រឿងព្រេង បឹងធំ

កាលពីព្រេងនាយមានមហាក្សត្រមួយព្រះអង្គព្រះនាមមិនប្រាកដ   មានកាលថ្ងៃមួយមហាក្សត្រស្ដេចទ្រង់ បើកសំពៅមួយព្រះអគ្គមហេសីទ្រង់គង់សំពៅមួយ លុះបើកសំដៅដល់បឹងធំខ្យល់បក់ខ្លាំងបោកក្រឡាប់លិចសំពៅព្រះអគ្គមហេសី ហើយព្រះអង្គទ្រង់គង់សំពៅខាងក្រោយ បានទតព្រះនេត្រទៅឃើញសំពៅព្រះអគ្គមហេសីខ្យល់បោកក្រឡាប់ ព្រះរាជាស្ដេចទ្រង់លើកបាំងព្រះនេត្រមើលបញ្ជាក់ទើបទ្រង់ជ្រាបច្បាស់ ថា សំពៅព្រះអគ្គមហេសីខ្យល់បោកបក់សំពៅលិចស្លាប់ ព្រះរាជាក៏ភ្លេចភ្លាំងស្មារតី ដៃដែលកាន់ជើងគោកសំពៅក៏នៅតែបាំងជាប់នឹងព្រះនេត្រ សំពៅក៏ទៅតាមរលកបោកបក់ក្រឡាប់ស្លាប់ព្រះរាជាក្នុងគ្រានោះដែរ ។ ឯចំណែកត្រង់កន្លែងសំពៅព្រះរាជាលិច   ប្រមាណជា  ៣០  ឬ ៤០ ឆ្នាំ ដីដុះប៉ុនតួសំពៅត្រង់នោះ អ្នកស្រុកសន្មតហៅថា សំពៅលិច ដីរាបដល់សព្វថ្ងៃនេះ ត្រង់ព្រះរាជាលើកដៃបាំង គេហៅថា កោះបាំងដៃ ត្រង់សំពៅព្រះអគ្គមហេសីកឿងហៅថា កោះជ្រួយថ្ម ដល់ត្រង់កន្លែងសំពៅព្រះអគ្គមហេសីលិច ត្រង់កន្លែងនោះយូរឆ្នាំប្រហែល ៣០ ឬ៤០ ឆ្នាំ ដីដុះជាកូនកោះ ទំហំប្រហែល ៥ ម៉ែត្រ ៤ ជ្រុង កាលដែលសំពៅលិចប្រហែល ៣ ឆ្នាំ ឃើញមានត្រកៀតពួកអណ្ដែក មានស្លឹកគ្របពីលើត្រង់កន្លែងសំពៅលិច វេលាណាទឹកពេញពោរខ្ពស់ឡើង ត្រកៀតកំប្លោកក៏អណ្ដែតខ្ពស់ឡើង រដូវទឹកស្រក  ត្រកៀតក៏ស្រកតាមទឹក ស្ថិតនៅកន្លែង ដដែលវិញ ប្រហែល ៣០ ឬ ៤០ ឆ្នាំ ទើបដីដុះជាកោះឡើង ឯត្រង់កន្លែងនោះដីដុះមានសណ្ឋានតាមរាងសំពៅដែលលិច ។ ម្យ៉ាងវិញទៀតបឹងនោះមានគេថែរក្សាការពារ មិនឲ្យអ្នកស្រុកជិតឆ្ងាយចុះនេសាទកម្មក្នុងបឹងនោះទេ លុះដល់ខែផល្គុន ឬខែចេត្រ ទើបគេហ៊ានចុះនេសាទកម្មក្នុងបឹងនោះ  ទាំងទ្រូ  ទាំងមងសំណាញ់ ឆ្នុក លប ព្រួល ជាដើម ។ បើកាលណាយកព្រួលទៅរាំងទុកមួយយប់ ព្រឹកឡើងព្រួលអណ្ដែត បើបង់សំណាញ់ទៅក្នុងទឹកឡើងដាច់សំណាញ់ ពួកនេសាទកម្មធ្វើអស់តម្រិះគ្មានបានមច្ឆាជាតិ គឺត្រីក្នុងបឹងនោះមួយសោះឡើយ  ហើយមានខ្លះឈឺក្អួតចង្អោរ ខ្លះទៀតឈឺក្ដៅផ្សេងៗ ។ល។ ដោយមានសេចក្ដីភិតភ័យជាខ្លាំងគ្រប់គ្នា ខ្លះក៏បន់ស្រន់តាមទំនៀមផ្សេងៗ ស្រាប់តែខ្មោចចូលនៅសង្វៀន ឡើងច្រៀងរាំជាក្បាច់ថា អ្នកទាំងពួងទៅនេសាទក្នុងទីទឹករបស់យើង មិនសុំយើងៗ នៅថែក្សាទីទឹកនេះយូរហើយ គេសួរទៅអស់លោកនៅត្រង់កន្លែងណា ឆ្លើយថា យើងនៅត្រង់កន្លែងកោះសំពៅលិច យើងជាស្រី អ្នកដែលសួរនាំ សូមអស់លោកកុំប្រកែប្រកាន់មនុស្សលោក សូមឲ្យជាគ្រប់គ្នាទៅ កាលពីដើមយើងមិនដឹងទីទឹកនោះលោកយាយនៅថែរក្សា ឥឡូវមនុស្សលោកដឹងហើយ លោកយាយថា អើបើគាល់យើងហើយ ត្រូវធ្វើតាមបង្គាប់យើងឲ្យបានគ្រប់គ្នា ក៏ទទួលតាមបង្គាប់ដូចតទៅនេះ ត្រូវសង់រោងប្រក់ក្បឿងត្រង់កណ្ដាលកោះ រោងនោះមានសសរបួន ក្នុងសសរមួយៗ មានប្រវែង ១២ ម៉ែត្រ សង់រួចឲ្យរៀបស្លាធម៌ ១ គូ បាយសី ១ គូ ទៀន ៥ ធូប ៥ ក្បាលជ្រូក ១ បង្អែម បាយសម្ល ភ្លេងខ្មែរ ១ វង់ ។  ដែលបានធ្វើតាមសព្វគ្រប់ តាមបង្គាប់លោកយាយនោះ ជំងឺដែលយាយីទាំងប៉ុន្មានក៏បានស្បើយគ្រប់ៗ គ្នា ។ ដល់រដូវខែផល្គុន ឬខែចេត្រកាលណា មុននឹងចុះនេសាទកម្មក្នុងបឹង ត្រូវរៀបស្លាធម៌ បាយសី ក្បាលជ្រូក លេងភ្លេងខ្មែរឲ្យឱឡារិក រៀបពិធីធ្វើបុណ្យលេងភ្លេងខ្មែរឲ្យបានសព្វគ្រប់ ទើបមេសង្វៀនសុំទីទឹកនេសាទកម្មមច្ឆាជាតិ  ហើយគេនាំគ្នាចុះនេសាទកម្ម គឺទាំងព្រួល មង  អញ្ចង សំណាញ់ លប ទ្រូ ។ល។ នឹងបានដូចសេចក្ដីប្រាថ្នា ក៏បានសេចក្ដីសុខសប្បាយគ្រប់ៗគ្នា ។ ម្យ៉ាងទៀតអ្នកដែលមានដំណើរតាមជើងទឹក បើឆ្លងកាត់តាមបឹងនោះ ពុំនឹកឈ្មោះលោកយាយទៅមុនទេ នឹងមានសេចក្ដីអន្តរាយ ខ្យល់ព្យុះលិចទូក ឬវង្វេងផ្លូវដោយសេចក្ដីភិតភ័យផ្សេងៗ  អ្នកទៅបន់ជិតឆ្ងាយសព្វថ្ងៃ មានសេចក្ដីកោតខ្លាចលោកយាយគ្រប់ៗគ្នា ។ កោះលោកយាយ អ្នកស្រុកឃើញមានលលាដ៍ក្បាលមនុស្សប៉ុនតួបាត្រជាច្រើន សព្វថ្ងៃនេះតាមចាស់ៗព្រឹទ្ធាចារ្យបានតំណាលតៗគ្នាមកថា កាលអំពីដើមឡើយ មានបុរសម្នាក់ជាអ្នកកម្សត់ ពេលធ្វើទានម្ដងៗ រកចាន ថាស តុ នឹងដាក់រៀបប្រគេនចង្ហាន់លោកឆាន់ដោយវេទនា លុះវេលាថ្ងៃមួយ ស្រាប់តែលោកយាយចាស់ស្លៀកពាក់ស្អាត ទៅនិយាយប្រាប់អ្នកកម្សត់ថា បើមានអាសន្នធ្វើបុណ្យខ្វះចាន ថាស តុ ផើង ទៅសុំខ្ចីលោកយាយចុះ កន្លែងនៅត្រង់រូងកោះសំពៅលិច មុននឹងទៅខ្ចីធ្វើស្លាធម៌ ១ គូ សុំខ្ចីទុកមួយយប់ ព្រឹកឡើងទៅយកចុះ អ្នកកម្សត់បានធ្វើស្លាធម៌ ១ គូ ទៅសុំខ្ចីទុក ១ យប់ ដូចពាក្យលោកយាយបង្គាប់ លុះដល់ព្រឹកឡើងអ្នក កម្សត់ទៅឃើញ ចាន ថាស តុ ផើង នៅមុខរោង ជញ្ជូនយកទៅផ្ទះដើម្បីប្រើប្រាស់ក្នុងវេលាធ្វើបុណ្យ វេលាធ្វើបុណ្យឆ្លងហើយចប់ ក៏រៀបចំលាងជូតយ៉ាងស្អាត ជញ្ជូនយកមករៀបដាក់ខាងមុខរោង ហើយអុជទៀននិយាយដល់ឈ្មោះលោកយាយថា ចាន ថាស តុ ផើង យកមកថ្វាយគ្រប់ចំនួនវិញដដែល  សូមលោកយាយពិនិត្យឲ្យសព្វគ្រប់ចុះ ហើយត្រឡប់វិលដល់ផ្ទះកាលណា អ្នកតំបន់ជិតខាងក៏ឆោឡោយ៉ាងឱឡារិក  ដោយសេចក្ដីជឿជាក់ពិតៗ អ្នកទាំងនោះក៏មានសញ្ញាកត់ទុក នៅថ្ងៃក្រោយជាវេលាមានអាសន្ននឹងធ្វើតាមរបៀបយ៉ាងនេះជាពុំខាន ដល់ថ្ងៃក្រោយៗ មានអ្នកត្រូវការធ្វើបុណ្យ ក៏ធ្វើស្លាធម៌ ១ គូ ទៅសុំខ្ចីដូចគ្នានឹងអ្នកមុន ក៏បានដូចសេចក្ដីប្រាថ្នា ។ក្នុងបឹងធំនោះ បើក្រឡេកមើលទៅឃើញស្រមោលទឹករលកដោយដុំៗ កោះលោកយាយ នៅចំពាក់កណ្ដាលអាស្រមខ្ពស់ទ្រនុងកណ្ដាល     កោះនោះទទឹងបណ្ដោយឆ្ងាយអនេកលន្លុងលន្លោចវាលអស្ចារ្យ រដូវប្រាំងរដូវវស្សាគង្គាកាលណា គ្មានស្រកស្រុត មច្ឆាតូចធំច្រើនកុះករ  រហឹម ធារពុំដែលរឹង មច្ឆា បក្សា និងបក្សី ពឹងពាក់អាស្រ័យជាអាហារ ។ មានទំនៀមម្យ៉ាងឡើងថា ក្នុងបឹងនោះ អ្នកស្រុកមានសេចក្ដី ហាម ឃាត់ អស់ពពួកអ្នកតំបន់ជិតឆ្ងាយដែលមានដំណើរឆ្លងកាត់បឹងនោះមុននឹងឆ្លងត្រូវនឹកដល់ឈ្មោះលោកយាយជាមុន ទើបឆ្លងកាត់បឹង នោះបាន បើពុំបាននឹកឈ្មោះលោកយាយទេ នឹងខ្យល់ព្យុះចុះអ័ព្វងងឹត រលកបោកក្រឡាប់លិចទូកស្លាប់ជាច្រើន ។ បើពុំនោះសោតទៅជាវង្វេងរកកោះរកត្រើយពុំឃើញក្នុងបឹងនោះ សព្វថ្ងៃអ្នកស្រុកនិយមជឿជាក់ទុកជាទំនៀមទម្លាប់ធ្វើតៗគ្នាមកដល់សព្វថ្ងៃនេះ ។

-ចប់់-

Flag Counter