រឿងពេទ្យ​សំណាង

  • Print

ឃុនសុវត្ថិវេទី យូ-អ៊ុន រៀបរៀង

កាលកន្លងយូរមកហើយ មានបុរសម្នាក់ឈ្មោះ សំណាង ជាមនុស្សកំញ្រឪពុក មានតែម្តាយជាគម្រប់ពីរ នៅស្រុកបច្ចន្តគ្រាមក្នុងនគរបុរីរម្យ ជាអ្នកទ័លក្រទ្រព្យសម្បត្តិ ព្រមទាំងល្ងង់ខ្លៅមិនមានចំណេះវិជ្ជាអ្វីក្នុងខ្លួន សូម្បីតែអក្សរ និងលេខក៏មិនចេះផង។ ជីវិតនាយសំណាងប្រព្រឹត្តមកបាន ២០ ឆ្នាំប្លាយហើយ មិនដែលប្រទះសេចក្ដីសុខស្រួលម្ដងសោះ ជួបតែសេចក្ដីនឿយហត់ លុះតែខំប្រឹងរកបែកញើសដូចទឹក ទើបបានអាហារបរិភោគព្រឹកល្ងាច ឯសម្លៀកបំពាក់មានគ្រាន់តែបិទបាំកេរ្តិ៍ខ្មាស ថែមទាំងមានបំណះច្រើនជាន់ច្រើនពណ៌, មុខគួរឲ្យសង្វេគពេកណាស់ ។ មានកាលថ្ងៃមួយ នាយសំណាងមានវិតក្កខ្លាំង ជាហេតុនាំឲ្យទឹកមុខស្រពោនមិនក្លៀវក្លា ចេះតែអង្គុយសំកុក មិននិយាយស្ដីរកអ្នកណាឡើយ ។ ក្នុងខណៈនោះ មានតាចាស់ម្នាក់ មាននាម និងគោត្រមិនប្រាកដ ស្មាស្ពាយថង់យាម ដៃកាន់ឈើច្រត់ បានដើរមកជួបនឹងនាយសំណាងក៏សួរថា នែចៅ មុខខ្មៅក្រៀមក្រោះមិនស្រស់ស្រាយសោះ ទំនងជាមិនសប្បាយដោយហេតុអ្វីមួយឬចៅ ? សូមជម្រាបប្រសាសន៍លោកតា ខ្ញុំបាទព្រួយចិត្តជាខ្លាំង ។ ចៅព្រួយព្រោះរឿងហេតុអ្វី ? ។ បាទ, ព្រោះខ្ញុំបាទទាល់គំនិតមិនដឹងជានឹងគិតធ្វើរបរបែបណា គ្រាន់នឹងចិញ្ចឹមជីវិតឲ្យបានសុខស្រួល កុំឲ្យមានលំបាកដូចសព្វថ្ងៃនេះ ។ អាយុចៅបានប៉ុន្មានឆ្នាំហើយ កើតថ្ងៃអី ឆ្នាំអី ? ។ ជម្រាបប្រសាសន៍លោកតា ខ្ញុំបាទអាយុ ២៦ ឆ្នាំហើយ កើតថ្ងៃព្រហស្បតិ៍ ខែពិសាខ ឆ្នាំច ។ បានជាតាសួរដូច្នេះ ព្រោះតាបានស្តាប់ពាក្យចៅឯងមកគួរឲ្យអាណិតណាស់ តាចង់ពិគ្រោះមើល ជោគជតារាសីចៅឯង តើក្នុងមួយចប់ជីវិតរបស់ចៅប្រព្រឹត្តទៅបែបណា ។ បានលោកតាមើលឲ្យខ្ញុំបាទ អរគុណរកប្រៀបគ្មាន ។ តាចាស់បានយកលេខ ថ្ងៃ ខែ ឆ្នាំ និងអាយុរាសី មកពិនិត្យគន់គូរមើល សង្កេតតាមគម្ពីរវេទ ដែលចេះចាំមកសព្វគ្រប់ហើយ ទើបពិនិត្យមើលលក្ខណៈទ្រង់ទ្រាយរូបឆោមរបស់ចៅសំណាងមកផ្គូគ្នានឹងលេខថ្ងៃខែឆ្នាំ ហើយទាយថា នែចៅ ! ទំនាយចៅឯងថា នឹងបានសេចក្ដីសុខ  មានកេរ្តិ៍ឈ្មោះដោយសារវិជ្ជាមួយ ។  វិជ្ជាអ្វី ? លោកតា ! ។  វិជ្ជាពេទ្យផ្សំថ្នាំព្យាបាលរោគគ្រប់ជំពូកចៅ ! ។ ឱលោកតាអើយ ! ខ្ញុំបាទនឹងចេះផ្សំថ្នាំធ្វើជាគ្រូពេទ្យដូចម្តេចកើត បើខ្ញុំបាទខ្លៅម្ល៉េះ សូម្បីតែអក្សរលំនាំក៏ខ្ញុំបាទមិនចេះផង ។ តាចាស់ញញឹមហើយប្រាប់ថា មានមនុស្សច្រើននាក់ណាស់ចៅ ! ដែលមានទ្រព្យសម្បត្តិ ព្រមទាំងមានកេរ្តិ៍ឈ្មោះព្រោះតែវិជ្ជាផ្សំថ្នាំ គេក៏មិនចេះអក្សរដូចចៅដែរ ។ បើប្រាកដដូចលោកតាមានប្រសាសន៍មែន ខ្ញុំបាទអរណាស់ ។ បន្ទាប់មក តាចាស់លានាយសំណាងដើរហួសទៅ មិនដឹងជាទៅកាន់ទីណា ។ កាលតាចាស់នោះទៅបាត់ ចៅសំណាងអង្គុយទ្រឹងគិត ១ ស្របក់ ក៏ស្រាប់តែប្រែទឹកមុខថ្លាស្រស់ ដោយនឹកឃើញថា ឱលោកតានេះទាយហាក់ដូចជាបើកមុខវែកផ្លូវឲ្យអញធ្វើតាមឧបាយនោះហើយ ។ កាលកន្លងមកមិនយូរប៉ុន្មាន ចៅសំណាងទៅឯមាត់សមុទ្រ ដើររករើសឆ្អឹងត្រី, សម្បកលៀស, ស្នូកអណ្ដើក ស្នូកកន្ធាយ កុយ, ភ្លុក, ស្បែក, ស្នែង, របស់សត្វផ្សេង និងសំបុកឆ្កែញ៉ាំងជាដើម កាលត្រឡប់ពីមាត់សមុទ្រមកវិញ បានឡើងទៅកាន់ព្រៃភ្នំរកកាប់ដើម, ឫស, សម្បកនៃឈើវិសេសៗ ក្រៗ ដែលមិនមានរៀងអាយ និងវល្លិផ្សេងៗ ហើយយកមកតម្រៀបដាក់លក់កណ្ដាលផ្សារនៅស្រុកបច្ចន្ដគ្រាម ព្រមទាំងនិយាយបញ្ចុះបញ្ចូលមនុស្សទាំងពួងឲ្យជឿចូលចិត្តជាវថ្នាំយកទៅប្រើរម្ងាប់រោគទាំងពួង ។ រីឯពួកបុរសស្រ្ដីដែលមានភ័យព្រោះរោគគ្របសង្កត់រឹបជាន់រាងកាយ សឹងតែនាំគ្នាខ្វល់ខ្វាយចូលជាវឱសថអំពីនាយសំណាងគ្រប់ៗគ្នា ។ ចាប់ដើមពីថ្ងៃដែលនាយសំណាងតាំងថ្នាំលក់ អ្នកផងនាំគ្នាហៅថា "ពេទ្យសំណាងៗ" ជាប់រហូតរៀងមក ។ នៅឱកាសដែលពេទ្យសំណាងកំពុងផ្សាយថ្នាំឱសថ ពួកចៅ-ហ្វាយស្រុកគ្រប់តំបន់ក្នុងនគរបុរីរម្យ សឹងតែខំខ្វល់ខ្វាយចាត់ការឲ្យភ្នាក់ងារទីទៃៗ ទៅស៊ើបរកពេទ្យពូកែៗក្នុងតំបន់ដែលខ្លួនកាន់កាប់, លុះស៊ើបទៅឃើញមាន ក៏បញ្ជូនពេទ្យទាំងនោះទៅថ្វាយព្រះករុណាម្ចាស់ជីវិតនៃនគរបុរីរម្យ តាមព្រះរាជឱង្ការត្រាស់បង្គាប់ ។ ចំណែកឯពួករាស្រ្តអ្នកស្រុកបច្ចន្ដគ្រាម កាលមានពួកអ្នកភ្នាក់ងាររាជការស្រុកទៅស៊ើបរកពេទ្យពូកែ បានឆ្លើយដាក់ទៅលើពេទ្យសំណាងៗ ក៏មកសាលាស្រុក ខាងស្រុកប្រាប់ថា នែពេទ្យសំណាង ! អ្នកផងក្នុងស្រុកនេះនិយាយថាអ្នកឯងចេះផ្សំថ្នាំយ៉ាងចំណាន ចុះឯងដឹងទេ ? ឥឡូវនេះព្រះមហាក្សត្រ ដែលសោយរាជ្យនៅនគរយើងនេះ មានព្រះអាពាធរោគក្អករបេងទ្រង់បានឲ្យពួកពេទ្យនៅទីក្រុងទាំងអម្បាលម៉ានមកព្យាបាលរោគនោះហើយ តែមិនបានធូរស្រាកស្រាន្ដសោះ ទើបទ្រង់ចាត់ព្រះរាជឱង្ការបង្គាប់មកចៅហ្វាយស្រុកគ្រប់ស្រុកក្នុងព្រះនគរ   ឲ្យបញ្ជូនពេទ្យក្នុងស្រុកនីមួយៗ   ទៅមើលរោគព្រះអង្គ, ហេតុនេះ យើងនឹងបញ្ជូនអ្នកឯងឲ្យទៅមើលព្រះរោគស្ដេចនោះក្នុងកាលឥឡូវនេះ ។ បានឮថា ពេទ្យសំណាងនោះ ក៏កើតរោគក្អករបេងមកយូរឆ្នាំហើយដែរ តែរកថ្នាំមើលដោយខ្លួនឯងមិនជាសោះ កាលបានស្តាប់ពាក្យចៅហ្វាយស្រុកតម្រូវឲ្យទៅមើលរោគស្តេចដូច្នោះ ក៏ភិតភ័យជាខ្លាំង បានអង្វរទៅចៅហ្វាយស្រុកថា សូមលោកមេត្តាកុំបញ្ជូនខ្ញុំព្រះបាទទៅទាន ព្រោះខ្ញុំព្រះបាទគ្មានចេះផ្សំថ្នាំកែរោគបែបនោះទេ   ណាមួយខ្ញុំព្រះបាទក៏កើតរោគរបេងនោះដែរ  ខ្ញុំបាទនឹងទៅមើលថ្វាយស្តេចដូចម្តេចកើត ។ រីឯចៅហ្វាយស្រុកនោះ ជាអ្នកខ្លាចស្តេចណាស់ ដោយគិតឃើញថា បើមិនបានបញ្ជូនពេទ្យណាមួយទៅថ្វាយ ក្រែងស្តេចយកទោសថា ល្មើសនឹងព្រះរាជឱង្ការ តែនឹងរកពេទ្យដទៃក្នុងស្រុកនោះក្រៅពីពេទ្យសំណាងមិនបាន ទើបពុំព្រមទទួលពាក្យអង្វរ, ទោះបីពេទ្យសំណាងអង្វរយ៉ាងណា ក៏រឹងរឹតសំដែងអំណាចប្រើអាការបង្ខិតបង្ខំជាខ្លាំង ដរាបទាល់តែពេទ្យសំណាងលែងប្រកែក ព្រមទទួលទៅទាំងភិតភ័យ ។ ចៅហ្វាយស្រុកបានចាត់បម្រើម្នាក់ ឲ្យយករទេះ  ១   មកនាំពេទ្យសំណាងទៅថ្វាយស្តេចក្នុងពេលនោះភ្លាមឥតមានបង្អែបង្អង់ឡើយ ។ពេទ្យសំណាងជិះរទេះទៅអស់រយៈផ្លូវវែងឆ្ងាយ ក៏បានដល់ភ្នំមួយដែលតាំងនៅពាក់កណ្ដាលផ្លូវ បានដាក់រទេះឈប់រកទឹកផឹកក្បែរជើងភ្នំនោះ ។ ដោយការស្រេកទឹកពន់ពេក, តេជោធាតុក្នុងខ្លួនពេទ្យសំណាងក៏ឆេះដាលរោលរាលជាខ្លាំង ជាហេតុបណ្ដាលឲ្យរោគក្អករឹងរឹតតែខ្លាំងឡើងលើសដើមទៅទៀត ។ ជូនជាពេលនោះ ជារដូវខែប្រាំង សព្វទីភូមិភាគផែនដីក្បែរជើងភ្នំ សឹងតែរីងស្ងួតហួតហែងគោកខះអស់ ពុំមានទឹកដក់នៅបន្ដិចសោះឡើយ ពេទ្យសំណាងដើររកស្ទើរដាច់ខ្យល់ ពុំបានទឹកក្រេបសោះ ដើរទៅៗបានឃើញខ្ទមមួយ ដល់ដើរចូលទៅជិតឃើញមានបុរសស្រ្ដីប្តីប្រពន្ធនៅក្នុងខ្ទមនោះ ឯប្រពន្ធកំពុងលាងបន្លែច្រើនមុខក្នុងផើងមួយ  ដោយទឹកបន្ដិចហើយល្ងក់កខួរ ។ ពេទ្យសំណាងនិយាយសុំទឹកថា អឺអ្នក !  មានទឹកទទួលទានទេ  មេត្តាឲ្យខ្ញុំសុំទទួលទានបាន ១ ឆ្អែត ។ ស្រ្ដីនោះតបថា ឱលោកអើយ ! ខ្ញុំគ្មានទេ នៅទីនេះក្រទឹកណាស់, ខ្ញុំខំសម្រេងដងអំពីអណ្ដូងខាងត្បូងផ្ទះបានល្មមតែស្លដណ្ដាំ, នៅសល់បន្ដិចបន្ដួច ខ្ញុំយកមកលាងបន្លែនេះអស់ទៅហើយ ។ ពេទ្យសំណាងស្រេកទឹកខះកពេកទ្រាំអត់ពុំបាន ក៏សុំទឹកលាងបន្លែអំពីស្រ្ដីនោះមកផឹក រួចលាម្ចាស់ខ្ទមត្រឡប់មកឡើងជិះរទេះធ្វើដំណើរតទៅមុខទៀត ។ លុះពេទ្យសំណាងជិះរទេះទៅដល់ទីក្រុង ក៏បររទេះចូលទៅតាមថ្នល់ក្នុងក្រុង មើលឃើញថ្នល់ស្អាតៗខ្វាត់ខ្វែងជាក្រឡាចត្រង្គ ឃើញសសរគោមដាក់ចង្កៀងបំភ្លឺវេលាយប់ ភ្លឺរន្ទាលតាមដោយចិញ្ចើមថ្នល់ជាសង្កាត់ៗ ឃើញផ្ទះផ្សារធំៗ ខ្ពស់ៗ ច្រើនជាន់ល្វែងសង់ជាជួរៗតាមសងខាងថ្នល់នីមួយៗ នៅក្នុងផ្ទះផ្សារទាំងនោះ ឃើញសុទ្ធតែជាតិអ្នកនគរបុរីរម្យ បើកលក់ទំនិញគ្រប់មុខ, ទីខ្លះឃើញសួនផ្កា ដាំផ្កាលាយពណ៌ចម្រុះគ្នា វិចិត្រជាក្បាច់ផ្សេងៗគួរឲ្យរមឹលមើល ។ ពេទ្យសំណាងជិះរទេះគន់មើលបណ្ដើរ លុះបរទៅដល់ព្រះបរមរាជវាំង ឃើញកំពែងវែងសន្លឹម ធ្វើអំពីថ្មដ៏ខ្ពស់ព័ទ្ធជុំវិញជា ៤ ជ្រុង នៅជុំវិញកំពែងនោះ មានរោងទងដ៏ល្អវិចិត្រក្បាច់រចនាប្លែកៗ មើលទៅខាងក្នុងឃើញប្រាសាទជាច្រើនខ្ពស់ទទុងៗ ប្រក់សុទ្ធតែក្បឿងពណ៌ភ្លឺចិញ្ចែង  កំពូលព្រហ្មបួនមុខ  នៅទីក្បែរខាងប្រាសាទមួយៗ មានសួនផ្កាល្អត្រកាល ពេទ្យសំណាងឃើញហើយនឹកអស្ចារ្យស្ងើចស្ញប់ស្ញែង ខ្លាចឫទ្ធានុភាពស្តេចផែនដីដែលរៀបចំទីក្រុង និងព្រះរាជវាំងឲ្យរុងរឿងនេះជាអនេកកប្បការ ។ កាលពេទ្យសំណាងចុះពីរទេះ ដើរចូលទៅក្នុងព្រះបរមរាជវាំង  បានឃើញពួកពេទ្យដែលមកអំពីស្រុកក្រៅ  កំពុងតែផ្សំឱសថថ្វាយស្ដេច   តែស្ដេចសោយថ្នាំទាំងនោះទៅក៏ពុំបានជាព្រះរោគឡើយ ។ ក្នុងកាលមុននឹងចូលទៅគាល់ស្តេច ពេទ្យសំណាងព្រួយចិត្ត ឆ្លេឆ្លាគំនិតជាខ្លាំងណាស់ ដោយការស្រាវជ្រាវនឹករកថ្នាំនឹងយកមកប្រកបផ្សំថ្វាយស្ដេច ដើម្បីដោះ ទាល់ខ្លួន ព្រោះកាលចេញពីផ្ទះមកគ្មានដោយជាប់ថ្នាំបន្ដិចបន្ដួចមកផងទេ, ដើរបណ្ដើរនឹករកថ្នាំបណ្ដើរ, កំពុងតែដើរគិតៗ ស្រាប់តែភ្ញាក់ក្នុងចិត្តថា "យី ! អញមកតាមផ្លូវមិនបានពិនិត្យមើលរោគខ្លួនឯងផងសោះ ឥឡូវនេះ ក្នុងខ្លួនអញដូចជាបានធូរច្រើនណាស់ បាត់ក្អក បាត់ក្ដៅស្ទេញអស់ហើយ, ប្រហែលរោគក្នុងរូបអញនេះបានសះស្បើយដោយសារផឹកទឹកលាងបន្លែ ដែលសុំពីស្រីនៅជើងភ្នំនោះទេដឹង ? អញគួរមើលថ្វាយស្តេចតាមទំនងនេះចុះ" លុះគិតឃើញដូច្នេះហើយ ក៏ឲ្យគេនាំខ្លួនចូលទៅក្រាបបង្គំគាល់ស្ដេចៗ ទ្រង់មានព្រះរាជឱង្ការសួរថា "ពេទ្យសំណាង ! អ្នកឯងអាចមើលរោគយើងជាទេ ? បើមើលជា, យើងនឹងឲ្យរង្វាន់ជាច្រើន" ។ ពេទ្យសំណាងក្រាបទូលបង្គំទូលថា "សូមទ្រង់ព្រះមេត្តាប្រោស!ទូលបង្គំសូមមើលថ្វាយតាមបន្ទាល់តែ សូមទ្រង់ព្រះរាជទានបន្ទប់មួយដ៏ស្ងាត់និងមនុស្សបម្រើពីរនាក់ដើម្បី នឹងបានចាត់ចែងឱសថថ្វាយ" ។ ស្ដេចទ្រង់បានប្រទានតាមពាក្យសុំរបស់ពេទ្យសំណាងៗ បានហៅអ្នកបម្រើទាំងពីរ នាក់នោះឲ្យចូលទៅក្នុងបន្ទប់  ហើយបង្គាប់ឲ្យទៅរកបេះស្លឹក  ផ្លែឈើ   មើមឈើដែលគេស្លបរិភោគបានបន្ដិចៗ គ្រប់មុខអំពីស្រុកស្រែមកឲ្យ, កាលបានហើយ ក៏យកចូលទៅក្នុងបន្ទប់នោះ ហើយយកទឹកលាងក្នុងចានដែកមួយ ធ្វើទំនងឲ្យដូចស្រីលាងបន្លែដែលខ្លួនឃើញ រួចយកទឹកនោះទៅត្រងដោយសំពត់សស្អាត ហើយចាក់ទៅក្នុងកែវមួយនាំយកទៅថ្វាយស្ដេចៗ សោយទឹកឱសថអស់ ១ កែវនោះ ព្រះអាពាធក៏បានធូរសះស្បើយចាកព្រះអង្គ ។ ព្រះមហាក្សត្រាធិរាជ កាលបានជាព្រះរោគហើយ ទ្រង់សោមនស្សរីករាយ សប្បាយក្នុងព្រះរាជហឫទ័យជាខ្លាំង ទ្រង់បានធ្វើបដិការតបគុណពេទ្យសំណាង ឲ្យសមគួរដល់កិច្ចដែលគេបានស្រង់ជីវិតព្រះអង្គ គឺទ្រង់ប្រទានស្រីស្នំម្នាក់ឈ្មោះ សុគន្ធ អាយុ ១៨ ឆ្នាំ ដែលមានរូបឆោមល្អឆើត មានពូជពង្សខ្ពង់ខ្ពស់ឲ្យជាភរិយា, ទ្រង់ប្រទានខ្ញុំប្រុសខ្ញុំស្រីច្រើននាក់ និងមាសប្រាក់ច្រើនពាន់ ព្រមទាំងផ្ទះមួយដ៏មានប្រដាប់ប្រើប្រាស់ក្នុងនោះគ្រប់គ្រាន់ ហើយទ្រង់ប្រទានយសសក្ដិខ្ពង់ខ្ពស់ ទីងារជាឧកញ៉ាសំណាងមានភ័ព្វ ។ ពេទ្យសំណាង កាលបានទទួលព្រះរាជអំណោយដ៏ប្រសើរយ៉ាងនេះហើយ ក៏មានចិត្តត្រេកអរមហិមា បាននៅរួមវាសនាជាមួយនឹងនាងសុគន្ធជាសុខសប្បាយ ថ្ងៃក្រោយមកបានប្រើគេឲ្យទៅនាំមាតាយកមកនៅជាមួយឯទីក្រុងវិញ ។ តាំងពីថ្ងៃដែលព្រះរាជាទ្រង់សះស្បើយព្រះរោគ, កិត្តិសព្ទដ៏ពីរោះក៏លាន់ឮខ្ចរខ្ចាយពេញទាំងនគរថា ពេទ្យសំណាងមើលស្តេចជា។ មនុស្សទាំងឡាយជាអ្នកមានទុក្ខធុរៈដោយរោគផ្សេងៗ បាននាំគ្នាចូលទៅសុំជាវថ្នាំលោកសំណាងរាល់ថ្ងៃ ។ ឱសថណាដែលលោកសំណាងផ្សំឲ្យ ឱសថនោះពូកែស័ក្ដិសិទ្ធិអាចរម្ងាប់រោគបានដូចចិត្ត ។ លោកសំណាងបានជួបសេចក្ដីសុខបន្ដិចម្តងៗ តាំងពីថ្ងៃចេញលក់ថ្នាំ,រហូតមកដល់មានកេរ្តិ៍ឈ្មោះជាពេទ្យវិសេសរឹងរឹតមានសេចក្ដីសុខដ៏ធំទូលាយថែមទៀត គួរឲ្យអស្ចារ្យនឹងបុណ្យលោកដ៏ក្រៃលែង ។

រឿងដែលដំណាលមកនេះ បំភ្លឺបានទាំងពីរផ្លូវ គឺទាំងផ្លូវលោក និងផ្លូវធម៌ ដូចមានសេចក្ដីរួមជាពាក្យកាព្យតទៅនេះ ៖

បុណ្យភ័ព្វកំណប់ពីព្រេងនាយ         តែងឲ្យពណ្ណរាយនាលោកិយ

ដល់ជនជាប្រុសឬជាស្រី          ដែលខំឃ្មាតខ្មីកសាងទុក ។

ឃើញទេលោកសំណាងមានភ័ព្វ ល្បីឈ្មោះមានទ្រព្យគេរាប់មុខ

ផ្សំថ្នាំស័ក្តិសិទ្ធិឥតមានទុក្ខ         នេះគឺសាងសុខទុកពីមុន ។

មួយទៀតរឿងនេះសឲ្យយល់         ថាកុំឲ្យវល់ព្រោះគ្មានទុន

ប្រឹងតែធ្វើការកុំស្ករស្កុន        សុខសាន្ដទ្វេគុណគង់កើតមាន។

ហេតុនេះអស់សាធុជនអើយ        បើក្ដីក្រគ្របហើយត្រូវរិះធ្យាន

ប្រឹងប្រកបការឲ្យកើតបាន       ដូចពេទ្យចំណាននេះអឺអឺយ ។

 

ចប់រឿងព្រេង ពេទ្យសំណាង 

* * *