រឿងព្រេងប្រទេស វេណេហ្សុយអេឡា ចែងអំពី ចម្រៀងខ្លុយ

  • Print

សម័យមួយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់មានព្រះរាជបុត្រ ៣ ព្រះអង្គ ព្រះនាមប៉េដ្រូ, ហ្ស៊ុយអាន និងហ៊្សោសេ ។ ពេលមួយនោះ ព្រឹត្តិការណ៍បានកើតឡើងដល់ព្រះអង្គ បណ្ដាលឲ្យចក្ខុវិញ្ញាណរបស់ព្រះអង្គទន់ខ្សោយចុះបន្តិចម្ដងៗ ។ ដរាបដល់ទ្រង់ងងឹតលែងទតអ្វីឃើញ ។ ពេទ្យដ៏ជំនាញៗ ទាំងឡាយក្នុងប្រទេសរបស់ព្រះអង្គ បានខំជួយព្យាបាលណាស់ដែរ តែអ្នកទាំងនោះមិនអាចធ្វើអ្វីកើតឡើយ ។ទីបំផុត វេជ្ជបណ្ឌិតម្នាក់ទូលព្រះអង្គថា ជំងឺព្រះចក្ខុរបស់ព្រះអង្គនោះ មិនទាន់ចុះដល់ថ្នាក់អតេកិច្ឆាពាធនៅឡើយទេ, មានឱសថម្យ៉ាង ដែលវិភាគពីផ្កាអូលីវ អាចព្យាបាលឲ្យជាបាន ។ កាលទ្រង់ឮពាក្យនេះ, ទ្រង់សប្បាយព្រះទ័យពន់ពេក ។ ប៉ុន្តែ ពេលនោះទ្រង់រំពឹងថា   តើអញនឹងរកផ្កាអូលីវពីទីណាបាន  ?   បើប្រទេសរបស់អញគ្មានដើមអូលីវសោះយ៉ាងនេះ ! ដោយសេចក្ដីអស់សង្ស័យ ព្រះអង្គបានហៅព្រះរាជបុត្រទាំង ៣ មកប្រាប់ពីរឿងឱសថដែលត្រូវវិភាគ យកមកព្យាបាលព្រះចក្ខុទ្រង់ឲ្យជាបាន បើសិនណាជាបានផ្កាអូលីវមួយមុខមកថែមទៀត ។ ពេលនោះ ត្រង់ស៊ីឲ្យព្រះរាជបុត្រទាំង ៣ អង្គនោះ ជួយទ្រង់ក្នុងរឿងនេះ ។ ក្សិណនោះ, ព្រះអង្គម្ចាស់ប៉េដ្រូ ជាព្រះរាជបុត្រច្បង ទ្រង់ថ្លែងទៅកាន់ព្រះបិតាថា ៖ ខ្ញុំព្រះអង្គសូមទទួលភារៈទៅរកផ្កាអូលីវនោះ, ប៉ុន្តែ ការដើរគ្រប់ទីកន្លែង ក្នុងការស្វែងរកយ៉ាងនេះ ត្រូវបង់ខាតសោហ៊ុយច្រើន ដូច្នេះសូមព្រះបិតាមេត្តាព្រះរាជទានមត៌ក ជាចំណែកខ្ញុំព្រះអង្គនោះមក ខ្ញុំព្រះអង្គនឹងចាប់ផ្ដើមធ្វើដំណើរស្វែងរកឥឡូវនេះ" ។ ព្រះមហាក្សត្រ បានព្រះរាជទានមត៌កនោះតាមពាក្យសុំ, បានហើយព្រះអង្គម្ចាស់ប៉េដ្រូ ក៏ទ្រង់ត្រាច់ចេញទៅ ។ ព្រះរាជបុត្រនេះបានធ្វើដំណើរចេញទៅឆ្ងាយ រួចបានជួបស្រ្ដីចាស់ម្នាក់ អង្គុយសុំទាននៅលើចិញ្ចើមថ្នល់ ។ ប៉ុន្តែ ព្រះអង្គម្ចាស់ប៉េដ្រូ មិនបានជាអ្នកមានចិត្តសប្បុរសទូលំទូលាយទេ, ទ្រង់ប្រកែក មិនព្រមដាក់ទានអ្វីបន្តិចឲ្យយាចកនោះសោះឡើយ ។ ព្រះអង្គម្ចាស់ចេះតែបន្តព្រះដំណើរទៅមុខទៀត ឆ្ពោះទៅរកទីដៅតែមួយ គឹស្វែងរកផ្កាអូលីវនោះឯង ។ សប្តាហ៍ និងខែជាច្រើនចេះតែកន្លងទៅៗ ព្រះអង្គម្ចាស់នៅតែរកផ្កាអូលីវមិនទាន់បាន ។ ព្រះមហាក្សត្រ ដោយបាត់ព្រះរាជបុត្រច្បងអស់កាលយូរ មិនឃើញត្រឡប់វិលវិញដូច្នោះ ទ្រង់ត្រាស់ហៅព្រះរាជបុត្របន្ទាប់ព្រះនាម ហ្ស៊ុយអាន, មកហើយ ទ្រង់បង្គាប់ឲ្យចេញដំណើរទៅស្វែងរកផ្កាអូលីវនោះទៀត ។ ព្រះអង្គម្ចាស់ហ្ស៊ុយអាននេះ បានសុំមត៌កជាចំណែកខ្លួនចំនួនពាក់កណ្ដាល រួចទ្រង់ធ្វើដំណើរចេញទៅ ។ នៅលើចិញ្ចើមថ្នល់, ទ្រង់បានជួបនឹងយាយយាចក ដែលអង្គុយសុំទាននោះទៀត ។ ដូចព្រះរៀមព្រះអង្គដែរ, ព្រះអង្គម្ចាស់នេះ បានប្រកែកមិនព្រមដាក់ទានអ្វី ឲ្យយាយអភ័ព្វនោះទេ ទ្រង់គិតតែធ្វើដំណើរទៅមុខទៀត ។ ទ្រង់ត្រាច់ទៅគ្រប់ទិសទី, ពិនិត្យមើលទេសភាពដោយចក្ខុទ្រង់ តែមិនបានប៉ះព្រះនេត្រនឹងដើមអូលីវនោះឡើយ ។ សប្តាហ៍ជាច្រើនក៏ចេះតែកន្លងទៅ ។ កាលដែលព្រះរាជបុត្រពៅព្រះនាមហ៊្សោសេ មិនឃើញព្រះជេដ្ឋាទាំងទ្វេរបស់ទ្រង់វិលត្រឡប់មកវិញដូច្នោះ ហើយដោយព្រះចក្ខុរោគរបស់ព្រះមហាក្សត្រជាព្រះបិតាទ្រង់ ចេះតែមានដំណើរមិនស្រួលរាល់ៗថ្ងៃផងនោះ, ទ្រង់ចូលទៅទូលព្រះមហាក្សត្រជាព្រះបិតាថា ៖ សូមព្រះបិតាមេត្តាប្រសិទ្ធិពរជ័យមកខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងល្បងចេញទៅរកផ្កាអូលីវនោះ ដើម្បីព្យាបាលព្រះចក្ខុព្រះបិតាឲ្យបានជាឆាប់ ! ” ។ ព្រះមហាក្សត្រ បានប្រទានពរសព្ទសាធុការដល់ព្រះរាជបុត្រ ពៅរួចហើយ ព្រះរាជបុត្រនេះក៏ចាប់ផ្តើមធ្វើដំណើរចេញទៅ។ ព្រះអង្គធ្វើដំណើរទៅឆ្ងាយ ឆ្ងាយទាល់តែបានទៅដល់កន្លែងស្រ្ដីចាស់ ដែលអង្គុយសុំទាននោះឯង ។ ព្រះអង្គម្ចាស់ហ៊្សោសេ មានព្រះហឫទ័យពេញណែនដោយមេត្តា និងករុណា ចំពោះទុគ៌តភាពរបស់យាយកម្សត់នោះយ៉ាងក្រៃលែង ទ្រង់ពោលទៅកាន់យាយទុគ៌តថា ៖ យាយ ! ខ្ញុំគ្មានប្រាក់ជូនយាយទេ, តែខ្ញុំនឹងចែកអាហារជូនយាយពិសាដោយសប្បាយចិត្ត" ។ ពោលរួចហើយ ទ្រង់ស្រាយស្បោងចេញ រួចជូនអ្វីដែលមានក្នុងស្បោងនោះចំនួនពាក់កណ្ដាលទៅយាយអភ័ព្វ ។ អ្នកទាំងពីរប្រាណ   បានអង្គុយបរិភោគជាមួយគ្នា  រួចទ្រង់បានរ៉ាយរ៉ាប់ប្រាប់រឿង ស្វែងរករបស់ទ្រង់ដល់យាយនោះ ។ ដូនចាស់ ពោលតបថា ៖ ឱចៅអើយ ! អ្នកណាអាចរកដើមអូលីវក្នុងប្រទេសនេះបាន"។ ព្រះអង្គម្ចាស់ បានងក់ព្រះសិរក្នុងការយល់ស្រប ។ ប៉ុន្តែ នៅពេលដែលយាយបង្ហើយកិច្ចបរិភោគរួចហើយ, គាត់មានប្រសាសន៍បន្តទៅទៀតថា ៖ យាយសូមប្រាប់ចៅឯង ឲ្យស្គាល់កន្លែងដែលមានដើមអូលីវនោះដុះ ។ ចំនួនជាច្រើនម៉ៃល៍( ) ទៅខាងលិចឯណោះ, មានភ្នំមួយ, ឡើងតាមជម្រាលប៉ែកខាងកើតនៃភ្នំនោះទៅ, មានព្រៃដង្គុំមួយពេញទៅដោយដើមអូលីវ, នៅទីនោះ ចៅឯងមុខតែបានឃើញផ្កាអូលីវដោយពិត" ។ ពេលនោះ អ្នកទាំងពីរបានបែកគ្នា ព្រះអង្គម្ចាស់ហ៊្សោសេ ទ្រង់យាងឆ្ពោះទៅទិសខាងលិច ដរាបដល់ភ្នំនោះឯង ។ នៅតាមចំណោតភ្នំប៉ែកខាងកើត ទ្រង់បានឃើញដង្គុំព្រៃអូលីវ មានផ្ការីកស្គុះស្គាយដូចពាក្យយាយទុគ៌តប្រាប់មែន ។ ព្រះអង្គមានព្រះទ័យរីករាយយ៉ាងខ្លាំង, បានបេះផ្កាអូលីវនោះ រួចនាំយកត្រឡប់វិលទៅធានីព្រះបិតាវិញយ៉ាងរួសរាន់ ។ទៅតាមផ្លូវ ទ្រង់បានជួបព្រះជេដ្ឋាទាំងពីររបស់ព្រះអង្គ ដែលមិនអាចស្វែងរកផ្កាអូលីវបានសូម្បីមួយឡើយ ។ ជំនួសសេចក្ដីរីករាយចំពោះព្រះកនិដ្ឋារបស់ព្រះអង្គ ដែលបានជោគជ័យក្នុងការស្វែងរកផ្កាអូលីវ, ព្រះជេដ្ឋាទាំង ២ នោះ ទៅជាមានសេចក្ដីច្រណែនចំពោះការបំពេញកិច្ចបានសម្រេចនេះទៅវិញ ។ ភ្លាមនោះ ទ្រង់ទាំងពីរក៏ដណ្ដើមផ្កាអូលីវអំពីប្អូន ហើយកាលដែលទ្រង់ដណ្ដើមនោះ ទ្រង់វាយប្អូនយ៉ាងដំណំ ដរាបដល់ដួលចុះទៅលើផែនដី, បាត់ព្រះវាចាលែងមានចលនាតទៅទៀតបាន ។ភ័យចំពោះអំពើលាមក ក្រែងគេដឹងឮ ព្រះរាជបុត្រច្បងទាំងពីរបានកកាយដីកប់ប្អូនពៅនោះក្បែរមាត់ផ្លូវ រួចប្រញាប់ប្រញាល់ឆ្ពោះទៅដំណាក់ព្រះបិតាព្រះអង្គ ។ ព្រះមហាក្សត្រ,  កាលប៉េដ្រូ និងហ្ស៊ុយអាន  ជាព្រះរាជបុត្រច្បងទាំងពីរ បានត្រឡប់មកវិញ យកទាំងផ្កាអូលីវមកជាមួយផងដូច្នោះ, ព្រះអង្គសោមនស្សយ៉ាងក្រៃលែង ។ ពេលនោះ ចក្ខុប្រសាទព្រះមហាក្សត្រ ត្រូវវេជ្ជបណ្ឌិតព្យាបាលឲ្យជាល្អវិញដូចដើម, ម្ល៉ោះហើយមហាកិត្តិយស ក៏បានធ្លាក់មកលើព្រះរាជបុត្រច្បងទាំងពីរនោះ។ តែដោយព្រះរាជបុត្រពៅរបស់ព្រះអង្គ មិនឃើញត្រឡប់វិលវិញ ហើយចេះតែបាត់ទៅៗនោះ, ព្រះទ័យព្រះមហាក្សត្រ ពេញណែនទៅដោយសេចក្ដីទុក្ខព្រួយរាល់វេលា ។ នៅលើទីដែលព្រះអង្គម្ចាស់ ហ្ស៊ុយអាន និងប៉េដ្រូ កប់ប្អូនពៅព្រះអង្គនោះ, វត្ថុចម្លែកមួយបានកើតឡើង ។ ដើមប្របុសទាំងឡាយបានដុះចេញមកក្រៅ ចំពីលើផ្នូរនោះ ។ ថ្ងៃមួយ អ្នកគង្វាលចៀមម្នាក់បានដើរកាត់តាមទីនោះ ស្រាប់តែឮសម្លេងភ្លេង ផ្សាយចេញពីដើមប្របុសទាំងនោះមក ។ គាត់ចូលទៅជិត រួចផ្ទៀងស្ដាប់, ចម្រៀងនៃប្រុសកំលោះ បានហើរចេញមកយ៉ាងពីរោះថា ៖

ឱបង - ឃ្វាលចៀមផ្លុំខ្ញុំមក !...

ដើម្បី - ខ្ញុំយកអំណាចស្ដី ...

ថ្លែងប្រាប់ - រឿងពិតតាមសេចក្ដី

ដល់ជនប្រុសស្រីពីផ្កាអូលីវ !...” ( ) ។

ឮពីរោះដូច្នេះ, អ្នកគង្វាលចៀម ក៏កាត់យកប្របុសនោះមួយដើមមកធ្វើជាខ្លុយ ។ កាលណាគាត់ផ្លុំខ្លុយនោះ ចម្រៀងដ៏ពីរោះ កំដរដោយបទភ្លេងដដែលនោះ ក៏លាន់ចេញមកដូចមុន ។ អ្នកគង្វាលចៀម តែងត្រាច់ទៅគ្រប់ទីកន្លែងក្នុងប្រទេស ជាមួយនឹងខ្លុយដ៏វិចិត្ររបស់គាត់នោះ, ម្ល៉ោះហើយ ជនគ្រប់តំបន់បានស្ដាប់ហើយ ចាប់ចិត្តចំពោះចម្រៀងខ្លុយនោះគ្រប់គ្នា ។ កិត្តិនាមនៃខ្លុយ បានផ្សាយទៅគ្រប់ទីកន្លែង, ជ្រាបរហូតដល់ព្រះមហាក្សត្រ ជាហេតុឲ្យព្រះអង្គចង់ស្ដាប់ចម្រៀងដ៏ចម្លែកនោះ។ ពេលនោះ អ្នកគង្វាលចៀម បានត្រូវព្រះមហាក្សត្របង្គាប់ឲ្យចូលទៅគាល់ ដើម្បីផ្លុំខ្លុយថ្វាយទ្រង់ព្រះសណ្ដាប់ ។ គាត់បានចូលខ្លួនទៅឈរពីមុខព្រះភក្រ្តព្រះមហាក្សត្រ, រួចហើយ គាត់ក៏លើកខ្លុយមកផ្លុំ ថ្វាយទ្រង់ព្រះសណ្ដាប់ដោយសុភាពរាបសា ។ ចម្រៀងនៃប្រុសកំលោះក៏លាន់ចេញមកថា ៖

“ឱព្រះ - បិតាផ្លុំខ្ញុំមក ! ...

ដើម្បី - ខ្ញុំយកអំណាចស្ដី ...

ក្រាបទូលរឿងពិតតាមសេចក្ដី

បានជ្រាបតាមន័យផ្កាអូលីវ ! .... ។

ចម្លែកណាស់, ព្រះមហាក្សត្រ ក៏កន្រ្តាក់យកខ្លុយនោះមកផ្លុំដោយព្រះអង្គឯង ។ ពេលនោះ ព្រះអង្គឮច្បាស់ជាសម្លេងហ៊្សោសេបុត្រពៅរបស់ព្រះអង្គ    ទូលព្រះអង្គអំពីការដែលខ្លួនរកឃើញផ្កាអូលីវ  និងពីអំពើដែលបុត្រច្បងទាំងពីរបានវាយទ្រង់ រួចកប់ទ្រង់ក្បែរផ្លូវថ្នល់។ ដោយសេចក្ដីទុក្ខព្រួយ និងការតានតឹងតប់ប្រមល់ព្រះហឫទ័យពេក, ព្រះមហាក្សត្របានឲ្យគេចាប់ខ្លួនប៉េដ្រូ និងហ្ស៊ុយអាន ទៅដាក់គុក ។ ភ្លាមនោះ ទ្រង់ក៏ឃើញដំណើរឆ្ពោះទៅរកផ្នូរនៃព្រះរាជបុត្រពៅរបស់ព្រះអង្គ ។ កាលទាហានរបស់ព្រះអង្គ បានរកឃើញកន្លែងដើមប្របុសនៅទីក្បែរថ្នល់នោះហើយ ក៏ជីកគាស់ដីត្រង់នោះ រួចបានឃើញព្រះអង្គម្ចាស់ហ៊្សោសេត្រង់ទីនោះមែន ។ ប៉ុន្តែ អភូតហេតុមិនទាន់ចប់នៅឡើយទេ, ព្រះអង្គម្ចាស់ហ៊្សោសេមិនទាន់សុគត ដូចដែលព្រះជេដ្ឋាទាំងពីរស្មាននោះទេ ។ ព្រះអង្គបានក្រោកឡើង រួចស្ទុះទៅឱបព្រះមហាក្សត្រជាព្រះបិតាៗ ទ្រង់ព្រះសំណោក ដោយសេចក្ដីសប្បាយព្រះទ័យខ្លាំងពេក ។ ពេលនោះឯង មានធ្វើពិធីបុណ្យយ៉ាងឱឡារិក ទទួលអំណរចំពោះការនិវត្តនៃព្រះរាជបុត្រពៅ ។ ដោយព្រះមហាក្សត្រសប្បាយព្រះទ័យខ្លាំង ដោយហេតុបានជាសេះស្បើយនៃចក្ខុរោគ និងការនិវត្តវិញ នៃព្រះរាជបុត្រពៅនោះ ព្រះអង្គបានដោះលែងហ្ស៊ុយអាន និងប៉េដ្រូ ចេញពីពន្ធនាគារវិញហោង ។

                                                                                                 ភិក្ខុ ម៉ែន - រៀមសិក្សាពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជ

                                                                                                                                                ប្រែពីភាសាអង់គ្លេស

(ចប់)