រឿង ព្រះ​ពាន់

រឿង ព្រះ​ពាន់ (នៅ​ខេត្ត​ព្រៃវែង) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៣១ - ១៣៤ បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ១ ពី​ភ្នំ​ពេញ​ទៅ​ស្វាយរៀង, ដល់​ទៅ​ផ្សារ​តូច​មួយ គេ​ហៅថា ផ្សារ​ល្វា ក្នុង​ឃុំ​ល្វា ស្រុក​កំពង់​ត្របែក (ព្រៃវែង) ចុះ​ទៅ​ខាង​ស្ដាំ​ដៃ (ទៅ​ត្បូង) តាម​ផ្លូវ​លំ​ប្រមាណ​ជា ៥ គ.ម. ចុះ​ទៅ​ទៅ​ខាង​ស្ដាំ​ដៃ (ទៅ​លិច) តាម​ផ្លូវ​រទេះ ឬ​ក៏​ទៅ​តាម​ភ្លឺ​ស្រែ​អ្នក​ស្រុក ចម្ងាយ​ប្រមាណ​ជា ៣ គ.ម. ទៀត នឹង​បាន​ឃើញ​ដើម​ឈើ​ខ្ពស់​ៗ "នោះ​គឺ​ជា​ព្រះ​ពាន់" ។ បើ​យើង​សួរ​អ្នក​ស្រុក​នៅ​ក្នុង​ភូមិ​ជិត​ខាង គេ​នឹង​ប្រាប់​យើង​ថា "នោះ​គឺ​ជា​ព្រះ​ពាន់" ។ លុះ​យើង​ចូល​ដល់​បុរាណ​ដ្ឋាន​នេះ នឹង​បាន​ឃើញ​អាស្រម​មួយ សង់​ដោយ​ឈើ​ប្រក់​ក្បឿង របៀប​ជា​សាលា ។ នៅ​ក្នុង​សាលា​នេះ​មាន​ឃើញ​ព្រះ​ពុទ្ធ​រូប ដែល​គេ​តម្កល់​លើ​បល្ល័ង្ក​យ៉ាង​រៀប​រយ ។ ក្រៅ​អំពី​ព្រះ​ពុទ្ធ​រូប​ដែល​គង់​លើ​បល្ល័ង្ក មាន​ព្រះ​ពុទ្ធ​រូប​ជា​ច្រើន​រយ​អង្គ​ទៀត ដែល​គេ​រចនា​ជាប់​ទៅ​នឹង​ដុំ​ថ្ម​មួយ កម្ពស់​ប្រមាណ ១ ម. ទំហំ ១ ម. រាង​រៀវ​ទៅ​លើ, ព្រះ​ពុទ្ធ​រូប​នេះ​ហើយ ដែល​គេ​ហៅថា "ព្រះ​ពាន់" ។ បាន​ជា​គេ​ហៅ​ថា "ព្រះ​ពាន់" ដោយ​មាន​រឿង​ព្រេង ដែល​ចាស់​ៗ ដំណាល​ត​ៗ មក​ថា ៖ កាល​ពី​អតីត​កាល​កន្លង​យូរ​អង្វែង​ណាស់​ហើយ​នោះ មាន​ត្រកូល​មួយ​មិន​ប្រាកដ​ថា​ឈ្មោះ​អ្វី បាន​រស់​នៅ​ក្នុង​ទី​នោះ ។ កាល​អំណើះ​ឥត​អំពី​ប្ដី​ទៅ ប្រពន្ធ​បាន​រួម​រស់​ជា​មួយ​កូន​ប្រុស​ម្នាក់ រក​ស៊ី​ចិញ្ចឹម​ជីវិត ដោយ​ការ​ធ្វើ​ស្រែ ជា​របរ​ប្រចាំ​គ្រួសារ ។ រៀង​រាល់​ព្រឹក, ម្ដាយ​តែង​តែ​ឲ្យ​កូន​ប្រុស​នេះ​ទៅ​ភ្ជួរ​រាស់​ឯ​ស្រែ លុះ​ដល់​ថ្ងៃ​បន្តិច ទើប​ម្ដាយ​ទូល​បាយ​សម្ល​យក​ទៅ​ឲ្យ​កូន​ឯ​ស្រែ​នោះ ជា​ខាង​ក្រោយ ។ ថ្ងៃ​មួយ ដោយ​ម្ដាយ​មាន​ជាប់​រវល់ ក្នុង​កិច្ចការ​ផ្ទះ​ជា​ច្រើន​ផង ដោយ​អាង​ថា​កូន ប្រហែល​ជា​មិន​ទាន់​ឃ្លាន​បាយ​ណាស់​ណា​ផង ក៏​បង្អែ​បង្អង់​ឲ្យ​យឺត​យូរ​បន្តិច​ជាង​រាល់​ថ្ងៃ ។ ចំណែក​កូន​ប្រុស ដែល​ទៅ​ភ្ជួរ​រាស់​ឯ​ស្រែ​នោះ ឃ្លាន​បាយ​ណាស់ ទទឹង​មើល​ផ្លូវ​ម្ដាយ ស្ទើរ​ក្រហម​ភ្នែក មិន​ឃើញ​ម្ដាយ​យក​បាយ​ទៅ​ឲ្យ​សោះ ក៏​បាន​ពោល​ពាក្យ​ប្រមាថ​មើល​ងាយ​ជា​ច្រើន ដោយ​ពាក្យ​ពុំ​សម​រម្យ ។ ម្ដាយ កាល​ដែល​បាន​រួច​រវល់​អស់​ហើយ ក៏​រៀបចំ​ដួស​បាយ​ដាក់​ត្រឡោក ហើយ​ញាត់​ឲ្យ​ណែន ដោយ​គាត់​គិត​ថា : កាល​ណា​កូន​គាត់​ស៊ី​បាយ​រួច​ហើយ យក​ត្រឡោក​នេះ​ដង​ទឹក​ផឹក​តែ​ម្ដង ជា​ការ​ងាយ​ស្រួល​ជាង​ដាក់​បាយ​នឹង​ចាន, ព្រោះ​បើ​យក​ចាន ហើយ​យក​ត្រឡោក​ថែម​ទៀត​នោះ នា​តែ​ឲ្យ​ច្រើន លំបាក​នឹង​យក​មក​វិញ ។ កូន​កំលោះ​គាត់ ដែល​កំពុង​ឃ្លាន​បាយ​ខ្លាំង កាល​បើ​បាន​ឃើញ​ម្ដាយ ទូល​បាយ​តែ​បន្តិច​ដាក់​ក្នុង​ត្រឡោក យក​ទៅ​ឲ្យ​ខ្លួន​ដូច្នោះ នឹក​ខឹង​ណាស់ ដោយ​ស្មាន​ថា​ខ្លួន​ស៊ី​មិន​ឆ្អែត ក៏​និយាយ​ពាក្យ​ដ៏​ទ្រគោះ ទាំង​ជ្រុល​ហួស​ដល់​វាយ​ដំ​ម្ដាយ លុះ​ត្រា​ម្ដាយ​សន្លប់​បាត់​ស្មារតី​ក្នុង​ពេល​នោះ ។ លុះ​ដល់​ស៊ី​បាយ​ក្នុង​ត្រឡោក​នោះ​ទៅ វា​ស៊ី​មិន​អស់ ទើប​ដឹង​ថា ខ្លួន​ធ្វើ​នេះ​ខុស​ហើយ ងាក​មក​សុំ​ខមាទោស​ម្ដាយ​វិញ ។ ម្ដាយ ឆ្លើយ​តប​ថា : ម្ដាយ​គ្មាន​ទោស​ឲ្យ​កូន​ទេ គឺ​ជា​ទោស​របស់​វដ្ដៈ​ទេ បើ​កូន​ចង់​បាន​រួច​កម្ម​ពៀរ​នេះ ត្រូវ​កូន​កសាង​ព្រះ​ពុទ្ធ​រូប ១ ពាន់ នៅ​លើ​ផ្ទាំង​ថ្ម​ដា​មួយ​យ៉ាង​ធំ កាល​ណា​បើ​ព្រះ​ពុទ្ធ​រូប​ទាំង​នេះ របេះ​រលុប​រលាយ​បាត់​កាល​ណា ពេល​នោះ ទើប​កូន​រួច​អំពី​កម្ម​ពៀរ​នេះ ។ ម្ដាយ​ផ្ដាំ​រួច​ស្រេច​ហើយ ក៏​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក​ទៅ ។ កូន​ប្រុស​នេះ ក៏​បាន​ធ្វើ​តាម​បណ្ដាំ​ម្ដាយ ដោយ​យក​ដុំ​ថ្ម​មួយ​ធំ មក​រចនា​ជា​ព្រះ​ពុទ្ធ​រូប​ជុំ​វិញ​ជា​ជាន់​ៗ ជា​ច្រើន​រយ​អង្គ ហើយ​តម្កល់​ទុក​ក្នុង​កន្លែង​នេះ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ នៅ​រៀង​រាល់​ឆ្នាំ អ្នក​ស្រុក​ជិត​ខាង គេ​តែង​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​ទាន​ផ្សេង​ៗ នៅ​កន្លែង​នេះ ពុំ​ដែល​ខាន ។

Flag Counter