រឿងវ៉ាំងជេនហ៊ូ

  • Print

របររកស៊ីខាងជាងកំបោរជាអាជីពដ៏ទន់ទាប ទាំងជាការនឿយហត់ពិបាកយ៉ាងខ្លាំង ទោះបីដូច្នោះ ក៏នៅតែមានអ្នកប្រកាន់យកជារបររកទទួលទានយ៉ាងពេញចិត្ត ។ វ៉ាំងជេនហ៊ូ ជាមនុស្សម្នាក់ ដែលចិញ្ចឹមជីវិតដោយរបរជាងកំបោរនេះ គេបានបរិយាយរឿងរបស់គេឲ្យហាន់ហ៊ូស្ដាប់ដូចតទៅនេះ ៖ “ខ្លួនខ្ញុំឈ្មោះ វ៉ាំងជេនហ៊ូ មាតាបិតារបស់ខ្ញុំជាអ្នកធ្វើស្រែនៅតំបន់ឈិងឆៅ ស្រុកឆាងកាន ប្រទេសចិន ។ កាលស្រុកកើតចលាចល ក្នុងរជ្ជសម័យព្រះបាទធៀនប៉ៅ រដ្ឋាភិបាលបានប្រកាសកេណ្ឌពល, ខ្ញុំជាមនុស្សម្នាក់ ដែលបានចុះឈ្មោះយកអាសាស្ម័គ្រធ្វើទាហានធ្នូ, ខ្ញុំនៅក្នុងកងទ័ពធ្នូ ដល់ទៅ ៣០ ឆ្នាំ ហើយខ្ញុំជាអ្នកយកចិត្តទុកដាក់ក្នុងកិច្ចការរាជការដ៏មុតមាំ ទៅជាអ្នកមានឈ្មោះល្អក្នុងរាជការទាហាន បានឡើងយសសក្ដិជានាយទាហាន ។ តមក ខ្ញុំបានលាចេញពីរាជការទាហាន ត្រឡប់ទៅនៅនាភូមិលំនៅដើមរបស់ខ្ញុំវិញ តែមុខគួរឲ្យអាណោចអាធ័មខ្លាំងណាស់ គឺកាលខ្ញុំទៅដល់ភូមិលំនៅដើម បានឃើញនូវទីដីស្រែចម្ការរបស់ខ្ញុំ បានធ្លាក់ទៅនៅក្នុងកណ្ដាប់ដៃអ្នកដទៃទាំងអស់ ធ្វើឲ្យខ្ញុំអស់សង្ឃឹមក្នុងរបរកសិកម្ម ។ ខ្ញុំក៏រំពឹងគិតគ្នាន់គ្នេរក្នុងការរកចិញ្ចឹមជីវិតទៅទៀត ខ្ញុំគិតឃើញតែអាជីពជាងកំបោរ ព្រោះខ្ញុំធ្លាប់បានរៀនធ្វើទាំងមានការចេះដឹងពីកាលនៅទាហានខ្លះហើយ ។ ខ្ញុំទើបកាន់យកអាជីពខាងជាងកំបោរតទៅ ហើយបានធ្វើរបរនេះដ៏មុតមាំអស់កាលជាង ៣០ ឆ្នាំ ។ ខ្ញុំបានអាស្រ័យនៅជាមួយនឹងអ្នកលក់រាន ដោយចេញថ្លៃអាហារ និងថ្លៃផ្ទះឲ្យអ្នកម្ចាស់រានរាល់ៗខែ ខ្ញុំព្យាយាមរកលុយកាក់ប្រាក់កាស ដោយញើសឈាម សម្រាប់ឲ្យថ្លៃអាហារ និងថ្លៃផ្ទះ ដើម្បីអាស្រ័យនៅតទៅ ។ បើមានលុយកាក់ដែលសល់ពីចាយវាយ ខ្ញុំបានឲ្យទានដល់មនុស្សពិការ និងមនុស្សកម្សត់ទុគ៌ត" ។ វ៉ាំងជេនហ៊ូ បានពោលតទៅទៀតថា "មនុស្សយើងបានបាយបរិភោគ មកពីអ្នកកាប់គាស់រានដី ភ្ជួរស្រែ បានខោអាវស្លៀកពាក់ មកពីជាងតម្បាញ និងអ្នកចិញ្ចឹមនាង ហើយបានសព្វវត្ថុដទៃទៀត ដែលជារបស់ចាំបាច់ក៏មានន័យដូចគ្នា បើយើងខ្វះការងារដែលត្រូវធ្វើដោយកម្លាំងរបស់មនុស្សទៅហើយ វត្ថុទាំងនោះនឹងសម្រេចដូចបំណងមិនបាន ព្រោះក្នុងលោកនេះមិនមានអ្នកណាមួយ ដែលមានសមត្ថភាពអាចនិម្មិតបណ្ដាលឲ្យវត្ថុអ្វីៗ កើតបានគ្រប់យ៉ាង គ្រប់ប្រការនោះទេ ព្រោះហេតុនោះ យើងទើបគួរធ្វើរបស់ដែលល្មមធ្វើបាន ដើម្បីជួយជ្រោមជ្រែងដល់គ្នានិងគ្នាក្នុងការចិញ្ចឹមជីវិតតទៅ ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គ្រប់គ្រងលើពួកសេនាមាត្យរាជបរិពារ ទ្រង់គ្រាន់តែមានព្រះបរមរាជឱង្ការបង្គាប់បញ្ជាប៉ុណ្ណោះ សេនាមាត្យទាំងនោះ ជាអ្នកសម្រេចរាជកិច្ចរាជការតាមមុខក្រសួងរបស់ខ្លួន ហើយបានញ៉ាំងកិច្ចការផែនដីឲ្យសម្រេចដោយរៀបរយ ឬដូចជាមេផ្ទះ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ គ្រឿងផ្ទះមួយៗ សោតសឹងមានប្រយោជន៍ម្យ៉ាងៗ ផ្សេងៗពីគ្នា គ្រឿងខ្លះឲ្យសម្រេចកិច្ចយ៉ាងនេះ គ្រឿងខ្លះឲ្យសម្រេចកិច្ចយ៉ាងនោះ ទើបជាហេតុញ៉ាំងកិច្ចផ្ទះឲ្យសម្រេចបានដោយរៀបរយ រឿងនេះឧបមាយ៉ាងណា ឧបមេយ្យដូចអាជីវកម្មទាំងពួងក៏យ៉ាងនោះដែរ ចំណែកអ្នកមើលងាយការងារ ឬបោះបង់ចោលការងារ មិនយកចិត្តទុកដាក់ អ្នកនោះមិនយូរប៉ុន្មានទេ គង់មានទេព្ដា ទេព្រក្ស អ្នករក្សាមនុស្សលោក បណ្ដាលឲ្យដល់នូវសេចក្ដីវិនាសក្នុងពេលមិនយូរប៉ុន្មាន ខ្ញុំទើបមិនហ៊ានលះបង់អាជីវកម្មខាងជាងកំបោរ ខំធ្វើការកំបោរ ដើម្បីឲ្យកើតសេចក្ដីសុខសម្រាន្តតរៀងមក ។ ការជាងកំបោរ ជាវិជ្ជាដែលរៀនងាយ ធ្វើងាយ, ការហ្វឹកហាត់ឲ្យមានសេចក្ដីស្ទាត់ជំនាញ ក៏មិនឃើញមានការពិបាកអ្វីឡើយ ហើយជាអាជីពដែលឲ្យគុណសមល្មមដល់ការហត់នឿយ ព្រោះដូច្នេះ ខ្ញុំទើបមិនមានសេចក្ដីអៀនខ្មាសក្នុងអាជីពដែលថោកទាបនេះឡើយ ។ មួយទៀត ទម្រាំតែខ្ញុំនឹងបានទទួលលុយកាក់ថ្លៃកម្លាំង ១ រៀលៗនោះ ត្រូវបញ្ចេញកម្លាំងកាយ ធ្វើការទាល់តែហត់នឿយរោយស្រពន់ តែខ្ញុំបានទទួលសេចក្ដីសុខកាយសប្បាយចិត្តជានិច្ច ។ការងារដែលធ្វើដោយកម្លាំងកាយ ដើម្បីជាប្រយោជន៍ដល់ជនដទៃនោះ ច្រើនតែជាការងាយ តែការដែលធ្វើដោយសតិបញ្ញា ដើម្បីភាពជាអ្នកប្រាជ្ញនោះ ជាការពិបាកដ៏ក្រៃលែង ហេតុនោះទើបឃើញថាជាការយុត្តិធម៌ប្រពៃហើយ ដែលអ្នកល្ងង់ខ្លៅត្រូវប្រើកម្លាំងកាយនៅក្រោមបង្គាប់បញ្ជារបស់អ្នកប្រាជ្ញ ឬអ្នកមានភោគទ្រព្យ បង្អោនខ្លួនឲ្យអ្នកទាំងនោះប្រើប្រាស់ ចំណែកអ្នកមានកម្លាំងបញ្ញា ត្រូវប្រើប្រាស់អ្នកល្ងង់ខ្លៅ ការដែលខ្ញុំរើសយកអាជីពខាងជាងកំបោរនោះ ក៏ព្រោះឃើញថា ជាការរៀនងាយ ធ្វើងាយ ហើយមិនឃើញថាជាការខូចកិត្តិយសកិត្តិគុណ ឬគួរអៀនខ្មាសអ្វីឡើយ ។ ដែលខ្ញុំធ្វើជាងកំបោរ ជាឱកាសឲ្យខ្ញុំបានធ្វើការស៊ីឈ្នួល នៅក្នុងផ្ទះអ្នកមានភោគទ្រព្យ និងផ្ទះមន្ត្រីជាច្រើនឆ្នាំ តែមុខគួរអាណោចអាធ័មដ៏ក្រៃលែង ព្រោះផ្ទះ ១ ដែលខ្ញុំបានទៅលេងសួរសុខទុក្ខ គ្រាដំបូង ឃើញនៅគង់វង្សដូចប្រក្រតី តែកាលខ្ញុំទៅលេងគ្រាទី ២ ឃើញសល់នៅតែដីទទេ ហើយមានច្រើនផ្ទះទៀត ដែលខ្ញុំបានទៅលេងគ្រាដំបូង មិនឃើញមានរបស់អ្វីដែលចម្លែកភ្នែក តែកាលទៅលេងពេលក្រោយទៀត ក៏បានឃើញសភាពដូចពោលមកហើយ ខ្ញុំបានសួរគេដែលនៅផ្ទះជិតខាង គេក៏និយាយប្រាប់ខ្ញុំដូចតទៅនេះ ម្ចាស់ផ្ទះនេះត្រូវគេបញ្ជូនទៅឃុំឃាំងធ្វើទោសទណ្ឌកម្មនៅទីក្រុង ម្ចាស់ផ្ទះនោះដល់នូវមរណភាព ហើយបុត្រធីតាបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលធ្លាក់មកជាមរតក ទាល់តែអស់រលីង ម្ចាស់ផ្ទះនេះបានត្រូវរាជការផ្ដន្ទាទោសប្រហារជីវិត ទាំងទ្រព្យសម្បត្តិ ក៏ត្រូវរាជការរឹបជាន់យកអស់ ។ កាលបានពិចារណាមើលហេតុការណ៍របស់ជនទាំងនោះ គឺលោកទាំងនោះជាតួយ៉ាងដែលខ្ញុំបានពោលនាមខាងដើមថា ត្រូវទេព្ដា ទេព្រក្ស អ្នករក្សាមនុស្សលោក បណ្ដាលឲ្យនូវសេចក្ដីវិនាស ក្នុងពេលមិនយូរប៉ុន្មាន ព្រោះលោកទាំងនោះ បានលះបង់ការងារ ឬមើលងាយការងាររបស់ខ្លួនមែនឬទេ ? ព្រោះលោកទាំងនោះ ជាអ្នកចើងម៉ើងចើងគ្រឹម ប្រព្រឹត្តខ្លួនមិនសមនឹងឋានៈរបស់ខ្លួន ហើយសម្ដែងខ្លួនជាអ្នកប្រាជ្ញបែបប្លមៗ មែនឬទេ ? ព្រោះលោកទាំងនោះ មិនមែនជាអ្នកសម្បូណ៌ដោយសតិសម្បជញ្ញៈ ហើយប្រព្រឹត្តហាក់ដូចជាអ្នកមានសតិបញ្ញា ដែលមុខគួរឲ្យអៀនខ្មាសដល់ជនដទៃមែនឬទេ ? ព្រោះភោគ-សម្ប័ទ បរិវារសម្ប័ទ និងឋានន្តរសក្ដិ ជារបស់រក្សាឋិតថេរចីរកាលបានដោយក្រមែនឬទេ ? ជាប់មកពីគហបតីទាំងនោះជាអ្នកគ្មានបុណ្យវាសនា ដែលល្មមនឹងសេពសោយនូវសេចក្ដីសុខដ៏ឱឡារិកមែនឬទេ ? សេចក្ដីសម្បូណ៌ដោយលាភ, យស, សរសើរ, សុខ និងសេចក្ដីសាប-សូន្យ ចាកលាភយសជាដើម ជារបស់អនិច្ចំ តែងតែអស់ផុតរលត់ទៅមែនឬទេ ? ។ ខ្ញុំទៅជាមានសេចក្ដីទោមនស្ស និងនឹកអាណិតដល់លោកទាំងនោះ ដែលប្រទះគ្រោះកាចដ៏ខ្លាំងក្លា ហើយយកព្រឹត្តិការណ៍របស់លោកទាំងនោះមកជាមេរៀន និងនឹកពិចារណាខ្លួនឯងថា អាត្មាអញគួរប្រើសមត្ថភាពដូចម្ដេច ទើបជាអ្នកមិនលោភលន់ពន់ប្រមាណក្នុងលាភ, យស, សរសើរ, សុខ ហើយមិនសោយសោកទោមនស្ស តូចចិត្ត ក្នុងកាលដែលលាភយសដើមវិនាសទៅដល់នូវភាពជាអ្នកកម្សត់ទុគ៌តថោកទាបអាប់ឱនវាសនា" ។  ហើយវ៉ាំងជេនហ៊ូពោលតទៅទៀតថា "អ្នកដែលមានចំណេះវិជ្ជា បានធ្វើជាធំគ្រប់គ្រងពពួកមនុស្ស លទ្ធផលទាំងនោះតែងទំនុកបម្រុងគេឲ្យមានគ្រឿងឧបភោគបរិភោគ ចិញ្ចឹមជីវិតបានយ៉ាងឧត្ដមសម្បូណ៌សប្បាយ ទាំងមានសមត្ថភាពអាចចិញ្ចឹមបុត្រភរិយា ឲ្យបានសុខសប្បាយថ្កុំថ្កើងរុងរឿង តែចំណែកខ្លួនខ្ញុំជាមនុស្សអភ័ព្វ ទាំងគ្មានសមត្ថភាពពុំអាចធ្វើដូច្នោះបាន តែគិតឃើញថា ការនៅលីវដោយគ្មានគ្រួសារ ជាការប្រសើរទៅវិញសម្រាប់ខ្លួនខ្ញុំ" ។ ប្រការមួយទៀត ខ្ញុំរកចិញ្ចឹមមាត់ ចិញ្ចឹមពោះដោយកម្លាំងកាយ ចុះបើខ្ញុំមានបុត្រភរិយាទៅ ហើយស្វែងរកប្រាក់កាសដោយកម្លាំងកាយ ប្រសិនបើរកបាន មកមិនធួនល្មមនឹងចិញ្ចឹមពោះ ចិញ្ចឹមបុត្រភរិយាទេ ខ្ញុំមិនត្រូវរេទៅរកដោយកម្លាំងបញ្ញាជួយថែមទៀតឬ ? ធម្មតាអ្នករកចិញ្ចឹមជីវិតដោយអាស្រ័យកម្លាំងកាយផង កម្លាំងបញ្ញាផង ខ្ញុំគិតឃើញថាជាការធ្ងន់ក្រៃលែង  សូម្បីអ្នកនោះឯងជាអ្នកប្រាជ្ញក៏មិនងាយនឹងរើខ្លួនរួច" ។ កាលហាន់ហ៊ូបានស្ដាប់ពាក្យពោលពណ៌នា របស់វ៉ាំងជេនហ៊ូ គ្រាដំបូង ក៏នឹកឆ្ងល់នឹងពាក្យរបស់គេពន្លឹក តែកាលមកពិគ្រោះពិចារណាមើល ក៏ឃើញប្រចក្សថា វ៉ាំងជេនហ៊ូ ជាមនុស្សបរិសុទ្ធពិតប្រាកដ តែជាមនុស្សដែលអ្នកប្រាជ្ញពោលថា អ្នកសន្សំគុណធម៌សេចក្ដីល្អតែចំពោះខ្លួនឯងប៉ុណ្ណោះ ។ ហាន់ហ៊ូឃើញថា វ៉ាំងជេនហ៊ូយកចិត្តទុកដាក់ប្រយ័ត្នខ្លួនខ្លាំងពេកហួសការគួរ ជាអ្នកមិននាំពាំយកចិត្តទុកដាក់ដល់ជនដទៃ បុគ្គលដូច្នេះមិនឈ្មោះថា ជាសាវ័ករបស់ប្រាជ្ញាមេធី យ៉ាំងជូ ដែលជាម្ចាស់លទ្ធិនៃការសន្សំ មិនព្រមបរិច្ចាកសូម្បីតែសក់ ១ សរសៃ វ៉ាំងជេនហ៊ូឃើញថា បុត្រភរិយាជាភារៈនាំឲ្យកើតសេចក្ដីពិបាក បើវ៉ាំងជេនហ៊ូមិនខ្លាចពិបាកក្នុងការចិញ្ចឹមបុត្រភរិយាទេ គេគង់មានសេចក្ដីពេញចិត្តក្នុងការប្រើកម្លាំងបញ្ញា ដើម្បីជាគុណប្រយោជន៍ដល់ពួកមនុស្សផងគ្នា តែទោះបីដូចម្ដេចក៏ដោយ គង់គេគ្រាន់បើជាងអ្នកដែលវង្វែងវិលវល់ក្នុង លាភ, យស, សរសើរ, សុខ ហើយមានសេចក្ដីរំភើបញាប់ញ័រ ខ្លាចក្រែងលាបយសរបស់ខ្លួននឹងវិនាសបាត់បង់ទៅវិញ ព្រោះអ្នកដែលច្របូកច្របល់ ស្រវឹងមួម៉ៅដោយលោភ ក្រោធ វង្វែង ដែលជារបស់លាមក មានប្រការផ្សេងៗ នោះច្រើនណាស់ ហើយជនដែលគ្មានសីលធម៌នៅក្នុងខ្លួន ក៏មានច្រើនជាអនេក ។ ហាន់ហ៊ូ ឃើញថាពាក្យរបស់វ៉ាំងជេនហ៊ូ ជាមេរៀន ១ ដែលល្អគ្រាន់បើដែរ  ទើបត្រាទុកក្នុងសៀវភៅ សម្រាប់ជាគ្រឿងដាស់តឿនចិត្តតទៅ ។ ចំណែកយើងអ្នករៀបរៀងសេចក្ដីនេះ យើងឃើញថា ព្រឹត្តិ-ការណ៍របស់វ៉ាំងជេនហ៊ូ ដើរតាមបទចុងនៃពាក្យទំនៀមទម្លាប់បីបទក្នុងលោកនីតិថា "កើតមកជាមនុស្ស គប្បីធ្វើប្រយោជន៍ដល់ខ្លួន និងជនដទៃ, បើមិនអាចទេ គប្បីធ្វើតែប្រយោជន៍ខ្លួន បើមិនអាចទៀតកុំតែធ្វើបាប" ។ ក្នុងសេចក្ដីនេះ លោកសរសើរបុគ្គលដែលប្រព្រឹត្តបានសម្រេចតាមសុភាសិតបទទី ១ ចាត់ជាបុគ្គលល្អ ១ អ្នកប្រព្រឹត្តបានសម្រេចតាមសុភាសិតបទទី ២ ចាត់ជាបុគ្គលល្អ ២, អ្នកប្រព្រឹត្តបានសម្រេចតាមសុភាសិតទី ៣ ចាត់ជាបុគ្គលល្អលេខ ៣ ។ អ្នកដែលធ្វើប្រយោជន៍ដល់ខ្លួន និងប្រយោជន៍អ្នកដទៃនោះ គឺអ្នកដែលបានរៀនសូត្រចេះដឹង ប្រឡងជាប់ថ្នាក់ជាន់ខ្ពស់ក្នុងបឋមវ័យ រកការធ្វើបានមានប្រាក់ខែ ប្រាក់ថ្ងៃ សន្សំទ្រព្យសម្បត្តិបាន មានប្រពន្ធកូន ហើយបានប្រៀនប្រដៅកូនចៅទាំងនោះឲ្យរៀនសូត្រចេះដឹង ឲ្យមានផ្ទះសម្បែងចែកកេរ្តិ៍មរតកឲ្យ ព្រមទាំងបានដាស់តឿនក្រើនរំលឹកជនដទៃ ឲ្យរៀនសូត្រចេះដឹង ឬទំនុកបម្រុងដោយទ្រព្យសម្បត្តិ ឲ្យយកទៅប្រកបកិច្ចក្នុងអាជីវកម្មផ្សេងៗ រហូតដល់បានប្រព្រឹត្តព្រហ្មចរិយធម៌ បានសម្រេចមគ្គផល ឬគ្រាន់តែតាំងខ្លួនជាកល្យាណបុថុជ្ជន ៨ ដោយទាំងបានញ៉ាំងជនដទៃឲ្យប្រព្រឹត្តព្រហ្មចរិយធម៌ បានសម្រេចមគ្គផល ឬគ្រាន់តែឲ្យតាំងខ្លួនជាកល្យាណបុថុជ្ជនបានផង តែប៉ុណ្ណឹងចាត់ជាអ្នកប្រព្រឹត្តត្រូវតាមសុភាសិតបទទី ១ ។ បុគ្គលដែលបានរៀនសូត្រចេះដឹងតែចំពោះខ្លួន រកទ្រព្យសម្បត្តិបានល្មមចិញ្ចឹមខ្លួនរហូត ១ ជីវិត មិនមែនពឹងតែស៊ីឈ្នួលគេអស់មួយជីវិតនោះទេ រហូតដល់បានប្រព្រឹត្តព្រហ្មចរិយធម៌ បានសម្រេចមគ្គផលតែចំពោះខ្លួនដូច្នេះជាដើម ឈ្មោះថាអ្នកប្រព្រឹត្តត្រូវតាមសុភាសិតបទទី ២ ។ បុគ្គលដែលរៀនសូត្រចេះដឹងបន្តិចបន្តួចស្ទើរចេះស្ទើរទេ យកជាការងារមិនបាន គឺពឹងចំណេះខ្លួនមិនបាន ហើយ ពឹងផ្អែករកការធ្វើខាងស៊ីឈ្នួលគេ ទាំងមិនចេះសន្សំទ្រព្យសម្បត្តិសំចៃទុកចាយវាយបរិភោគដល់ពេលខ្លួនចាស់ លុះដល់គ្មានកម្លាំងនឹងធ្វើការងារចិញ្ចឹមខ្លួន អាងសុំទានបរិភោគ តែជននោះមិនប្រព្រឹត្តទុច្ចរិតដោយកាយ វាចា ចិត្ត ឯណាមួយឡើយ បុគ្គលដូច្នេះ ឈ្មោះថាប្រព្រឹត្តត្រូវតាមសុភាសិតបទទី ៣ ។ ព្រឹត្តិការណ៍របស់វ៉ាំងជេនហ៊ូ ក៏សង្គ្រោះចូលក្នុងសុភាសិតបទទី ៣ នេះ ព្រោះវ៉ាំងជេនហ៊ូរកចិញ្ចឹមមាត់ ចិញ្ចឹមពោះ តែដោយវិជា្ជជីវៈ គឺការជាងកំបោរ ប្រាសចាកលួចប្លន់ និងឆបោកបញ្ឆោតជាដើម មិនធ្វើឲ្យចង្អៀតចង្អល់ដល់អ្នកដទៃ ត្រូវតាមសុភាសិតមួយបទទៀតថា "នសិយាលោកវឌ្ឍនោ" ប្រែថា "កើតមកជាមនុស្ស មិនគួរធ្វើខ្លួនឲ្យចង្អៀតលោក" ។ ពាក្យថា "មិនគួរធ្វើខ្លួនឲ្យចង្អៀត" គឺមិនគួរប្រព្រឹត្តបទល្មើសដោយកាយទ្វារ វចីទ្វារ មនោទ្វារ ពាក្យថា "លោក" បានដល់យមលោក, មនុស្សលោក, ទេវលោក, ព្រហ្មលោក តែក្នុងសុភាសិតនេះសំដៅយកមនុស្សលោក គឺលោកជាទីនៅនៃមនុស្ស និងសត្វតិរច្ឆានទូទៅ ដែលអាចារ្យខ្លះហៅថា សត្វលោក ប្រែថា "លោកគឺផែនដីជាទីលំនៅនៃសត្វ និងមនុស្ស" មានន័យដូចគ្នានឹងពាក្យដែលយើងហៅថា មនុស្សលោក ព្រោះមនុស្សដែលនៅក្នុងលោកនេះ លោកចាត់ថាជាធំជាងសត្វ មានអំណាចត្រួតត្រាលើសសត្វទូទៅក្នុងលោករបស់ខ្លួនបាន សូម្បីក្នុងព្រះវិន័យក៏មានតំណាលថា ភិក្ខុទៅលួចយករំពាខ្លាមកចម្អិនបរិភោគ មិនត្រូវអាបត្តិបារាជិកទេ ព្រោះសត្វគ្មានកម្មសិទ្ធិ គឺគ្មានអំណាចសម្រេចក្នុងកិច្ចការទាំងពួង ទាំងគ្មានអំណាចប្រកាន់ថា របស់នេះជារបស់ខ្លួនផង ទាំងច្បាប់អាណាចក្រទៀតសោតក៏គេមិនព្រមឲ្យសត្វមានកម្មសិទ្ធិដែរ ថែមទាំងពួកមនុស្សប្រកាន់យករូបសត្វ ដែលគេឃើញថាជាកម្មសិទ្ធិរបស់គេថែមទៀត ដូចគេដើរទៅឃើញដំរី, ខ្លា, ប្រើស, ក្ដាន់ជាដើម គេក៏ទាក់យកមកហ្វឹកហាត់ធ្វើជាពាហនៈរបស់គេ ឬបាញ់សម្លាប់យកមកធ្វើជាចំណីអាហារ ឬគេដើរទៅឃើញឃ្មុំ គេក៏ត្រុយចំណាំទុកថាជារបស់គេជាដើម ច្បាប់ខាងពុទ្ធ-ចក្រក៏អនុលោមតាមរឿងនេះខ្លះដែរ ដូចបានពោលមកហើយ ។ ដែលអធិប្បាយមកទាំងនេះ ដើម្បីឲ្យឃើញពាក្យដែលថា មនុស្សលោក "លោកជាទីនៅរបស់មនុស្ស" មានលក្ខណៈដូចម្ដេច ? ហើយពាក្យថាមិនគួរធ្វើខ្លួនឲ្យចង្អៀតលោកនោះ គឺមិនត្រូវបៀតបៀនប្រមាថដល់គ្នានិងគ្នា ដែលជាហេតុឲ្យចង្អៀតចង្អល់ ទាស់ទែងខ្វែងគំនិតគ្នា នាំឲ្យចងវេរានឹងគ្នាតទៅ ។

ចប់រឿងវ៉ាំងជេនហ៊ូតែប៉ុណ្ណេះ

 

រឿងនេះបានគតិថា

រឿងវ៉ាំងជេនហ៊ូជាគំរូយ៉ាងល្អមួយ

ដែលអាចជួយស្ទួយទឹកចិត្តនៃអ្នកអាន

ឲ្យឃើញថាការងារអ្វីទាំងប៉ុន្មាន

ដែលយើងបានរៀនចេះស្ទាត់ប្រាកដជាក់ ។

គួរយើងផ្ចង់តម្រង់កាន់តែការនោះ

កុំបីដោះបោះបង់ចោលដោយពុំស្ម័គ្រ

ព្រោះកាន់ការណាដែលខ្លួនចេះស្ទើរស្ទាក់

នោះនឹងធ្លាក់ជាក់ជាប់ស្កុនដោយល្ងង់អឺយ !