រឿងព្រេងប្រទេស អេថ្យូពី ចែងអំពីរឿង ភ្លើងលើភ្នំ

  • Print

 

ចំនួនជាច្រើនថ្ងៃកន្លងទៅហើយ គេតំណាលថា នៅក្នុងទីក្រុងអាត់ដិស - អាបាបា មានបុរសកំលោះម្នាក់ឈ្មោះ អារហា ។ បុរសនេះមកពីប្រទេស គួរ៉ាហ្ស មកនៅធ្វើជាអ្នកបម្រើថៅកែម្នាក់ឈ្មោះ ហាប់តុម - ហាស៊ី ក្នុងទីក្រុង អាត់ដិស - អាបាបា នោះ តាំងតែពីកុមារ ។ហាប់តុម - ហាស៊ី ជាថៅកែម្នាក់ស្ដុកស្ដម្ភបំផុត មានកម្មសិទ្ធិលើវត្ថុគ្រប់យ៉ាង ដោយសារទឹកប្រាក់របស់គាត់, ហើយគាត់តែងអផ្សុកចិត្ត ដោយគ្មានវត្ថុអ្វីមួយប្លែកចម្លែកភ្នែកគាត់ ក្រៅពីវត្ថុដែលគាត់មានហើយនោះឡើយ, ការងារដែលគាត់ត្រូវធ្វើ ក៏គ្មានថែមទៀត ។ក្នុងរាត្រីកាលដ៏ត្រជាក់មួយ កាលដែលព្រះពាយលាយដោយទឹកសន្សើមបក់កាត់ខ្ពង់រាប ។ ថៅកែ ហាប់តុម បានហៅអ្នកបម្រើរបស់គាត់គឺ អារហា ឲ្យយកអុសមកបង្កាត់ភ្លើងអាំង ។ កាលអារហា បង្ហើយកិច្ចនេះរួច, ថៅកែក៏ចាប់និយាយលេង, ដំបូងគាត់និយាយនឹងខ្លួនគាត់ថា ៖ ”យីអើហ្ន៎ ! ត្រជាក់ដល់ថ្នាក់ប៉ុន្មានទៅ ដែលមនុស្សនៅទ្រាំបាន ?”, រួចគាត់បន្តទៅទៀតថា ៖ ”អញដូចជាសង្ស័យណាស់ថា បើអ្នកណាមួយទៅឈរលើកំពូលភ្នំ ម៉ោន - អ៊ិនថត់ថូ ដ៏ខ្ពស់បំផុត ដែលមានខ្យល់យ៉ាងត្រជាក់អនេកអនន្តបក់បោកមកលើ ឲ្យបានពេញមួយយប់ទល់ភ្លឺ ដោយកុំដណ្ដប់ភួយ ឬស្លៀកពាក់ខោអាវ តើវាងាប់ ឬមិនងាប់ ?” ។ ”ទេ, ខ្ញុំមិនដឹងដែរ", អារហាឆ្លើយ, “ប៉ុន្តែបើគេទៅធ្វើដូច្នោះ តើអំពើនោះ មិនមែនជាអំពើឆ្កួតភ្លីភ្លើទេ ឬដូចម្ដេច ?” ។ ”អើ, អីចឹងមែនហើយ", ថៅកែឆ្លើយតប, “បើធ្វើដូច្នោះទៅ ហើយវាគ្មានបានទទួលកម្រៃអ្វីពីការធ្វើនោះ, អំពើនោះជាអំពើឆ្កួតលី-លាមែន, ប៉ុន្តែអញហ៊ានភ្នាល់ថា គ្មាននរណាអាចទៅឈរដូច្នោះបានឡើយ" ។ ”ទេ, ខ្ញុំហ៊ាន, ខ្ញុំជឿជាក់ថា រូបខ្ញុំក្លាហានល្មមទៅឈរស្រាតលើភ្នំនោះពេញមួយយប់បាន", អារហានិយាយ, “ប៉ុន្តែវាមិនមែនជាកិច្ចការរបស់ខ្ញុំទេ ដោយហេតុថា ខ្ញុំគ្មានអ្វីសម្រាប់ភ្នាល់នឹងលោក" ។ ”ល្អ ! ល្អ !", ថៅកែនិយាយ, “ឲ្យតែឯងពិតប្រាកដជាហ៊ានធ្វើការនេះបាន អញនឹងភ្នាល់ជាមួយឯងតាមរបៀបណាមួយ, គឺថាបើឯងអាចទៅឈរលើកំពូលភ្នំដែលដេរដាសដោយថ្ម ឲ្យបានពេញមួយយប់ ដោយគ្មានម្ហូបអាហារ គ្មានទឹក គ្មានសម្លៀកបំពាក់ គ្មានភួយ និងគ្មានភ្លើងសម្រាប់អាំង ហើយមិនស្លាប់ព្រោះកិច្ចនេះ, ពេលនោះ អញនឹងឲ្យឯងនូវដី ១០ អា ដែលជាដីចម្ការដ៏ល្អៗ ព្រមទាំងសេះមួយ និងពាហនៈខ្លះទៀតជាកម្មសិទ្ធិរបស់ឯង" ។អរពេក, អារហា រកកលស្ទើរតែមិនជឿពាក្យដែលខ្លួនបានស្ដាប់, វាសួរថៅកែថា ៖ ”តើពាក្យនេះ មានន័យពិតដូច្នេះមែនឬលោក ?” ។ ”យី ! អញជាបុរស តាំងនៅក្នុងពាក្យរបស់ខ្លួនណា៎ !”, ថៅ-កែឆ្លើយ ។ ”បើដូច្នោះមែន ល្ងាចស្អែក ខ្ញុំនឹងទៅធ្វើការនេះ, ហើយបន្ទាប់មក គឺនៅឆ្នាំតៗទៅ ខ្ញុំនឹងបានជាម្ចាស់កម្មសិទ្ធិ អាចមានដីរបស់ខ្លួននោះ ធ្វើការលៀងអាជីពទៅអនាគត" ។ តែអារហាព្រួយចិត្តចំពោះការភ្នាល់នេះជាពន់ពេក ពីព្រោះខ្យល់ដែលបក់បោកលើកំពូលភ្នំម៉ោន - អ៊ិនថត់ថូ កំណាចខ្លាំងណាស់។ ម៉្លោះហើយ ក្នុងពេលព្រលឹមឡើង អារហាបានចូលទៅរកតាចាស់ដ៏ប៉ិនម្នាក់ ជាកុលសម្ពន្ធរបស់ខ្លួន ដើម្បីប្រាប់រឿងភ្នាល់នេះឲ្យតានោះជួយខ្លួន ។ តាចាស់ ស្ដាប់អារហានិយាយប្រាប់រឿងនេះ ដោយស្ងប់ស្ងៀម និងដោយការរិះគិត, ទីបំផុត កាលអារហានិយាយចប់គាត់ពោលថា ៖ ”មិនអីទេ ! កុំព្រួយ, ខ្ញុំនឹងជួយអ្នកឯងក្នុងរឿងនេះ ឆ្លងរំលងជ្រលងភ្នំម៉ោន - អ៊ិនថត់ថូទៅ មានផ្ទាំងសិលាមួយដុំយ៉ាងខ្ពស់ ដែលគេអាចមើលទៅឃើញក្នុងវេលាថ្ងៃ ។ ល្ងាចស្អែក នៅពេលព្រះអាទិត្យអស្ដង្គត ខ្ញុំនឹងទៅបង្កាត់ភ្លើងនៅទីនោះ ដែលជាទីអាចមើលទៅឃើញពីកន្លែងដែលអ្នកឋិតនៅ ។ ពេញមួយរាត្រីនោះ អ្នកឯងត្រូវចោលភ្នែកក្រឡេកមើលទៅភ្លើង ដែលខ្ញុំបង្កាត់នោះ, កុំបិទភ្នែកឲ្យងងឹតឆ្លងកាត់អ្នកឲ្យសោះ ។ ពេលដែលអ្នកមើលភ្លើង ត្រូវគិតពីកម្ដៅភ្លើង គិតពីរូបខ្ញុំជាសម្លាញ់អ្នកឯង ដែលកំពុងតែថៃទាំភ្លើងនោះឲ្យអ្នក ។ បើអ្នកធ្វើតាមបែបនេះ អ្នកនឹងអាចរស់នៅបាន ទុកណាជាខ្យល់យប់នោះ កំណាចយ៉ាងណាក៏ដោយ" ។ អារហា   ទទួលអំណរគុណតាចាស់    រួចត្រឡប់ទៅផ្ទះថៅកែ ហាប់តុមវិញ ដោយមានបេះដូងយ៉ាងត្រចះរីករាយ ។ វាបានប្រាប់ថៅកែហាប់តុមថា វាប្រុងប្រៀបនឹងទៅធ្វើកិច្ចនោះហើយ ។ នៅសាយណ្ហសម័យ, ថៅកែបានបញ្ជូនអារហា ឲ្យទៅឈរលើកំពូលភ្នំ ម៉ោន - អ៊ិនថត់ថូ ដោយមានខ្ញុំកំដរជាច្រើននាក់ ទៅចាំឃ្លាំមើលផង ។ នៅលើកំពូលភ្នំ, កាលដែលរាត្រីកាលបានគ្របដណ្ដប់មកហើយ អារហាក៏ប្រមូលសម្លៀកបំពាក់ខ្លួនដាក់មួយដុំ រួចចាប់ផ្ដើមឈរកណ្ដាលខ្យល់សើមត្រជាក់ ដែលបោកបក់ឆ្លងកាត់ខ្ពង់រាបក្នុងអស្ដង្គត-កាលនៃព្រះអាទិត្យ ។ រំលងជ្រលងភ្នំចំនួនជាច្រើនម៉ៃល៍( ) ទៅទីមួយឆ្ងាយ, អារហាបានឃើញពន្លឺភ្លើងរបស់សម្លាញ់វា ដែលចោលពន្លឺព្រិចៗ ដូចជាផ្កាយក្នុងខែងងឹត ។ ព្រះពាយចេះតែត្រជាក់ឡើងៗ ហើយហាក់ដូចជាទម្លុះចូលទៅក្នុងសាច់ ចាក់ចុចឆាវដល់ខួរក្នុងឆ្អឹងនៃអារហា ។ ថ្មដែលវាឈរជាន់នោះ ប្រែក្លាយជាទឹកកក។ គ្រប់តែពេលដែលឈានចូលមក ភាពត្រជាក់ចេះតែបង្កើនសកម្មភាព ធ្វើឲ្យអារហាស្ពឹកខ្លាំងឡើងៗ ដរាបវាភ័យថា ខ្លួនវាប្រហែលជាលែងមានកម្ដៅទៀតទេដឹង ; ប៉ុន្តែ វាខំបើកភ្នែកក្រឡេកមើលទៅភ្លើងដែលចោលពន្លឺប្លុងៗ ក្នុងទីឆ្ងាយនោះ ហើយគិតទុកក្នុងចិត្តថា  សម្លាញ់ចាស់វាកំពុងតែថែទាំភ្លើងនោះសម្រាប់ខ្លួនវា ។ ជួនកាល មានដុំពពកស្ដើងៗ អណ្ដែតត្រសែតមកគ្របពន្លឺនោះបាត់មួយសន្ទុះ ធ្វើឲ្យអារហាសន្ធឹងខ្សែចក្ខុខំមើល ដរាបដល់ដុំពពកតូចៗនោះឃ្លាតចេញពីពន្លឺ ។ ពេលនោះ អារហាទៅជាក្អកកណ្ដាស់ រួចគ្រុនញ័រ ចាប់មិនស្រួលខ្លួនតែម្ដង ។ ក៏ប៉ុន្តែ ពេញមួយយប់នោះ វាទ្រាំឈរស្រាតនៅទីនោះបានដរាបដល់ភ្លឺស្រាងៗ ទើបវាស្លៀកពាក់ខោ អាវចុះពីកំពូលភ្នំ រួចដើរត្រឡប់ទៅផ្ទះថៅកែវាវិញ ។ឃើញអារហាមកដល់, ថៅកែ ហាប់តុម ក៏ស្រាប់តែភ្ញាក់ព្រើត, គាត់សួរទៅខ្ញុំកំដរគាត់ឯទៀត ដោយមធ្យ័តថា ៖  ”អូ៎ !  វាបានទៅឈរលើកំពូលភ្នំពេញមួយយប់  ដោយឥតមានម្ហូបអាហារ ទឹក ភួយ និងសម្លៀកបំពាក់អីចឹងមែនហ៍ ?” ។ ”អីចឹងមែន - លោក !”, អ្នកបម្រើឆ្លើយ, “គាត់បានបំពេញលក្ខណសម្បត្តិទាំងនេះត្រឹមត្រូវមែន", គាត់និយាយទៅកាន់អារហា, ចុះអ្នកឯងធ្វើដូចម្ដេច បានជាទ្រាំឈរបាន ?” ។ ”ខ្ញុំក្រឡេកមើលទៅភ្លើងប្លុងៗមួយ ឋិតនៅលើភ្នំតូចមួយឆ្ងាយពីកន្លែងខ្ញុំ", អារហាឆ្លើយ ។”ថាម៉េច ? ឯងមើលភ្លើង ? អូ៎ ! ឯងចាញ់ភ្នាល់ហើយ បើដូច្នោះ ... ឯងត្រូវនៅជាខ្ញុំកំដរអញតទៅទៀត, មិនត្រូវបានដីបានខ្មោចអីទេ !” ... ។ ”ទេលោក, ភ្លើងនោះនៅទីឆ្ងាយ - ឆ្ងាយពីខ្ញុំ គឺឆ្លងរំលងជ្រលងភ្នំមួយទៅទៀតទើបដល់, វាមិនអាចឲ្យកម្ដៅសូម្បីបន្តិចដល់ខ្ញុំឡើយ", អារហាពោល ។ ”ទេ, អញមិនឲ្យដីឯងទេ ព្រោះឯងមិនធ្វើតាមល័ក្ខខ័ណ្ឌនៃការភ្នាល់ ..., ព្រោះតែភ្លើងនោះហើយ បានជាឯងអាចឈរបាន ...”។ ពេលនោះ អារហាព្រួយចិត្តពន់ពេក ។ វាបានចូលទៅរកសម្លាញ់ចាស់ម្ដងទៀត រួចប្រាប់សម្លាញ់នោះពីហេតុការណ៍ដែលកើតឡើង ។ តាចាស់ទូន្មានវាថា ឲ្យយករឿងរ៉ាវនោះទៅប្ដឹងចៅក្រម ។ អារហាបានចូលទៅប្ដឹងរឿងនេះដល់ចៅក្រមៗ ក៏កោះហៅថៅកែហាប់-តុម ឲ្យចូលខ្លួនកាន់ទីតុលាការ ។ កាលដែលហាប់តុមប្រាប់រឿងខ្លួនដល់ចៅក្រម ហើយខ្ញុំកំដរប្រាប់បន្ថែមថា អារហាបានមើលភ្លើង ដែលឋិតនៅឆ្ងាយរំលងជ្រលងភ្នំទៅទៀតនោះ ។ ចៅក្រមគាត់ឲ្យអារហាចាញ់ដោយខុសនឹងលក្ខណសម្បត្តិនៃការភ្នាល់ ត្រង់ចំណុចថា ត្រូវឈរដោយឥតមានពន្លឺសម្រាប់អាំង ។អារហា ចូលទៅរកសម្លាញ់ចាស់នោះម្ដងទៀត ដើម្បីប្រាប់នូវដំណឹងទុក្ខព្រួយដល់សម្លាញ់ថា ខ្លួនត្រូវគេផ្ដន្ទាទោសឲ្យឋិតនៅក្នុងជីវភាពជាខ្ញុំកំដរតទៅទៀត ទុកណាជាខ្លួនបានបំពេញពិធីកម្មនៅលើកំពូលភ្នំដូច្នោះហើយក៏ដោយ ។ បុរសចាស់និយាយណែនាំអារហាថា កុំអាលអស់សង្ឃឹម, ទុកណាជាខ្លួនជាមនុស្សព្រៃ តែនៅមានប្រាជ្ញា មិនទាន់អន់ជាងចៅក្រមដែលនៅក្នុងទីក្រុងប៉ុន្មានទេ ។ និយាយហើយ គាត់ក្រោកពីទីដែលអង្គុយ រួចដើរទៅរកជួបបុរសម្នាក់ទៀតឈ្មោះ ហេលុយ ដែលគាត់ធ្លាប់នៅបម្រើ កាលគាត់នៅពីកុមារភាព ដើម្បីនិយាយរឿងភ្នាល់រវាងថៅកែហាប់តុម និងអារហា ឲ្យគាត់ជួយគិតពីរឿងនេះផង ។ ហេលុយ គិតមួយសន្ទុះហើយឆ្លើយថា ៖ ”កុំខ្វល់ពីរឿងនេឲ្យសោះ, ចាំខ្ញុំជួយយកអាសាអ្នកឯង" ។ នៅថ្ងៃមួយក្រោយមក, ហេលុយបានបញ្ជូនសំបុត្រទៅអញ្ជើញ ភ្ញៀវក្នុងទីក្រុង ដើម្បីឲ្យមកទទួលការជប់លៀងភោជនាហារនៅផ្ទះគាត់ ។ ក្នុងចំណោមភ្ញៀវដែលត្រូវអញ្ជើញ, ថៅកែហាប់តុម និងចៅក្រមដែលកាត់ក្ដីឲ្យអារហាចាញ់ក្នុងរឿងភ្នាល់ ក៏បានត្រូវគេអញ្ជើញដែរ ។ កាលបរិច្ឆេទនៃពិធីជប់លៀងភោជនាហារមកដល់ហើយ, ភ្ញៀវទាំងឡាយ ដ៏ប្រដាប់កាយដោយគ្រឿងអលង្ការយ៉ាងសង្ហា ។ ជិះសេះទេសញី ដើរហែហមដោយហ្វូងបរិពារពីក្រោយ គគ្រឹកគគ្រេង ឆ្ពោះទៅកាន់ពិធីជប់លៀង ។ ថៅកែហាប់តុមយើង ដែលកំដរស្រករដោយបរិពារ ២០ នាក់ គឺម្នាក់ជាអ្នកបាំងឆត្រការពារកម្ដៅព្រះអាទិត្យជូនលោក ហើយមានអ្នកវាយស្គរ ៤ នាក់ទៀត គិតតែពីវាយស្គរកម្ទរភូមិឲ្យលាន់ឮឡើង ជាសញ្ញាប្រាប់ពួកជនឲ្យដឹងថា លោកថៅកែធំនាម ហាប់តុម អញ្ជើញទៅរួបរួមក្នុងពិធីជប់លៀងភោជនាហារនោះឯង ។ អតិថិជនទាំងឡាយ, បានចូលទៅអង្គុយតាមលំដាប់លំដោយ លើកម្រាលដ៏ទន់ល្វន់យ៉ាងស្អាត ដែលគេក្រាលរួចពីមុខហើយស្រេចនោះ, បែកព្រោកប្រាជ្ញល្ហល្ហាចទៅវិញទៅមកតាមរឿងរបស់គេ ។ ភោជនាហារដ៏មានរសជាតិទាំងឡាយ ដែលចម្អិននៅក្នុងចង្ក្រានក្បែរនោះ ដូចជាសាច់ពពែឆា, ពោតឆា, ដុរ៉ា, នំអ៊ិនហ្សិរ៉ា និងប្រភពចម្ងាញ់ដទៃទៀតជាច្រើន បានចោលក្លិនឈ្ងុយឈ្ងប់លើសលុបអស្ចារ្យ នាំឲ្យកើតសម្រេកគម្លានឃ្លានស្ទើរស្រក់ទឹកមាត់ ដល់ពួកភ្ញៀវទាំងនោះ ។ ពេលវេលាចេះតែកន្លងទៅៗ, ការដែលត្រូវលើកភោជនា-ហារមកជូនភ្ញៀវបរិភោគ ក៏ល្មមពេលហើយ តែមិនមានម្ហូបចេញមកឲ្យភ្ញៀវឃើញសោះ មានតែក្លិនឈ្ងុយឈ្ងប់បក់ចេញមកពីចង្ក្រានតែប៉ុណ្ណោះ ។ ពេលល្ងាចឈានចូលមកហើយ តែភោជនាហារមិនទាន់ចេញមកទទួលភ្ញៀវនៅឡើយទេ ។ ភ្ញៀវទាំងឡាយ ក៏ចាប់ផ្ដើមខ្សឹបខ្សាវគ្នាទៅវិញទៅមក, គេឆ្ងល់ចង់ដឹងថា ប្រហែលជាលោកហេលុយ ឥតមានភោជនាហារអ្វីនឹងនាំចេញមកទទួលពួកគេទេដឹង។ ក្លិនឈ្ងុយនៃសាច់ចៀន ឆាក៏ចេះតែបក់ក្លិនមិនឈប់សោះ ។ ទីបំផុត ភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវទាំងឡាយនោះ និយាយឡើងថា ៖ ”លោកហេលុយ,   ម៉េចក៏លោកធ្វើការអីចឹង ?    ក្រែងលោក អញ្ជើញពួកយើងឲ្យមកទទួលការជប់លៀង, ចុះយ៉ាងម៉េចបានជាមិនឃើញមានម្ហូបអាហារអ្វីសោះដូច្នេះ ?” ។”ម៉េចក៏និយាយយ៉ាងហ្នឹង ?” ហេលុយឆ្លើយ, លោកគ្រាន់តែហិតក្លិនទៅមិនបានឬ ?” ។”ពិតហើយ យើងហិតបាន, តែការហិតក្លិនមិនមែនជាការបរិភោគទេ ; វាគ្មានការឆ្អែតពោះ ដោយការហិតក្លិនទេ !” ។ ”ចុះកម្ដៅរបស់ភ្លើង ដែលយើងមើលទៅឃើញដោយពិបាកអាចកក់ក្ដៅដល់យើងបានដែរឬអី ?”, ហេលុយសួរ, “បើប្រសិនជាអារហាបានកក់ក្ដៅដោយភ្លើងដែលវាមើលទៅឃើញ គ្រាដែលវាឈរនៅលើភ្នំ ម៉ោន - អ៊ិនថត់ថូ នោះមែន, ពេលនេះ អស់លោកក៏អាចឆ្អែតបាន ដោយគ្រាន់តែហិតក្លិនភោជនាហារបក់មកពីចង្ក្រានដូចអារហាដែរ" ។ ជនទាំងឡាយ បានយល់ស្របតាមពាក្យហេលុយ, ឯចៅក្រមក៏យល់នូវកំហុសរបស់ខ្លួន ហើយថៅកែហាប់តុមកើតអៀនខ្មាសក្រៃ-លែង ចៅក្រមបានសម្ដែងសេចក្ដីអរគុណចំពោះហេលុយ ដែលបានឲ្យដំបូន្មានដល់ខ្លួន ។ រួចប្រកាសសេចក្ដីជាថ្មីថា ! អារហាត្រូវជាអ្នកមានជ័យជំនះក្នុងការភ្នាល់ពេលនោះ, ត្រូវបានដី បានផ្ទះ និងសត្វពាហនៈក្នុងកិច្ចភ្នាល់ ។ រួចហើយ ហេលុយបានបង្គាប់ឲ្យគេលើកភោជនាហារមកជូនទៀត, ពិធីជប់លៀងក៏ចាប់ផ្ដើម ដោយបរិយាកាសដ៏រីករាយតទៅ ។

                                                                                                   ភិក្ខុ ម៉ែន - រៀមសិក្សាពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជ

                                                                                                                                              ប្រែចាកភាសាអង់គ្លេស

(ចប់)