រឿង តា​ចន្ទ​រំលៀក

  • Print

រឿង តាចន្ទរំលៀក
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១៣៩- ១៤៣

    មានរឿងមួយដំណាលថា : កាលនោះ មានព្រៃមួយធំមានខ្លាសាហាវ តែងខាំមនុស្សជាច្រើន នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។  គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទដែលចូលទៅបោចវល្លិ ។ តាចន្ទឃើញវាមុន ហើយគាត់រកពុទ្ធោថា
    ឱ ! ពុទ្ធោៗ អើយ !
    ឆ្នាំនេះឆ្នាំខាល  ទឹកបែកពាសវាល  ស្លាប់ខ្លាដំរី
    ស្លាប់អស់បក្សា ម្រឹគាបក្សី  ស្លាប់ខ្លាដំរី

    គ្មានគង់តូចមួយ ។
    ផ្ដៅអញនេះ អាណាវែងៗ អញព្យួរកូនចៅ អាណាខ្លីៗ អញព្យួរត្បាល់អង្រែ ឱសត្វទាំងឡាយអើយ ! ក្នុងឆ្នាំខាលនេះ នឹងស្លាប់អស់ហើយ គ្មានគង់ទេ ។
    តាចន្ទនិយាយរកពុទ្ធោយ៉ាងនេះជាច្រើនដង ខ្លាស្ដាប់បានឮច្បាស់ គិតថា «គួរអញសួរតានេះចង់ដឹងមើល» ។ ទើបខ្លាសួរទៅតាចន្ទវិញថា «តាអើយតា ! ក្នុងឆ្នាំខាលនេះទឹកធំមែនឬ? » ។ តាចន្ទ ធ្វើភ្ញាក់និយាយទៅនឹងខ្លាថា «ឱ ! ចៅ ! ឆ្នាំនេះទឹកធំណាស់ បានជាតាភ័យនឹងកូនចៅ ទើបតារកផ្ដៅ ដើម្បីចងព្យួរកូនចៅឲ្យផុតពីទឹក » ។ ខ្លាក៏មានចិត្តភិតភ័យនឹងពាក្យតាចន្ទ, គិតខ្លាចស្លាប់ ក៏ចូលមកជិត ហើយនិយាយនឹងតាចន្ទថា « តាអើយ អាណិតចងព្យួរខ្ញុំ ឲ្យផុតពីទឹកផងបានឬទេ ? » ។ តាចន្ទឆ្លើយថា « បាន មិនអីទេចៅ ! អង្គុយមកចាំតានៅទីនេះសិនចុះ » ។ ខ្លាក៏ចូលមកអង្គុយចាំ ។ លុះតាចន្ទបោចវល្លិផ្ដៅបាន ក៏ត្រកួញធ្វើជារំងក ហើយចូលទៅចងចង្កេះខ្លា ។ តាចន្ទកាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ហើយបង្គាប់ខ្លាឲ្យលោតឡើង ។ តាចន្ទក៏ស្រាវទាញឡើងឲ្យផុតជើងខ្លាពីដី រួចគាត់ចុះមកវិញ ។ ខ្លាសួរថា «តា!ប៉ុណ្ណេះផុតពីទឹកហើយឬអ្វី ?» ។ តាចន្ទឆ្លើយថា «ផុតហើយចៅ ! ។ តាចន្ទក៏កាន់កាំបិតទៅកាប់ឈើជាដំបូង ។  ខ្លាឃើញសួថា «តា ! តាកាប់ដំបងធ្វើអ្វី ?» ។ តាចន្ទថា «កាប់យកទៅផ្ទះ ក្រែងប្រទះនឹងសត្វឯទៀត វាប្រមាទតា » ។ ខ្លាឆ្លើយថា «គ្មានខ្លាឯណាទេតា ! មានតែខ្ញុំនេះឯង តែងតែខាំគេរាល់ថ្ងៃ» ។ តាចន្ទដឹងថា «ឱ ! អានេះជាសត្វកាច បើដូច្នេះ អញនឹងវាយឲ្យអស់ចិត្តក្នុងគ្រានេះ » ។ ទើបតាចន្ទកាន់ដំបងចូលទៅដល់ខ្លាថា «ចៅនៅឲ្យស្ងៀមតានឹងមើលចំណងឲ្យ ក្រែងវារបូតលង់ទឹកស្លាប់» ។ ខ្លាក៏នៅស្ងៀម ទើបតាចន្ទលើកដំបងវាយខ្លាៗ ក៏ប្រឹងរើបម្រះ ស្រែករោទ៍ រលាករលួតស្បែកហើមខ្លួនជាខ្លាំង មុខគួរវេទនា ហើយខ្លាក៏ប្រឹងរើបម្រះ ក្រឡះខាំខ្សែផ្ដៅដាច់ គេចរត់ទៅ ។ តាចន្ទ ក៏វិលទៅខ្ទមចាំស្រែវិញ ។ និយាយពីខ្លាដែលរត់រួចទៅនោះ បានទៅជួបនឹងដំរីមួយ ដំរីឃើញខ្លាបោល ក៏ស្រែកសួរថា «បងខ្លាឯងភ័យនឹងអ្វី ក៏បានជាបោលមិនមើលក្រោយសោះ» ។ ខ្លាប្រាប់ទៅដំរីវិញថា «បងអើយ ! អាចន្ទរំលៀក បញ្ឆោតវាយខ្ញុំហើមខ្លួនអស់ » ។ ដំរីសួរថា «អាចន្ទរំលៀកនោះនៅឯណា?» ។ ខ្លាប្រាប់ថា «វាធ្វើស្រែនៅមាត់បឹងឯនោះ ។ ដំរីថា «អញនឹងព្រេចឲ្យវាល្អិត កុំឲ្យវាធ្វើបាបគេ» ។ ខ្លាបោលហួសទៅ ដំរីក៏ដើររកតាចន្ទនឹងព្រេច ជួបនឹងតាចន្ទហើយ តែដំរីមិនស្គាល់សួរថា «តាៗស្គាល់អាចន្ទរំលៀកដែរឬ ?» ។ តាចន្ទសួរដំរីថា «ចៅឯងសួររកគាត់ធ្វើអ្វី ? ដំរីថា «ខ្ញុំខឹងណាស់ វាបញ្ឆោតវាយខ្លាហើមខ្លួនអស់ » ។ តាចន្ទឆ្លើយថា «តាចន្ទ គាត់នៅខ្ទមស្រែត្រើយខាងកើតមាត់បឹង, ហ្ន ! ខ្ទមគាត់សៗនុះឯង » ។ ដំរីថា «តាអាណិតជូនខ្ញុំទៅ បើខ្ញុំព្រេចវាស្លាប់ បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់ » ។ តាចន្ទឆ្លើយថា «តាអរណាស់ ចៅអើយ ! ប៉ុន្តែទឹកបឹងនេះជ្រៅណាស់ តាទៅមិនរួចទេ» ។ ដំរីថា «បើទឹកជ្រៅ តាជិះលើក្បាលខ្ញុំមក» ។ តាចន្ទឆ្លើយថា «អើ បើដូច្នោះ ទៅក៏ទៅ» ។ តាចន្ទក៏កាន់កាំបិតព្រាមួយទៅផង លុះទៅបានចម្ងាយមួយស្រែតាចន្ទ ក៏កាប់ក្បាលដំរី ៣ –៤ កាំបិត មុតចេញឈាម ។ ដំរីក៏គេចបោលមកវិញ ដល់គោករលាស់ទម្លាក់តាចន្ទ ហើយដំរីក៏បោលទៅជួបនឹងខ្លាឃ្មុំៗ ស្រែកសួរថា «បងដំរីបោលអ្វីក៏គ្មានមើលក្រោយសោះ» ។ ដំរីប្រាប់ថា «បងខ្លាឃ្មុំអើយ ! អាចន្ទរំលៀកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់ » ។ ឯខ្លាឃ្មុំក៏ជួយខឹងដំរី ហើយសួរទៅដំរីវិញថា « អាចន្ទនោះ វានៅឯណា ?»» ។ ដំរីប្រាប់ថា «វានៅធ្វើស្រែនៅមាត់បឹងធំឯនោះ » ។ ដំរីក៏បោលបាត់ ។ ខ្លាឃ្មុំក៏មានចិត្តខឹងគុំកួន ប្រមាថ នឹងខាំបំបែកក្បាលតាចន្ទឲ្យស្លាប់ ។ លុះថ្ងៃក្រោយ ខ្លាឃ្មុំដើរៗទៅ ឃើញតាចន្ទភ្ជួរស្រែពេលព្រឹក ។ ខ្លាឃ្មុំនឹកថា «នេះហើយ តើអាចន្ទរំលៀកនោះ ដូច្នេះអញពួនចាំនៅនេះចុះ ចាំវាមកជិត អញលោតទៅខាំវាឲ្យបាន» ។ ខ្លាឃ្មុំក៏ប្រាប់ចាំនៅសំយាបព្រៃ ។ តាចន្ទមិនដឹងខ្លួន ។ តាចន្ទភ្ជួរស្រែយូរ ក្រឡេកទៅខ្លាឃ្មុំក្រោកអើតមើលមក តាចន្ទឃើញខ្លាឃ្មុំអើតដូច្នោះ គាត់គិតថា «សត្វនេះ វាចង់មកប្រមាថធ្វើទុក្ខអញទៀតហើយ » ។ តាចន្ទប្រុងខ្លួន ហើយវាយដេញក្របីថា «ហី ! អានាងខំទាញឡើង តាយកឃ្មុំឲ្យស៊ី ឃ្មុំតែពីរសម្បុក កំពុងពេញទឹកផ្អែម » ។ តាចន្ទ គាត់ថាយ៉ាងនេះជាច្រើនដង ។ ខ្លាឃ្មុំឮច្បាស់ ក៏មានចិត្តចង់ស៊ីឃ្មុំ ហើយឆ្លើយមកនឹងតាថា « តាៗ ! ចែកខ្ញុំស៊ីផង» ។ តាចន្ទឆ្លើយប្រាប់ទៅខ្លាឃ្មុំវិញថា «ចៅអើយ ឃ្មុំតាតែពីរសម្បុកទេ ទុកឲ្យក្របីវាស៊ីមួយម្នាក់ សោះញ័រខ្លួន បើចៅចង់ស៊ី ចូលមកនិយាយគ្នាសិន» ។ ខ្លាឃ្មុំ ក៏ចូលមកអង្គុយ ។ តាចន្ទថា «បើចៅចូលចិត្តស៊ីដែរ នឹងឲ្យស៊ីទាំងអស់តែម្ដងទៅ ខ្លាចក្រែងក្របីវាខឹងព្រោះវាធ្លាប់ស៊ីដែរ តែតាគិតថា ចៅឯងឲ្យតាទឹមភ្ជួរស្រែ បានមួយព្យាមចុះ តានឹងឲ្យចៅស៊ីទាំងពីរសម្បុកតែម្ដង ឯក្របីតា ឲ្យវាអត់សិនទៅចុះ សឹមរកទៀត» ។ ខ្លាឃ្មុំស្ដាប់ត្រូវចិត្តនឹងចំណីនោះ ព្រោះត្រូវចំណង់របស់ខ្លួន ក៏អរណាស់ថា «បើដូច្នេះ ឲ្យតាដោះក្របីចេញចុះ » ។ តាចន្ទ ក៏ដោះក្របីចេញមួយរំពេច ។ ខ្លាឃ្មុំក៏ចូលទៅឲ្យតាចន្ទទឹម ដាក់ខ្សែទាមចងរឹតរួចស្រេច ។ តាចន្ទគាត់ស្ទុះទៅកាន់កន្ទុយយាមនង្គ័ល ហើយដេញថាហី ! អានាងខំឡើងតាយកឃ្មុំឲ្យស៊ីឃ្មុំតែពីរសម្បុក កំពុងពេញទឹក ។ ខ្លាឃ្មុំខំប្រឹងទាញនង្គ័លពុំកក្រើកឡើយ ។ តាចន្ទគាត់ខឹង ក៏លែងកន្ទុយយាមនង្គ័លបែរទៅវាយឯខ្លាឃ្មុំៗក៏ខំប្រឹងរើបម្រះ តាចន្ទវាយខ្លាំងណាស់ ដល់ទៅបែកហើមខ្លួនទាំងមូល ។ លុះខ្លាឃ្មុំរើរួច បោលទៅជួបនឹងចចកៗ សួរខ្លាឃ្មុំថា : បងខ្លាឃ្មុំបោលអីគ្មានមើលក្រោយម្ល៉េះ ? ។ ខ្លាឃ្មុំប្រាប់ទៅវិញថា « បងចចកអើយ ! អាចន្ទរំលៀក វាបញ្ឆោតវាយខ្ញុំ ហើមខ្លួនអស់» ។ ហើយខ្លាឃ្មុំបោលទៅ ។ ចចកក៏អួតថា «បើដូច្នោះ ទុកឲ្យអញទៅហែកលបតាចន្ទ យកត្រីចែកគ្នាស៊ីឲ្យអស់ កុំទុកឲ្យវាឡើយ » ។ លុះព្រឹកឡើង តាចន្ទគាត់កាន់កាំបិតព្រាមួយនិងច្រវាមួយ ទៅលើកលបគាត់ក្នុងបឹង ។ និយាយពីចចកមកដល់កណ្ដាលផ្លូវជួបនឹងខ្លាត្រីមួយ ។ ចចកក៏បបួលខ្លាត្រីថា «បងខ្លាត្រីទៅស៊ីត្រីនឹងអញ » ។ ខ្លាត្រីតបថា « បងចចកឯង បានត្រីពីណា ? » ។ ចចកថា « អញទៅហែកលបអាចន្ទរំលៀកចែកគ្នាស៊ី » ។ ខ្លាព្រមតាមចចក ក៏មកអង្គុយនៅមាត់បឹង យូរបន្តិចឃើញតាចន្ទអុំទូកមក ចចកសួរថា «តាស្គាល់អាចន្ទរំលៀកដែរ » ។ តាចន្ទថា « ស្គាល់ដែរ តែអាចន្ទនោះ វានៅត្រើយបឹងខាងឯណោះទេ » ។ ចចកថា បើដូច្នេះអាណិតជូនខ្ញុំទៅ បើខ្ញុំហែកលបវាបានត្រី ខ្ញុំចែកតាពាក់កណ្ដាល ។ តាចន្ទថា « ទៅក៏ទៅ ត្បិតលបតា ក៏វាពុំត្រូវផង » ថាហើយចចកក៏លោតទំក្បាលទូក ។ តាចន្ទថា «ចៅកុំទៅអង្គុយក្បាលទូក វាលិចណា ! មកអង្គុយខ្ទង់មុខតាឯណេះ ទើបវាមិនលិច» ។ ចចកក៏មកអង្គុយនៅមុខតាចន្ទ ហើយហៅខ្លាត្រីថា «មកបង ប្រញាប់នឹងអាលទៅ» ។ ខ្លាត្រីថា «បងចចក អញមិនហ៊ានទៅទេ អញក្រែងតាចន្ទហើយនេះ» ។ ចចកបែរមើលក្រោយថា «មិនមែនទេ» ។ តាចន្ទគាត់នៅស្ងៀម ។ ខ្លាត្រីក៏ឡើងមកអង្គុយទឹមគ្នានឹងចចក ។ តាចន្ទគាត់អុំទូកទៅប្រមាណ ១០ ព្យាមពីច្រាំង គាត់កាប់ក្បាលចចកមួយកាំបិត ។ ចចកលោតធ្លាក់ទឹក ខ្លាត្រីក៏លោតធ្លាក់ទឹកទាំងអស់គ្នា ខ្លាត្រីបន្ទោសចចកថា « អញថាតាចន្ទហើយ ឯងថា មិនមែនតាចន្ទទេ » ។ ចចកថា «កុំមាត់ ខំតែហែលទៅ » ។ សត្វទាំងពីរក៏ហែលដល់គោក ហើយបោលទៅ ។  តាចន្ទនៅធ្វើស្រែស្រូវរួចហើយក៏ទៅផ្ទះ បានសេចក្ដីសុខសប្បាយ ។
    ក្រោយមកតាចន្ទ មានចិត្តសង្វេគថា «ឱ ! សត្វទាំង ៤ នេះនឹងចងវេរានឹងអញតទៅមុខពុំលែង ហើយវានឹងធ្វើបាបអញនេះមិនខាន ដូច្នេះគួរអញទិញដែកឲ្យច្រើន ធ្វើកាំបិតកោរដងដែកឲ្យបាន ៥០ ឬ ៦០ ទុកបម្រុងការពារខ្លួនដែលស្លាប់ទៅ» ។ តាចន្ទ ធ្វើកាំបិតបានស្រេចហើយ គាត់ក៏ហៅកូនចៅមកផ្ដាំថា «បើអញស្លាប់ទៅហើយ យកអញទៅកប់ ឲ្យយកកាំបិតទាំងអស់នេះទៅដាក់លើផ្នូរកុំខាន ចូកដីលប់ឲ្យជិត លុះដល់ ៥ – ៦ ថ្ងៃ ឲ្យកូនចៅមើលផ្នូរអញកុំខាន » ។ តាចន្ទ ផ្ដាំកូនចៅរួចហើយ គាត់ក៏មានជំងឺឈឺក្ស័យទៅ កូនចៅក៏យកខ្មោចតាចន្ទទៅកប់ ធ្វើដូចបណ្ដាំគាត់មិនហ៊ានខាន ។
    និយាយពីសត្វទាំង ៤ ដែលមានវេរានឹងគ្នានោះ កាលតាចន្ទស្លាប់ទៅបាន ៣ ថ្ងៃ សត្វចចកស៊ើបដឹងថា តាចន្ទស្លាប់ ក៏ទៅប្រាប់ខ្លាឃ្មុំៗ ប្រាប់ដំរីៗ ប្រាប់ខ្លាធំ ភ្ជុំបបួលគ្នាចូលមកកាយខ្មោចតាចន្ទរំលៀកស៊ី ។ ចចកកាយចុងជើង ខ្លាឃ្មុំកាយក្បាល ខ្លាធំកាយកណ្ដាលខ្លួន ។ ឯដំរីឈរចាំមើល ឃើញសត្វទាំង ៣ មុតជើងពិការជាខ្លាំង ដួលដេកអស់។ ដំរីខឹងនឹងខ្មោចតាចន្ទថា « ជើ ! អាចន្ទ កាចតាំងពីរស់ទាល់តែស្លាប់ មិនលែងកាចសោះ ទុកឲ្យអញឈូសតែម្ដងឲ្យប៉ើងខ្មោចមកនៅលើគោក » ។ ដំរីខឹងណាស់  លើកជើងឈូសជាខ្លាំង ត្រូវនឹងកាំបិតមុតពេញជើង ក៏ដេកដួលទាំងអស់គ្នា ។
    ដល់កំណត់ថ្ងៃ ៧ កូនចៅតាចន្ទនាំគ្នាទៅមើលខ្មោច ស្រាប់តែឃើញដំរី ខ្លា ចចកស្លាប់ខាងផ្នូរ ក៏នាំគ្នាពន្លះយកសាច់ ស្បែក ឆ្អឹង ភ្លុក មកលក់យកប្រាក់ធ្វើបុណ្យ ឧទ្ទិសបញ្ជូនឲ្យខ្មោចតាចន្ទរំលៀកជាសូរេចហោង ។

ខឹងខាត  ប្រមាថខុស
1-កម្ពុជសុរិយា លេខ ៤ – ៥ – ៦ ឆ្នាំ ១៩៣៤ – ៥ ទំព័រ ៥៣ រៀបរៀងដោយឃុន  អក្ខរាឯក ។