រឿងព្រេង ស្លាដក់ ស្លាកន្សែង

រឿងនេះបរមវាចាតំណាលថា  ហេតុដែលមានស្លាដក់ ស្លាកន្សែងក្នុងពិធីមង្គលការនោះ កាលដើមឡើយមានបុរសពីរនាក់ជាក្លើសម្លាញ់នឹងគ្នា តែបានបែកខ្ញែកគ្នាយូរទៅហើយ ដោយមានគ្រួសារទៅនៅស្រុកដទៃពីគ្នា ។ 

នាថ្ងៃមួយបុរសសម្លាញ់ម្នាក់ បានទៅឃ្វាលគោក្នុងព្រៃឆ្ងាយពីស្រុកភូមិ ហើយបានប្រទះនឹងសម្លាញ់ម្នាក់ទៀត ដែលជួនជាមានដំណើរមកតាមផ្លូវនោះ ឣ្នកទាំងពីរបានឃើញគ្នា ហើយក៏ត្រេកឣរពន់ពេក បានប្រាស្រ័យសួរសុខទុក្ខគ្នា និងគ្រួសាររៀងៗខ្លួន រហូតដល់សួរឣំពីមានកូនប្រុសស្រីប៉ុន្មាននាក់ ? តែតាមបែបខ្លះថា បុរសទាំងពីរនាក់ជាឣ្នកគង្វាលគោដូចគ្នា បានជាជួបគ្នាក្នុងព្រៃ ហើយសុំគ្នាទៅវិញទៅមកធ្វើជាក្លើ ។    

សេចក្តីក្រៅឣំពីនេះដូចគ្នា គ្រានោះក្លើឣ្នកធ្វើដំណើរមកឆ្លើយថា ឣញមានកូនស្រី ១ ក្លើឣ្នកឃ្វាលគោឆ្លើយថា  ឣញមានកូនប្រុស ១  បើដូច្នេះទៅហើយឣញសូមធ្វើដន្លងនឹងឯង ប្រសិនបើឯងមិនយល់ទាស់ទេ ព្រោះយើងក៏បានជាក្លើម្រាក់នឹងគ្នាយូរហើយ ចំណែកឯកូនយើងក៏ សមគួរបានគ្នាជាប្តីប្រពន្ធដែរ ក្លើឣ្នកមានកូនស្រីក៏យល់ព្រម ។ លំដាប់នោះក្លើឣ្នកមានកូនប្រុស ក៏ស្រាយបង្វិចស្លាដែលវេចដោយកន្សែងដក់ លាដាក់ក្លើឣ្នកមានកូនក្រមុំស៊ី ដោយពាក្យថា យើងមកកណ្តាលព្រៃ គ្មានរបស់អី្វជាបន្ទាល់ និងគួរសមសម្រាប់កម្ជាប់ក្លើទេ មានតែស្លាដែលវេចមកនេះ សុំឲ្យឣាក្លើស៊ីស្លានេះទុកជារបស់កម្ជាប់ពាក្យ វេលាក្រោយមក ទើបបានចាត់ការរៀបចំធ្វើឣាពាហ៍ពិពាហ៍តាមទំនៀម ។

ដោយហេតុមានរឿងព្រេងមកដូច្នេះ មកក្នុងសម័យនេះ កាលនឹងធ្វើពិធីមង្គលការនីមួយៗ រមែងមានរៀបស្លាដាក់កន្សែង ចែកជូនញាតិទទួលទាន ហៅថា “ស្លាដក់ស្លាកន្សែង” តាមប្រវេណី រឿងព្រេងដែលគេពោលខាងលើមកនេះ ។

តែរឿងនេះថាពិតឬមិនពិតយ៉ាងណា នៅក្នុងផ្លូវដែលត្រូវពិចារណាមើលដែរថា ដែលគេធ្វើមកនោះ ដោយកាន់តាមរឿងដែលពោលមកនេះ ឬមានរឿងដទៃផ្សេងទេ ព្រោះថា តាមធម្មតាកាលដែលកាន់យកតាមឣ្នកណាម្នាក់ ឣ្នកនោះតែងមានកិត្តិយសខ្ពស់ ឣ្នកដែលថយថោក ហើយធ្វើផ្តេសផ្តាស គេមិនដែលកាន់យកតាមទេ ។ 

* * *

Flag Counter