រឿងព្រេងមាណពមិនចេះដេកប្រជ្រៀត

មានសេចក្ដីតំណាលថា កាលពីសម័យបុរាណ មានមាណពម្នាក់ជាមនុស្សឆោតល្ងង់ហើយអៀនខ្មាសណាស់ បើមានញាតិមិត្តប្រុសស្រីជួបជុំលេងសើចសប្បាយត្រង់កន្លែងណា មិនហ៊ានចូលទៅកាន់ទីនោះទេ ព្រោះគេចេះតែចំអែចំអន់ លើកទុកលើកដាក់លើនាងនេះ នាងនោះ ។ ពេលប្រជុំធំៗ ដូចជាពេលបុណ្យមាននៅវត្តវ៉ា ឬមង្គលការជាដើម ក៏ បុរសនេះមិនសូវអើពើទៅលេងកម្សាន្តដូចអ្នកផងទាំងពួងឡើយ គឺថាជាមនុស្សមុខខ្មូរអឹមអៀមអៀនប្រៀនមិនចុះជំនុំចំណោមនឹងគេសោះ។ឯឈ្មោះដើមដំបូងរបស់មាណពនេះ គេមិនបានចាំប្រាកដថា ឈ្មោះអ្វីទេ, តែដោយហេតុគ្នាមានការអៀនខ្មាសច្រើនដូច្នេះ    ទើបនាំឲ្យអ្នកស្រុកភូមិគេនាំគ្នាហៅថា "អាខ្មូរៗ" ជាប់ដរាបមក សូម្បីតែឪពុកម្ដាយបង្កើតរបស់មាណពនេះ ក៏ហៅថា "អាខ្មូរៗ" រហូតមក ដោយស្រួលមាត់តាមគេដូច្នោះដែរ ។ ចំណែកកិច្ចការស្រែចម្ការជាដើម  អ្នកកំលោះយកចិត្តទុកដាក់ធ្វើយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ជាហេតុនាំឲ្យឪពុកម្ដាយស្រឡាញ់ពេញចិត្តណាស់ ទោះទាំងញាតិមិត្តជិតឆ្ងាយក៏សរសើរអាខ្មូរគ្រប់មាត់ដែរ ។ មានគេចង់លើកកូនក្រមុំឲ្យមាណពនេះជាច្រើននាក់, តែបុរសឥតត្រូវការនឹកនាពីររឿងប្រពន្ធកូនសោះ ។ រីឯឪពុកម្ដាយចេះតែព្រួយបារម្ភ ព្រួយត្រង់កូនមិនព្រមយកប្រពន្ធនេះឯង ណាមួយទៀតខ្មូរមានអាយុកាន់តែច្រើនផង គឺជិត ៣០ ឆ្នាំ ទៅហើយ ។ តមកក្រោយ,  ឪពុកម្ដាយ និងញាតិ មិត្តនិយាយលួងលោមអង្វរសម្រុះសម្រួលខ្លះ បង្ខំខ្លះ ពន្យល់ហេតុផល ផ្សេងៗខ្លះ អំពីរឿងប្រពន្ធនេះ, ខ្មូរយល់ព្រមទាំងប្រថុយ ។ គ្រានោះ ឪពុកម្ដាយមានចិត្តត្រេកអរណាស់ បានទៅដណ្ដឹងកូនក្រមុំគេម្នាក់ដែលខ្លួនពេញចិត្ត ហើយដែលនៅភូមិឆ្ងាយបន្តិច ។ ខាងស្រីក៏មានសេចក្ដីអបអរសាទរណាស់ទៅទៀត ព្រោះគេចង់លើកឲ្យតាំងពីយូរណាស់មកហើយដែរ  ។  បន្ទាប់ពីនោះមកមិនយូរប៉ុន្មាន,   មាតាបិតាទាំងសងខាងបានរៀបចំមង្គលការយ៉ាងអធិកអធមតាមគន្លងប្រពៃណី ។ ក្នុងថ្ងៃចូលរោង ខ្មូរឥតញញឹមរីករាយអ្វីបន្តិចសោះ ចេះតែក្រៀមក្រំជានិច្ច ព្រោះទើបនឹងបានជួបប្រទះនូវទីជំនុំចំណោម គ្រានេះជាលើកដំបូងបង្អស់ ហើយជាការផ្ទាល់ខ្លួនឯងតែម្ដង ។ ទទួលពេលនោះ មានទាំងមិត្តភក្ដ្រ កំលោះជាច្រើននាក់ គេមកចោមរោមចំអកចំអន់សើចលេងគឹលៗផង ជាហេតុឲ្យខ្មូររឹងរឹតតែអៀនខ្មាសណាស់ថែមឡើងទៀត ។ រាល់តែពេលធ្វើពិធីផ្សេងៗ ដូចជា កាត់សក់, ក្រាបសំពះ ស្ដាប់លោកសូត្រមន្ត និងសែនចងដៃជាដើម, មាណពមានទឹកមុខស្វិតស្រពោនជាដរាប ទោះបីគេសុំឲ្យញញឹមយ៉ាងណាក៏ដោយ ។ ថ្ងៃស្អែកឡើងព្រលឹមស្រាងៗ ដល់កំណត់ពេលហើយ, អាចារ្យកាន់ពេលាការ ក៏បាននាំសាមីខ្លួនឡើងទៅរង់ចាំត្រង់កន្លែងសំពះផ្ទឹម ។ គ្រានោះ ភ្លេងបានប្រគំកំដរតាមទំនៀមយ៉ាងពីរោះលន្លង់លន្លោចគួរឲ្យស្រងេះស្រងោចពេកក្រៃ នាំឲ្យពួកអ្នកមានគូស្រកររួចហើយនឹកព្រឺព្រួចចង់រៀបមង្គលការខ្លួនម្ដងទៀត ។ គ្រានោះ ខ្មូរឡើងទឹកមុខខ្មៅជាំ ភ័យបុកពោះផ្អុកៗបែកញើសជោគទាំងព្រឹកព្រហាម ព្រោះពេលសំពះផ្ទឹមនេះជាមង្គលធំផ្ដាច់ព្រ័ត្រ ។ លុះគេរៀបចំឲ្យអង្គុយបត់ជើងស្រួលបួលហើយ, អាចារ្យបង្គាប់ឲ្យខ្មូរប៉ាយហូតស្លាម្លូ ៣ ដែលគេដាក់លើខ្នើយសម្រាប់ក្រាបសំពះផ្ទឹម, ខ្មូរភ័យញ័រទទ្រាក់ទទ្រើក ស្រាប់តែដាក់ដៃទ្របសង្គ្រុបទៅលើខ្នើយនោះ ដូចឆ្មាលោតទ្របកណ្ដុរ ជះស្លាម្លូ ប៉ិនគេរាយ ។ គេនាំគ្នាសើចគឹលឡើងលាន់ឮពេញទាំងផ្ទះ ។ ពួកកំលោះៗជើងខិលខ្លះ ក៏រអិលមាត់ភ្លាត់ភ្លយពាក្យថា ថប់ណាស់វ៉ើយ ! បើលេងតែប្រើស្នៀតលោតសង្រ្គុបយ៉ាងនេះ ដល់ពេលផ្សំដំណេកក្នុងពេលយប់នេះ មើលទៅមុខជារង្គើតោករង្គើហ៊ឹងផ្អើលគេឯងមិនខានទេវ៉ើយកនយើង ! ។  គេនិយាយចំអន់លេងដូច្នេះមិនទាន់ទាំងផុតមាត់ផង ស្រាប់តែឮសូរសម្លេងពីក្រោយគូថចៅខ្មូរមកទៀត "ប៉េតៗ-ប៉ា-រេត-ប៉េតៗ" ។ សាមីខ្លួនធ្វើមិនដឹងខ្លួន ។ ពួកអ្នកអង្គុយនៅឆ្ងាយមិនបានឮសំឡេងនេះទេ ព្រោះវាថ្លង់តែនឹងសូរសព្ទភ្លេង, តែចំណែកពួកកំលោះៗជាគូកន ដែលអង្គុយកំដរជិតៗខ្មូរទាំងប៉ុន្មាន សឹងបានឮជាក់ប្រាកដណាស់ ទើបគេនាំគ្នាសើចគឹលឡើងមួយសាទៀត ព្រមទាំងអ្នកខ្លះបានបន្ថែមសំដីតិចៗថា អាខ្មូរភ្លេងគេមិនសូវពីរោះឬយ៉ាងណា បានជាអាឯងចាំបន្ថែមស្រឡៃ ប៉ីពកអីៗមកទៀត ? អ្នកខ្លះខ្សឹបៗថា អាខ្មូរ ! បើអាឯងលែងតែផ្គរទទេ មិនជាការអ្វីប៉ុន្មានទេ នៅមានផ្លូវគ្រាន់ទប់ទល់ខ្លះ តែបើមានទាំងភ្លៀងដោយមកជាមួយផងនុ៎ះ ពួកយើងមុខជាល្មាំងចោលឥឡូវហ្នឹងហើយ ឥតបាននៅជាមួយកំដរតទៀតទេវ៉ើយ ។ គ្រានោះ មាណពនឹងរឹតតែអៀនខ្មាសទ្វេត្រួតឡើងយ៉ាងហួសប្រមាណ ស្ទើរបាត់ស្មារតី និងមួម៉ៅក្ដៅក្រហាយឥតឧបមា ពិចារណាតែក្នុងចិត្តថា "ពេលនេះថ្លោះការធំហើយអញ ! គិតទៅរឿងការប្រពន្ធនេះហៅចំជាពិបាកមែន ! សោតឯអាដែងផោមនេះទៀត បើឯងកំពុងតែខ្មាសគេដាច់ខ្យល់ងាប់យ៉ាងនេះ វាបង្ខំបញ្ចេញសំឡេងយកមុខមាត់វាតត្រេតតត្រតកណ្ដាលចំណោម ធ្វើឲ្យឯងរឹតតែបាត់ព្រលឹងទៅទៀត, ម៉ែហើយនិងឪគាត់ធ្វើឲ្យឯងរងកម្មអាម៉ាស់មុខស្ទើរតែងាប់ខ្លួនតែម្ដងហើយជាន់នេះ ។ បុរសគិតម្ដងថា នឹងក្រោកបោលទម្លាយទីប្រជុំជនរត់ឲ្យបាត់ស្រឡះទៅ គិតម្ដងថាណ្ហើយកុំ...ស៊ូទ្រាំ បន្តិចទៅទៀតចុះ ។  លុះអ្នកភ្លេងម្នាក់បានច្រៀងរាំបើកវាំងននរួចហើយ គេក៏នាំកូនស្រីចេញមកសំពះផ្ទឹមជាមួយ ។ មួយសន្ទុះធំមកទៀត ការសំពះផ្ទឹមក៏បានចប់សព្វគ្រប់កិច្ច ដែលអាចារ្យសូត្រធម៌ពរសព្ទសាធុការតាមទំនៀម ។ ចៅខ្មូរហាក់បានធូរចិត្តបន្តិចដូចគេដកបន្លាពីដើមទ្រូង នឹកស្មានថាបានរួចខ្លួនហើយជាន់នេះ ។ ពេលក្រោកពីសំពះផ្ទឹម ចាស់ៗ បង្គាប់ខ្មូរឲ្យតោងជាយស្បៃប្រពន្ធចូលទៅក្នុងបន្ទប់ ។ បុរសតោងជាយស្បៃបណ្ដើរងាកមើលក្រោយបណ្ដើរ ឥតឃើញគេជូនជួយកំដរទៅជាមួយផងសោះ  ក៏នឹកព្រួយបារម្ភមួយលើកទៀត មិនដឹងថាមានរឿងអ្វីខ្លះទៅទៀតក្នុងបន្ទប់នោះ, ណាមួយវាស្រពន់ជើងខ្លាំងផង ឈានជើងដើរស្ទើរពុំរួច, ដល់មាត់ទ្វារបន្ទប់ ស្រាប់តែខ្មូរមិនព្រមចូលតាមប្រពន្ធ នៅប្រទាញប្រទង់គ្នាយឺតចុះយឺតឡើង នាំឲ្យគេសើចលាន់ទ្រហឹងអឺងកងពេញទាំងផ្ទះ ទាល់តែចាស់ទុំខ្លះជួយរុញច្រានបង្ខំខ្លាំង ទើបខ្មូរព្រមចូលទៅក្នុងបន្ទប់ទាំងឱនមុខខ្មូរផង ។ រឿងអៀនខ្មាសនេះ មិនមែនមានចំពោះតែលើរូបសាមីខ្លួនខ្មូរប៉ុណ្ណោះទេ, ទោះទាំងឪពុកម្ដាយបងប្អូនមាមីងទាំងប៉ុន្មានរបស់ខ្មូរ ក៏ត្រូវទទួលការអាម៉ាស់ស្ទើរតែងើបមុខមិនរួចដែរ, តែមិនដឹងធ្វើដូចម្តេច បើការនេះវាជ្រុលហួសអស់ទៅហើយ ។ លុះរួចកិច្ចមង្គលនេះហើយ, ឪពុកខ្មូរក៏ជម្រាបលាដន្លងត្រឡប់ទៅផ្ទះវិញ ដោយមានធុរៈម្ដាយគាត់ចាស់ជរាឈឺជាទម្ងន់ គាត់ទុកតែប្រពន្ធគាត់ឲ្យនៅកំដរនៅទីនោះសិន ។ មុននឹងលាទៅ ឪពុកខ្មូរបាននិយាយផ្ទុកផ្ដាក់ប្រគល់កូនប្រុសគាត់ថា "អ្នកដន្លងអើយ ! សូមអ្នកអត់ទោសផងចុះ កូនខ្ញុំនេះវាអៀនខ្មាសឆ្គាំឆ្គងច្រើនណាស់ ដូចអ្នកបានឃើញស្រាប់ហើយ តែចំណែកខាងរបៀបធ្វើកិច្ចការសព្វសារពើនោះ គឺវាគ្រាន់បើដែរ, ឥឡូវនេះ វាបានមកជាកូនរបស់អ្នកហើយ ស្រេចតែអ្នកជេរស្ដីប្រដែប្រដៅវាឲ្យបានស្រួលបួលផងចុះ " ។ ដន្លងតប "មិនអីទេអ្នក ! ការឆ្គាំឆ្គងបន្តិចបន្តួចនេះ យើងអាចលៃលកកែសម្រួលទៅថ្ងៃក្រោយបានទេ, សូមអ្នកអញ្ជើញចុះ, ឯរឿងយាយម្ដាយអ្នកដែលឈឺខ្លាំងនោះ បើយ៉ាងណាៗ សូមអ្នកឲ្យដំណឹងខ្ញុំវិញប្រញាប់ផងកុំខាន" ។ ឪពុកខ្មូរជម្រាបលាដន្លងរួច ក៏ទឹមរទេះបរចេញដំណើរយ៉ាងរួសរាន់ទៅទាំងព្រឹកនោះឯង ។ លុះដល់ពេលយប់ប្រហែលម៉ោង ៧ ជាពេលត្រូវផ្សំដំណេក, ដូនចាស់ ២ នាក់ (យាយអ៊ូ និងយាយច័ន្ទ) ហៅគូស្រករថ្មីឲ្យមកអង្គុយទល់មុខគ្នាក្នុងបន្ទប់នោះ ដែលមានចម្អាប ១ ថាស និងបង្អែម ១ ថាស ព្រមទាំងទឹកដូង និងចេកទុំជាដើមតាមទំនៀម ។ ចៅខ្មូរបែកញើសម្ដងទៀតអង្គុយឱនមុខជ្រប់គិតថា "ស្អីទៀតហើយអេះ ? ឯងស្មានថាចប់អស់ហើយ, យីអើ ! គិតទៅរឿងការប្រពន្ធនេះនាំឲ្យបែកញើសច្រើនសារ ណាស់តើ !” ។ បន្ទាប់ពីការធ្វើពិធីសែនព្រេនបន្តិចបន្តួចរួចហើយ, យាយអ៊ូបង្គាប់នាងប្រពន្ធឲ្យដួសទឹកដូងបញ្ចុកប្ដី ៣  ស្លាបព្រា  ហើយឲ្យប្ដីដួសបញ្ចុកប្រពន្ធវិញ  ៣ ស្លាបញ្រដែរ ព្រមទាំងប្រាប់ទៀតថា ត្រូវលេបឲ្យអស់កុំឲ្យខ្ជាក់ចោល, អ្នកទាំងពីរក៏បានធ្វើតាម ។ រួចពីនេះទៅ យាយច័ន្ទបង្គាប់នាងប្រពន្ធឲ្យយកចេក ៣ ដុំ (មួយដុំម្ដងៗ) បញ្ចុកប្តីដែលក្រអឹមក្រអៀនស្ទើរតែមិនចង់ហារមាត់ទទួលផង ។  លុះបានចេកដល់ក្នុងមាត់ហើយ, ចៅខ្មូរមិនព្រមលេបសោះ នៅបៀមគ្រលរទូញមាត់ដូចស្វាបៀមផ្លែឈើ   ។    ដល់វេលាត្រូវខ្លួនបញ្ចុកប្រពន្ធវិញ,    ខ្មូរបញ្ចុកចូលមាត់គេបានតែចេក ២ ដុំ កាន់តែនឹកអៀនឡើងៗ ឱនមុខជ្រប់លែងហ៊ានមើលចំមុខប្រពន្ធ ដល់បញ្ចុក ១ ដុំទៀត លូកដៃស្មានៗមិនប៉ះឯមាត់ ទៅពារលើឯច្រមុះគេវិញ, ពេលនោះប្រពន្ធមិនទាន់ទាំងទំពារលេបចេក ២ ដុំ មុននោះអស់ផង ស្រាប់តែសើចឃឹកប្តីសើចឃុះ ប៉ិនគេព្រួសចេកដាក់មុខគ្នាទៅវិញទៅមក ប្រឡាក់មុខស្រមាមទាំងពីរនាក់ ។ យាយចាស់ៗអ្នកផ្សំដំណេកសើចរឹងដំបារពោះអស់ ។ យាយទាំងពីរបានយកទឹកឲ្យប្តីប្រពន្ធលុបលាងមុខមាត់ឲ្យជ្រះស្អាតហើយ ក៏ឲ្យមកអង្គុយកន្លែងដដែលវិញ ទើបគាត់ប្រាប់អ្នកទាំងពីរថា ចៅប្រុសត្រូវដេកខាងស្ដាំ ឯចៅស្រីត្រូវដេកខាងឆ្វេង ហើយខ្សឹបខ្សៀវប្រាប់អំពីកិច្ចរួមដំណេក... តាមប្រពៃណី ។ ដល់រៀបចេញពីបន្ទប់មកក្រៅ, យាយច័ន្ទខ្សឹបប្រាប់នាងប្រពន្ធថា ប្តីនាងអៀនខ្មាសច្រើនណាស់ ដូចនាងបានដឹងស្រាប់ហើយ, បើនាងសំកុកចាំតែមើលដំណើរទំនងប្តីនោះ មើលទៅមុខជាមិនបានការអ្វីទេ, ដូច្នេះត្រូវនាងឯងដៃដល់បន្តិចទើបកើតការ... ។ លុះរួចកិច្ចសព្វគ្រប់ហើយ ដូនទាំងពីរក៏លើកថាស និងអីវ៉ាន់កំប៉ិកកំប៉ុកចេញមកក្រៅ    រួចបង្គាប់នាងប្រពន្ធឲ្យបិទទ្វារ ហើយឲ្យខ្ទាស់រនុកឲ្យជាប់ ។ ចំណែកខ្មូរ លុះគេចេញផុតមកក្រៅអស់ហើយ  នៅតែពីរនាក់ប្តីប្រពន្ធ  ក៏តាំងប្រះដេកយកដៃគងថ្ងាសតប់ប្រមល់ក្នុងចិត្តឥតឧបមា ចេះតែនឹកព្រួយបារម្ភភ័យផ្អុកៗ ! “ថប់អស់យ៉ាងហើយអញ ! មើលទៅរបៀបការប្រពន្ធនេះមិនងាយចប់ឆាប់ទេ ពីរថ្ងៃកន្លងមកហើយនេះ ឃើញថាមានកិច្ចការរដាក់រដុបច្រើនណាស់ ហើយសុទ្ធតែជាការនាំបណ្ដាលឲ្យកើតសេចក្ដីអៀនខ្មាសស្ទើរតែគ្រប់អន្លើ, ពីម្សិលមិញបន្តិចថាកាត់សក់, បន្តិចថានេះ បន្តិចថានោះ មិនចេះអស់មិនចេះហើយសោះ, ព្រឹកមិញគេឲ្យក្រាបសំពះផ្ទឹមគ្នា ឯងខំប្រឹង ទប់ខ្លួនបែកញើសជោគទាល់តែលេចផោមកណ្ដាលជំនុំចំណោម... គេគិតតែនាំគ្នាសើចគឹលៗ... ដល់មកល្ងាចនេះ គេឲ្យបញ្ចុកចេកព្រួសដាក់មុខគ្នា, យប់នេះទៀត មិនដឹងជាមានរឿងហេតុយ៉ាងណាទៀតទេ បើយាយៗទាំងពីរនាក់នោះ បន្តិចមកខ្សឹបខាងណេះ បន្តិចមកខ្សឹបខាងណោះ... ឱអញអើយអញ ! នៅសុខៗមិនគួរបើមកខកខ្លួនដល់ម្ល៉េះ សោះ" ។ វេលានោះ ប្តីប្រពន្ធទាំងពីរនាក់ ឥតមានពាក្យនិយាយគ្នាទៅវិញទៅមកថាដូច្នេះដូច្នោះទេ នៅតែស្ងៀមស្ងាត់រៀងៗខ្លួន ។ រំលងមកមួយស្របក់, នាងប្រពន្ធពន្លត់ចង្កៀងងងឹតឈឹងសូន្យ ។ ប្ដីក្រោកឡើងស្ទាបរកឈើគូសចង់អុជចង្កៀងវិញ  តែរកមិនឃើញក៏ប្រះដេកទៅវិញទៅ ។ វេលារាត្រីនោះ ប្រហែលម៉ោង ៥ ជិតភ្លឺ  ស្រាប់តែនាយខ្មូរទៅដល់ផ្ទះ គោះទ្វារប៉ូកៗ ហៅឪពុក មានទាំងហិបខ្មៅ១ មួយស្ពាយច្រងាងនៅស្មាផង "ឪអើយ ! អឺឪ ! បើកទ្វារឲ្យខ្ញុំចូលផង" ។

-អាណាហ្នឹងគោះទ្វារទាំងយប់អធ្រាត្រ ?

-ខ្ញុំណា៎ឪ ។

-អាណាខ្ញុំៗហ្នឹង អាខ្មូរឬ ? 

-បាទខ្ញុំហ្នឹងហើយ ។ ឪពុកស្ទុះទៅបើកទ្វារឲ្យដោយភ័យផ្អុកៗផង "យីអើ ! ខ្មោចអាចោរអន្ដរធាន ! ម៉េចក៏រត់មកទាំងយប់អធ្រាត្រដូច្នេះ មានរឿងរ៉ាវយ៉ាងដូចម្តេច ? ។ ខ្មូរចូលទៅក្នុងផ្ទះដាក់ហិបព្រុសក្បែរកៀនជញ្ជាំង ហើយឈរស្ងៀមបែបអេះអុញ មួយស្របក់ទើបនិយាយ  "រឿងស្រីនុ៎ងណា៎ ...” ។ 

-ចុះនាងនុងវាយ៉ាងម៉េច  វាមិនព្រមព្រៀង   ឬក៏ឈ្លោះទាស់ទែងគ្នាយ៉ាងណា  ?   អាឯងប្រាប់អញឲ្យអស់រឿងហូរហែមកមើល ។

-ខ្ញុំអៀនមាត់ណាស់ មិនចង់និយាយទេឪ ! ណ្ហើយ ! ឪឯងកុំដេញដោយសួរធ្វើអី ។

-ទេ, បើអាឯងមិនប្រាប់រឿងអញៗសំពងក្បាលអាឯងឥឡូវហ្នឹង ។

-ចុះឲ្យខ្ញុំនៅដេកជាមួយឯណាផងបានបើ ... បើ ... ។

-បើ ... អី  ? ។

-បើ... បើ ... អត់អៀនអត់ខ្មាសអីសោះ លេងតែពន្លត់ចង្កៀងហើយដេកប្រជ្រៀត, ខ្ញុំខិតទៅទើសដល់កៀនជញ្ជាំងហើយ វានៅតែតាមប្រជៀតទៀត ហើយដៃនាងនោះនៅមិនស្ងៀមទេឪអើយ ចេះតែលូករាវឲ្យរវើក បន្តិចស្ទាបត្រង់ណេះ បន្តិចស្ទាបត្រង់ណោះ រកតែដេកមិនបាន, តាំងពីក្បាលល្ងាចមក ខ្ញុំឥតបានធ្មេចមួយព្រេចសោះ ។ ឪពុករឹតដើមទ្រូងគ្រឺតៗ ទៅជាហួសចិត្ត ត្រឡប់ជាសើចផ្អើលគេផ្អើលឯងទាំងយប់ "អើ ! នេះបានចំជាកូនឪ ! អញខំរកប្រពន្ធការឲ្យអាឯង ពីព្រោះតែរឿងដេកប្រជ្រៀតហ្នឹងហើយ  ឥឡូវត្រឡប់ទៅជាកំសាកញី ចោលម្សៀតទៅវិញ ! ហ៊ឹះ ! អញចង់តែធាក់អាឯងបំបាក់កឥឡូវហ្នឹង ធ្វើឲ្យអញខ្មាសគេពេញទាំងស្រុក ។

-ទេឪឯងទេតើដែលធ្វើឲ្យខ្ញុំខ្មាសគេ,    តាមចិត្តដែលខ្ញុំមួម៉ៅក្ដៅក្រហាយ  ខ្ញុំចង់រត់ចោលតាំងពីកំពុងសំពះផ្ទឹមនោះម៉្លេះ  តែនឹកសព្វៗទៅឃើញថា ណ្ហើយ ! គួរទុកមុខមាត់ឲ្យឪឯងបន្តិចទៅចុះ ទើបខ្ញុំស៊ូទ្រាំបង្អង់ទៅវិញសិន, រឿងប្រពន្ធនេះ ខ្ញុំបានប្រកែកតាំងពីដំបូងថាទេៗ តែឪឯងហើយនិងម៉ែចេះតែបង្ខំខ្ញុំៗ ក៏ព្រមទាំងប្រថុយទៅ ។

-ឪពុកបែបទាល់ជើង ទើបត្រឡប់សួរសាដើម "ចុះកាលអាឯងចុះចេញពីផ្ទះមកនោះ ប្រពន្ធអាឯងបានដឹងទេ ? “

-ឥតដឹងទេ គេកំពុងដេកលក់ ។

-ចុះម្ដាយអាឯងហើយនិងឪពុកម្ដាយក្មេក តើគេបានដឹងដែរឬទេ?

-ឥតដឹងទាំងអស់ ព្រោះគេដេកលក់ស្ងាត់សូន្យគ្មានសល់ម្នាក់ ។

-ណ្ហើយ ! ឥឡូវនេះ ត្រូវអាឯងត្រឡប់ទៅវិញជាមួយអញ ។

-ទេ ខ្មាសគេណាស់ ! ខ្ញុំបានគិតស្រេចហើយថា មកនេះគឺឥតត្រឡប់ទៅវិញទេ ។

-ប្រាកដជាមិនទៅវិញមែនឬ អាខ្មូរ ?

-បាទប្រាកដហើយ ។

ឪពុកស្ទុះចូលទៅក្នុងផ្ទះបាយ កន្រ្តាក់បានអង្រែបុកគ្រឿង ខ្មូរឃើញដូច្នោះក៏អង្វរ កុំអាលឪ, កុំអាលវ៉ៃខ្ញុំ សុំឪអត់ទោស, ណ្ហើយចុះរឿង ត្រឡប់ទៅវិញនោះ មិនជាការធ្ងន់ស្រាលអីប៉ុន្មានទេ ខ្ញុំប្រថុយទៅវិញក៏បានដែរ,  តែថាសុំឲ្យឪឯងទៅនិយាយសម្រុះសម្រួលនឹងនាងនោះសិនថា តទៅកុំឲ្យលេងតែដេកប្រជ្រៀតដូចយប់មិញនេះទៀតទើបខ្ញុំព្រម ។

-ទេ ! អញមិនឆ្កួតដូចអាឯងទេ ! ណ្ហើយ ! ខ្ជិលនិយាយដដែលៗ ឥឡូវបើអាឯងមិនចេះដេកប្រជ្រៀតជាមួយប្រពន្ធទេ យើងគិតប្រជ្រៀតជាមួយអង្រែបុកគ្រឿងនេះសាកល្បងមើលម្ដង ។ ថាតែប៉ុណ្ណេះ ឪស្ទុះភ្លែត, កូនគេចផ្លូចលោតព្រុសដល់ដី រត់រហូតក្រៅរបងផ្ទះ ។ គ្រានោះឪពុកនាយខ្មូរស្លៀកពាក់ខោអាវប្រញិបប្រញាប់ ហើយក៏ស្រូតរូតទៅផ្ទះដន្លងទាំងព្រឹកព្រហាម ដើម្បីឲ្យដំណឹង និងពិគ្រោះសម្រេចពីរឿងនេះ ។

យើងនឹងងាកទៅមើលឯផ្ទះខាងស្រីឯណោះម្ដង តើមានហេតុ- ការណ៍យ៉ាងណាខ្លះ ។ ពេលព្រឹកនោះ នាងសាមីខ្លួនភ្ញាក់ឡើងស្រាប់តែរកប្តីមិនឃើញ  ទាំងហិប  និងខោអាវរបស់ប្តីក៏បាត់អស់រលីង ។ កាលបានដឹងដូច្នោះហើយ នាងភ័យបុកពោះផ្អុកៗបានស្ទុះស្ទាទៅប្រាប់ឪពុកម្ដាយ និងម្ដាយក្មេកតាមដំណើរ ។ អ្នកទាំងអស់គ្នាផ្អើលជ្រួលច្របល់  ខ្លះខ្សឹបខ្សៀវថាដូច្នេះ  ខ្លះថាដូច្នោះ ខ្លះថាគេបានសង្កេតឃើញទឹកមុខកូនប្រុសតាំងពីល្ងាចម៉្លេះ គេស្ទើរតែហ៊ានទាយទុកថា មុខជារត់ចោលប្រពន្ធពុំខានទេ ឥឡូវរត់បាត់មែន ។ ម្ដាយបង្កើតរបស់នាយខ្មូរ ឡើងទឹកមុខក្រៀមស្ងួតចែស បាត់មាត់បាត់កហានិយាយដូចម្តេចក៏មិនកើត ។ ពេលនោះ គេបានហៅយាយច័ន្ទដែលជួយផ្សំដំណេកពីល្ងាចនោះ  មកឲ្យជួយអង្កេតសាកសួរនាងប្រពន្ធយ៉ាងសម្ងាត់ ដើម្បីឲ្យបានដឹងជាក់ប្រាកដថា តើមានហេតុភេទដូចម្តេចខ្លះក្នុងពេលយប់មិញ បានជានាយខ្មូររត់បាត់ដូច្នេះ ។ យាយក៏បានចូលទៅក្នុងបន្ទប់ស្ងាត់តែពីរនាក់នឹងសាមីខ្លួន ហើយផ្ដើមសួរ "នាង ! សុំនាងប្រាប់យាយឲ្យត្រង់មកមើល តើយប់មិញមានរឿងហេតុដូចម្តេចខ្លះ បានជាប្តីនាងរត់បាត់ទាំងយប់ដូច្នេះ ។

-ចាស ! គ្មានរឿងអីជាធំដុំទេ ក្រោយពីពន្លត់ចង្កៀងមួយសន្ទុះធំ ខ្ញុំគ្រាន់តែធ្វើតាមបណ្ដាំយាយឯងប៉ុណ្ណោះ ព្រោះយាយបានប្រាប់ថា តោងដៃដល់បន្តិច ខ្ញុំនឹកឡើងចង់តែសើច ដំបូងខ្ញុំលូកដៃស្ទាបៗទៅស្រាប់តែប៉ះចង្កេះ គេភ្ញាក់ព្រើត បែបរសើបខ្លាំង រួចគេខិតរហូតដល់កៀនជញ្ជាំង ។ យាយច័ន្ទសើចញញឹម "ថប់ណាស់អញ ! ថប់តែមិនមែនប៉ះចំចង្កេះ ក្រែងប៉ះចំត្រង់កន្លែងក្រោមចង្កេះទេដឹង ?

នាងសើចខើចបបូរមាត់  "អត់ទេ, ប៉ះចង្កេះមែន ខ្ញុំមិនកុហកទេ ។

-រួចយ៉ាងម៉េចទៅទៀត ?

-មួយស្របក់ ខ្ញុំប្រថុយខិតទៅតាម ហើយលូកដៃរាវសាកល្បងមើលទៀត ព្រោះខ្ញុំគិតឃើញថាបើសសៀរនឹងជញ្ជាំងទៅហើយ តើគេស្ទុះទៅខាងណាទៀត, លូកស្ទាបម្ដងណេះ លេងពារចំត្រង់កន្លែងក្រោមចង្កេះមែន,   ស្រាប់តែគេច្រឡោតតោតតូង  ដូចគោស្ទាវត្រូវមួយជន្លួញអីចឹង រួចទៅទង្គិចនឹងជញ្ជាំងឮសូរគ្រាំង ។

-យាយសើចក្អៀកៗ "អុញនុ៎ះ !  អញថាមែនៗ អីថា  !  អញថាមុខ

ជាមានបើប៉ះពារចំកន្លែងអីៗនុងមិនខានទេ, ឥឡូវមែន... គិតទៅមង្គលការចៅឯងនេះ មានរឿងចម្លែកនាំឲ្យបានសើចសប្បាយច្រើនណាស់ ដូចកាលពីក្បាលព្រលប់ ពេលផ្សំដំណេកម្សិលមិញដែលគេបញ្ចុកចេកមក ប៉ះចំច្រមុះចៅឯង ហើយព្រួសចេកដាក់មុខគ្នានោះ យាយសើចអើយសើច យាយទៅដល់ផ្ទះចូលដំណេកហើយ  ក៏នៅតែសើចម្នាក់ឯងទៀត  ឥឡូវនេះនៅឯងលេងលូកដៃស្ទាប ទាល់តែប៉ះអីវ៉ាន់របស់គេវិញ, តែចំណែកគេៗបានប៉ះតែគ្រឿងលើរបស់យើង ឯយើងលេងពារចំគ្រឿងក្រោមសំខាន់របស់គេតែម្ដង, គិតទៅទុកជាបានស៊ីសងរួចគ្នាដែរ...  នែចៅ  ! ហើយរួចពីនេះយ៉ាងម៉េចទៅទៀត ?

-ចាស ! តពីនេះទៅ គេស្ទុះក្រោកក្រេសទៅអង្គុយចុងជើង ដកដង្ហើមឃូរៗ បែបតឹងទ្រូងខ្លាំង, ចំណែកខ្ញុំៗអស់កម្លាំងហើយងងុយដេកផង ខ្ញុំក៏ដេកលក់ទៅ, ភ្ញាក់ព្រលឹមឡើងស្រាប់តែបាត់គេតែម្ដង មិនដឹងជាគេទៅពីថ្មើរម៉ាន ហើយទៅឯណានោះ ខ្ញុំឥតបានដឹងសោះ, រឿងរ៉ាវពីយប់មិញ មានតែប៉ុណ្ណេះ សូមយាយជ្រាប ។

-អូ ! បើដូច្នោះ យប់មិញនេះគ្មានបានសម្រេចការអីម្យ៉ាងៗ ជាធំដុំសោះទេ, រូបរួមសេចក្ដីទៅឃើញថា គ្រាន់តែខាងគេឯណោះបានប៉ះច្រមុះយើង ហើយខាងយើងឯណេះបានស្ទាបប៉ះចំអីវ៉ាន់គេតែប៉ុណ្ណោះឯង, ដូច្នេះ រឿងនេះគឺនៅបរិសុទ្ធស្អាតទាំងអស់គ្នា, ណ្ហើយ ! យាយបានដឹងរឿងរ៉ាវតែប៉ុណ្ណឹងបានហើយ យាយសុំអរគុណចៅ ! ។ និយាយដូច្នេះហើយ យាយច័ន្ទក៏ចេញពីក្នុងបន្ទប់មកក្រៅ បានទៅជួបជុំខ្សឹបខ្សៀវរៀបរាប់ប្រាប់ឪពុកម្ដាយ និងម្ដាយក្មេកនាងសាមីខ្លួនតាមដំណើរហូរហែ ដូចបានសាស័ព្ទខាងដើមមកហើយនេះឯង ។  អ្នកទាំងអស់ទៅជានាំគ្នាសើចក្អាកក្អាយពេញទាំងផ្ទះ ។ ក្នុងពេលកំពុងជួបជុំសន្ទនាគ្នានោះ ស្រាប់តែលេចឪពុកខ្មូរឡើងភ្លែតទៅដល់លើផ្ទះ ។ ឪពុកខាងស្រីស្រែកភ្លាមដោយសេចក្ដីត្រេកអរ "អូ ! ន៍ ! អ្នកដន្លងអញ្ជើញមកដល់ហើយតើ, អញ្ជើញអង្គុយ ! ខ្ញុំកំពុងគិតប្រើអ្នកណាម្នាក់ឲ្យទៅជម្រាបសួរអ្នកឯណោះ កុំអីជ្រួសគ្នា, ឥឡូវបានអ្នកអញ្ជើញមកស្រួលហើយ   ម៉េចទៅមានឃើញវាទៅឯផ្ទះឯណោះដែរឬទេ ? ។ ឪពុកខ្មូរដាក់គូថអង្គុយ មិនតបភ្លាមទេ ព្រោះគាត់កំពុងហត់ខ្លាំង, មួយស្របក់ទើបឆ្លើយ "បាទ, ឃើញ ! ប្រហែលម៉ោង ៥ ជិតភ្លឺវាទៅដល់, រឿងនេះខ្ញុំក្ដៅក្រហាយណាស់អ្នកអើយ, នឹកឡើងវាខ្មាសអ្នកដន្លងហើយនិងញាតិមិត្តទាំងអស់ ហួសពីខ្មាសទៅទៀតហើយក្នុងគ្រានេះ, តែមិនដឹងធ្វើដូចម្តេច បើរឿងនេះវាហួសជ្រុលអស់ទៅហើយ" ។ បន្ទាប់មក បុរសក៏រៀបរាប់អំពីពាក្យឆ្លើយឆ្លងរបស់ខ្លួន និងកូនហូរហែតាមដំណើរសព្វគ្រប់ រហូតដល់គាត់ដេញសំពងវាៗ   លោតធ្លាក់ពីលើផ្ទះរត់បាត់ទៅទាំងព្រឹកនោះឯង ។ អ្នកទាំងអស់គ្នាបានស្ដាប់ហើយ ក៏ទៅជានាំគ្នាសើចសប្បាយទៅវិញ បើបានផ្គូរផ្គងធៀបមើលរឿងខាងណោះ និងខាងនេះទៅឃើញថា វាត្រូវដំណើរទំនងស៊ីគ្នាឥតល្អៀងសោះ ។ ទីបំផុត ដន្លងខាងប្រុសផ្ដើមនិយាយ  "ខ្ញុំសុំជម្រាបស្នើដល់អ្នកដន្លង, តាមតែអ្នកអត់ទោសផងចុះ ឥឡូវរឿងកូនយើងទាំងពីរនេះ ឃើញថាវាមិនបានជាប់គ្នាជាប្តីប្រពន្ធទេ ព្រោះហេតុមកពីកូនប្រុសខ្ញុំវាអៀនខ្មាសឆោតល្ងង់ណាស់ ដូចអ្នកបានដឹងរឿងហូរហែរួចមកហើយ, កាលពីមុនខ្ញុំមិនស្មានថាវាជាមនុស្សចោលម្សៀតដល់ម្លឹងសោះ, ចំណែកខាងខ្ញុំ ការបង់ខាតរណ្ដាប់បណ្ដាជំនូនជូនដាក់ទាំងប៉ុន្មានក្នុងមង្គលការនេះ គឺវាជ្រុលហួសអស់ទៅហើយ, ឯខាងអ្នកឯណោះក៏មានបង់ខាតខ្លះដែរ គិតទៅទុកជាបង់អភ័ព្វទាំងអស់គ្នាទៅចុះ, រីឯកូនស្រីអ្នកក៏ឃើញថា នៅបរិសុទ្ធស្អាតដូចជានៅក្រមុំដដែលទេ, ឥឡូវយើងនឹងគិតលៃលកយ៉ាងណាក៏គ្មានផ្លូវកែខៃដែរ ព្រោះអាចោលម្សៀតកូនប្រុសខ្ញុំនោះវាបានដាក់ខសន្យា ដូចខ្ញុំបាទជម្រាបអ្នកអម្បាញ់មិញនេះរួចហើយ ថាទាល់តែកុំដេកប្រជ្រៀតគ្នា ទើបវាព្រមត្រឡប់មកជួបជុំគ្នាវិញ, សូមអ្នកជួយស្ដាប់ ហើយពិចារណាមើលចុះ ពាក្យនេះគឺវានិយាយបំផុតជើងយើងតែម្ដង, ពេលនេះ ខ្ញុំសូមជូនពាក្យសំដីព្រមទាំងសូមជូនកូនស្រីដល់អ្នកវិញចុះ បើមានគេមកគិតគូរស្ដីដណ្ដឹងទៅថ្ងៃក្រោយ សូមអ្នកលៃលកយ៉ាងណា ក៏ស្រេចតាមអធ្យាស្រ័យអ្នកចុះ  កុំឲ្យទាក់ទាមមកខាងខ្ញុំទៀត, តែចំណែកការរាប់អានគ្នា យើងត្រូវតែមានក្ដីស្មោះសរទៅវិញទៅមក ទាក់ ទងជាញាតិមិត្តតរៀងទៅ សូមអ្នកកុំអាក់អន់ស្រពន់ចិត្តអី.... ពាក្យដែលខ្ញុំជម្រាបស្នើមកប៉ុណ្ណេះ តើអ្នកយល់ដូចម្តេច ? 

-ឪពុកកូនស្រីតប "បាទ, ចំណែកប៉ែកខាងខ្ញុំឯណេះ ឥតមានយោបល់យល់ទាស់អ្វីទេអ្នក បើបានជួបជុំគ្នាវិញក៏អរ តែឥឡូវបើមិនបានជួបជុំគ្នាទេ ក៏មិនជាការអ្វីប៉ុន្មានដែរ, ឯសេចក្ដីស្នើរបស់អ្នកនេះល្មមគួរសមហើយ ដូច្នេះយើងត្រូវតែបញ្ចប់រឿងហ្នឹងត្រឹមនេះទៅចុះកុំឲ្យវាវែងឆ្ងាយតទៅទៀត ធ្វើម្តេចបើកូនប្រុសអ្នកគេមិនចេះដេកប្រជ្រៀត ។ 

គ្រានោះ, ឪពុកម្ដាយនាយខ្មូរ ក៏បានជម្រាបលាដន្លងវិលត្រឡប់ទៅផ្ទះវិញដោយសេចក្ដីក្រៀមក្រំ ។ ក្នុងរយៈពេលកំពុងធ្វើដំណើរទៅនោះ ប្តីប្រពន្ធទាំងពីរនាក់ចេះតែពិគ្រោះគ្នារអ៊ូតាមផ្លូវអំពីរឿងនេះ ។ ដល់ទីបំផុត, ប្តីនិយាយថា អាខ្មូរវាបន្ទោសថាយើងធ្វើឲ្យវាខ្មាសគេ, ចំណែកយើងៗក៏ថាវាធ្វើឲ្យយើងខ្មាសគេដែរ ចូរឯងគិតមើលចុះរឿងហ្នឹង, តែបើតាមអញដេញដោលរកឫសគល់ឲ្យជ្រៅឆ្ងាយទៅទៀត ឃើញថា ទាស់ខុសមកពីយើងច្រើនដែរ ព្រោះរឿងប្រពន្ធនេះយើងចេះតែបង្ខំវា ហើយ កំហុសធំម្យ៉ាងទៀតគឺតាំងពីវានៅតូចនៅឡើយនោះ យើងមិនបានពត់បង្ហាត់ទម្លាប់បណ្ដើរៗឲ្យវាចេះពុះពារ ឲ្យវាចេះក្លាហាន ឲ្យវាចេះប្រាស័យទាក់ទង ឲ្យវាចេះចូលជំនុំចំណោមនឹងគេសោះ យើងបានជំរុញវាឲ្យធ្វើតែត្រឹមកិច្ចការកាប់គាស់ដីធ្វើស្រែចម្ការតែប៉ុណ្ណោះ ម្ល៉ោះហើយវាទៅជាមនុស្សស្ពឹកទុយមុយមុខខ្មូរខូចអស់ដល់វាមក ជួបប្រទះផ្ទាល់ខ្លួនលើពេលជំនុំចំណោមធំៗ ដូចជាមង្គលការខ្លួនវានេះ ក៏ស្រាប់តែអន្តរធានទាំងវាទាំងឯងតែម្ដងទៅ, ណ្ហើយយើងជាន់នេះដាក់ធុរៈចិត្តថា ទុកដូចជាចាក់អាប៉ោងខុសមួយចានទៅចុះ !

                                                                                                          លោក ញូង-សឿងនៅពុទ្ធសាសនបណ្ឌិត្យរៀបរៀង

* * *

 

Flag Counter