រឿង ហែផ្កាថ្វាយព្រះពុទ្ធ

 រឿង ហែផ្កាថ្វាយព្រះពុទ្ធ របស់ គង់ ចណ្ឌន

ផ្សារព្រៃទទឹង ស្រុកព្រៃឈរ កំពង់ចាម

ព.ស ២៤៩២  ម.ស ១៨៧០  ច.ស ១៣១០ ២០-៦-៤៩

ធ្វើនៅ ថ្ងៃ ៣ កក្កដា ឆ្នាំ ឆ្លូវ ឯកស័កត្រូវនឹង ថ្ងៃ ១៤ ខែ មិថុនា ឆ្នាំ ១៩៤៩

សេចក្ដីប្រារព្ធ

អំពីរឿងហែផ្កាថ្វាយព្រះ មានសាស្ត្រាស្លឹករឹត ១ ខ្សែ ពីបុរាណសម័យ ចងទុកមកជាយូរអង្វែងណាស់ ហើយមិនដឹងពីត្រឹមណា ថាមានមហាក្សត្រ ១ អង្គ ឈ្មោះ ព្រហ្មទត្តរាជ ស្វ័យរាជសម្បត្តិ តែឈ្មោះនគរសីមា និងជាតិសាសន៍អ្វីមិនមាន ក្នុងសម័យរាជ្យស្ដេចនោះ មានពួកក្មេងកុមារ ៥០០ នាក់ ជាគូកនគ្នា តែងទៅឃ្វាលគោក្របីនៅកន្លែងវាលធំៗ មានត្រពាំងទឹក សម្បូរដោយស្មៅគ្រប់មុខជាអាហារសត្វពាហនៈ នៅជិតត្រពាំងទឹក មានដើមជ្រៃមួយធំ មានមែកត្រសុំត្រសាយសាខា មានទេវបុត្រមួយអង្គឋិតនៅដើមរុក្ខជាតិនោះជាគេហដ្ឋាន។ កុមារទាំង ៥០០ ទៅឃ្វាលគោក្របីតែងតែជ្រកក្រោមម្លប់ជ្រៃ នាំគ្នាលេងល្បែងសព្វសារ-ជាតិ មានលេងហ៊ឹង  និងវៃកូនគោល ជាដើម   សើចហ៊ោកញ្ជៀវទ្រហឹងក្រោមម្លប់នោះជានិច្ចរាល់ថ្ងៃ ។ ពេលម៉ោង ៥ ល្ងាច គៀងគោក្របីទៅផ្ទះរៀងខ្លួន ព្រឹកឡើងឪពុកម្ដាយ វេចបាយសំណុំទឹកបំពង់ឲ្យឡើងដឹកគោក្របី ទៅជួបជុំគ្នាតែកន្លែងដូចសព្វដង លេងសប្បាយឥតទុក្ខភ័យព្រួយ ។

មានសម័យថ្ងៃមួយ ទេវបុត្រនៅដើមជ្រៃនោះ រំពឹងគិតមើលទៅដឹងថា កុមារគង្វាលគោក្របីទាំង ៥០០ នេះ  កាលពីជាតិមុនមក បានធ្វើបុណ្យទានហែផ្កាថ្វាយព្រះជាមួយគ្នា ហើយក្នុងពួកកុមារទាំង ៥០០ មានកុមារម្នាក់ជាមិត្តសម្លាញ់គ្នាពីជាតិមុនមក ឯនាងម្នាក់ជាគូវាសនារបស់សម្លាញ់ ឃ្លាតទៅកើតរហូតដល់ស្ថានភុជង្គនាគឆ្ងាយគ្នាណាស់ ដូច្នេះគួរអញបំពេញកិច្ចឲ្យសម្លាញ់អញបានស្វ័យរាជសម្បត្តិជាស្ដេចផែនដី និងឲ្យជួបគូវាសនាផង ឯកុមារទាំងអស់ឲ្យបានធ្វើជាមន្ត្រីគ្រប់គ្នា ។

គិតស្រេច ទេវបុត្រសែកវិជ្ជាមហាស្នេហ៍រំលួយផ្លុំទៅលើកុមារជាសម្លាញ់ត្រូវសិល្ប៍ស្នេហ៍  លោឲ្យតែនឹកបន់ស្រន់ បាត់ចង់លេងល្បែង គ្រប់មុខជាមួយពួកម៉ាក នឹកចង់តែលេងឲ្យរកក្លើខ្លួនធ្វើជាស្ដេចនោះគឺសប្បាយចិត្ត    គិតឃើញដូច្នោះក៏ឈប់លេងជាមួយគេ ឡើងមកអង្គុយសំកុកក្រោមម្លប់ជ្រៃ កុមារទាំងឡាយរត់មកសួរថា សម្លាញ់ឯងហេតុដូចម្ដេចក៏ឈប់លេង ឬមានអាក់អន់ចិត្តខឹងនឹងអ្នកណា ? កុមារនោះប្រាប់ថា យើងគ្មានអាក់អន់ចិត្តអ្វីទេ តែយើងដូចជាចេះតែឲ្យនឹកធុញទ្រាន់  មិនចង់លេងដដែលនេះសោះ បានជាឈប់អង្គុយស្ងៀមនេះ កុមារទាំងអស់សួរថា បើគ្មានសម្លាញ់ឯងនេះលេងល្បែងអ្វីដែលប្លែកទៅទៀតហើយ សប្បាយផង យើងតាម កុមារនោះប្រាប់ថា  យើងចង់លេងតាមគ្នាធ្វើជាស្ដេច ធ្វើជាមន្ត្រី ហើយឲ្យមានសេនាទាហានគ្រប់មុខ កុមារទាំងអស់ក៏ព្រមព្រៀងមូលមតិគ្នា រៀបរើសខ្លួនម្នាក់ឲ្យធ្វើជាស្ដេច ប្រកាសសូត្រគ្រប់បីដង គ្មានឈ្មោះណាឆ្លើយទទួលធ្វើជាស្ដេចសោះ កុមារនាំសម្លាញ់ទេវបុត្រនោះឆ្លើយថា បើគ្មានឈ្មោះណាហ៊ានធ្វើស្ដេចទេ ទុកងារឲ្យយើងចុះធ្វើជាស្ដេច ក៏ប្រកាសប្រាប់កុមារទាំងអស់ឲ្យហៅខ្លួនថាស្ដេចក្មេង ស្ដេចក្មេងរើសយករូបណាគួរសមពេញចិត្ត ឲ្យធ្វើអគ្គមហាសេនា ឲ្យធ្វើកុង្សីទាំងមូល ធ្វើក្រុមរៀងទៅ បានរហូតដល់ទៅក្រុមមន្ត សល់ពីនោះតាំងធ្វើសេនាទាហានទាំងអស់ គ្រប់ទាំង ៥០០ នាក់ ស្ដេចក្មេងឲ្យអគ្គមហាសេនាធ្វើដំណាក់នៅ ឲ្យកាប់បន្លាគ្រប់មុខស្រាក់ព័ទ្ធធ្វើជាបន្ទាយទាំងបីធំល្វឹងល្វើយ  ធ្វើបន្ទាយរាំងដំណាក់   ហើយមានទាហានចាំយាមទ្វារបន្ទាយ   មិនឲ្យចេញចូលផ្ដេសផ្ដាស ឯដាវលំពែងឫស្សីធ្វើជាគ្រឿងសហ័ស ឪពុកកុមារទាំងអស់គ្មានដឹងសោះ នៅពេលល្ងាចឃើញមកផ្ទះរៀងខ្លួន ព្រឹកឡើងស្ពាយសំពាយបាយដឹកគោក្របីទៅឃ្វាល កិរិយាស្ដេចក្មេងដែលលេងទៅជាមានសេនាបតី ចេញចូលឡើងគាល់ដូចស្ដេចផែន-ដី ត្រាស់បង្គាប់ដូចម្ដេចធ្វើតាម ។

ក្រោយនោះ  ទេវបុត្រនៅដើមជ្រៃ  ទៅពន្យល់និមិត្តស្ដេចក្មេងថា បានធ្វើជាស្ដេចហើយ មិនត្រូវស្ងៀមកន្តើយ ត្រូវតែរៀបធ្វើបុណ្យហែផ្កា ទៅថ្វាយព្រះពុទ្ធរូបក្នុងព្រះវិហារ នោះទើបមានចម្រើនតទៅ ស្ដេចក្មេងដឹងដូច្នោះ ចាត់សេនាទាហានឲ្យស្វែងរកផ្កាឈើស្រុកព្រៃ ដែលមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ ដោតចងជាភួង បាននាំនាម៉ឺនមុខមន្ត្រីសេនាទាហានហែទៅថ្វាយព្រះពុទ្ធរូបក្នុងព្រះវិហារ សម័យនោះលោកសង្ឃរាជចៅអធិការវត្តមិននៅ ទៅលេងព្រៃ ព្រមទាំងភិក្ខុសាមណេរទាំងអស់ ទុកតែលោកសាមណេរតូចៗ ឲ្យនៅចាំកុដិ ស្ដេចក្មេងហែផ្កាទៅដល់វត្ត ប្រទក្សិណព្រះវិហាររួច ចូលទៅក្នុងព្រះវិហារចាត់ឲ្យទៅនិមន្តលោក គ្មានមួយអង្គសោះ ក៏ធ្វើសក្ការៈថ្វាយផ្កាព្រះពុទ្ធរូប រួចទេវបុត្រដើមជ្រៃខ្សឹបដាក់ត្រចៀកស្ដេចក្មេងថា ឲ្យស្ដេចរកជាងគំនូរគូររូបស្រីម្នាក់ភ្ជាប់នៅសសរព្រះវិហារ  ហើយឲ្យដាក់អក្សរឈ្មោះ  នាងក្រេបកម៉ុក  ស្ដេចក្មេងសួរនាម៉ឺនទាំងអស់នឹងប្រើឲ្យគូររូបគ្មានអ្នកណាចេះ ខ្លះប្រកែកថាគូរមិនល្អ សុំឲ្យស្ដេចគូរខ្លួនឯងចុះ ស្ដេចក៏ឲ្យគេខ្ចីដីសលោកនេនមកគូរខ្លួនឯង គូររួចទេវបុត្រនិមិត្តគំនូរនោះល្អដូចស្រីទេពកញ្ញាស្ថានសួគ៌ា ដាក់អក្សរខាងក្រោមឈ្មោះ នាងក្រេបកម៉ុក នាំសេនាទាហានត្រឡប់មកដំណាក់ក្នុងព្រៃវិញ ។   យប់នោះស្ដេចព្រហ្មទត្ត សុបិន្តនិមិត្តឃើញថា បានជួបនាងក្រេបកម៉ុកល្អរកគ្មានពីរ បានស្និទ្ធស្នេហា លុះព្រឹកឡើងនឹកនាងព្រួយព្រះទ័យណាស់ បាននាំសេនាទាហានដឹកសេះទៅលេងព្រៃបរបាញ់សត្វ បានចូលទៅវត្ត ឡើងទៅថ្វាយបង្គំព្រះក្នុងព្រះវិហារ ឃើញគំនូរនៅសសរល្អដូចស្រីនៅស្ថានសួគ៌ ឃើញដាក់អក្សរថាឈ្មោះនាងក្រេបកម៉ុក ត្រូវដូចយល់សប្ដិស្រឡាញ់ស្មើនឹងខ្លួនទៅវិញ ក៏សួរលោកគ្រូថា នរណាគូរលោកគ្រូថាមិនដឹង លោកនេនតូចប្រាប់ថា ម្សិលមិញពួកគង្វាលគោក្របីហែផ្កាមកថ្វាយព្រះ ក្រែងគេគូរ ឲ្យអាមាត្យទៅហៅពួកគង្វាលគោក្របី ពួកសេនាទាហានសែងស្ដេចក្មេងមកដល់ ឡើងទៅថ្វាយបង្គំ តែស្ដេចក្មេងអង្គុយស្ងៀមមិនសំពះ ស្ដេចព្រហ្មទត្តខឹងណាស់គិតយកទោស ក្រែងខូចខានបាននាងក្រេបកម៉ុក ត្រឡប់ជាលួងសួរនាមគួរសម   ។    ស្ដេចក្មេងនិយាយប្រាប់សព្វគ្រប់    ស្ដេចព្រហ្មទត្តថា បើឈ្មោះត្រូវ អ្នកទៅយកមកឲ្យយើង  បើយកមិនបានទេនឹងយកទោសអស់ ១ ពូជ ១ ត្រកូល ស្ដេចក្មេងថាទៅយកមកថ្វាយបាន តែសុំសេនាទាហាន ១០០ នាក់ និងសំពៅ ១ ហើយនិងសម្លៀកបំពាក់ដូចស្ដេចផែនដី ។ ស្ដេចព្រហ្មទត្តព្រមឲ្យ ក៏ចេញសំពៅទៅរកនាងក្រេបកម៉ុក បានកែវដើរលើទឹក និងមុជទឹក ជ្រែកទឹក ជ្រែកដី បានទៅដល់ស្ថានភុជង្គនាគ ជួបនាងក្រេបកម៉ុក ក៏បាននាំនាងមក បោកនាយសំពៅបានខ្សែចងនឹងដំបងវាយផង នាំនាងក្រេបកម៉ុកមកដល់ស្រុក ស្ដេចព្រហ្មទត្តលើកទ័ពទៅដណ្ដើម ស្ដេចក្មេងប្រើខ្សែឲ្យចង ប្រើដំបងឲ្យវៃ ស្លាប់អស់ទៅ ។ ពួកសេនាទាហានហែទៅអភិសេកឲ្យសោយរាជ្យសម្បត្តិ ។

សង្ខេបដោយសេចក្ដីប្រារព្ធ និងអស់យ៉ាងពិស្ដារវែងណាស់ ។

មាននិទានមួយទៀត ក្នុងគម្ពីររាជការទីពីរ ខាងចុងខ្សែមិនចាំពីនាងស្ត្រីម្នាក់មានឈ្មោះមិនប្រាកដ ។  កើតរោគដំបៅពេញ ខ្លួនខ្មាសគេមិនហ៊ានដើរទៅណាឆ្ងាយជិត  ពួននៅតែក្នុងផ្ទះ លុះតែពេលស្ងាត់ ឬរាត្រីយប់ ទើបហ៊ានចេញក្រៅចុះដី ។ នាងនោះមានដាំដើមផ្កា ដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ច្រើនមុខ ដាក់ផើងហែតាមរានហាលផ្ទះបាយ     ថ្នាក់ថ្នមស្រោចទឹកថែរក្សាតែដើមផ្ការាល់ថ្ងៃ ។ អ្នកស្រុកទាំងឡាយ មានកិច្ចធ្វើបុណ្យទាន  ទៅទិញតែផ្កាពីឪពុកម្ដាយនាងដំបៅពក   យកទៅធ្វើគ្រឿងសក្ការបូជាថ្វាយ ព្រះ ។ល។

សម័យថ្ងៃមួយ អ្នកស្រុកធ្វើរោងទាន  និមន្តព្រះបទុមុត្តសម្មាសម្ពុទ្ធ ព្រមទាំងព្រះថេរានុត្ថេរៈជាច្រើនទៅវេរភត្តថ្វាយ ។ បណ្ដាជនជិតឆ្ងាយមកជួបជុំខ្ញៀវខ្ញា ទាំងស្ដេច មន្ត្រី នាងដំបៅពកបានដឹងដូច្នោះមានចិត្តដ៏ជ្រះថ្លាដល់ព្រះសម្មាសម្ពុទ្ធ គិតទៅឲ្យខ្លួនអញកើតមកមានកម្មពៀវេរា ដំបៅពកបែកស្អុយពេញខ្លួន នឹងទៅចូលជិតគេកាលណាបាន នឹកតូចចិត្តនឹងកំណើតខ្លួនខ្លាំងណាស់ មិនដឹងធ្វើដូចម្ដេចនឹងបានកាន់ផ្កាដៃឯង ទៅថ្វាយព្រះសុំឲ្យដោះកម្មពៀរចេញ មកសំពះឪពុកម្ដាយថា សុំឲ្យឪពុកម្ដាយមេត្តាជួយសង្គ្រោះកូន បើកាលណាមានបុរសក្ដី ស្ត្រីក្ដីដែលធ្លាប់ស្គាល់រាប់អានគ្នា ក៏ស្វែងទៅស្ដាប់ធម្មទេសនាដើរមក ចំណេះសុំផ្ញើផ្កានឹងគេទៅថ្វាយព្រះឲ្យកូនផង សុំឲ្យបានដោះកម្មពៀរ  ព្រោះផ្កានេះជា

កម្លាំងរបស់កូនដាំថែទាំស្រោចទឹក ។ ឪពុកម្ដាយអាសូរដល់កូនណាស់ ថាមិនអីទេ ចាំឪពុកទៅចាំខាងដើមផ្លូវ ផ្ញើផ្កានេះនឹងគេយកទៅថ្វាយព្រះឲ្យកូន កូនកុំភ័យនាងដំបៅពកទទួលសាធុលោកឪពុកៗមានចិត្តសប្បុ-រសមេត្តាកូន កូនសុំឲ្យបានចាកផុតកម្មពៀរវេរាត្រឹម ណេះ ។  អនាគតជាតិទៅមុខ កុំឲ្យរោគាព្យាធិមកបៀតបៀនបានឡើយ ឪពុកម្ដាយក៏ឲ្យពរកូន សុំឲ្យកូនបានសម្រេចគិតដូចប្រាថ្នា ។

នាងដំបៅពកទៅកាច់ផ្ការើសបានប្រាំទងយ៉ាងល្អៗ ហើយមានក្លិនក្រអូបឈ្ងុយឈ្ងប់ ចងផ្ដុំគ្នាជាភួងៗ យកមកជម្រាបជូនឪពុកម្ដាយសុំឲ្យផ្ញើទៅថ្វាយព្រះ មានប្រាថ្នាគិតផ្សេងៗទៀត ។ល។

ឪពុកនាងកាន់ភួងផ្កាដើរស្វែងទៅចាំនៅដើមផ្លូវ ដែលគេតែងដើរកាត់ទៅស្ដាប់ទេសនា មួយស្របក់ ឃើញកូនកំលោះអ្នកមានសម្បត្តិម្នាក់ តែងខ្លួនស្អាតបាតដើរតម្រង់មក ឪពុកនាងមើលទៅស្គាល់ជាក់ ព្រោះអ្នកមាននោះ ឪពុកនាងធ្លាប់ទៅពឹងរកទ្រព្យសម្បត្តិគេជាចម្ការ ក៏សំពះសួរគួរសមថា លោកក្មួយកំលោះអញ្ជើញទៅណាតែម្នាក់ឯងដូច្នេះ កំលោះប្រាប់ថា ខ្ញុំទៅស្ដាប់ធម្មទេសនានឹងគេម្ដង ហេតុដែលមិននិយាយអ្វី ហើយនឹងមិនឲ្យមានគ្នាជូនឈូឆរនេះ ដោយយល់ឃើញថា មិនគួរដល់អ្នកស្វែងរកស្ដាប់ធម្មទេសនា ឪពុកនាងថា បើដូច្នោះខ្ញុំសុំផ្ញើផ្កាទៅថ្វាយព្រះឲ្យផង  ។  ផ្កានេះកូនក្រមុំខ្ញុំវាដាំថែទាំស្រោចទឹក  តែវាចេះតែឈឺខ្វិនជើងដៃដើរពុំរួច ឲ្យខ្ញុំយកផ្កានេះមកផ្ញើទៅថ្វាយព្រះ ឥឡូវបុណ្យផលបានជួបនឹងលោកក្មួយ សុំផ្ញើទៅថ្វាយព្រះផង   កំលោះនោះក៏ទទួលយកទៅដោយទើសទ័លស្គាល់គ្នា មិនដឹងជានាងនោះកើតដំបៅពក ស្មានថាឈឺបន្តិចបន្តួច ទៅដល់កណ្ដាលផ្លូវជួបកំលោះ ៣ នាក់ ម្នាក់ជាមិត្តសម្លាញ់ខ្លួន កូនអ្នកមានសម្បត្តិដូចគ្នា សួរគ្នាទៅវិញទៅមក ថាសម្លាញ់ទៅណាមកណា ប្រាប់គ្នាទៅវិញទៅមកថា ទៅស្ដាប់ធម្មទេសនា ។ សម្លាញ់ម្នាក់សួរថា សម្លាញ់ឯងបានផ្កាមកពីណាធុំក្រអូបល្អម្ល៉េះ សម្លាញ់ម្ខាងប្រាប់ថា ផ្កានេះមនុស្សក្នុងទំនុកបម្រុងរបស់យើងនៅភូមិចុងផ្សារ ថាកូនក្រមុំគាត់នោះ នាងឈឺខ្វិនជើងដៃ សុំផ្ញើផ្កាទៅថ្វាយព្រះឲ្យគាត់ ។ កំលោះ ២ នាក់ ដែលដើរជាមួយសម្លាញ់ម្ខាង នៅភូមិជិតនាងដំបៅពកស្ដាប់ឮស្គាល់ជាក់ ឆ្លើយកាត់ថា ឱព្រះម្ចាស់ថ្លៃអើយ បើដូច្នោះខ្ញុំបានស្គាល់ហើយ នាងនោះមិនមែនគ្រាន់តែឈឺខ្វិនជើងដៃទេ កើតដំបៅពកពេញខ្លួនស្អុយគគ្រុក ដើរទៅជិតផ្ទះស្ទើរតែមិនបាន នៅផ្ទះនោះមានផ្កាមែន សម្លាញ់ ១ ចំអន់លេងលាយមែនថា ផ្កាគេទុកជារូបស្ត្រី ឥឡូវសម្លាញ់ឯងទទួលផ្ការបស់មេដំបៅពកមក មានពៀរបានធ្វើប្ដីវាហើយមិនរួចទេ សម្លាញ់ ១ ឮសម្លាញ់ ១ ថាដូច្នោះជឿជាក់ នឹកអៀនខ្មាស់គេតូចចិត្តណាស់ បោះភួងផ្កាចោលទៅ ។

ក្រោយនោះមានមហាក្សត្រ ១ អង្គ ជិះសេះទៅជាមួយអាមាត្យម្នាក់ បំណងទៅស្ដាប់ធម្មទេសនា  ងាកព្រះនេត្រទៅឃើញភួងផ្កានៅប្រមាណ  ប្រាប់អាមាត្យឲ្យរើសមកថ្វាយ   ទ្រង់សសើរថាផ្កានេះមានក្លិនពិដោរក្រអូបល្អណាស់ ប្រហែលជារបស់ឈ្មោះណាជ្រុះជាក់ ដូច្នេះគួរយកទៅថ្វាយព្រះ ដល់ទៅរោងទាន ទ្រង់ប្រកាសសួរថា មានឈ្មោះណាជ្រុះផ្កាកណ្ដាលផ្លូវទេ ឥតមានជនម្នាក់ឆ្លើយសោះ ទ្រង់រកទីស្ថានដោតជាគ្រឿងសក្ការបូជាថ្វាយព្រះទៅ បុរសដែលបោះផ្កាចោលក៏បានឃើញថាជាស្ដេច លើកភួងផ្កាប្រកាសកណ្ដាលជំនុំដែរ តែនឹកឡើងចេះតែអៀនខ្មាស់ ស្ងៀមមិនស្រដី ។

លុះកន្លងជាតិទាំងអស់គ្នាទៅ បុរសទទួលបញ្ញើផ្កា ទៅកើតជាកូនសេដ្ឋី នាងដំបៅពកក៏កើតជាកូនសេដ្ឋី នៅស្រុកផ្សេងគ្នា រូបល្អដូចគំនូរគូរច្នៃ រកស្ត្រីក្នុងលោកិយប្រៀបផ្ទឹមពុំបាន តែមានឈ្មោះពុំទាន់ប្រាកដនៅឡើយ ស្ដេចដែលរើសផ្កាទៅថ្វាយព្រះ ក៏មកកើតជាស្ដេចទៀត ឈ្មោះព្រះបាទច័ន្តបជោត ។ សេដ្ឋីទាំងសងខាងផ្សំផ្គុំកូនប្រុសស្រីរៀបការជាប្ដីជាប្រពន្ធឲ្យ ។

បុរសក្រឡេកឃើញនាង ឲ្យតែមានចិត្តក្ដៅក្រហាយស្អប់ ដោយខំមកបិទបាំងគិតថា មេនេះល្អហួសស្រីទាំងឡាយ ដូច្នេះមិនគួរយកធ្វើប្រពន្ធ តែនឹងប្រកែកខ្លាចឪពុកម្ដាយ ដឹកគ្រឿងបណ្ណាការអស់មកហើយ  ខំអត់ធ្មត់សំពះការទៅ   ការរួចមិនជិតនាងនោះសោះ    នាងនៅខាងក្នុងបុរសរត់ចេញមកក្រៅ នាងចេញតាម ក៏បុរសគេចទៅក្នុងមិនស្ដីរកសោះ បាន ៣ ថ្ងៃ បញ្ឆោតនាងថាអផ្សុកណាស់ ឲ្យជូនទៅលេងព្រៃ ប្រាប់ថា កុំឲ្យខ្ញុំប្រុសស្រីណាទៅជាមួយហើយនឹងកុំប្រាប់វាឲ្យដឹង ។

ពេលមាន់រងាវប្រហែលម៉ោង ៤, ៥ ជិតព្រឹក ជូននាងឲ្យចុះដីឆាប់ នាំដើរទៅឆ្ងាយទៅៗ ឃើញដើមល្វា ១ ធំ ផ្លែទុំក្រហមច្រាល កាប់បង្វែង ចង់ប្រើនាងឲ្យឡើងបេះឲ្យស៊ី បើមិនឡើងបេះឲ្យស៊ីទេ ទុកថាមិនស្រឡាញ់ប្ដី លែងយកគ្នាត្រឹមណេះហើយ នាងក៏ខំឡើងទៅដល់ប្រកៀបផុតបង្វែង បុរសកាប់ចំណងទាញបង្វែងចោល ហើយកាប់បន្លាអូសស្រាស់គល់ជុំវិញ ភៀសខ្លួនគេចចោលនាងបាត់ទៅ ។ ព្រឹកឡើងស្រាប់តែបាត់ខ្លួនទាំងពីរនាក់ ផ្អើលរកជ្រួលច្រាល ។ល។

និយាយពីស្ដេចច័ន្តបជោត ដែលជាតិមុនរើសយកផ្កានាងទៅថ្វាយព្រះពុទ្ធមុត្តរ អផ្សុកខ្លាំងណាស់ នៅក្នុងដំណាក់ពុំបាន នាំសេនាទាហានទៅលេងព្រៃ ឃើញនាងនៅលើដើមល្វាក៏ឲ្យអាមាត្យយកបង្វែងដដែលដាក់ចងនាងឲ្យចុះមក សួរដឹងហេតុរឿងសព្វគ្រប់ នាំយកទៅនគររៀបអភិសេក លើកជាអគ្គមហេសីធំ ឲ្យឈ្មោះនាងបរមនាមរើសពីដើមល្វាមក ។

សង្ខេបទុកថា ចប់តាមសេចក្ដីប្រារព្ធនេះ ។

* * *

Flag Counter