រឿង ព្រះ ៤ ព្រះភ័ក្ត្រ

  • Print

រឿងព្រះ ៤ ព្រះភ័ក្ត្រ និងអ្នកតាសំពៅធ្លាយ មានសេចក្ដីទាក់ទងនឹងគ្នាតាំងពីដើមរៀងមក លុះដល់មកខាងចុងមានសេចក្ដីប្លែកគ្នាខ្លះៗ ត្រង់ដែលប្លែកគ្នានោះ បើនឹងសង្កេតតាមរឿងរ៉ាវទៅក៏ល្មមកំណត់ទុកជាប្រវត្តិរបស់ភូមិស្រុកបាន ហេតុនេះបានជាខ្ញុំខំរៀបរៀងនាមទំនងពាក្យចាស់ពីបុរាណ មានពោលទុកតៗមក ដូចមានសេចក្ដីតទៅនេះ ។

អំពីព្រះពុទ្ធបដិមាករៈ មានសេចក្ដីតំណាលថា កាលនោះមានព្រះមហាក្សត្រា ១ ព្រះអង្គ ទ្រង់សោយរាជ្យក្នុងកោះគោកធ្លក នគរកម្ពុជា ទ្រង់ព្រះរាជទានព្រះពុទ្ធបដិមាករ និងរូបព្រះនារាយណ៍ ១ រូប នាងឧម្មាភោគវត្តី ១ ដល់ព្រះរាជបុត្រគង់នៅកោះបាសាក់ ។ តាមផ្ទៃរឿងនេះថា  ទ្រង់ឲ្យដាក់ក្នុងសំពៅបើកចេញទៅ ស្រាប់តែទើលើកោះធ្លាយលិចទៅ ។ ពេលនោះព្រះរាជបុត្រាបុត្រី ទ្រង់ឲ្យលើកព្រះរូបនោះឡើងដាក់លើគោក ហើយឲ្យសាងជាទេវស្ថាន ១ តម្កល់ព្រះពុទ្ធរូបទាំងពីរគឺ ព្រះនារាយណ៍ ១ នាងឧម្មាភោគវត្តី ១ សន្មតឈ្មោះថា អ្នកតាដូនរាយ (សព្វថ្ងៃនេះហៅថា អ្នកតាសំពៅធ្លាយទៅវិញ) ។ ហើយកសាងវត្តព្រះវិហារមួយតម្កល់ព្រះពុទ្ធបដិមាករនោះ ឲ្យឈ្មោះថា វត្តព្រះនារាយណ៍ ចេតិយ៍ ។

លក្ខណៈព្រះពុទ្ធបដិមាករៈ ព្រះពុទ្ធបដិមាករនោះ គេសាងភ្ជាប់នឹងថ្ម ១ ផ្ទាំង មានសណ្ឋាន ៤ ជ្រុង ដូចព្រះចេតិយ៍ មានចម្លាក់ក្បាច់ដូចជាក្បាច់អង្គរវត្ត ១ ជ្រុងខាងក្រោមទទឹង ០.៣៥ ម ស្មើគ្នាទាំង ៤ ជ្រុង កម្ពស់ពីត្រឹមទ្រនាប់ខ្សាច់ផុតកំពូលព្រះចេតិយ៍ ១.៧៥ ម ។ ក្នុងជ្រុងនីមួយៗ មានព្រះពុទ្ធរូប ៥ ព្រះអង្គ គ្រប់ជ្រុងទាំង ៤ ប៉ុន្តែមានជាថ្នាក់ៗ ជាប់គ្នាឡើងទៅជា ៥ ថ្នាក់ ខាងក្រោមបង្អស់គឺថ្នាក់ទី ១ មានព្រះពុទ្ធរូបទ្រង់ឈររាព្រះហស្ថខាងស្ដាំ (ជាអភយមុទ) កម្ពស់ពីព្រះបាទមូលី ០.៣៥ ម ទទឹងព្រះអង្គ ០.០៩ ម ទាំង ៤ អង្គដូចគ្នា ។ ដល់មកថ្នាក់ទី ២  ទ្រង់គង់លើបល្ល័ង្ក  ព្រះហស្ថឆ្វេងដាក់លើព្រះភ្នែន ព្រះហស្ថស្ដាំសំយុងចុះក្រោម (ជាមារវិជ័យ) ឯថ្នាក់ទី ៣.៤.៥ មានបែបភាពដូចគ្នានឹងថ្នាក់មុនៗដែរ ប៉ុន្តែរូបតូចៗ ជាងគ្នាជាលំដាប់ឡើងទៅ  (បែបមហាយាន) ។ 

វត្តព្រះនារាយណ៍ចេតិយ៍ៈ វត្តព្រះនារាយណ៍ចេតិយ៍ ឥឡូវនេះគេហៅថា  វត្តបួនព្រះភ័ក្ត្រ  ទាំងព្រះពុទ្ធបដិមាករក៏ហៅថា ព្រះបួនព្រះភ័ក្ត្រដូចគ្នា ។ ចំណែកឯនាមភូមិស្រុកនោះ កាលពីដើមហៅថា ភូមិជូនរាយ ឬដូនរាយ តែគ្រាឥឡូវនេះ គេហៅថាភូមិបារាយណ៍ ឬស្រុកបារាយណ៍ទៅវិញ ។

សេចក្ដីវិបត្តិប្រែប្រួលបែបនេះ  មកពីទឹកសមុទ្រឡើងលិចស្រុកនោះជាច្រើនឆ្នាំ ដូចមានសេចក្ដីតំណាលជាពាក្យព្រេងពោលតៗ មកថាស្រុកបាសាក់នោះកាលពីបុរាណមានដីដុះជាកោះក្នុងសមុទ្រច្រើនកន្លែង មានមនុស្សជាច្រើនទៅនៅលើកោះនោះៗ កាលបើមានវិបត្តិដោយទឹកជោរជន់លិចឡើងខ្លាំង មនុស្សទាំងនោះទទួលគ្រោះស្លាប់ជាច្រើនដងច្រើនគ្រា ។ លុះដល់ផែនដីដុះជាប់គ្នាពីកោះមួយទៅកោះមួយ មនុស្សដែលនៅទីនោះទើបផុតគ្រោះថ្នាក់ទឹកលិចស្លាប់ដោយងាយទៅ ។ ឯមនុស្សដែលទៅតាមផ្លូវខ្សាច់នោះ គេហៅថាភូមិផ្នោរ ឬស្រុកផ្នោរ១ កាលពុទ្ធសករាជទៅបាន ២០០ ឆ្នាំ កន្លែងទីវត្តសម័យនោះសុទ្ធតែព្រៃស្នាប់រនាម មានសេចក្ដីតំណាលថា មានតាចាស់យាយចាស់ពីរនាក់ប្ដីប្រពន្ធនាំគ្នាទៅកាប់រានព្រៃយកទីធ្វើចម្ការ ជីកគាស់ដីទៅស្រាប់តែឃើញព្រះពុទ្ធបដិមាករ    ហើយគាត់ក៏បបួលអ្នកស្រុកជិតឆ្ងាយកសាងវត្តព្រះវិហារនៅទីនោះ ដើម្បីតម្កល់ព្រះពុទ្ធបដិមាករ ហើយសន្មតឈ្មោះតាមបែបភាពព្រះចេតិយ៍ ៤ ជ្រុង មានព្រះពុទ្ធរូបបែរព្រះភ័ក្ត្រទៅគ្រប់ទិសទាំង ៤ ថាព្រះបួនព្រះភ័ក្ត្ររហូតមកដល់សព្វថ្ងៃនេះ ។ ទាំងភូមិ ឬស្រុកដូនរាយនោះ ក៏ប្រែថាបារាយណ៍ទៅវិញ តែបើតាមសង្កេតទៅប្រហែលជាមកពីពាក្យថាដូនទៅជាបារាយទៅជារាយទេដឹង ។ ឯស្ថានវត្តព្រះនារាយណ៍ចេតិយ៍ពីបុរាណនោះ នៅទិសខាងកើតព្រះបួនព្រះភ័ក្ត្រសព្វថ្ងៃនេះ ចម្ងាយជាងពីររយម៉ែត្រពីគ្នាមានដីខ្ពស់ជាតួខឿនព្រះវិហារនៅឡើយ ។ អ្នកស្រុកទាំងអស់ គេតែងហៅកន្លែងដីទួលខ្ពស់នោះ ជាទីព្រះនារាយណ៍ចេតិយ៍ពីបុរាណ ។

ពិធីបន់ស្រន់ៈ ព្រះបួនព្រះភ័ក្ត្រនោះពីដើមបណ្ដាជនទាំងឡាយជឿថា ជាវត្តពូកែស័ក្តិសិទ្ធណាស់ គេតែងទៅបន់សូមកូន សូមឲ្យធ្វើស្រែចម្ការបានផលច្រើន និងការលក់ដូរជួញប្រែសព្វយ៉ាង កាលបើបានសម្រេចដូចសេចក្ដីសូមរបស់គេហើយ ដល់កំណត់ពេលវេលានឹងថ្វាយគ្រឿងបូជានោះ គឺក្នុងថ្ងៃចូលឆ្នាំថ្មី ឬថ្ងៃឡើងសករាជ គេដង្ហែផ្កាទៅថ្វាយ ខ្លះថ្វាយហង្សាក់ បាយសី ស្លាធម៌ដូង ទៀន ៥ ធូប ៥ ទឹកអប់ និងកោសក់ជាដើមថ្វាយខ្លះតែឥតមានចូលរូបទេ ។ ដល់មក ព.ស ២៤៨១ វត្តនោះកើតមានសាលាបាលីរងរៀនសូត្រព្រះបរិយត្តិធម៌ឡើង ស្រាប់តែគ្រឿងបូជាបន់ស្រន់ទាំងអស់នោះ សាបសូន្យថយចុះជាលំដាប់ទៅឯងៗឥតមានអ្នកណាហាមឃាត់ឡើយ ។ សព្វថ្ងៃនេះឃើញនៅមានហង្សាក់ពាក់ពីលើព្រះចេតិយ៍ជានិច្ច ឯការហែផ្កាក៏នៅមានខ្លះ តែស្ដួចស្ដើងណាស់ហើយ ចំណែកគ្រឿងបូជាឯទៀតបាត់អស់រលីង ។

* * *