រឿងព្រេងប្រទេស ជប៉ុនរឿងអ្នកសុខចិត្តលះបង់ប្រយោជន៍តិចដូរយកប្រយោជន៍ច្រើន

  • Print

មានស្ត្រីជាតិជប៉ុនម្នាក់ ជាអ្នកមានធនធានស្ដុកស្ដម្ភ ។ នាងនេះមានចានយ៉ាងល្អ ១២ ជាទីស្រឡាញ់ពេញចិត្តបំផុត ។ ថ្ងៃមួយមានខ្ញុំស្រីម្នាក់ធ្វើឲ្យបែកចាននោះមួយ ។ នាងម្ចាស់ចានខឹងណាស់ អត់មិនបានក៏យកកាំភ្លើងបាញ់ខ្ញុំស្រីនោះស្លាប់ភ្លាមទៅ ។ ពេលនោះ ទាហានម្នាក់បានដឹងរឿងនេះ ក៏ស៊ូប្រថុយកាត់ចិត្តទៅនិយាយនឹងស្ត្រីម្ចាស់ចាននោះថា "សូមជម្រាបអ្នកស្រី ! ខ្ញុំចេះផ្សារចានដែលបែកនៅសល់នោះ ឲ្យជាប់គ្នាស្និទ្ធដូចដើមវិញបាន ប៉ុន្តែឲ្យខ្ញុំសុំមើលចានដែលនៅសល់ទាំង១១នោះសិន ដើម្បីនឹងផ្សារចានបែកនោះឲ្យត្រូវធុនគ្នាកុំឲ្យខុសពីគ្នា" ។ ស្ត្រីម្ចាស់ចានឮដូច្នោះត្រេកអរណាស់ ចូលទៅលើកយកចានទាំង ១១ មកហុចឲ្យទាហានៗ ទទួលយកមកហើយ ក៏លើកចានទាំង ១១ នោះបោក ចោលទៅលើក្ដារ នៅចំពោះមុខនាងនោះ ។ ឯចានក៏បែកខ្ទេចទាំងអស់ឥតសល់ ១ ឡើយ បោករួចប្រាប់ថា "សូមអ្នកស្រីយកកាំភ្លើងមកបាញ់សម្លាប់ខ្ញុំឥឡូវនេះចុះ ព្រោះតម្លៃចាន១នេះ អ្នកស្រីសម្លាប់ជីវិតមនុស្សម្នាក់ដែរ ឥឡូវនៅសល់ចាន ១១ ទៀតនេះ មុខជាអ្នកស្រីសម្លាប់ជីវិតមនុស្សអស់ ១១ នាក់ទៀត ដោយហេតុនេះ បានជាខ្ញុំដាច់ចិត្តយកជីវិតខ្ញុំមួយ មកប្ដូរស្លាប់ជំនួសជីវិតមនុស្សទាំង ១១ នាក់ ។ ស្ត្រីម្ចាស់ចាន ឃើញចានបែកខ្ទេចទាំងអស់ ហើយឮសំដីទាហាននិយាយប្រាប់ដូច្នោះ ក៏ភ្ញាក់ខ្លួនព្រើតព្រឺព្រួចស្លុតចិត្តជាខ្លាំងទាល់តែដួលសន្លប់នៅកន្លែងនោះ លុះនាងមានស្មារតីឡើងវិញហើយក៏គ្មានចិត្តខឹងនឹងទាហានសោះ លែងនឹកស្ដាយចាន និងរបស់ទ្រព្យទាំងពួងខុសទំនងដូចមុនទៀត មិនចាប់ទោសទាហាននោះឡើយ ។ រឿងនេះបានគិតថា  អ្នកមានគំនិតប្រាជ្ញា  បានពិចារណាឃើញប្រយោជន៍យ៉ាងធំទូលាយទៅខាងមុខ ហើយសុខចិត្តលះបង់ ប្រយោជន៍តិចផ្ទាល់ខ្លួនចេញ សូម្បីជីវិតស្លាប់ក៏មិនស្ដាយ គិតតែខំធ្វើឲ្យបានកើតផលប្រយោជន៍យ៉ាងធំទូលាយជាសាធារណៈ ដល់មនុស្សទូទៅ ។

                                                                                                                         ឃុនបណ្ណានុរ័ក្ស ប៊ូ - ប៉ូ រៀបរៀង

                                                                                                                        តាមសេចក្តីតំណាលរបស់លោក ហង់ - គឹមសេង

 

(ចប់)