រឿង ភ្នំ​សែន​ហាន

រឿង ភ្នំ​សែន​ហាន (នៅ​ខេត្ត​កំពត) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១០៣ - ១០៤ នៅ​ខេត្ត​កំពត ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា មាន​ភ្នំ​មួយ​ឈ្មោះ "ភ្នំ​សែន​ហាន" តាំង​នៅ​ទិស​ខាង​លិច​វត្ត​អង្គរ​ជ័យ ឃុំ​អង្គរ​ជ័យ ស្រុក​អង្គរ​ជ័យ (អតីត​ស្រុក​បន្ទាយ​មាស) ខេត្ត​កំពត ចម្ងាយ​ពី​វត្ត​នេះ​ប្រមាណ ៣ គីឡូម៉ែត្រ ។ ភ្នំ​នោះ មាន​បណ្ដោយ​ប្រមាណ ១០ គ.ម. ទទឹង​ប្រហែល​ជា ៥ គ.ម. កម្ពស់​តាម​ចម្ងាយ​ផ្លូវ​ដើរ​ឡើង​ពី​ជើង​ភ្នំ​ដល់​កំពូល​ប្រមាណ ២ គ.ម. ហើយ​មាន​ដើម​រុក្ខជាតិ​គ្រប់​មុខ ដុះ​នៅ​លើ​ភ្នំ​នោះ​ណែន​ណាន់​តាន់​តាប់ ។ នៅ​ក្បែរ​ជើង​ភ្នំ មាន​ជ្រោះ​មួយ ឈ្មោះ​ជ្រោះ​ស្លា ស្ថិត​នៅ​ខាង​លិច​វត្ត​អង្គ​ពន្លឺ ដែល​មាន​ទឹក​ពណ៌​ខៀវ​ថ្លា​ហ្វង់ គួរ​ជា​ទី​រីករាយ​សប្បាយ ជា​លំនៅ​នៃ​ពួក​មច្ឆជាតិ​ទាំងឡាយ ។ ភ្នំ​នេះ បាន​ជា​មាន​ឈ្មោះ​ថា "សែន​ហាន" ដោយ​មាន​រឿង​ព្រេង​ដែល​អ្នក​ស្រុក​និទាន​ត​ៗ មក ថា ៖ សម័យ​ពី​ព្រេង​នាយ ក្នុង​គ្រា​មួយ ដែល​អ្នក​ស្រុក​អំណត់​ណាស់ មាន​មនុស្ស​ជា​ច្រើន​នាក់ នាំ​គ្នា​ទៅ​រក​ស៊ី​ធ្វើ​ការ​នៅ​ជើង​ភ្នំ​នោះ ដែល​ជា​ភ្នំ​ពុំ​ទាន់​មាន​ឈ្មោះ​ថា​អ្វី​នៅ​ឡើយ ហើយ​ភ្នំ​នោះ ពុំ​ទាន់​មាន​ដើម​ឈើ​ច្រើន​នៅ​ឡើយ​ផង គេ​បាន​នាំ​គ្នា​ដាំ​ដំណាំ​ផ្សេង​ៗ ជា​ច្រើន មាន ចេក ពោត ត្រាវ ដំឡូង ដូង ស្លា ជាដើម ។ ក្នុង​គ្រា​នោះ មាន​តា​ម្នាក់​ឈ្មោះ "សែន" នៅ​ធ្វើ​ចម្ការ​ក្នុង​ទី​នោះ​ដែរ ។ ពេល​ដែល​ដំណាំ​កំពុង​តែ​លូតលាស់​ល្អ ល្មម​ប្រើ​ការ​បាន ស្រាប់​តែ​មាន​ដំរី​ស្ដ​មួយ ចូល​មក​កាច់​ចេក ដក​ដំណាំ​នោះ ស៊ី​ជា​រឿយ​ៗ ។ តា​សែន គិត​ថា "បើ​អញ​មិន​រក​មធ្យោបាយ ដើម្បី​កម្ចាត់​ដំរី​នេះ​ចេញ​មុខ មុខ​តែ​ថ្ងៃ​ណា​មួយ​វា​នឹង​ស៊ី​ដំណាំ​នេះ​អស់​ជា​មិន​ខាន" ទើប​គាត់​ចាប់​លំពែង និង កាំបិត​ព្រា​ដេញ​ចាក់-កាប់​ដំរី​នោះ​សោះ​ឡើយ ។ កាល​ដែល​តា​សែន​សម្លាប់​ដំរី​នោះ​បាន​ហើយ អ្នក​ស្រុក​ភូមិ​ទាំង​អស់ នាំ​គ្នា​ហៅ​គាត់​ថា "តា​សែន​ក្លាហាន​ៗ" ។ លុះ​ចំណេរ​ត​ៗ មក ពេល​តា​សែន​គាត់​ធ្វើ​មរណ​កាល​ហើយ​ក្ដី ក៏​មនុស្ស​អ្នក​ស្រុក-ភូមិ នាំ​គ្នា​ហៅ​ភ្នំ​ដែល​ជា​លំនៅ​តា​សែន​នោះ​ថា "ភ្នំ​តា​សែន​ក្លាហាន" លុះ​យូរ​ៗ ត​ៗ មក​ទៀត ក៏​ហៅ​ខ្លី​មក​ត្រឹម "ភ្នំ​សែន​ហាន​ៗ" រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

Flag Counter