រឿងព្រេងប្រវត្តិនៃសត្វដំរី

ប្រវត្តិសត្វដំរី ដែលខ្ញុំនឹងពណ៌នាជារឿងរ៉ាវជូនអស់លោកអ្នកស្តាប់ ដូចមានតទៅនេះ ជាការពិតមែនឬពុំពិតនោះ ខ្ញុំពុំអាចនឹងរ៉ាប់រងបានទេ ព្រោះជារឿងគ្មានគោលចារឹក គ្មានសមុដ្ឋាននៃប្រវត្តិហេតុដ៏សមគួរនឹងលើកយកមកជាបន្ទាល់, តែខ្ញុំនឹងអត់ទ្រាំមិនតែងរឿងនេះឡើងពុំបាន ព្រោះជាអ្នករក្សាដំរីច្រើនមានសេចក្ដីយល់ផ្សេងៗគ្នា ហេតុនេះ បានជាខ្ញុំខំតែងរឿងនេះឡើង  ដើម្បីជាគោលនៃពួកសត្វសាស្រ្ត   និងវិនិច្ឆ័យតទៅ ។ ដំរីជាពួកសត្វព្រៃមានរូបរាងធំបំផុត ក្នុងពពួកសត្វចតុប្បាទ ដំរីនេះ ក្នុងគម្ពីរសារសង្គហៈ លោកកំណត់ទុក ១០ ត្រកូល មានត្រកូលឆន្ទន្ត និងត្រកូលឯរាវ័ណ្ណ ជាដើម, ក្នុងពពួកដំរីទាំង ១០ ត្រកូលនោះ ខ្មែរយើងចែកចេញជា ២ ពួក គឺមួយពួកហៅ ដំរីភ្នំ បានដល់ពួកដំរីដែលកើតនៅនាទីភ្នំ មួយពួកទៀតហៅ ដំរីរនាម គឺដំរីដែលកើតនៅក្នុងព្រៃរនាម ។  ដំរីទាំងពីរពួកនេះ មានទ្រង់ទ្រាយខុសគ្នា មិនច្រឡំគ្នាទេ គឺដំរីភ្នំមានសណ្ឋានខ្ពស់មុខក្បាលងើប ដំរីរនាម  មានសណ្ឋានទាបមុខក្បាលឱន  កម្លាំងពលំក៏ខុសគ្នាដែរ  គឺដំរីភ្នំមានកម្លាំងខ្លាំងជាងដំរីរនាម ហើយមានអាយុវែងជាងផង, ឯដំរីរនាមច្រើនខ្សោយមានអាយុខ្លីជាងដំរីភ្នំ ។ ការដែលនឹងពណ៌នាអំពីប្រវត្តិដំរីនេះ   ខ្ញុំនឹងពណ៌នាតាមរឿងនៃបុរសម្នាក់ដែលវិលពីកំណើតដំរី មកចាប់ជាតិជាមនុស្ស ហើយដឹងជាតិរបស់ខ្លួនកាលកើតជាដំរី បុរសនោះអួតថា កាលខ្លួននៅជាកុមារអាចចាំទាំងភាសាដំរីបានផង ។ គ្រានេះនឹងពោលពីប្រវត្តិនៃបុរសដែលដឹងជាតិនោះ ជាសេចក្ដីសង្ខេបជាមុនសិន ដើម្បីជាគោលក្នុងរឿងនេះ ។ ក្នុងសម័យមួយ ខ្ញុំបានជួបនឹងបុរសម្នាក់ឈ្មោះនាយ វ៉ឹក ធ្វើជាទាហានក្រុមរក្សាស្រុកនៅទីរួមខេត្តកំពង់ធំ បុរសនេះនិយាយថា ខ្លួនទើបនឹងវិលពីកំណើតដំរី មកចាប់ជាតិជាមនុស្សក្នុងបច្ចុប្បន្ននេះ ។ អស់លោកអ្នកដែលធ្លាប់បានទៅធ្វើរាជការ នៅទីរួមខេត្តកំពង់ធំ កាលពីឆ្នាំ១៩២០ ដល់ ១៩២៥ គង់បានជ្រាបឬបានស្គាល់នាយវ៉ឹកនោះជាពុំខាន ។ នាយវ៉ឹកនេះជាមនុស្សមានសណ្ឋានទ្រង់ទ្រាយបែបភាពគួរឲ្យជឿថា ទើបនឹងវិលមកពីសត្វដំរីមែន ព្រោះសណ្ឋានក្បាលមានទំនងដូចក្បាលដំរី   ម្រាមដៃនិងម្រាមជើងធំៗខ្លីៗ ដំណើរដើរយោលខ្លួនយោលក្បាលដូចដំរី ។ ជាតកនាយវ៉ឹកនាយវ៉ឹកអធិប្បាយថា កាលខ្ញុំកើតជាដំរី ជាសត្វដំរីភ្នំ ខ្លួនខ្ញុំជាដំរីមានភ្លុក មានបងឈ្មោល ១ ជាដំរីស្ត មានម្តាយ ១ មេម៉ាយ តែកើតនៅព្រៃភ្នំណាៗខ្ញុំមិនស្គាល់ ។ ខ្ញុំនិងបងបានគិតគ្នា ពិចារណាសង្វេគចិត្តអាណិតដល់មាតាដែលចាស់ជរា ដើររកអាហារល្អឬឆ្ងាញ់ពិសារឲ្យពេញបរិបូណ៌ពុំបាន ព្រោះនៅក្នុងហ្វូងធំ អាហារទាំងឡាយដូចយ៉ាងទំពាំងទូលដី មើមឈើ និងផ្លែឈើជាដើម ដំរីស្ទាវៗ ដណ្តើមយកអស់ ។ ខ្ញុំព្រមទាំងបងនឹងទ្រាំនៅក្នុងហ្វូងធំពុំបាន ក៏បបួលបងប្អូននាំម្តាយបែកចេញពីហ្វូងធំ ទៅរកស៊ីក្នុងព្រៃឆ្ងាយពីហ្វូងដំរីឯទៀត ។ មានកាលសម័យថ្ងៃមួយ ខ្ញុំនាំម្តាយចេញទៅរកស៊ីក្នុងព្រៃឈើ ស្រាប់តែមានព្រានបាញ់កាំភ្លើងពីចុងឈើមកត្រូវខ្លួនខ្ញុំ តែក្នុងខណៈដែលត្រូវគ្រាប់នោះ ខ្ញុំគ្មានស្មារតីដឹងថាខ្លួនត្រូវគ្រាប់ទេ ព្រោះកាលឮសូរកាំភ្លើងនោះ ខ្លួនខ្ញុំនិងបងខ្ញុំ ព្រមទាំងមាតារត់ចេញពីនោះដោយប្រញាប់ប្រញាល់ ។ លុះខ្ញុំរត់ឆ្ងាយបន្តិចទៅក៏នឹកឃើញថា នៅទីដែលឮសូរកាំភ្លើងនោះ អាត្មាអញបានឃើញដំរី ១ ដួលស្លាប់ កាលនឹកឃើញដូច្នេះខ្ញុំក៏វិលទៅកាន់ទីនោះវិញតែម្នាក់ឯង កាលខ្ញុំទៅដល់ក៏ឃើញដំរី ១ មានភ្លុកដួលស្លាប់ ខ្ញុំខំសម្លឹងមើលខ្មោចដំរីនោះ ក៏ឥតមានស្គាល់សោះ, ខំមិនអស់ចិត្តក៏ចូលទៅចាប់លើកខ្មោចដំរីនោះ ត្រឡប់លើជាក្រោម ដើម្បីពិនិត្យមើលឲ្យច្បាស់ ក៏នៅតែមិនស្គាល់ ។ ខ្ញុំក្រឡេកមើលទៅចុងឈើឃើញព្រានព្រៃម្នាក់អង្គុយលើបង្គាបឈើ ដៃកាន់កាំភ្លើង ខ្ញុំនឹកផ្តួចក្នុងចិត្តឡើងថា  ព្រាននេះហើយជាអ្នកធ្វើហត្ថីឃាដ  បើដូច្នេះអាត្មាអញនឹងនៅរង់ចាំធ្វើមនុស្សឃាដវិញជាការសងសឹកគ្នា, ខ្ញុំកាលគិតដូច្នោះហើយ ក៏ថយខ្លួនទៅពួននៅគុម្ពឈើមួយ រងចាំព្រាននោះចុះមកនឹងចូលទៅព្រេចសម្លាប់។ ចំណែកខាងព្រាន កាលឃើញថា ដំរីដែលខ្លួនបាញ់នោះស្លាប់ប្រាកដហើយ ក៏ចុះចាកបង្គាបឈើ ដៃកាន់កាំភ្លើង លុះចុះមកដល់ដីហើយ យកពូថៅទៅពុះក្បាលដំរីនោះ កាលពុះកកាយដកយកភ្លុកបានហើយ ក៏ចងភ្លុកនោះរែកយកទៅ ដៃនៅតែកាន់កាំភ្លើងជាប់ទៅផង ។ ឯខ្លួនខ្ញុំដែលពួនចាំធ្វើមនុស្សឃាដនោះ ចេះតែមានសេចក្ដីខ្លាចតក់ស្លុតក្នុងចិត្តពុំហ៊ានចូលទៅព្រេច តែមិនព្រមលះបង់គំនិតដែលចងអាឃាដព្យាបាទនោះទេ កាលឃើញព្រានចេញដំណើរទៅ ខ្ញុំក៏ចេញទៅតាមក្រោយដោយគិតថា បើដល់ទីណាមួយមានឱកាសល្អនឹងចូលទៅព្រេចឲ្យខាងតែបាន តែពុំចេះមានឱកាសល្អសោះ   លុះតាមៗទៅដរាបដល់ផ្ទះព្រានៗក៏ចូលទៅក្នុងផ្ទះ ខ្ញុំក៏ថយទៅនៅក្នុងព្រៃចេកខាងក្រោយផ្ទះព្រាននោះ តែមិនឆ្ងាយប៉ុន្មានទេ ព្រោះព្រាននិយាយការអ្វីៗក្នុងផ្ទះខ្ញុំឮទាំងអស់ ដោយចងចិត្តថា ឲ្យតែព្រានចុះពីផ្ទះមកកាលណានឹងចូលទៅសម្លាប់ ។ ក្នុងរាត្រីនោះខ្ញុំបានបរិភោគផ្លែចេក និងដើមចេកក្នុងចម្ការនោះខ្ទេចខ្ទីអស់ ។ លុះព្រឹកឡើងខ្ញុំឮព្រាននិយាយថា ចុះចេកអញថ្ងៃនេះ ក៏ស្រពោនទុំស្លឹកពាសពេញទាំងចម្ការដូច្នេះ ជាមានហេតុអ្វីឬ លុះកន្លងចូលរាត្រីគម្រប់ពីរ ខ្ញុំចូលទៅរុះផ្ទះព្រាននោះ កំពុងតែរុះរើ ឮសូរសំឡេងព្រានដាស់ប្រពន្ធប្រាប់ថា អញដូចជាវិលមុខ ប្រហែលជាខុសប្រកាំងទេដឹង ឯងចូរទៅកាប់ដើមចេកយកមកធ្វើស្លាធម៌ឲ្យអញ ។ ខ្ញុំឃើញប្រពន្ធព្រាននោះចុះទៅកាប់ដើមចេកមែន  ខ្ញុំដូចជាមានសេចក្ដីភ័យ ពុំហ៊ានរុះផ្ទះនោះតទៅ ទៀត ។ លុះដល់រាត្រីគម្រប់បី ស្រាប់តែខ្ញុំភ្លេចបាត់ស្មារតីពុំដឹងជាខ្លួនទៅនៅក្នុងទីណា (គឺចូលទៅចាប់កំណើតក្នុងផ្ទៃប្រពន្ធព្រាន) ។ តអំពីនេះទៅ នឹងថយទៅនិយាយអំពីប្រពៃណីនៃសត្វដំរី តាមសំដីនាយវ៉ឹកឡើងវិញ ។ សត្វដំរីកាន់ប្រពៃណីសុចរិតពិតត្រង់ មានធម្មសម្បត្តិដ៏បរិបូណ៌ គឺដំរីញីទាំងឡាយដែលនៅក្រមុំមានសេចក្ដីជឿស្មោះត្រង់នឹងមាតាបិតា ពុំហ៊ានប្រព្រឹត្តអនាចារក្រៅគន្លងធម៌ បើនឹងយកប្តី លុះតែមាតាបិតាយល់ព្រមទុកដាក់ឲ្យទើបបានហ៊ានយក ។ មុននឹងប្រគល់ខ្លួនធីតាឲ្យកាន់ត្រកូលស្វាមីនោះ មានធ្វើពិធីមួយដ៏សំខាន់ គឺប្រជុំពួកដំរីដែលជាញាតិមកប្រាប់ឲ្យយល់ព្រមគ្រប់ៗគ្នា នៅទីបឹងឬជ្រោះណាមួយ លុះព្រមព្រៀងធ្វើមង្គលរួចហើយ ដំរីគូសវាសនាំគ្នាចុះទៅក្នុងបឹងឬក្នុងជ្រោះ   ដើម្បីឲ្យពួកដំរីចុះបាចទឹកឲ្យ ។ ក្នុងមួយឆ្នាំៗ ដំរីទាំងឡាយក្នុងសកលលោក ត្រូវទៅឡើងអ្នកតាម្តង ទោះបីទៅរកស៊ីឆ្ងាយក្ដីជិតក្ដី ក៏ត្រូវចូលទៅប្រជុំគ្នាឡើងអ្នកតាមួយថ្ងៃពុំដែលខាន គ្រប់តែដំរីត្រូវដឹងរបៀបនេះ ។ ឯអ្នកតានោះមានរូបសណ្ឋានទ្រង់ទ្រាយដូចមនុស្ស តែធំប៉ុនដំរីសារ  អង្គុយពែនភ្នែននៅលើកំពូលភ្នំ បែរមុខទៅទិសខាងកើត ។ ដំរីទាំងឡាយដើរពីខាងកើត ហើយចូលទៅថ្វាយបង្គំអ្នកតាម្នាក់ម្តងៗ ។ ពេលដែលដំរីក្រាបសំពះនោះ អ្នកតាប្រាប់ថា ឆ្នាំនេះត្រូវឲ្យដំរីបរិភោគដើមឈើនេះជាថ្នាំ  ដំរីទទួលបង្គាប់ ហើយក៏ថយចុះទៅវិញ រួចដំរីណាមានអាយុសង្ខារគ្រប់កំណត់នឹងមរណៈក្នុងឆ្នាំនោះ មិនអាចរស់នៅដល់ពេលចូលថ្វាយបង្គំលើកក្រោយទៀតបានទេ អ្នកតាក៏មិនបានប្រាប់ថ្នាំឲ្យដំរីនោះបរិភោគទេ គ្រាន់តែធ្វើអាការឲ្យសញ្ញាដោយលើកដៃដាក់លើស្មាចង្អុលទៅក្រោយ គឺចង្អុលទៅខាងលិចភ្នំ ដំរីនោះក៏ស្រក់ទឹកភ្នែក ហើយចុះទៅតាមដៃអ្នកតាទៅ ។ ពួកដំរីដែលជាកូនចៅ ឬជាមិត្តសម្លាញ់ឃើញដូច្នោះ ក៏សំដែងអាការផ្សេងៗ ដើម្បីថ្លែងសេចក្ដីសោកស្តាយ ។ ដំរីដែលនៅក្នុងព្រៃ សឹងមានឥស្សរភាពជាទីសប្បាយរីករាយណាស់ តែមានទេសកាលម្តងៗ នាំឲ្យពួកដំរីទាំងឡាយមានទុក្ខព្រួយ គឺបើមេដំរីណាសម្រាលកូនមកសម្បុរទង់ដែង (ហៅថាដំរី) នោះពួកដំរីទាំងឡាយនាំគ្នាខ្វល់ខ្វាយជួយថែរក្សាកូនដំរីនោះ ។ បើកូនដំរីនោះចេញដើរទៅទីណា តែងនាំគ្នាតាមទៅឈរបាំងពីមុខពីក្រោយ ដើម្បីកុំឲ្យមនុស្សលោកឃើញ ព្រោះមនុស្សលោកកាលណាឃើញកូនដំរីនោះហើយ ពុំដែលរំលងចោលមួយដងសោះឡើយ តែងតែតាមទាក់តាមចាប់ ម្ល៉ោះហើយសេចក្ដីអន្តរាយដោយគ្រឿងអាវុធ ក៏កើតមានឡើងដល់ពួកដំរីទាំងមូល លុះកូនដំរីនោះធំពេញជំទង់ឡើង ក៏នាំគ្នាចាប់យកទៅឲ្យត្រាំទឹកដែលមានជ័រឈើ ដើម្បីឲ្យក្លាយទៅជាដំរីខ្មៅវិញ ។ សារត្រឡប់ទៅនិយាយអំពីប្រពន្ធព្រានព្រៃ ។ ប្រពន្ធព្រានព្រៃកាលគភ៌គ្រប់កំណត់ទសមាស ក៏សម្រាលកូនចេញមក កូននោះជាភេទប្រុស មានរូបរាងទ្រង់ទ្រាយដូចដំរីដោយច្រើន ។  មាតាបិតាបានសន្មតនាមកុមារនោះថា វ៉ឹក ។ ចៅវ៉ឹកពោលថា កាលខ្ញុំកើតឡើងអាយុបាន ៣ ឆ្នាំ ក៏នឹករលឹកដល់ដំរីដែលជាមាតា និងបងពុំដឹងជានៅឯណា នឹកពិចារណាឃើញតាំងពីនាំបណ្តើរមាតាចេញចាកហ្វូងដំរី មកដល់ទីដែលព្រានព្រៃបាញ់ខ្លួននោះ ខ្ញុំមានសេចក្ដីរំជួលក្នុងដួងហឫទ័យកាន់តែខ្លាំងឡើងៗ នឹងទ្រាំនៅស្ងៀមតទៅពុំបាន ។ ទទួលមានឱកាសថ្ងៃមួយ មាតាបិតាខ្ញុំទៅធ្វើចម្ការអស់ ទុកខ្ញុំឲ្យនៅចាំផ្ទះ ដោយផ្តាំផ្ញើនឹងញាតិព្រៀងលានឲ្យជួយមើលផង ខ្ញុំឃើញបានឱកាសល្អ ក៏រត់ចេញពីផ្ទះដើរចូលទៅក្នុងព្រៃ ដើម្បីស្វែងរកដំរីជាមាតា និងបង ។ ខ្ញុំចេញដើរទៅតាមផ្លូវដែលខ្ញុំនៅចាំ កាលកើតជាដំរីធ្លាប់ដើរ ខ្ញុំទទួលទានអាហារផ្លែឈើ តាមដែលខ្ញុំធ្លាប់ទទួលទានកាលពីនៅជាជាតិដំរី ចេញដើរទៅក្នុងព្រៃអស់វេលារាត្រីជាច្រើន ឥតមានជួបនឹងមនុស្សណាម្នាក់សោះ ឃើញតែដានជើងដំរីព្រៃ ខ្ញុំខំដើរតាមដានដំរីទៅទៀត ។ គិតអំពីថ្ងៃដែលខ្ញុំចេញអំពីផ្ទះទៅបាន ៧ ថ្ងៃ ខ្ញុំបានជួបប្រទះនឹងដំរីស្ត ១ ដើរស៊ីក្នុងព្រៃស្មាច់ ខ្ញុំគយគន់មើលដោយសេចក្ដីសង្កេតសព្វគ្រប់ទៅ ក៏ស្គាល់បានប្រាកដជាបងរបស់ខ្ញុំៗស្ទុះចូលទៅ ដើម្បីសាកសួរអំពីសុខទុក្ខ និងសួររកមាតា ។ ដំរីស្តកាលបានឃើញមនុស្សរត់ចូលទៅជិតដូច្នោះ ក៏ភិតភ័យតក់ស្លុត ស្ទុះរត់ចេញជាប្រញាប់ ខ្ញុំនៅចាំភាសាដំរី  ក៏ស្រែកជាភាសាដំរីអំពីរឿងរ៉ាវដែល ធ្លាប់នៅជាមួយគ្នា ក្នុងគ្រាដែលកើតជាដំរី ខ្ញុំនិយាយបណ្តើររត់តាមបណ្ដើរ ទាល់តែដំរីស្តស្តាប់បាន ទើបឈប់លែងរត់ ហើយខ្ញុំចូលទៅឈរទល់មុខដំរី ពោលវាចាជាភាសាដំរីសួររក មាតា ។ ដំរីស្តប្រាប់មកវិញថា មាតាយើងស្លាប់ទៅហើយ ។ ដំរីស្តជឿជាក់ថា ប្អូនបានទៅកើតជាមនុស្សមែន ក៏មានសេចក្ដីស្នេហាចំពោះខ្ញុំក្រៃពេក បានចាប់លើកខ្ញុំដាក់ឲ្យអង្គុយលើពោងនាំចេញទៅរកស៊ីព្រៃស្ងាត់ ដែលឆ្ងាយអំពីហ្វូងដំរី ដើម្បីការពារមិនឲ្យដំរីព្រៃឃើញខ្លួនខ្ញុំ ហើយខំរកផ្លែឈើមើមឈើឲ្យខ្ញុំបរិភោគជំនួសបាយ ។ ដំរីស្តខំថែរក្សាខ្ញុំពេញ ៣ ឆ្នាំ ឥតបានចូលទៅក្នុងហ្វូងដំរីព្រៃសោះ ម្ល៉ោះហើយបណ្តាលឲ្យកើតសេចក្ដីអផ្សុកធុញទ្រាន់ជាខ្លាំង ទើបនិយាយនឹងខ្ញុំថា អូនអើយ អូនឯងបានទៅកើតជាមនុស្សទៅហើយ គួរតែទៅនៅរួមសាមគ្គីនឹងមនុស្ស ឯបងដែលមានកំណើតជាសត្វដំរី ក៏ត្រូវរួមសាមគ្គីនឹងសត្វដំរីដូចគ្នា ល្ហើយចុះយើងជាបងប្អូនរួមផ្ទៃមួយ ក្នុងគ្រាអូនឯងនៅជាសត្វដំរីក៏ត្រូវនៅចាំប្រាកដថា យើងជាបងប្អូននឹងគ្នាជាដរាបតទៅ ។ ខ្ញុំបានតបទៅវិញថា ខ្ញុំទទួលស្តាប់ទាំងអស់ពាក្យដែលបងនិយាយទាំងប៉ុន្មាន បើដូច្នេះ សូមបងជូនខ្ញុំទៅទីលំនៅវិញ ។ ខ្ញុំនិងដំរីស្តបានសំដែងសេចក្ដីអាឡោះអាល័យគ្នាជាពន្លឹកទៅវិញទៅមក រួចទើបដំរីស្តចាប់លើកខ្ញុំដាក់លើពោង ហើយដើរតម្រង់ចូលទៅកាន់ស្រុកភូមិនៃមនុស្ស លុះទៅជិតដល់ក្រោយផ្ទះមាតាបិតាខ្ញុំ ក៏ដាក់ខ្ញុំឲ្យចុះពីលើពោង ហើយប្រញាប់ប្រញាល់វិលចូលទៅក្នុងព្រៃវិញ ។ ចំណែកខាងខ្លួនខ្ញុំ កាលចូលមកដល់ផ្ទះ មាតាបិតាជាព្រានព្រៃបានឃើញហើយ ក៏មានសេចក្ដីរីករាយឥតឧបមា ព្រោះកាលបាត់ខ្ញុំទៅជាង ៣ ឆ្នាំ ឥតមានដំណឹងសោះ ។ ក្នុងពេលដែលទើបមកដល់ ខ្ញុំនិយាយភាសាមនុស្សមិនកើតទេ ព្រោះកាលខ្ញុំឃ្លាតពីមាតាបិតាទៅនោះនៅតូចណាស់ ភាសាមនុស្សទើបតែនឹងចេះបន្តិចបន្តួច ខ្ញុំស្តាប់ពាក្យមាតាបិតាដែលសាកសួរបានខ្លះមិនបានខ្លះ តែខ្ញុំនិយាយតបវិញមិនកើត ។ លុះកន្លងទៅ ៣-៤ ខែ ទើបនិយាយរឿងរ៉ាវដែលពោលហើយនេះ ជាភាសាមនុស្សប្រាប់មាតាបិតាបាន ។ ចៅវ៉ឹកនេះ លុះអាយុពេញការ បានចូលធ្វើជាទាហានក្រុមរក្សាស្រុកនៅទីរួមខេត្តកំពង់ធំ ។ ឈ្មោះនេះតែនិយាយរឿងរ៉ាវរបស់ខ្លួនចប់កាលណា តែងលើកដៃសំពះសុំឲ្យបានទៅកើតជាសត្វដំរីវិញ ព្រោះពុំពេញចិត្តនឹងសេចក្ដីចង្អៀតចង្អល់របស់មនុស្សលោកសោះ ។ អំពីរឿងប្រវេណីរបស់សត្វដំរីនេះ នៅមានហ្មម្នាក់ឈ្មោះ ហ្មសុខ ជាហ្មជាន់ចាស់ គាត់និយាយថា  សត្វដំរីកាន់កិរិយា ១  ប្លែកពីសត្វចតុប្បាទដទៃៗ គឺនៅគ្រាដែលសត្វដំរីរួមបវេណីនឹងគ្នា ពុំបានប្រព្រឹត្តដូចសត្វទាំងពួងទេ ប្រព្រឹត្តបែបយ៉ាងមនុស្សទៅវិញ ។ ថាសត្វដំរីញី និងដំរីឈ្មោល កាលណាមានសេចក្ដីស្រឡាញ់គ្នាជាប្រាកដ មុននឹងរួមសំវាស (ស្គារគ្នា) តែងនាំគ្នាទៅរកទីដីដែលមានភាពខូងកណ្ដាល ដើម្បីដេកផ្ងារបានដោយស្រួល តែមុននឹងប្រះខ្លួនដេកទៅក្នុងដីក្រហូងនោះ ត្រូវដំរីឈ្មោលធ្វើកិច្ចស្បថសច្ចាប្រណិធាន ចំពោះមុខដំរីញីនោះសិន តាមលក្ខណៈប្រវេណី ៣ ប្រការគឺ ៖

១-កាលណាស្គារគ្នារួច ត្រូវជួយលើកឡើងវិញ,

២-បើមានអាសន្នអន្តរាយ ដោយសត្វខ្លា ឬព្រានព្រៃមកទាន់ត្រូវនៅជួយការពារគ្នា គ្រាតែអស់ជីវិត មិនរត់ចោលគ្នា,

៣-ត្រូវទុកការរួមសំវាស (ស្គារគ្នា) ជាដំបូងនេះ ជាគោលថា នឹងមិនទៅស្នេហានឹងដំរីញីដទៃ ត្រាតែអស់ជីវិត ។ 

របៀបដែលស្បថនេះ ត្រូវដំរីឈ្មោលស្បថបែរមុខចំពោះទៅរកព្រះអាទិត្យ លុតជង្គង់លើកប្រមោយឡើងថ្វាយបង្គំព្រះអាទិត្យ ៣ ដង ទើបដំរីញីព្រមប្រះខ្លួនដេកទៅក្នុងដីក្រហូង ។ បានជាជាប់កិច្ចស្បថដូច្នេះ  ព្រោះដំរីញីនឹងក្រោកឡើងខ្លួនឯងវិញពុំរួច ដោយហេតុទីដ៏ខ្ពស់ ខាងឆ្វេង និងខាងស្តាំ លុះតែដំរីដូចគ្នាជួយលើកទើបក្រោករួច ។ របៀបប្រវេណីនៃសត្វដំរី   ដូចបានពណ៌នាខាងលើនេះ  ជាការពិត ឬជាការប្រឌិតឡើង ដោយថ្វីមាត់នៃអ្នកកំប្លែង ដើម្បីពោលជាការកំសាន្តនោះ ខ្ញុំពុំអាចនឹងរ៉ាប់រងទេ ទុកជូនអស់លោកអ្នកដែលបានមើល ឬបានស្តាប់រឿងនេះ ពិចារណាផងចុះ ។

* * *

ចប់

Flag Counter