រឿង វត្ត​សំពៅ​ប្រាំ

រឿង វត្ត​សំពៅ​ប្រាំ (នៅ​ក្រុង​បូក​គោ) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៩៧ - ១០១ វត្ត​សំពៅ​ប្រាំ ឋិត​នៅ​លើ​ខ្ពង់​រាប​នៃ​ភ្នំ​បូក​គោ ដែល​សព្វ​ថ្ងៃ​នេះ រាជការ​បាន​តែង​តាំង​ជា​ទីក្រុង​ទេសចរណ៍​មួយ​យ៉ាង​សំខាន់ សម្រាប់​យក​ខ្យល់​អាកាស​ស្អាត​ស្អំ​នៅ​មាត់​សមុទ្រ ។ ភ្នំ​នេះ ឋិត​នៅ​ក្នុង​ពួក​ភ្នំ​កំចាយ ពី​ដើម​នៅ​ក្នុង​ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត ប៉ុន្តែ​សព្វ​ថ្ងៃ គេ​កាត់​ចេញ​ដោយ​ឡែក ជា​បុរី​មួយ, ដោយ​មាន​ការ​គ្រប់​គ្រង​ពិសេស ដាច់​ចេញ​ពី​ខេត្ត​កំពត ។ សព្វ​ថ្ងៃ ទី​ក្រុង​ថ្មី​នេះ បាន​រៀបចំ​ជា​ថ្មី​ឲ្យ​ទាន់​សម័យ, ឯ​ផ្លូវ​ថ្នល់ ដែល​លូន​ក្រវេច​ក្រវៀន​តាម​ចង្កេះ​ភ្នំ កាត់​ជ្រោះ​ភ្នំ ឡើង​ទៅ​កាន់​ខ្ពង់​បព្វតា​នេះ ក៏​បាន​ក្រាល​ថ្ម​ចាក់​ជ័រ​យ៉ាង​ស្អាត​បាត រថយន្ត​តូច​គ្រប់​ធន់ បើក​បរ​បាន​គ្មាន​លំបាក​ទេ លើក​លែង​តែ​រថយន្ត​ធំ​វែង​ៗ បើក​បរ​ពុំ​បាន​ត្បិត​បត់​បែន​ពុំ​កើត ព្រោះ​ផ្លូវ​នេះ​ក្ងិចក្ងក់​ពេក ។ ផ្លូវ​ឡើង​នេះ មាន​ចម្ងាយ​ចាប់​តាំង​ពី​ត្រង់​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ ៣ (ផ្លូវ​កំពត​ទៅ​វាលរេញ) ទៅ មាន ៣២ គីឡូ ប៉ុន្តែ​ដោយ​ផ្លូវ​បត់​បែន ហើយ​ត្រូវ​ឡើង​ជា​ដរាប​ផង រថយន្ត​បើក​ពុំ​សូវ​បាន​លឿន​ប៉ុន្មាន​ទេ ។ ពី​ដើម​ខ្ពង់​រាប​បូក​គោ ជា​កន្លែង​យក​ខ្យល់​អាកាស សម្រាប់​ជន​ជាតិ​អឺរ៉ុប ដែល​ជា​អាណា​ព្យាបាល​ស្រុក​យើង គឺ​លោក​ហ្វ្រង់ ស្វា-បូដ្វាំង ជា​រ៉េស៊ីដង់សុប៉េរីយើរ នៅ​ប្រទេស​កម្ពុជា បាន​ចាត់​សាង ហើយ​សម្ពោធ​ជា​ផ្លូវ​ការ កាល​ពី​ឆ្នាំ ១៩២៥ ។ កាល​ពី​សម័យ​កសាង​នោះ ដោយ​ទ្រង់​យល់​ថា បារាំង​រៀបចំ​ធ្វើ​ទី​សំណាក់​អាស្រ័យ យក​ធាតុ​ត្រជាក់​សម្រាប់​ពួក​គេ​ដូច្នោះ ព្រះ​មហា​ក្សត្រ​ខ្មែរ​យើង ក៏​ព្រះ​អង្គ​ទ្រង់​ព្រះ​តម្រិះ​ដល់​ព្រះ​ពុទ្ធ​សាសនា​ភ្លាម​ដែរ គឺ​ព្រះ​អង្គ​ទ្រង់​សាង​អារាម​មួយ ដោយ​មាន​កូន​វិហារ​តូច​មួយ និង ចេតិយ​មួយ​ឡើង​ដែរ ។ សំណង់​វត្ត​នេះ តាំង​នៅ​លើ​ដី​ខ្ពស់​ជា​កំពូល​ភ្នំ ដ៏​មាន​ផែន​ថ្ម​ធំ​ៗ នៅ​ពាស​ពេញ ចម្លែក​ជាង​គេ គឺ​ផែន​ថ្ម​ជា​បន្ទះ​ៗ មាន​ទំហំ​បណ្ដោយ ប្រមាណ​ជាង ១០ ម៉ែត្រ និង កម្ពស់​ប្រហែល​ជិត​ដប់​ម៉ែត្រ​ដែរ ។ ទ្រង់​ទ្រាយ​ផែន​ថ្ម​នេះ មាន​ភាព​សំប៉ែត ខ្ពស់​ទ្រ​ទុង​នៅ​ឃើញ​រូប​ភាព​នៃ​ថ្ម​ទាំង ៥ ផែន​នេះ មាន​សណ្ឋាន​ដូច​សំពៅ ៥ កំពុង​បើក​ក្ដោង ហើយ​ការ​កសាង​វត្ត​នេះ ក៏​ត្រូវ​ធ្វើ​នៅ​ជាប់​ផែន​ថ្ម​នេះ​ទៀត, ទើប​អ្នក​ផង​ហៅ​ទី​នេះ​តាម​សន្មត​ថា "វត្ត​សំពៅ​ប្រាំ" ។ កាល​បើ​បាន​ឈ្មោះ​នេះ​ហើយ អ្នក​ផង ក៏​ប្រឌិត​បាន​ជា​រឿង​ព្រេង​មួយ​ឡើង ដែល​ដក​ស្រង់​ពី​រឿង​មាន​ស្រាប់​មក​ហើយ គឺ​រឿង​ព្រះ​ថោង​នាង​នាគ​នោះ​ឯង មាន​ដូច​តទៅ​នេះ ៖ ក្នុង​កាល​កន្លង​យូរ​មក​ហើយ2 កាល​នោះ​មាន​ស្ដេច​ខ្មែរ​យើង​មួយ​អង្គ ព្រះ​នាម​ព្រះ​ថោង ។ រឿង​ដើម នៃ​ក្សត្រ​អង្គ​នេះ គឺ​ព្រះ​អង្គ ជា​ព្រះ​អង្គ​ម្ចាស់​មួយ​ព្រះ​អង្គ មាន​ការ​តូច​ព្រះទ័យ​នឹង​បិតា ដែល​ត្រូវ​ឲ្យ​ព្រះ​អង្គ​គោរព​បូជា​ព្រះ​អនុជ​ពៅ, ម្ល៉ោះ​ហើយ ទ្រង់​យាង​ចេញ​ពី​ព្រះ​រាជ​វាំង​ជា​មួយ​ស្ម័គ្រ​បក្ស​ពួក ចេញ​ឆ្ងាយ​ពី​រាជ​វាំង​ទៅ​ដល់​ឆ្នេរ​ខ្សាច់​មួយ ដ៏​មាន​ដើម​ធ្លក​មួយ​ដើម ដុះ​នា​កណ្ដាល​វាល​ខ្សាច់​នោះ ។ ព្រះ​អង្គ បញ្ឈប់​ពលរេហ៍​នៅ​ទី​នោះ សម្រាក​ព្រះ​កាយ​នៅ​ក្រោម​ដើម​ធ្លក ។ ពេល​ព្រលឹម​ស្វាង​ឡើង ព្រះ​អង្គ​យាង​មួយ​ព្រះ​អង្គ​ឯង លំហែ​ព្រះ​កាយ​តាម​មាត់​សមុទ្រ​កាន់​តែ​ឆ្ងាយ​ទៅ​ៗ ស្រាប់​តែ​ឮ​សូរ​សំឡេង​មនុស្ស​អ៊ូអរ ព្រះ​អង្គ​ក៏​យាង​ទៅ​ជិត បាន​ជួប​នឹង​នាង​នាគ ដែល​កំពុង​នាំ​ភីលៀង​មក​កម្សាន្ត​ឆ្នេរ​សមុទ្រ​នេះ ។ ព្រះ​អង្គ​បាន​លួង​លោម​ប្រតិព័ទ្ធ នាង​នាគ​ក៏​ព្រមព្រៀង តែ​សុំ​ឲ្យ​ព្រះ​អង្គ​តោង​កន្ទុយ​នាគ ដើម្បី​ជ្រែក​ទឹក​ទៅ​កាន់​ឋាន​នាគ ថ្វាយ​បង្គំ​ព្រះ​បាទ​ភុជង្គនាគ ជា​ព្រះ​វរ​បិតា ។ លុះ​ព្រះ​អង្គ តាម​ព្រះ​នាង​ទៅ​ដល់​ឋាន​នាគ អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ក៏​សុំ​លា​ព្រះ​បិតា​ក្មេក នាំ​មហេសី​វិល​មក​ឋាន​មនុស្ស​វិញ ។ កាល​នោះ ព្រះ​បាទ​ភុជង្គនាគ ក៏​បាន​រៀបចំ​ប្រដាប់​ប្រដា ជា​ទ្រព្យ​មាន​តម្លៃ​ចំនួន​ប្រាំ​សំពៅ ដើម្បី​ដង្ហែ​ព្រះ​រាជ​បុត្រ មក​គ្រប់​គ្រង​រាជ្យ​នៅ​មនុស្ស​លោក ។ សំពៅ​ទាំង​ប្រាំ​នេះ បើក​ក្ដោង​សំដៅ​ដល់​មាត់​សមុទ្រ ជាយ​ដែន​ប្រទេស​ហើយ ក៏​ចូល​ចត​តម្រៀប​គ្នា រើ​ប្រដាប់​ប្រដា​ចេញ​ពី​សំពៅ ហើយ​ដឹក​ជញ្ជូន​យក​ទៅ រក​ទី​ណា​មួយ​មាន​ដី​ទួល​ខ្ពស់ រៀបចំ​កសាង​ជា​ទីក្រុង​ឡើង ។ ឯ​សំពៅ​ទាំង ៥ នោះ ក៏​បញ្ឈរ​ទុក​សម្រាប់​ព្រះ​អង្គ​មាន​ដំណើរ​ទៅ​ណា​មក​ណា ទ្រង់​គង់​ក្រសាល​តាម​ព្រះ​ចិន្ដា ។ ពលរេហ៍​ទាំង ៥០០ នាក់ ក៏​ដង្ហែ​ព្រះ​ថោង និង នាង​នាគ ទៅ​ចាប់​ស្ថាបនា​ទីក្រុង រាជ​និវេសន៍​ទាំង​អស់​គ្នា​ទៅ នៅ​សល់​តែ​សំបក​សំពៅ ។ លុះ​អស់​កាល​ជា​យូរ​លង់​មក​ហើយ ឆ្នេរ​សមុទ្រ ក៏​ចេះ​តែ​ស្រុត​ស្រក​ឆ្ងាយ​ទៅ​ៗ, ដី​ក៏​កាន់​តែ​ដុះ​ខ្ពស់​ឡើង​ៗ, សំពៅ​ទាំង ៥ នោះ​ក៏​កឿង​ជាប់​នឹង​ច្រាំង ហើយ​យូរ​ៗ ទៅ ក៏​រឹង​ទៅ​ជា​ថ្ម​លិច​បាត់​តួ​សំពៅ​ទៅ​ក្នុង​ដី នៅ​សល់​តែ​ក្ដោង​ទាំង ៥ ដែល​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ ។ នេះ​ហើយ ជា​រឿង​ព្រេង ដែល​អ្នក​ស្រុក​ប្រឌិត​ភ្ជាប់​នឹង​ស្ថាន​ភាព​វត្ត​នៅ​លើ​ភ្នំ​បូក​គោ ។ ប៉ុន្តែ​បើ​តាម​ការ​ស្រាវ​ជ្រាវ​វិញ វត្ត​នេះ ពុំ​មែន​ជា​វត្ត​បុរាណ​ណាស់​ណា​ទេ គឺ​ជា​វត្ត​ថ្មី​មួយ ដែល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិ-មុនីវង្ស ព្រះ​ចៅ​ប្រទេស​កម្ពុជា ទ្រង់​កសាង​ឡើង កាល​ពី គ.ស. ១៩២៤ គឺ​នៅ​ពេល​ដែល​រាជការ​អាណា​ព្យាបាល​បារាំង គេ​ស្ថាបនា ទី​តំបន់​បូក​គោ ធ្វើ​ជា​ទី​លំហែ សម្រាក​យក​ខ្យល់​ត្រជាក់ តាម​ធាតុ​អាកាស​ស្រុក​អឺរ៉ុប ។ កាល​នោះ រាជការ​បារាំង គេ​បាន​ថ្វាយ​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត នូវ​ទី​កន្លែង​មួយ សម្រាប់​ព្រះ​អង្គ​ស្ថាបនា​ជា​ព្រះ​រាជ​ដំណាក់​មួយ​នៅ​បូក​គោ​នោះ ដូច្នេះ​ហើយ ព្រះ​អង្គ​ក៏​ផ្ដួច​ផ្ដើម​ព្រះ​ទ័យ កសាង​ជា​វត្ត​មួយ​នេះ​ឡើង ដោយ​ជ្រើស​រើស​យក​ទី​ទួល ដែល​នៅ​ជាប់​នឹង​ផែន​ថ្ម ៥ សន្លឹក​ធំ​ៗ នោះ សង់​ជា​ព្រះ​វិហារ​មួយ​តូច តែ​ស្អាត​ស្អំ និង ចេតិយ​តូច​មួយ​ទៀត នៅ​ពី​មុខ​ព្រះ​វិហារ​នេះ ហើយ​សន្មត​យក​នាមាភិធេយ្យ​ថា "វត្ត​សំពៅ​ប្រាំ" គឺ​យក​តាម​លំនាំ ទី​កន្លែង​លើ​ទួល​នោះ ដែល​មាន​សន្លឹក​ផែន​ថ្ម​ធំ​ៗ ដូច​ជា​ក្ដោង​សំពៅ​ប្រាំ​ផ្ទាំង ឋិត​នៅ​ត្រង់​នោះ​ស្រាប់ ។ សព្វ​ថ្ងៃ បូក​គោ ជា​ទី​មនោរម្យ​មួយ​សម្រាប់​ទេសចរណ៍​ធ្វើ​ដំណើរ​ទៅ​លំហែ សម្រាក​កាយ នៅ​គ្រប់​ពេល​ដែល​ឈប់​សម្រាក, ម្ល៉ោះ​ហើយ វត្ត​សំពៅ​ប្រាំ ក៏​ទៅ​ជា​រមណីយដ្ឋាន​មួយ ដែល​គេ​ស្គាល់​ច្រើន​ដែរ ។

Flag Counter