គ នៅស្រុកសម្បូរ ខេត្តក្រចេះ មានចៅអធិការវត្តមួយអង្គ ជាអ្នកប្រព្រឹត្តរៀន នូវវិជ្ជាវេទមន្តអាគម ហើយជាអ្នកចេះចិញ្ចឹមក្រពើផង ។ ឯចំណេះរបស់លោកគ្រូចៅអធិការ ដែលចេះចិញ្ចឹមក្រពើនោះ ធ្វើឲ្យលោកមានឈ្មោះល្បីល្បាញណាស់ ក៏ប៉ុន្តែចំណេះនោះបែរជាបណ្ដាលឲ្យមានសេចក្ដីអន្តរាយដល់រូបលោកទៅវិញ ។ លោកគ្រូចៅអធិការនោះ ចិញ្ចឹមក្រពើមួយទុកដូចជាកូនសិស្សរបស់លោក ក្រពើនោះនៅក្នុងទន្លេមេគង្គ ជាទន្លេដែលប្រកបដោយទឹកជ្រៅមានត្រីច្រើន ។ លោកឲ្យឈ្មោះក្រពើនោះថា "អាធន" ។ ដោយលោកស្រឡាញ់ក្រពើនោះពេក លោកចូលចិត្តគង់លើថ្មនៅមាត់ច្រាំងទន្លេ ស្រែកហៅអាធនឲ្យមកលេងសប្បាយជាមួយលោក ។ អាធនបានឮពុទ្ធដីការបស់លោកគ្រូកាលណា ក៏វាប្រញាប់មកថ្វាយបង្គំលេងកម្សាន្ត សប្បាយជាមួយលោកគ្រូវាកាលនោះ ហើយតាំងកិរិយាសុភាពនឹងធឹង ចំពោះភិក្ខុសង្ឃទាំងអស់ និងអ្នកស្រុកទាំងអំបាលម៉ាន ដែលនៅជិតខាងវា ។

    សម័យមួយ កាលព្រះមហាក្សត្រទ្រង់គង់ក្រុងឧត្តុង្គ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ប្រឈួនជាខ្លាំង ។ ដោយព្រះអង្គស្រឡាញ់ព្រះរាជបុត្រីយ៉ាងខ្លាំងឥតឧបមា ព្រះអង្គទ្រង់ខ្សឹកខ្សួលតក់ស្លុតជាពន្លឹក ហើយទ្រង់ឲ្យជ្រើសរើសរកពេទ្យហ្ម ដែលពូកែមានឈ្មោះល្បីអស្ចារ្យ មកព្យាបាលព្រះរាជបុត្រីព្រះអង្គ ក៏ប៉ុន្តែគ្មានគ្រូឯណាមួយ អាចរំលែកទុក្ខព្រះរាជបុត្រីបានឡើយ ។ ហេតុនេះ បានជាព្រះមហាក្សត្រ ទ្រង់ឲ្យនិមន្តចៅអធិការវត្តសម្បូរ ដែលមានឈ្មោះល្បីពូកែជាងគ្រូពេទ្យឯទៀត មកព្យាបាល ។
    ការធ្វើដំណើរតាមទន្លេមេគង្គដោយកប៉ាល់ ពីស្រុកសម្បូរទៅឧត្តុង្គ ក្នុងសម័យឥឡូវនេះ តែ ២ ថ្ងៃទេ តែក្នុងសម័យទីក្រុងតាំងនៅឧត្ដុង្គនោះ គេធ្វើដំណើរដោយទូកជាយូរថ្ងៃ ព្រោះទន្លេនោះ មុនពេលទៅដល់ក្រចេះ មានទឹកហូរស្រួលល្អទេ តែពីក្រចេះត្រូវឆ្លងទឹកហូរកួចខ្លាំងៗ និងមានថ្មស្រួចៗ ដុះនៅក្នុងទឹកដោយអន្លើៗ ។
    លោកគ្រូចៅអធិការនិមន្តមកព្យាបាលព្រះរាជបុត្រីៗ ក៏បានស្រាកស្បើយជំងឺ ធូរគ្រាន់បើ ប៉ុន្តែព្រះមហាក្សត្រទ្រង់ពុំអនុញ្ញាតឲ្យគ្រូចៅអធិការវិលទៅវិញភ្លាមទេ ទ្រង់ឲ្យលោកនៅរងចាំថែទាំជំងឺព្រះរាជបុត្រី ត្រាតែជាស្រឡះមែនទែនសិន ។
    និយាយពី អាធន ដែលនៅស្រុកសម្បូរ វាទន្ទឹមមើលផ្លូវលោកគ្រូរបស់វា ជាយូរខែពុំឃើញវិលមកវិញសោះ វាកើតមានសេចក្ដីស្រងូតស្រងាត់រលឹកដល់លោកគ្រូវាជាអនេក ។ ថ្ងៃមួយ វាព្រួយខ្លាំង វាក៏ហែលចេញពីទីលំនៅវា ទៅតាមដងទន្លេមេគង្គ ឆ្ពោះត្រង់ទៅតាមលោកគ្រូវានៅឧត្ដុង្គ ។ វាធ្វើដំណើរពីស្រុកសម្បូរ ទៅដល់ឆ្លូងគ្មានជួបប្រទះនឹងសត្រូវ ឬគ្មានអន្តរាយអ្វីដល់ខ្លួនវាសោះ ប៉ុន្តែលុះវាទៅដល់ដល់ភ្នំ ១ ឈ្មោះ "ភ្នំសុពណ៌កាលី" វាបានជួបនឹងក្រពើមួយ ជាក្រពើសាហាវក្លាហានឈ្លានពានណាស់ ដោយក្រពើនោះក្រេវក្រោធនឹង អាធន ដែលហែលកាត់ទីលំនៅវាៗ ក៏រករឿងដាលវាលឈ្លោះ ប៉ុន្តែដោយ អាធន មានកិច្ចរួសរាន់ចង់ជួបនឹងលោកគ្រូវាៗ ក៏ដោះដៃរត់អំពីក្រពើកំណាចនេះទៅ តែវាតាំងចិត្តថា " ចាំថ្ងៃក្រោយ សឹមអញមករករឿងនឹងអាតិរច្ឆាននេះវិញ " ។ អាធន ទៅដល់កំពង់ហ្លួងគ្មាននរណាឃើញវាសោះ វាខំប្រុងប្រៀបលាក់ខ្លួនពួនអាត្មា មិនឲ្យអ្នកស្រុកឃើញវាឡើយ ពីព្រោះវាយល់ថា មុខតែគេភ័យផ្អើលរត់ចោលដីដៃទន្លេសាបអស់ ហើយវាព្រួយបារម្ភក្រែងរកលោកគ្រូវាពុំឃើញ ដោយលោកគ្រូវា ហើយនឹងវាខុសភេទគ្នាឆ្ងាយណាស់ ទាំងការចិញ្ចឹមជីវិតក៏ខុសគ្នាទៀត ប៉ុន្តែលុះវាជញ្ជឹងគិតទៅ វាតាំងចិត្តថា " ត្រូវតែអញលាក់ខ្លួនពួនអាត្មា នៅក្នុងទឹកនេះសិនចុះ ដើម្បីនឹងឆ្លៀតឈ្លបមើលលោកគ្រូ ក្រែងលោកចុះមកកម្សាន្តនៅក្បែរមាត់ច្រាំងតាមចំណាំរបស់លោក ដូចកាលមុនៗ មក " ។
    មិនយូរប៉ុន្មាន លោកគ្រូចៅអធិការ ក៏និមន្តចុះទៅមាត់ច្រាំងទន្លេទៅគង់នៅលើផែមួយ ។ ឯ អាធន កាលបើលបមើលឃើញគ្រូវាហើយវាក៏បណ្ដែតខ្លួនវាមកលើទឹកឲ្យគ្រូវាឃើញ ។ លោកគ្រូចៅអធិការក្រឡេកឃើញវាហើយ ក៏ភ្លាត់មាត់ស្រែកថា " យី អាធន ចៅតាទេតើនេះ " ។ អាធន មិនបង្អង់យូរ ក៏យកមាត់វាទៅបំបាក់ផែដែលលោកគ្រូគង់ ហើយត្រកងលោកគ្រូវាដាក់លើខ្នងវានាំយកទៅ ដោយវានឹកថា " ទោះបើលោកគ្រូអញ គ្មានព្រះទ័យប្រាថ្នានឹងវិលទៅទីលំនៅលោកវិញទេ ពេលនេះក៏ត្រូវតែអញនាំលោកទៅ " ។
    ឱពុទ្ធោអើយ ! លោកគ្រូចៅអធិការនោះ លុះទៅដល់ស្រុកសម្បូរលោកក៏បាត់បង់ជីវិត ។ ពេលដែល អាធន នាំលោកគ្រូវាទៅពុំទាន់ដល់ភ្នំសុពណ៌កាលី វាខំប្រុងប្រយ័ត្នការពារលោកគ្រូវា មិនឲ្យជ្រមុជក្នុងទឹកសោះ វាហែលនៅសើៗលើទឹក លុះទៅភ្នំ សុពណ៌កាឡី វាជួបនឹងបច្ចាមិត្តវា ដែលរករឿងប្រយុទ្ធជាមួយវាពីថ្ងៃមុនដូចពណ៌នាមកហើយនោះ ។ ដោយសេចក្ដីគុំកួនប្រណាំងប្រជែងនៅដិតជាប់នៅក្នុងចិត្ត សត្វពីរពុំចេះអស់ពុំចេះហើយ ក៏នាំឲ្យកើតក្ដីជម្លោះឡើងជាថ្មីម្ដងទៀត សត្វទាំងពីរក៏តាំងប្រយុទ្ធគ្នាក្នុងខណៈនោះភ្លាម ។ មុននឹងប្រយុទ្ធគ្នា អាធន គិតឃើញថា "ប្រសិនបើអញខាំក្រពើនេះ អញគេចចុះគេចឡើងគ្រវីគ្រវាត់ក្នុងទឹក សមជាលោកគ្រូអញធ្លាក់ពីលើខ្នងអញចុះទៅបាតទន្លេហើយ បើដូច្នេះអញគិតយ៉ាងណា នឹងរត់ភៀសខ្លួន កុំឈ្លោះនឹងអាកំណាចនេះឬដូចម្ដេច ?" ជញ្ជឹងគិតទៅ ទើប អាធន មានគំនិតមួយថា "ទេគិតយ៉ាងនេះខុសទេ ធ្វើបែបនេះជាការនាំឲ្យបរាជ័យដល់វត្តសម្បូរពេក អញត្រូវតែប្រយុទ្ធច្បាំងនឹងអាចង្រៃនេះឲ្យវាដឹងខ្លួនថា តែកាលណាអាណាមួយហ៊ានតតាំងនឹងក្រពើលោកគ្រូចៅអធិការវត្តសម្បូរហើយ អានោះឯងមុខជាអន្តរធានខ្លួនពុំលែងឡើយ" ហើយវាគិតឃើញម្យ៉ាងទៀតថា" ដូច្នេះអញត្រូវតែយកលោកគ្រូអញលាក់ទុកក្នុងពោះអញសិន" ។ អាធន គិតដូច្នេះហើយ ក៏ហាមាត់លេបលោកគ្រូវាលាក់ទុកក្នុងពោះវាបាត់ទៅ ។ លុះលាក់លោកគ្រូរួចស្រេចហើយ ទើបវាយុទ្ធនឹងបច្ចាមិត្តរបស់វា មិនយូរប៉ុន្មាន អាធន មានជ័យជម្នះឈ្នះលើក្រពើជាសត្រូវ ហើយអាធន ក៏ធ្វើដំណើរទៅទៀតទាល់តែដល់ស្រុកសម្បូរ ។ បណ្ដាភិក្ខុសង្ឃក្នុងវត្តនោះ វេលាដែលឃើញ អាធន ទៅដល់ក៏នាំគ្នារត់ម្នីម្នាមកទទួល អាធនៗ ក៏វាឡើងទៅលើគោកនៅចំកណ្ដាលភិក្ខុសង្ឃទាំងឡាយ ហើយក៏ខ្ជាក់លោកគ្រូវាចេញពីក្នុងពោះវាមក ។
    ឱពុទ្ធោអើយ ! ពេលនោះលោកគ្រូបាត់វិញ្ញាណក្លាយទៅជាខ្មោចសុទ្ធសាធ ។ ឃើញអាការវិនាសដូច្នេះហើយ ភិក្ខុសង្ឃគ្រប់អង្គ ស្រែកទ្រហោយំទ្រហឹងអឺងកងស្ដាយលោកគ្រូចៅអធិការ ហើយក៏បន្ទោសទៅអាធនថា "អាឯងនេះអាក្រក់ណាស់ ហ៊ានសម្រាប់លោកគ្រូឥតពិចារណា" ។ អាធន នឹកថា "ឱអញអើយ ! អញស្មានថាពោះអញ អាចលាក់លោកគ្រូអញ ឲ្យរួចពីក្ដីអន្តរាយបាន ឥឡូវនេះ បែរត្រឡប់ទៅជាផ្នូរសម្រាប់កប់លោកគ្រូអញទៅវិញសោះ ឱគំនិតអ្វីក៏ថយថោកម្ល៉េះ !“ អាធន នឹកទៅពេញហៅស្ដាយលោកគ្រូវាណាស់ តែពុំដឹងធ្វើម្ដេចឲ្យលោកមានជីវិតឡើងវិញ ។ វេលាគេរៀបបូជាសពលោកគ្រូចៅអធិការ អាធន មានសេចក្ដីអៀនខ្មាសខ្លាំង ហើយនឹកថា "អពមង្គលដែលនាំឲ្យលោកគ្រូអញដល់សេចក្ដីវិនាសយ៉ាងនេះ តើមកពីហេតុអ្វី ?" ។ ជញ្ជឹងគិតយូរទៅ វាសន្និដ្ឋានថា "អញប្រាកដជាខុសពិតមែនហើយ ព្រោះអញបានសម្លាប់លោកគ្រូដោយខ្លួនអញ ប៉ុន្តែហេតុអ្វី បានជាអញលេបលោកគ្រូទៅក្នុងពោះអញ ? នេះមកអំពីអញការពារសត្រូវនៅ ភ្នំសុពណ៌កាឡី ក្នុងពេលដែលត្រឡប់ពីឧត្ដុង្គវិញ" ។ ប៉ុន្តែយូរបន្តិចទៅទៀត អាធន គិតឃើញច្បាស់ថា "សេចក្ដីអន្តរាយដែលកើតឡើងអម្បាលនេះ បណ្ដាលមកតែអំពីព្រះរាជបុត្រី បើប្រសិនជាស្ដេចកុំត្រាស់បង្គាប់ឲ្យគេនិមន្ត លោកគ្រូអញឲ្យទៅមើលជំងឺព្រះរាជបុត្រីព្រះអង្គ ច្បាស់ជាលោកគ្រូអញលោកពុំមានគ្រោះថ្នាក់ដល់មរណៈដូច្នេះឡើយ ហេតុដែលបណ្ដាលឲ្យគ្រូអញដល់មរណៈ ដោយសារតែព្រះរាជបុត្រី ដូច្នេះ ព្រះរាជបុត្រីត្រូវតែមានទោស " ។ គិតហើយ អាធន ក៏ចងអាឃាតគំនុំគុំកួនប្រុងសងសឹកនឹងព្រះរាជបុត្រី ឲ្យដល់នូវសេចក្ដីមរណៈ ហើយអាធន ក៏វាពីលើគោកចុះទៅក្នុងទឹកទន្លេមេគង្គ ។ ឱ! គួរឲ្យស្ដាយវត្តសម្បូរណាស់ អស់បានឃើញអាធន ទៀតហើយ ។ មុននឹងហែលទៅដល់ឧត្ដុង្គ អាធន ហែលសន្សឹមៗ ជាយូរថ្ងៃ នៅក្នុងទន្លេមេគង្គ ។ ដល់ឧត្ដុង្គ ទើបវាឈប់សម្រាកកាយ បង្អង់ចាំមើលឱកាសល្អ ដើម្បីសងសឹកនឹងព្រះរាជបុត្រី ។
    ក្នុងរឿងនេះ គេមិនបានរ៉ាយរ៉ាប់អំពីកំណត់ប៉ុន្មានឆ្នាំឬខែ ដែលក្រពើបង្អង់ចាំមានឱកាសល្អនឹងសងសឹកឡើយ គេគ្រាន់តែនិយាយថា " មានថ្ងៃមួយ វេលាដែលព្រះរាជបុត្រីនោះ បានជាសះស្បើយល្ហើយស្រួលព្រះអង្គហើយ ព្រះនាងចុះមកក្រសាលទឹកទន្លេជាមួយនឹងបរិពាររបស់ព្រះនាង ។ វេលាដែលព្រះនាងកំពុងកញ្ជ្រោងបោកបាចលេងសប្បាយ សើចក្អាកក្អាយជាមួយនឹងព្រះរាជបរិពារនៅក្នុងទឹកស្រាប់តែក្រពើឈ្មោះ អាធន មកត្របាក់យកព្រះនាងទៅបាត់ទៅ ។
    និយាយពីព្រះមហាក្សត្រ កាលបើទ្រង់ជ្រាបហេតុថា ក្រពើបានត្របាក់លេបព្រះរាជបុត្រីហើយ ក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួលអួលអាក់ជាខ្លាំងពន់ពេក ទ្រង់ត្រាស់បង្គាប់ឲ្យរៀបចំទូកទៅតាមប្រហារជីវិតក្រពើនោះ ។
    ដើម្បីឲ្យច្បាស់នូវរឿងនេះ យើងគប្បីសន្និដ្ឋានថា "នៅក្នុងសម័យនោះ ប្រទេសកម្ពុជាលិចទឹកពាក់កណ្ដាល កន្លែងមួយធំដែលឥឡូវនេះ ជាខេត្តកំពង់ចាមនិងក្រចេះ លិចទឹករហាចរហឹមទាំងអស់" ។ ហេតុដូច្នេះបានជាមានសត្វទឹកច្រើនមហិមា ។ ដើម្បីនឹងទៅប្រហារជីវិត អាធន នោះ គេត្រូវរៀបសំពៅរៀបទូកក្ដារច្រវាចែវច្រើន ។ នៅទីបំផុត ព្រះរាជាទ្រង់ព្រះបញ្ជាឲ្យហោរាគន់គូរមើលឲ្យដឹងថាក្រពើនោះនៅទីណា ហើយឲ្យរកឧបាយកលតាមចាប់ក្រពើនោះឲ្យទាល់តែបាន ។ ហោរាបានឲ្យធ្វើកន្ទោងស្លឹកចេក ១ បញ្ចុះយន្តមន្តអាគមគាថា ក្នុងកន្ទោងនោះ ហើយបណ្ដែតទៅលើទឹក ។ កន្ទោងនោះក៏អណ្ដែតទៅតាមដាន អាធន ។ មុនដំបូង កន្ទោងអណ្ដែតចេញ ពីឧត្ដុង្គតម្រង់ទៅស្រុកសម្បូរ ហើយទៅសំចតក្នុងព្រែកមួយ ។ ខណៈដែលកន្ទោងសំចតត្រង់ណា គេដឹងថា កន្លែងនោះហើយដែលអាធន វាលាក់ខ្លួនពួនអាត្មាវា ។
    លុះព្រះមហាក្សត្រ ទ្រង់បានជ្រាបទីលំនៅ របស់ អាធន ហើយទ្រង់ក៏ចាត់ឲ្យរៀបព្រួលនៅក្នុងទឹក ដើម្បីនឹងឃាំងព័ទ្ធ អាធន កុំឲ្យវាហែលរួចទៅក្នុងទន្លេ ។ ប៉ុន្តែចាត់ការពុំរហ័សទាន់ពេលវេលា អាធន ក៏ហែលរត់បាត់ពីកន្លែងនោះទៅ ។ ព្រែកដែលបានពោលមកនេះ មានឈ្មោះថា "ព្រែកចារធ្នល់ " ដែលមាននៅលុះដល់សព្វថ្ងៃនេះ ។ ក្រោយពេលដែលវាបានហែលបត់ចុះបត់ឡើងគ្រប់ៗកន្លែង វាទៅដល់ស្រុកខោន ហើយវាសំចតនៅទីនោះ ២–៣ ថ្ងៃទើបវាហែលចុះមកវិញ ។ ឯកន្ទោងក៏ចេះតែអណ្ដែតតាមវាជាដរាប មានទាំងនាវា ២–៣ តាមកន្ទោងនោះផង ។ នៅទីបំផុត កន្ទោងនោះ ចុះមកដល់ស្រុកឆ្លូង អណ្ដែតចូលទៅក្នុងព្រែកឆ្លូង ។
    ព្រែកឆ្លូងសម័យនោះ ក្នុងពោះព្រែកមានច្រើនតែភក់ល្បាប់ មាត់ព្រែកមានច្រើនតែគុម្ពោតព្រៃឈើ អ្នកស្រុកសង់ផ្ទះតូចៗ តាមជួរមាត់ព្រែកនោះ ក្នុងចន្លោះជលជាត និងគុម្ពោតព្រៃឈើទាំងនោះ ។ កាលដែលអាធន វាបានទៅដល់គុម្ពោតព្រៃទាំងនោះ វាសង្ឃឹមថាវាមុខជានឹងរួចអំពីគ្រោះថ្នាក់ធំហើយៗ វាសំចតនៅទីនោះ ។ គុម្ពោតព្រៃទាំងនោះ អាចបង្ខាំងមិនឲ្យទូកក្ដារនានាចូលបាន ប៉ុន្តែកន្លែងនោះហើយដែល អាធន បានសេចក្ដីអន្តរាយជាទម្ងន់រហូតដល់ស្លាប់ ។
    និយាយអំពីបណ្ដាជនដែលដេញតាម អាធន កាលបើដឹងថា វាសំណាក់អាស្រ័យនៅទីនោះហើយ គេក៏នាំគ្នាទៅបញ្ជាន់មេមត់ ដែលជារូបសំណឹងអ្នកតាចាស់ស្រុកនៅទីនោះ ដណ្ដឹងសួរបន់ស្រន់ឲ្យជួយចាប់ អាធន់ យកមកប្រហារជីវិតឲ្យបាន បើបានដូចសេចក្ដីប្រាថ្នា គេនឹងថ្វាយស្បែកក្រពើដល់មេមត់នោះ ។ ពេលនោះ អាធន សំចតនៅកន្លែងមួយ ដែលហៅថាតាមសព្វថ្ងៃនេះថា " រូង " ។ ឯពួកអ្នកដេញតាម អាធន លុះបានឱកាសល្អក៏មុជក្នុងទឹកចាប់ចងស្រាក់ខ្លួនវា ។ ទីដែលធ្វើការទាំងនោះ នៅមានឃើញស្នាមដំណែលរហូតដល់សព្វថ្ងៃ ។ ដោយ អាធន មានទម្ងន់ច្រើនហាបពេក ទើបគេយកខ្សែចងដងថ្លឹងយឹតយោងថ្ពក់យកខ្លួនវាឡើងមកសម្លាប់ ។
    លុះសម្លាប់ អាធន បានស្រេចហើយ គេយកស្បែកទៅថ្វាយមេមត់ដែលបានបន់ពីមុនមក ។ កន្លែងដែលគេទុកដុំសាច់ក្រពើនោះ ជាប់ឈ្មោះថា "នាងក្រពើ" តមក ប៉ុន្តែដោយដីនៅកន្លែងនោះមានរាងដូចជាខ្នងសត្វលា (?) គេត្រឡប់ជាហៅថា " ខ្នងក្រពើ "វិញ ដែលជាកន្លែងធ្វើចម្ការកៅស៊ូនៅមេមត់សព្វថ្ងៃ ។ ឆៀងខាងកើតបន្តិចមកខាងស្នួលមានកន្លែងមួយឈ្មោះថា " វាលហាលងៀត " ព្រះជាកន្លែង ដែលគេពន្លះសាច់ អាធន ប្រឡាក់អំបិលហាលថ្ងៃ ។
    ចំណែកព្រះសពព្រះរាជបុត្រី ដែលរកឃើញនៅក្នុងពោះ អាធន នោះ ព្រះរាជាទ្រង់ចាត់ការបូជាព្រះភ្លើងនៅស្រុកសម្បូរ ហើយទ្រង់បញ្ចុះព្រះធាតុក្នុងព្រះចេតិយមួយ នៅក្នុងវត្តសម្បូរនោះឯង ។


១- ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៧.០០១ រៀបរៀងដោយលោក ទុយ-ឌិន កាលនៅជាបាឡាត់ស្រុកបន្ទាយមាស ខេត្តកំពត ។
២- ឯកសារខ្លះថាឈ្មោះ អាថោង ។

Flag Counter