រឿងព្រេងប្រទេស ស៊ុយអែដចែងអំពី អំបិល និង នំប៉័ង

  • Print

សម័យមួយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់មានព្រះរាជធីតា ៣ ព្រះអង្គ ។ បណ្ដាព្រះរាជធីតាទាំងនោះ ព្រះរាជធីតាពៅជាទីស្រឡាញ់ពេញព្រះរាជហឫទ័យយ៉ាងខ្លាំង នៃព្រះមហាក្សត្រជាព្រះបិតា ជាងព្រះរាជបុត្រីទាំងពីរ ។ ម៉្លោះហើយព្រះរាជបុត្រីច្បងទាំងពីរនោះ ក៏កើតសេចក្ដីច្រណែននឹងប្អូនពៅខ្លួន, បានចំណាយពេលជាច្រើន និងសេចក្ដីព្យាយាមដ៏មាំ ដើម្បីនឹងបំផ្លាញនូវសេចក្ដីស្នេហា រវាងព្រះមហាក្សត្រ និងប្អូនពៅនោះឲ្យវិនាសបាត់ទៅ ។ ព្រះនាងទាំងពីរ ខំព្យាយាមដើម្បីទាញយកនូវសេចក្ដីស្នេហា និងឋានៈនេះឲ្យបានមកខ្លួនវិញ, មិនភ្លេចសោះនូវឱកាសដើម្បីណែនាំព្រះមហាក្សត្រជាព្រះបិតាខ្លួន ឲ្យឃ្លាតព្រះទ័យពីព្រះនាងពៅ ដោយបង្កាច់ថា "នាងពៅឥតស្រឡាញ់ព្រះមហាក្សត្រ ដូចដែលទ្រង់ស្រឡាញ់នាងនោះទេ" ។ ការច្រណែនដ៏លាមករបស់ព្រះនាងទាំងពីរ មិនអនុញ្ញាតឲ្យព្រះនាងសម្រាកសោះ ។ ទីបំផុត ព្រះមហាក្សត្រទ្រង់ឮពាក្យមួលបង្កាច់នោះពីព្រះរាជបុត្រីច្បងទាំងពីរ ទ្រង់ក៏ខ្វល់ព្រះរាជហឫទ័យជាខ្លាំង ។ ថ្ងៃមួយ កាលដែលព្រះរាជបុត្រីទាំងអស់ បានមកជួបជុំគ្នានៅចំពោះព្រះភក្ត្រព្រះអង្គ  ទ្រង់ក៏ពិសោធមើលទំហំសេចក្ដីស្នេហានៃព្រះរាជធីតាទាំងនោះផ្ទាល់ព្រះអង្គ ។ ដំបូងទ្រង់ចាប់សួរអំពីទំហំសេចក្ដីស្នេហា របស់ព្រះរាជបុត្រីច្បងចំពោះព្រះអង្គ តើខ្លាំង-ធំ-ថ្លៃយ៉ាងណា ។ ព្រះនាងឆ្លើយថា ៖

-”បពិត្រព្រះបិតា, ខ្ញុំម្ចាស់សូមថ្វាយតម្លៃព្រះបិតា ដូចតម្លៃទេពតានៅឋានសួគ៌" ។

ចម្លើយនេះ បានញ៉ាំងព្រះមហាក្សត្រឲ្យទ្រង់សប្បាយព្រះទ័យជាខ្លាំង ។ រួចទ្រង់សួរទៅព្រះរាជបុត្រីបន្ទាប់ ដូចមុនទៀត ព្រះនាងឆ្លើយថា ៖

-”បពិត្រព្រះបិតា, ខ្ញុំម្ចាស់សូមថ្វាយតម្លៃព្រះបិតា ស្មើនឹងតម្លៃជីវិតរបស់ខ្ញុំម្ចាស់ ! " ។

ចម្លើយនេះ ក៏ធ្វើឲ្យព្រះមហាក្សត្រសោមនស្សដែរ ។

បន្ទាប់ពីនេះ ទ្រង់បែរទៅសួរព្រះរាជបុត្រីពៅថា "តើនាងឲ្យតម្លៃបិតាដូចអ្វីដែរ ?” ។ ព្រះនាងឆ្លើយថា ៖

-”ឱព្រះបិតា, ខ្ញុំម្ចាស់សូមថ្វាយតម្លៃព្រះអង្គ ស្មើនឹងតម្លៃនៃនំប៉័ង និងអំបិល !” ។

ចម្លើយនេះ បណ្ដាលឲ្យមហាក្សត្ររំភើប ភ្ញាក់យ៉ាងពន្លឹក ។ 

ពេលនោះ ទ្រង់ខ្ញាល់នឹងព្រះរាជបុត្រីពៅក្រៃពេក ដោយទ្រង់យល់ថា "នាងគ្មានគាំពារព្រះកិត្តិយសព្រះអង្គ ឲ្យបានលើសពីវត្ថុគម្រក់បំផុត ដែលគេតែងតែតម្កល់លើតុបុរសទុគ៌តនោះសោះឡើយ ។ ព្រះពិរោធរបស់ទ្រង់   ដូចព្យុះសង្ឃរា    ដោយហេតុទ្រង់ស្ដាយចំពោះសេចក្ដីស្នេហាដ៏សម្បើមរបស់ទ្រង់ ដែលបង់ខាតដោយខ្ជះខ្ជាយទៅលើព្រះរាជបុត្រីពៅ ហើយទ្រង់បានទទួលនូវសេចក្ដីស្នេហាតបដ៏តិចបំផុតដូច្នេះវិញ ។ ទ្រង់ព្រះរាជបញ្ជាឲ្យពួកទាសកម្មករ បណ្ដេញព្រះនាងពៅចេញពីព្រះដំណាក់របស់ទ្រង់ ។ ពួកទាសាទាសីក៏បានធ្វើតាមព្រះរាជបញ្ជា ដោយនាំព្រះនាងទៅបំបរបង់ចោលក្នុងព្រៃ ។ គ្រានោះ ព្រះរាជបុត្រីច្បងទាំងពីរ សប្បាយព្រះទ័យណាស់ព្រោះសម្រេចតាមគោលបំណងរបស់ទ្រង់ នៅក្នុងព្រៃ, ព្រះរាជបុត្រីពៅ ប្រកបដោយសេចក្ដីតោកយ៉ាកនិងការភិតភ័យយ៉ាងក្រៃលែង។ កាលណាព្រះនាងនឹកអំពីដំណាក់ដែលធ្លាប់គង់ អំពីព្រះរាជបិតាដ៏ជាទីស្នេហារបស់ទ្រង់, សំឡេងយំខ្សឹកខ្សួលក៏កើតមានឡើង ។ ព្រះនាងមិនបានដឹងសោះថា តើព្រោះហេតុអ្វីបានជាព្រះបិតាខ្ញាល់នឹងព្រះនាង ? ហើយព្រោះហេតុអ្វីបានជាខ្លួនព្រះនាងត្រូវគេបំបរបង់ចោល? ។ ពេលនោះ ព្រះនាងដើរត្រាច់ទៅក្នុងព្រៃតែមួយព្រះអង្គ ឥតមានទីពឹង ហើយទីបំផុត ដោយខ្លាចសត្វព្រៃបៀតបៀន ព្រះនាងក៏ឡើងទៅពួនលើដើមឈើខ្ពស់មួយ ។ ក្សិណនោះ មានព្រះមហាក្សត្រមួយព្រះអង្គនៃប្រទេសដទៃទៀត ទ្រង់ចេញបរបាញ់សត្វក្នុងព្រៃ ។ កាលទ្រង់គង់សេះ បរតាមព្រៃនោះហូរហែរមក ទ្រង់បានឮសំឡេងឆ្កែរបស់ព្រះអង្គ ព្រុសកោះឡើង ដោយអាការភ្ញាក់ផ្អើល ។ ទ្រង់បរសេះយ៉ាងរួសរាន់ ឆ្ពោះទៅតាមសំឡេងឆ្កែ ស្រាប់តែឃើញពួកឆ្កែនោះ នៅចោមព័ទ្ធជុំវិញដើមឈើ ដែលព្រះរាជបុត្រីលាក់ព្រះអង្គ។ ដោយសង្ឃឹមថា នឹងបានឃើញខ្លាឃ្មុំ ទ្រង់ក៏ងើយព្រះភក្ត្រទតទៅលើ ។ តែជំនួសខ្លាឃ្មុំ, ទ្រង់បានយល់នូវរង្វង់ភក្ត្រដ៏ឆើតឆាយនៃស្ត្រីក្មេង ដែលមានអាការប្រកបដោយទុក្ខព្រួយទៅវិញ ។ ពេលនោះ ព្រះអង្គបានពោលទៅកាន់ព្រះនាងដោយសុភាព សុំឲ្យព្រះនាងចុះមកក្រោម ។ លុះព្រះនាងចុះមក ព្រះអង្គបានលើកព្រះនាងដាក់លើខ្នងសេះ បញ្ជិះយកទៅកាន់ប្រាសាទព្រះអង្គ ។ នៅក្នុងប្រាសាទ, ទ្រង់ឲ្យព្រះនាងសោយអាហារ, ធ្វើឲ្យព្រះនាងកក់ក្ដៅបាត់រងាដោយភ្លើងសម្រាប់អាំង ។ ទីបំផុត ដោយអំពើសប្បុរសរបស់ព្រះមហាក្សត្រអង្គនោះ គ្របមកលើព្រះនាង, ព្រះនាងក៏បញ្ចេញរឿងទ្រង់ ទូលមកព្រះមហាក្សត្រជ្រាបសព្វគ្រប់ ។ អំពើដ៏ល្អ និងលំអដ៏ឆើតឆាយរបស់ព្រះនាង ធ្វើឲ្យព្រះមហាក្សត្ររំភើបព្រះទ័យយ៉ាងក្រៃលែង ។ ទ្រង់ថែរក្សាព្រះនាងទុកក្នុងប្រាសាទ, ហើយក្រោយមក ទ្រង់សុំឲ្យព្រះនាងរៀបអភិសេករួមរស់ជាមួយព្រះអង្គ ។ ព្រះរាជធីតាក្មេងនេះ ដោយធ្លាក់ចុះក្នុងសេចក្ដីស្នេហាដែរនោះ ក៏ទ្រង់ទទួលព្រមរៀបអភិសេកជាមួយទ្រង់ ។ ដូច្នេះហើយ កាលបរិច្ឆេទនៃព្រះពិធីមង្គលាភិសេក ក៏ត្រូវបានគេកំណត់ទុកជាស្រេច, សំបុត្រអញ្ជើញភ្ញៀវ ក៏ត្រូវគេចាត់ការផ្ញើទៅក្រុមព្រះរាជវង្សានុវង្ស នៃព្រះរាជអាណាចក្រជិតខាង ចំនួនប្រាំពីរអាណាចក្រ ។ កាលថ្ងៃនៃមង្គលាភិសេកមកដល់ ភ្ញៀវជាព្រះរាជវង្ស ក៏បានមកដល់ត្រៀបត្រា ។ ក្នុងបណ្ដាភ្ញៀវទាំងនោះ ព្រះមហាក្សត្រជាព្រះបិតានៃព្រះនាងសាមីខ្លួនក្នុងអាវាហមង្គល និងព្រះរាជបុត្រីទាំងពីរនៃទ្រង់ ក៏ទ្រង់យាងមកជាភ្ញៀវជាន់ខ្ពស់មួយដែរ ។ ទាំង ៣ អង្គនេះ  ឥតមានអង្គណានឹករឃើញចំពោះព្រះនាងសាមីខ្លួនឡើយ ព្រោះទ្រង់ជឿជាក់ថា ព្រះរាជបុត្រីពៅអង្គនោះ វិនាសបាត់បង់ព្រះជន្មក្នុងព្រៃទៅហើយ ។ ពេលដែលភ្ញៀវអង្គុយរៀបរយ នៅនាតុជប់លៀងភោជនាហាររួចរាល់អស់ហើយ, ម្ហូបដ៏ល្អគ្រប់បែប បានត្រូវគេលើកតម្កល់លើតុមុខភ្ញៀវទាំងនោះ ។ ចំពោះភោជនាហារទាំងនោះ គ្មានម្ហូបណាមួយប្រៃសោះ គឺសុទ្ធតែសាបៗ ទាំងអស់ ហើយថែមទាំងគ្មានដាក់អំបិលប្រចាំការទៀតផង, នំប៉័ងក៏គ្មានដែរ ។ ព្រះមហាក្សត្រ ជាព្រះបិតាព្រះនាងពៅ  ដោយទ្រង់មិនអាចទប់ព្រះទ័យក្នុងការសួររក ក៏ទ្រង់បន្លឺថា ៖ ”យីអើហ្ន៎ ! ខ្ញុំមិនយល់សោះ ម្ដេចបានជាគេភ្លេចដាក់វត្ថុដ៏ប្រណីតបំផុតពីរមុខ ក្នុងពិធីជប់លៀងនេះហ្ន៎ ?” ។ ព្រះនាងពៅ ដែលពោលនោះ ជាតួព្រះខត្តិយានី ឆ្លើយថា ៖ “ឱ ! ព្រះអង្គត្រូវការអ្វី ?” ។ ”អាសំខាន់ពីរមុខ គឺអំបិល និងនំប៉័ងណា៎ !” ព្រះមហាក្សត្រឆ្លើយ ។ ”ពិតហើយក្រាបទូល", ព្រះនាងបន្ថែម, “អំបិល និងនំប៉័ងហ្នឹងឯងហើយ ដែលយើងស្គាល់ថា ជាវត្ថុដ៏ប្រណីតថ្លៃថ្នូរបំផុត, ក៏ប៉ុន្តែ នៅគ្រាមួយនោះ ដោយសារតែខ្ញុំថ្វាយតម្លៃយ៉ាងថ្លៃ ទៅព្រះបិតាខ្ញុំស្មើនឹងវត្ថុទាំងនេះ ខ្លួនខ្ញុំក៏ត្រូវលោកបណ្ដេញចេញពីព្រះដំណាក់ឲ្យទៅនៅចុងព្រៃ ដើម្បីសម្លាប់ខ្លួនខ្ញុំទៅវិញ" ។ ទ្រង់ឮពាក្យនេះ ព្រះមហាក្សត្រក៏ស្ងៀមមួយសន្ទុះ រួចដល់ព្រះអង្គស្គាល់ព្រះនាងច្បាស់ ក៏ទ្រង់ស្ទុះទៅឱបព្រះនាងដោយសម្រែក ពេញទៅដោយសេចក្ដីសប្បាយរីករាយព្រះទ័យជាអនេក ព្រោះទ្រង់ទើបនឹងបានជ្រាបថា   ព្រះនាងមានព្រះជន្មរស់នៅឡើយ ។ ពេលនោះ ព្រះអង្គសុំឲ្យព្រះនាងសុំអភ័យទោស ចំពោះការណ៍ដែលទ្រង់មិនយល់ នូវពាក្យពេញទៅដោយសេចក្ដីស្នេហារបស់ព្រះនាងចំពោះព្រះអង្គ ។ អំពើអាក្រក់នៃព្រះរាជបុត្រីច្បងទាំងពីរ ដែលរួមគំនិតប្រឆាំងនឹងព្រះរាជបុត្រីពៅនោះ ក៏ត្រូវទទួលលទ្ធផលអាក្រក់យ៉ាងសម្បើម  វេនដែលត្រូវឃ្លាតចេញចាកព្រះដំណាក់នៃព្រះបិតាខ្លួន ក៏វិលមកដល់នាងទាំងពីរវិញ ។ ម្ល៉ោះហើយ តាំងពីថ្ងៃនោះមក ដំណឹងអ្វី សូម្បីតែបន្តិចបន្តួចពីនាងទាំងពីរ ក៏លែងលេចឮសោះ ។ ទុកជានាងត្រូវស្ដេចបរបាញ់ណាមួយ ជួយសង្គ្រោះឲ្យរស់រានមានជីវិតក្ដី ក៏គ្មានអ្នកណាមួយបានដឹងបានឮ ឬបានឃើញសោះឡើយ ។ 

                                                                          ភិក្ខុ ម៉ែន រៀម សិក្សាពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជ ប្រែចាកភាសាអង់គ្លេស

(ចប់)