រឿងព្រេង ដើមកំណើតភ្លេង ៩ បទ ក្នុងពិធីមង្គលការ១

មានរឿងព្រេងពីបរមតំណាលមកថា មានស្ត្រីម្នាក់ឈ្មោះ «ទែន» មកពីស្រុកត្រើយត្រាស់ បានមកពឹងបុណ្យតាដុងយាយជៃយ ដែលជាអ្នកមានស្ដុកស្ដម្ភមួយនៅក្នុងស្រុកឧត្ដុង្គ (សព្វថ្ងៃនេះ) ឯតាដុងយាយជៃយនោះគាត់មានកូនក្រមុំ ១ ឈ្មោះត្រចើលដោះក្រាល មានរូបឆោមល្អក្រៃលែងលើសស្រីទាំង ពួងអាយុទើបតែ ១៦ ឆ្នាំ តាដុងយាយជៃយ តែងបិទរាំងកូននោះមិនឲ្យអ្នកនីមួយឃើញ ក្រែងជ្រាបដល់ស្ដេចៗនឹងយកទៅ ។ កាលនាងទែនមកអាស្រ័យនៅនឹងគាត់ឃើញថា ជាអ្នកមានមា-យាទល្អល្មមនឹងរក្សាកូនរបស់គាត់បាន   គាត់ក៏បណ្ដោយឲ្យនាងទែននាំនាងត្រចើលដោះក្រាលទៅរក្សាទុកក្នុង ខេត្តទ្រាំងដែលនៅស្រុកកំណើតរបស់នាងទែន ។ នាងទែនក៏ទទួលធុរៈនាំនាងត្រចើលដោះក្រាលទៅតាមសេចក្ដីប្រាថ្នារបស់តាដុងយាយជៃយ កាលនាងត្រចើលដោះក្រាលទៅនៅក្នុងទីនោះ អ្នកដែលបានឃើញរូបនាងហើយតែងសរសើរគ្រប់ៗគ្នា។និយាយពីមហេសីស្ដេចក្នុងនគរ(តែមិនប្រាកដព្រះនាម ទាំងស្ដេច   ទាំងមហេសី)    ប្រសូតរាជបុត្រមកជាពង    ស្ដេចនោះសម្គាល់ជាឧបាទរ៍ ក៏ឲ្យយកទៅចោលក្នុងព្រៃឆ្ងាយ ។
     កាលនោះមានព្រានព្រៃម្នាក់ដើរស្វែងបាញ់ម្រឹគ មកដល់ទីនោះក៏បានឃើញពងចម្លែក ទើបរើសមករក្សាទុកមើល ដ្បិតជារបស់ចម្លែក លុះរក្សាទុកបាន ៧ ថ្ងៃ ក៏ញាស់មកភេទមនុស្ស ព្រានព្រៃក៏ចិញ្ចឹមដូចកូន ឲ្យឈ្មោះថា «ប្រមាញ់វឹងស៊ុង» ព្រោះមិនដឹងជាកើតមកពីណា ? លុះអាយុបាន ១៦ ឆ្នាំ ប្រមាញ់វឹងស៊ុងក៏លាព្រានព្រៃជាឪពុកទៅស្វែងរកប្រពន្ធ ។
ប្រមាញ់វឹងស៊ុងដើរទៅជាយូរថ្ងៃ ទើបបានប្រទះឃើញនាងត្រចើលដោះក្រាល កើតមានសេចក្ដីប្រតិព័ទ្ធចង់បានជាប្រពន្ធ ក៏ចូលទៅគិតគូរនឹងនាងទែន ក៏ព្រមព្រៀងផងជាបណ្ដោះអាសន្ន ព្រោះនាងមិនមានអំណាចនឹងសម្រេចកិច្ចនោះពេញទី ។  ប្រមាញ់វឹងស៊ុងកាលទទួលដំណឹងស្រុះស្រួលប៉ុណ្ណោះហើយ ក៏រៀបចំធ្វើប្រាសាទមានទាំងចំណារឲ្យនាងក្រចើលដោះក្រាលនៅស្រេចហើយក៏ផ្ដើមនឹងធ្វើពិធីមង្គលការ។ បានឲ្យនាងទែននាំកំណត់ថ្ងៃខែ ដែលនឹងរៀបមង្គលការ ទៅស្នើតាដុងយាយជៃយជាឪពុកម្ដាយ ហើយនឹងអញ្ជើញគាត់មករៀបចំមង្គលការ។ តាដុងយាយជៃយកាលបានទទួលកំណត់ហើយក៏យល់ ព្រមផង ហើយមកជាមួយនឹងនាងទែន លុះមកដល់កណ្ដាលផ្លូវជិតទៅស្រុកគុះហើយ ក៏កើតវង្វែងផ្លូវ នាំគ្នាដើរទៅៗ ក៏បានប្រទះនឹងក្មេងអ្នកឃ្វាលក្របី ក៏ស្រែកសួរថា (អាកី) ផ្លូវណាទៅទ្រាំង ទៅវាំងជន្លុះ ផ្លូវណាទៅគុះ ទៅស្រែរនោង ប្រាប់យាយតាផង ទៅឲ្យបានទាន់ការ ។
ក្មេងនោះប្រាប់ថាៈ តាដើរដោយជ្រុំ ឡើងលើខ្នងភ្នំ ចុះតាមទំនង ជិតដល់ប្រាសាទ តាបត់ទៀតហោង អស់ទេពតាផង រក្សាព្រៃព្រឹក្ស  ដល់តាគិតនឹក ប្រគំភ្លេងថ្វាយ  ។


បទដើមថាៈ
    ជ្រទ្ងើយស្រងាត់    ដោះក្រាលមិនបាត់    កន្ទែនទ្រាំងណា
 ភ្លេងខ្នោរខ្នងភ្នំ     ឧត្ដមថ្លៃថ្លា       របងរមាសជា
     ភ្លេងអនផាត់ជាយ ។
    បន្ទាយប្រាសាទ    ទឹកជប់ជាប់ស្អាត     នឹងភ្លេងក្រោមនាយ
  ខ្ញុំផ្ដាំអ្នកតា      ហើយនិងអ្នកយាយ   កុំភ្លេចបទថ្វាយ
   ធ្វើកុំឃ្លៀងឃ្លាត ។
    ប្រមាញ់វឹងស៊ុង    គិតរៀបអម្រុង     ដោះក្រាលសំអាត
    ឲ្យរៀបចំណី     ថ្មីបរិសុទ្ធស្អាត      លើកមកក្រាបបាទ
     តាដុងយាយជៃយ ។
ទទួលស្ពកបាយ    ពីកូនប្រុសស្រី     ប្រាប់ពីវង្វេង
    ផ្លូវកណ្ដាលព្រៃ   តាដុងយាយជៃយ    ប្រាប់តាមដំណើរ
      ហើយទើបលេងភ្លេង ។
    តាមបំណន់ក្មេង   បង្គាប់នោះនៃ     ទើបជ្រងស្រងាត់
  កន្ទែនទ្រាំងស្រី    ដោះក្រាលទាំងពីរ   ខ្នេះខ្នោរខ្នងភ្នំ
  របងរមាស ។
    បន្ទាយពេញពាស   ស្រងាត់ទូរគម     ទឹកជប់ក្រោមនាយ
    ថ្វាយគេពុតគ្រុំព្រហ្ម  ហែបំណតខ្ញុំ     សូរេចម៉្លេះហោង ។


ដោយហេតុនេះ ទើបកើតមានទំនៀមលេងភ្លេងទាំង ៩ បទគឺ ១ ជ្រងស្រងាត់, ២ កន្ទែនទ្រាំង, ៣ ដោះក្រាល, ៤ ខ្នោរ, ៥ ខ្នងភ្នំ, ៦ របងរមាស, ៧ បន្ទាយប្រាសាទ, ៨ ទឹកជប់, ៩ ក្រោមនាយ,  ដរាបដល់សព្វថ្ងៃនេះ  ។ចំណែកឯប្រមាញ់វឹងស៊ុង កាលរៀបការហើយ  បានមកនៅឯស្រុកតាដុងយាយជៃយ គឺស្រុកឧត្ដុង្គសព្វថ្ងៃនេះ វេលាក្រោយមក បានជាស្ដេចសោយរាជ្យ ហើយប្រែព្រះនាមថា (ព្រះបាទធម្មវឹងស៊ុង) នឹងប្រែឈ្មោះស្រុកនោះថា (ស្រុកឧត្ដុង្គមានជៃយ) ។
ឈ្មោះនេះប្រាកដមានមកដល់សព្វថ្ងៃនេះ ។

* * *

Flag Counter