រឿង បុរស​ជីក​ក្ដាម

  • Print

រឿង បុរសជីកក្ដាម
ប្រជុំរឿងព្រេងខ្មែរភាគទី ១ ទំព័រទី ១៣០- ១៣៥

    និទាន ១ ថា : មានបុរសប្ដីប្រពន្ធ មានកូនប្រុសមួយ កូននោះអាយុបាន ១២ ឆ្នាំ មាតាស្លាប់ទៅ នៅតែឪពុកពោះម៉ាយ ។ ឪពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូន លក់មិនដាច់រឹតតែក្រទៅៗ ក្រោយមក ឪពុកអនិច្ចកម្មទៅទៀត នៅតែកូនម្នាក់ឯងរក្សាផ្ទះសំបែង ។ ឪពុកស្លាប់ទៅបាន ៥ថ្ងៃក៏មកពន្យល់សប្ដិថា «កូនឯងក្រលំបាកណាស់ យើងជាឪពុកគ្មានរបស់អ្វីនឹងឲ្យទេ ដូច្នេះឲ្យកូនទៅជីកក្ដាមនៅក្រោមខ្ទមអ្នកតា នាទិសឦសានផ្ទះយើង យកទៅលក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះ វេលាព្រឹក ថ្ងៃរះឡើងកាលណា ឲ្យកូនទៅជីកយករាល់ថ្ងៃកុំខាន » ។

    លុះភ្លឺច្បាស់ កូននោះភ្ញាក់ឡើង ចាំជាក់នូវនិមិត្តសព្វគ្រប់ ក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតា ជីកទៅឃើញក្ដាមមួយប្រាកដមែន រួចយកក្ដាមនោះទៅលក់ឲ្យអ្នកផ្សារៗ ក៏ទិញយក ។ បុរសនោះបានប្រាក់ហើយត្រឡប់មកវិញ ។
    ថ្ងៃក្រោយវេលាព្រឹក បុរសទៅជីកក្ដាមនៅកន្លែងដដែលនោះ បានក្ដាមមួយយកទៅលក់ឲ្យអ្នកផ្សារ គេក៏ទិញយកទៅទៀត ។ បុរសនោះត្រឡប់មកផ្ទះវិញ ។
    នៅទីនោះ មានមហាសេដ្ឋីម្នាក់មានកូនស្រីក្រមុំច្រើន កូនស្រីបងៗទាំងប៉ុន្មាន មហាសេដ្ឋីរៀបឲ្យមានប្ដីអស់ នៅតែកូនស្រីពៅម្នាក់ ឈ្មោះនាងពៅប្រកែកមិនព្រមយកប្ដី សូម្បីមហាសេដ្ឋីជាឪពុកម្ដាយ បង្ខំឲ្យមានប្ដីម្ដេចម្ដា ក៏នាងមិនព្រម ។
    រីឯបុរសនោះ លុះថ្ងៃក្រោយ ទៅជីកក្ដាមនៅទីកន្លែងដដែលបានមួយទៀត ហើយកាន់យកទៅលក់ ។ នាងពៅ កូនក្រមុំមហាសេដ្ឋីបានឃើញ ក៏ហៅមកសួរថា « អ្នកកំឡោះ យួរក្ដាមទៅណា ? » ។ បុរសនោះជម្រាបថា « ខ្ញុំយកទៅលក់ » ។ នាងពៅក៏ទិញយក ហើយនាងប្រាប់ថា « ពីថ្ងៃនេះទៅ បើអ្នកបានក្ដាម កុំលក់ឲ្យអ្នកណា ត្រូវអ្នកយកមកលក់ឲ្យខ្ញុំ រាល់ថ្ងៃកុំខាន » ។ ដែលទៅជាយ៉ាងនេះ ដោយនាងនោះមានចិត្តប្រតិព័ទ្ធនឹងបុរសនោះណាស់ តែអ្នកនោះមិនដឹងខ្លួនទេ ។ បុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញ ។ ថ្ងៃក្រោយបុរសនោះ ទៅជីកក្ដាមនៅទីកន្លែងដដែលបានទៀត រួចយកមកលក់ឲ្យតែនាងពៅនោះរាល់ៗថ្ងៃ ។ នាងពៅក៏ចេះតែទទួលទិញយកក្ដាមមិនដែលខាន ហើយមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើង ក៏ធ្វើឫកពាកិរិយាឲ្យបុរសនោះដឹង ។ បុរសនោះដឹងជាក់ថា « នាងនោះស្រឡាញ់ខ្លួនប្រាកដ » តែដោយពិចារណាថា សព្វថ្ងៃនេះខ្លួនជាអ្នកក្រីក្រលំបាកណាស់ ហើយកំព្រាផង ក៏មិនហ៊ាននិយាយថាម្ដេចឡើយ ។
    ចំណែកបងស្រីៗប៉ុន្មាននាក់ បានឃើញនាងពៅជាប្អូន ធ្វើឫកពាកិរិយាស្រឡាញ់បុរសលក់ក្ដាមនោះពន់ពេក ក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមាតាបិតា « នាងពៅជាប្អូន ធ្វើឫកពាស្រឡាញ់បុរសជីកក្ដាមនោះក្រៃពេក បុរសនោះបានក្ដាមយកមកលក់ឲ្យតែនាងពៅ ឯនាងពៅចេះតែទទួលទិញរាល់តែថ្ងៃ រួចធ្វើឫកពាកិរិយាស្រឡាញ់បុរសនោះណាស់ ទោះបីខ្ញុំទាំងអស់គ្នា និយាយទូន្មានដូចម្ដេច ក៏មិនស្ដាប់មិនតាម រឹតតែធ្វើខ្លាំង » ។ សេដ្ឋីជាបិតាមាតា ឮដូច្នោះខឹងច្រឡោតឲ្យហៅនាងពៅមកជេរបន្ទោស ត្មះតិះដៀលថា «ហងនេះ ជាមនុស្សរឹងត្អឹងទទឹងនឹងចិត្តមាតាបិតា អញឲ្យមានប្ដីទៅមនុស្សមានទ្រព្យសម្បត្តិ ហងឯងប្រកែកមិនព្រមយក ឥឡូវហងស្រឡាញ់អាមនុស្សកម្សត់លក់តែក្ដាមវិញ ហងឯងនេះអាក្រក់ណាស់ ចុះចេញពីផ្ទះអញឲ្យឆាប់ទៅយកអាកម្សត់លក់ក្ដាមនោះចុះ, ចាប់ពីថ្ងៃនេះទៅហងឯង កុំមកឡើងផ្ទះអញ សូម្បីតែក្នុងភូមិក៏ចូលមិនបាន អញកាត់ចោលហើយ » ។ ចំណែកមាតាកាត់ចិត្តមិនដាច់ពីកូនពៅ ក៏លបវេចរបស់ស្រាលៗ ដែលមានតម្លៃឲ្យនាងពៅជាកូន ។ នាងពៅក៏សំពះលាមាតាយកបង្វេចដែលមាតាឲ្យនោះ ចុះចេញពីផ្ទះ សំដៅទៅផ្ទះបុរសលក់ក្ដាម និយាយពីរឿងដែលបិតាខឹងបណ្ដេញសព្វគ្រប់ ប្រាប់បុរសនោះៗ បានស្ដាប់ហើយ ឆ្លើយតបថា « សព្វថ្ងៃ ខ្លួនខ្ញុំនេះក្រីក្រជាទីបំផុត ហើយកំព្រាតែម្នាក់ឯងផង នាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេ ខ្ញុំខ្លាចមហាសេដ្ឋីជាបិតានាងចាប់ទោស យកខ្ញុំទៅសម្លាប់» ។ នាងពៅតបថា «ខ្ញុំមិនទៅវិញទេ ស៊ូស្លាប់នឹងអ្នកហើយ ! » ។ បុរសនោះសួរថា « បើដូច្នេះ យើងគិតដូចម្ដេច ? » ។ នាងពៅឆ្លើយថា « បើអ្នកគិតឃើញយ៉ាងណា ខ្ញុំទទួលធ្វើតាមយ៉ាងនោះទាំងអស់ » ។
    បុរសនោះ នាំនាងពៅចេញចោលផ្ទះ ទៅនៅស្រុកក្រៅ ហើយធ្វើផ្ទះ ១ ខ្នងសម្រាប់ លុះព្រឹកឡើងមកជីកក្ដាមនៅទីដដែល យកទៅលក់ដូចថ្ងៃមុនទៀត បានប្រាក់ហើយទិញវត្ថុផ្សេងៗផ្ញើប្រពន្ធ ហើយប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃ ។ ហេតុតែជាស្រីគ្រប់លក្ខណ៍នាងពៅនោះ ក៏ប្រណិប័តន៍ប្ដីមិនឲ្យទាស់ចិត្ត វេលាយប់ចូលដំណេកនាងពៅនិយាយនឹងប្ដីថា «ខ្ញុំសូមចិត្តប្ដី ! តាំងពីថ្ងៃនេះតទៅ សូមអ្នកកុំទៅជីកក្ដាមទៀតឡើយ ព្រោះប្រាក់កាសយើងមានច្រើនហើយ បើអ្នកចង់ទិញរបស់អ្វីៗ ក៏ទិញតាមចិត្តអ្នកចុះ » ។ ប្ដីមិនព្រមតាម ។
    លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត ។ ប្រពន្ធឃើញដូច្នោះក៏លបដើរតាមទៅមើលដល់ទីកន្លែង ឲ្យឃើញច្បាស់មិនឲ្យដឹង លុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញ ។ ចំណែកប្ដីជីកបានក្ដាមហើយយកទៅលក់ រួចទិញម្ហូបចំណីផ្ញើប្រពន្ធ ។
    ថ្ងៃក្រោយ ប្ដីទៅកាប់ឧសក្នុងព្រៃឆ្ងាយ នាងពៅបានឃើញប្ដីទៅរកឧស ក៏កាន់ចបទៅជីករំលើង នៅទីកន្លែងដែលប្ដីជីកក្ដាមនោះអស់ រួចត្រឡប់មកផ្ទះដាំបាយធ្វើម្ហូបចំណីទុកឲ្យប្ដីបរិភោគ , ថ្ងៃល្ងាចត្រជាក់ ប្ដីមកពីព្រៃ ក៏បរិភោគបាយជាមួយគ្នា ។
    លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត ឃើញទីកន្លែងដីនោះធ្លុះធ្លាយរលើងរលុះខ្ចាត់ខ្ចាយអស់ ហើយបានឃើញសំបកក្ដាមមួយធំប្លែកស្ងួតស្អាត ដូចជាហាលថ្ងៃយូរហើយ អ្នកនោះ ក៏កាន់សំបកក្ដាមយកមកទុកក្រោមផ្ទះ មិនបានប្រាប់ភរិយាឲ្យដឹងទេ ភរិយាក៏សួរប្ដីថាដូចម្ដេចឡើយ ។ ដល់វេលាយប់ចូលដំណេក នាងពៅកាន់ប្រាក់របូតពីដៃជ្រុះមួយណែនទៅក្រោមផ្ទះ ធ្លាក់ទៅលើសំបកក្ដាមនោះ នាងមិនហ៊ានប្រាប់ឲ្យប្ដីដឹង ដោយគិតថា « ចាំព្រឹកភ្លឺច្បាស់ឡើង សឹមចុះទៅយកប្រាក់មកទុកវិញ» ។ លុះព្រឹកឡើង នាងចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់នោះ ស្រាប់តែឃើញប្រាក់ណែនពេញសំបកក្ដាម នាងអរណាស់ យកមកឲ្យប្ដីៗសួរថា « នាងបានប្រាក់ពីណាច្រើនម្ល៉េះ ? ។ នាងពៅជម្រាបប្ដីថា « កាលពីយប់មិញ ខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកខាងក្នុង ក៏របូតមួយណែនពីដៃ ធ្លាក់ទៅក្រោមផ្ទះ ខ្ញុំពុំបានចុះទៅយក ពីព្រោះគិតឃើញថា «ផ្ទះនៅឆ្ងាយពីគេ គ្មាននរណាដឹងឬឃើញ ចាំព្រឹកភ្លឺច្បាស់សឹមចុះទៅយកមកទុក ខ្ញុំចុះទៅយកស្រាប់តែឃើញប្រាក់ណែនពេញសំបកក្ដាម ខ្ញុំក៏យកមកជូនអ្នក»។ ប្ដីមានអំណរពន់ប្រមាណ ហើយនិយាយប្រាប់ប្រពន្ធថា «ពីថ្ងៃនេះតទៅ បងឈប់ជីកក្ដាមហើយ » ។ ប្រពន្ធអរណាស់ រាល់តែវេលាយប់ អ្នកទាំងពីរនាក់ប្ដីប្រពន្ធនាំគ្នាទម្លាក់ប្រាក់ទៅចំសំបកក្ដាមធំ ព្រឹកឡើងចុះទៅមើល ឃើញប្រាក់ពេញសំបកក្ដាមនោះ ក៏យកមកទុករៀងរាល់ថ្ងៃ ទើបទម្លាក់ប្រាក់រៀល ព្រឹកឡើងឃើញប្រាក់រៀល ទើបទម្លាក់ប្រាក់ណែន ព្រឹកឡើងឃើញប្រាក់ណែនទើបទម្លាក់គ្រឿងមាសពេជ្រ ព្រឹកឡើងឃើញគ្រឿងមាសពេជ្រ ពេញសំបកក្ដាម ។ អ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះចំនួនមួយឆ្នាំមានប្រាក់មាស និងគ្រឿងប្រដាប់ប្រើប្រាស់ ច្រើនណាស់រាប់មិនអស់ ទើបប្រឹក្សាគ្នាថា «យើងមានប្រាក់មាស និងគ្រឿងប្រដាប់ច្រើនម្ល៉េះ តើយើងបានអ្វីនឹងទុករបស់ទាំងអស់នេះ ?» លុះគិតឃើញ ក៏នាំគ្នាយកប្រាក់ និងគ្រឿងមាសពេជ្រទាំងអស់ទៅជីកកប់ទុកច្រើនអន្លើ ។
    ក្រោយពីនោះមក ទាំងពីរនាក់ប្ដីប្រពន្ធនាំគ្នាទៅសួរមហាសេដ្ឋីជាមាតាបិតា ទៅដល់បងស្រីទាំងអស់បានឃើញជេរថា «មេចោរចង្រៃឯង នាំប្ដីកម្សត់លក់តែក្ដាមមករកអ្វី ? ហងឯងបានឮឬទេ លោកឪពុកបណ្ដេញកាត់កាល់ចោលហើយ សូម្បីតែក្នុងភូមិ ក៏លោកហាមមិនឲ្យចូលដែរ ? មេចង្រៃឯងចេញពីភូមិឲ្យឆាប់ >> ។ នាងពៅឆ្លើយថា « បងទាំងអស់កុំមើលងាយខ្ញុំៗមកនេះដើម្បីសួរមាតាបិតាព្រោះលោកមានគុណលើខ្ញុំៗ មិនមកសុំទ្រព្យសម្បត្តិលោកទេ, សម្បត្តិបងឯងទាំងអស់ ក៏ខ្ញុំមិនសុំដែរ ខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់មានប៉ុណ្ណោះ ខ្ញុំមិនកោត មិនព្រឺឡើយ សូម្បីតែរោមជើងខ្ញុំ ក៏វាមិនព្រឺផង >> ។
    បងទាំងអស់ខឹងណាស់ ជេរប្រទេចថា «ហងឯងនេះអួតណាស់ អញមិនជឿទេ» ។ នាងពៅថា «បើមិនជឿ ភ្នាល់គ្នាចុះ» ។ បងទាំងនោះថា «ភ្នាល់ដូចម្ដេច?»។ នាងពៅថា «ឲ្យបងទាំងអស់រាប់ប្រាក់ខ្ញុំមើល ឲ្យអស់ក្នុងមួយថ្ងៃ បើរាប់អស់ ខ្ញុំបែងចែកឲ្យរាល់គ្នា បើរាប់មិនអស់ ខ្ញុំមិនឲ្យទេ តែខ្ញុំយល់ថា កុំថាឡើយរាប់មួយថ្ងៃ ទោះជារាប់ពីរឬបីថ្ងៃ ក៏មិនអស់ដែរ» ។ បងទាំងនោះឆ្លើយថា «អញព្រមទៅរាប់ តែហងកុំកុហក អញវាយហងសម្លាប់ » ។ នាងពៅប្រាប់ថា « តាមចិត្ត » ។ បងៗនាំគ្នាទៅរាប់ប្រាក់នាងពៅ រាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់ នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីជាមាតាបិតាថា «នាងពៅជាប្អូនវាអួតថាខ្លួនវាមានប្រាក់ច្រើន ខ្ញុំទាំងអស់គ្នាមិនជឿ ហើយវាថាបើមិនជឿ ឲ្យទៅមើលឯផ្ទះវាចុះ ខ្ញុំទាំងអស់គ្នាក៏ទៅមើល ឃើញវាមានប្រាក់ច្រើនមែន ក៏ភ្នាល់នឹងវាៗថា បើខ្ញុំទាំងអស់គ្នារាប់ប្រាក់វាអស់ក្នុងមួយថ្ងៃ វានឹងឲ្យខ្ញុំយកចែកគ្នាចុះ បើរាប់មិនអស់វាមិនឲ្យទេ ទោះខ្ញុំទាំងអស់គ្នា ចាប់រាប់តាំងពីព្រឹកទាល់ល្ងាច ក៏មិនអស់ប្រាក់វា បានជាត្រឡប់មកជម្រាបមាតាបិតាសូមជ្រាប» ។ មហាសេដ្ឋីបានស្ដាប់ ក៏ចាត់ក្រមការឲ្យទៅមើលប្រាក់នាងពៅឲ្យជាក់ច្បាស់ ។ នាងពៅក៏នាំទៅមើលគ្រប់កន្លែង ។ ក្រមការទាំងនោះបានឃើញប្រាក់នាងពៅ មានច្រើនប្រាកដមែន ក៏ត្រឡប់មកជម្រាបមហាសេដ្ឋីតាមដំណើរសព្វគ្រប់ ។ មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ក៏ចាត់បម្រើឲ្យទៅហៅនាងពៅ និងកូនប្រសាមកប្រាប់ថា «កូនឯងមកនៅជាមួយនឹងមាតាបិតាវិញចុះ» ទើបមហាសេដ្ឋីបង្គាប់ក្រមការឲ្យកេណ្ឌរទេះក្របីគោជាច្រើន ទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅ យកមកទាំងអស់ ដាក់លើផ្ទះពាសពេញល្វែង ។ មហាសេដ្ឋីឃើញប្រាក់នាងពៅច្រើនមែន មានអំណរពន់ប្រមាណ ក៏សរសើរថា « កូនអញនេះពេញជាមានបុណ្យ អំណឹះតទៅកូនទាំងពីរនឹងបានធ្វើជាសេដ្ឋីដំណវង្សពុំខាន ឯការណ៍ដែលបិតាខឹងបណ្ដេញកូននោះ អ្នកកុំប្រកាន់ខឹងនឹងបិតា » ។ នាងពៅនិងប្ដីក៏នៅផ្ទះជាមួយមាតាបិតាដូចដើមវិញ ។ ចំណែកបងស្រីទាំងប៉ុន្មានក៏កោតខ្លាចនាងពៅ និងប្អូនថ្លៃនោះណាស់ ។ លុះមហាសេដ្ឋីជាបិតាទទួលមរណភាពទៅវេលាណា ប្ដីនោះនិងនាងពៅភរិយា ក៏បានឡើងធ្វើជាសេដ្ឋីជំនួសបិតាតទៅ ។
   
ឈើពុក  កុំដាក់គូថអង្គុយ
1-កម្ពុជសុរិយា លេខ ៧ – ៨ – ៩ ឆ្នាំ ១៩៣៩ ទំព័រ ២៥៧ រៀបរៀងដោយ ឧកញ៉ា ប្រាជ្ញាធិបតី ចាងហ្វាងយិន ។