រឿង អន្ទង់​វែង​ឆ្នាំង​វែង

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៨៧

    ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ ជាប្ដីប្រពន្ធ ។ ថ្ងៃមួយ ប្ដីចេញទៅរកអន្ទង់ដើម្បីជាអាហារ បានអន្ទង់១ យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា «ចូរឯងយកអន្ទង់នេះទៅស្លស៊ី» ។ ប្រពន្ធឆ្លើយថា «ចុះបើអន្ទង់នេះវែងម្ល៉េះ បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន?» ។ ប្ដីឮហើយ នឹកក្នុងចិត្តថា «ប្រពន្ធអញល្ងង់អីម្ល៉េះ!» ហើយប្រាប់ប្រពន្ធថា «បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ!» ។ ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ ។ ប្ដីក៏យកអន្ទង់នោះមកកាប់ចិញ្ច្រាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ, លុះឆ្អិនក៏ដោះដួស រួចហៅប្រពន្ធឲ្យមកស៊ី ៗ រួចលាងចានទុក តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង, ប្ដីមិនលាងឆ្នាំងនោះទេ ហើយចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធ ដឹងថាប្ដីចេញទៅបាត់ហើយ នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង ទៅយកឆ្នាំងនោះមកលិទ្ធ, ដល់ខំលិទ្ធណាស់ទៅ ក្បាលនាំងនោះ ចូលទៅក្នុងឆ្នាំង ៗ គ្របជាប់ពីលើ, មិនដឹងធ្វើដូចម្ដេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង ។ លុះប្ដីត្រឡប់មកពីភ្ជួរស្រែវិញ រកប្រពន្ធពុំឃើញក៏ស្រែកហៅ ឮសូរឆ្លើយសំឡេងនោះក្រងូរងល់ ហាក់ដូចជាចម្លែកណាស់, ប្ដីដើរចូលមករកមើល ទើបរកដំបងវាយឆ្នាំងនោះបំបែកទៅ ។ ប្រពន្ធលាន់មាត់ស្រែកថា «យ៉ា! អញពួននឹងគាត់ឯងសោះ» ។ ប្ដីនឹកអស់សំណើច ក៏ដើរចេញទៅ ។

អន្ទង់វែងឆ្នាំងវែង

Flag Counter