រឿងព្រេង ទាក់ទងនឹងពាក្យ បើបុណ្យមានមិនអីទេ

មានរឿងមួយតំណាលថា ក្នុងកាលដែលកន្លងទៅហើយ កាលនោះមានបុរសម្នាក់ឈ្មោះ ចៅក្ដាំងបាយ បុរសនោះជាអ្នកកម្សត់ទុរគត គ្មានទ្រព្យសម្បត្តិអ្វីឡើយ មាតាបិតាស្លាប់ចោលតាំងពីកុមារតូច បុរសនោះនៅជាមួយនឹងជីដូនដរាបមក ។ ថ្ងៃមួយអ្នកស្រុកជិតខាងគេបបួលគ្នាទៅអង្រុតត្រី ចៅក្ដាំងបាយក៏ទៅអង្រុតនឹងគេដែរ ។ លុះដល់ទៅកន្លែងអង្រុត គេអង្រុតគ្រប់គ្នា ចៅក្ដាំងបាយមិនអង្រុតនឹងគេទេ បែរជារកកន្លែងដេកទៅវិញ ។ ដល់ពេលជិតមកផ្ទះវិញ ក៏ចុះទៅអង្រុតក្បែរៗខាង បានត្រីដូចគេដែរ ។ ថ្ងៃមួយក្រោយមក គេបបួលទៅដេញទន្សាយ ចៅក្ដាំងបាយក៏ទៅនឹងគេទៀត ដេញយូរទៅឆ្កែចៅក្ដាំងបាយទៅគាស់ដីរលីងទទេ ហើយហិតក្លិនកាយដីទទេនោះ ។ ចៅក្ដាំងបាយនឹកឆ្ងល់ក៏ជីកតាមដែលឆ្កែកាយនោះមើល ជីកៗទៅបានឃើញពងសត្វមួយនៅក្នុងដីនោះ ប៉ុន្តែចៅក្ដាំងបាយមិនស្គាល់ជាពងសត្វអ្វីទេ ក៏រើសយកមកថែរក្សាទុកទៅ  ។  ឯពងនោះគឺនាគវាពងកប់លាក់ទុក  ។  ចៅក្ដាំងបាយថែប្រពៃណាស់  ។  ដល់កូននាគនោះធំឡើងកាលណា  ក៏ឲ្យចៅក្ដាំងបាយជិះលើខ្នងខ្លួន ហើយហោះទៅកាន់ ស្រះបោក្ខរណី ដែលនាគបិតាខ្លួនស្លាប់ មកលេងកម្សាន្តសប្បាយ  ទើបយកចៅក្ដាំងបាយទៅលាក់នៅរូងឈើមួយ ហើយខ្លួនឯងចុះទៅក្នុង ស្រះបោក្ខរណី ពួននៅក្នុងទីនោះ ។ ដល់ពេលដែលស្ដេចនាគជាបិតានាំបរិវារមកលេងទឹកក្នុងស្រះនោះ កូននាគក៏ចាប់ជើងប្រពន្ធទី ១ នៃស្ដេចនាគនោះដោយឧបាយ ប្រាថ្នាដើម្បីញ៉ាំងឪពុកឲ្យស្គាល់ថាខ្លួនជាកូន ប្រពន្ធនាគស្រែកឆោឡោឡើងមួយរំពេចថា អ្នកណាចាប់ខ្ញុំៗ កូននាគឆ្លើយថាខ្ញុំជាអ្នកចាប់ ។ ស្ដេចនាគថាអ្នកឯងមកពីណាមកហ៊ានចាប់ប្រពន្ធយើង ។ កូននាគថាខ្ញុំនៅក្នុងទីនេះ ហើយខ្លួនខ្ញុំនេះជាកូនលោកឪពុកទេ ។ ស្ដេចនាគថា យើងគ្មានកូនទេ ។ កូននាគថា ទេខ្ញុំពិតជាកូនលោកស្ដេចនាគ ក៏ហៅប្រពន្ធទាំងអស់មកសួររកហេតុផល ទើបធ្លាយថាប្រពន្ធទី ៣ មានពងលាក់កប់ទុកក្នុងដី ហើយកូននាគក៏ឆ្លើយថា អើខ្លួនខ្ញុំនេះគឺមនុស្សរើសយកមកពីក្នុងដី ហើយចិញ្ចឹមបីបាច់ថែរក្សាមកជាយូរហើយ ស្ដេចនាគក៏សម្គាល់ថាជាកូនរបស់ខ្លួនពិតឥតសង្ស័យ ហើយស្ទុះទៅអង្អែលក្បាលហើយនិយាយថា នែកូនចុះមនុស្សដែលចិញ្ចឹមកូននោះតើនៅឯណា ចូរកូនទៅយកមក កូននាគក៏ទៅយកចៅក្ដាំងបាយមកបង្ហាញបិតាខ្លួនភ្លាម ស្ដេចនាគថា នែអ្នក !  អ្នកឯងបានចិញ្ចឹមកូនខ្ញុំៗ មានចិត្តត្រេកអរខ្លាំងណាស់ ដូច្នោះខ្ញុំសូមបូជាកែវមណីមួយដល់អ្នកឯង អ្នកឯងចូររស់នៅដោយប្រពៃ   ព្រោះអាស្រ័យ កែវមណីនេះចុះ ។ ស្ដេចនាគ និងចៅក្ដាំងបាយប្រាស្រ័យគ្នាសព្វគ្រប់ហើយ ទើបលាគ្នាទៅកាន់លំនៅរៀងៗខ្លួន កូននាគទៅកាន់ពិភពនាគនឹងបិតាខ្លួន ចៅក្ដាំងបាយបានកែវមណីហើយ ក៏ត្រឡប់មកផ្ទះវិញដែរ ។                                                                                    ឯកែវមណីនោះពូកែខ្លាំងណាស់គឺពេលកាន់ហើយហោះក៏រួច ឬបើចង់បានរបស់អ្វីៗ គ្រាន់តែយកមកឆ្លុះ ហើយនឹកឈ្មោះរបស់នោះ ក៏បានសម្រេចដូចប្រាថ្នាភ្លាម ។                                                                                                                                                ចៅក្ដាំងបាយតាំងពីពេលដែលបានកែវមណីនោះមកកាលណា 

ក៏ល្បីថាជាអ្នកមានភោគសម្បត្តិយ៉ាងអស្ចារ្យក្នុងពេលនោះ ។ ល្បីឆ្ងាយទៅក៏ឮដំណឹងដល់ស្ដេចនគរដទៃ ស្ដេចនោះក៏ប្រើបុរសម្នាក់ឲ្យមកធ្វើជាឧបដ្ឋាកបម្រើចៅក្ដាំងបាយហើយប្រាប់កិច្ចឧបាយដល់បុរសនោះឲ្យលួចយកកែវមណីនោះមកឲ្យខ្លួន ។ ឯបុរសនោះមកដល់កាលណា ក៏និយាយសុំនៅបម្រើចៅក្ដាំងបាយ ដល់នៅយូរៗទៅចៅក្ដាំងបាយទុកចិត្ត    បានឱកាសស្រួលក៏លួចយកកែវមណីនោះ   មកថ្វាយស្ដេច ឯនគរខ្លួននោះទៅ  ។ ចៅក្ដាំងបាយដល់ដឹងថាបុរសនោះលួចយកកែវមណីខ្លួនហើយ ក៏ប្រើឆ្កែ និងឆ្មាឲ្យទៅតាមយកមកវិញ ។ ឯឆ្កែនិង ឆ្មាដែលទៅតាមនោះ ទៅឆ្ងាយទៅៗបានទៅដល់ព្រែកមួយ រកអ្វីឆ្លងមិនបាន ឆ្មាចាប់ក្រពើ ឲ្យហែលចម្លង ក្នុងពេលដែលជិះក្រពើឆ្លងទឹក ឆ្កែសុំជិះត្រង់ក្បាល ដល់ក្រពើហែលចម្លងទៅ ឆ្កែភ័យខ្លាំងណាស់ ធ្លាយអាចម៍ដាក់ក្បាលក្រពើ ១ដុំ បានជាចាស់ៗនិយាយថា  ក្បាល ក្រពើដែលមានកំប៉ុក ១ ដុំនៅពីលើនោះ គឺជាដុំអាចម៍ឆ្កែពីកាលនោះជាប់រហូតដល់សព្វថ្ងៃនេះឯង ។ លុះឆ្លងទឹកហើយខំដើរឆ្លងទៅទៀត បានដល់ទៅនគរនោះ ឆ្មាចាប់ពួកកណ្ដុររស់ឲ្យទៅកកេរហឹបដែលដាក់លាក់កែវមណី នៅលើប្រាសាទនោះមកឲ្យខ្លួន កណ្ដុរទាំងនោះនាំគ្នាទៅកកេរមួយរំពេច ធ្លាយហឹបនោះយកកែវមណីមកឲ្យឆ្មាភ្លាម។ ឆ្មាក៏ពាំកែវមណីនោះយកមក គ្រាន់តែចេញមកបានបន្តិច ឆ្កែគេសុំពាំម្ដង ក៏ដល់ព្រែក ដោយអំណាចកែវមណីក៏មានស្ពានឆ្លង កំពុងឆ្លងស្រាប់តែមានកុកមួយហើរពីលើ ស្រមោលចោលទៅក្នុងទឹកឆ្កែឃើញ ព្រះកែវមណីក៏ធ្លាក់ទៅក្នុងទឹកត្រីលេបទៅឆ្មាចាប់អកឲ្យទៅចាប់ត្រីនោះ យកមកហែកយកកែវមណីនោះ ហើយឆ្មាក៏ពាំមកទៀត ដល់មក កាន់តែជិតដល់ផ្ទះ ឆ្កែសុំពាំម្ដងទៀត  ដោយគំនិតចង់យកគាប់នឹងម្ចាស់ ។ គ្រាន់តែពាំបានបន្តិច  ឃើញសត្វបោលកាត់មុខ ឆ្កែដេញបណ្ដើរព្រុសបណ្ដើរ ជ្រុះកែវមណីនោះទៀត ឆ្មារកឃើញក៏ពាំមក ឆ្កែរវល់តែរកឆ្មាដើរមកបានឆ្ងាយ ឆ្កែមកតាមដណ្ដើមពាំទៀតមិនទាន់ ឆ្មាមកដល់ឡើងលើផ្ទះ ជូនម្ចាស់ខ្លួនហោង ។ ឯឆ្កែមកដល់ទាល់គំនិត ក៏នៅត្រឹមខាងក្រោមផ្ទះម្ចាស់នោះឯង ។ បានជាចាស់ៗថាឆ្មាគាប់នឹងម្ចាស់បាននៅលើផ្ទះ ឯឆ្កែមិនបានគាប់ បានជានៅក្រោមផ្ទះឯចៅក្ដាំងបាយ ត្រូវនឹងពាក្យថា (បើបុណ្យមានមិនអីទេ) គឺពីដើមជាមនុស្សក្រសោះ ដល់ចិញ្ចឹមកូននាគបានកែវមណីក្លាយទៅជាអ្នកមាន ។ អាស្រ័យកម្មអតីត  និងបច្ចុប្បន្នផ្សំគ្នា ៕

រឿងនេះជារឿងព្រេងនិយាយតៗ គ្នាមកយ៉ាងនេះ អ្នករៀបរៀង គ្រូបង្រៀន វត្ត អង្គរជ័យ ស្រុក កំពង់ត្រាច ខេត្តកំពត ។

(ប៉ូវ ទ្រី)

Flag Counter