រឿងព្រេងប្រទេស អ៊ុយក្រែនចែងអំពី កូនឲ្យបិតាជរាយាត្រាទៅរៀន

សម័យមួយ មានតាចាស់ម្នាក់ មានកូនប្រុសបួននាក់ ។ តាចាស់នោះ កាលដែលវ័យរបស់គាត់កាន់តែជរាទៅ គាត់បានចែកទ្រព្យសម្បត្តិទាំងអស់របស់គាត់ ឲ្យកូនប្រុសទាំងបួននាក់នោះ ដោយគាត់គិតថា ថ្ងៃណាមួយ អាត្មាអញនឹងទៅកាន់បរលោក ចោលកូនទាំងអស់មិនខាន ។ កាលចែកដូច្នេះហើយ តាជរាក៏យាត្រាទៅនៅជាមួយកូនច្បងបរបស់គាត់ ។ ដំបូង កូនច្បងនោះ បានគោរពប្រណិប័តន៍គាត់ដោយគេនិយាយថា យើងត្រូវតែជូនម្ហូបចំណី ទីសំណាក់អាស្រ័យ សម្លៀកបំពាក់ឲ្យគាត់ និងរាក់ទាក់ថែរក្សាគាត់ឲ្យត្រឹមត្រូវ ហើយឲ្យស្អាតបាតផង ។ ពេលនោះហើយ ជាពេលដែលកូនច្បងបានទៅជាកូនមួយយ៉ាងគាប់ប្រសើរចំពោះបិតារបស់ខ្លួន ។ ប៉ុន្តែ មិនយូរប៉ុន្មាន, កូនច្បងនោះក៏ទៅជាមានវិប្បដិសារី ចំពោះគ្រឿងសក្ការៈរបស់ខ្លួនទៅលើបិតា, ជាអ្នកគ្រោតគ្រាតទៅលើគាត់ ថែមទាំងពេលខ្លះ បានគំហកកំហែងដាក់គាត់ទៀតផង ។ តាកម្សត់ មិនអាចនឹងទ្រាំនៅអាស្រ័យក្នុងផ្ទះកូនច្បងនោះ  ឲ្យយូរតទៅទៀត ដូចកាលទើបមកនៅនោះបានឡើយ ។ សម្លៀកបំពាក់របស់គាត់ដាច់ដាចដោយគ្មានអ្នកណាប៉ះឲ្យ, គ្មានអ្នកណាចាត់ចែងរៀបចំម្ហូបអាហារឲ្យគាត់ទៀតឡើយ ។ កូនច្បង ដោយកើតវិប្បដិសារីចំពោះការដែលខ្លួនបានថែរក្សាតាចាស់ ក៏សម្តែងអាការៈមិនពេញចិត្ត (ស្ដាយ) គ្រប់ចំណិតនំបុ័ងដែលគាត់ពិសា ។ទីបំផុត ដោយតាគ្មានការគាប់ចិត្តបែបនេះសោះនោះ គាត់បានចេញពីផ្ទះកូនច្បង រួចទៅនៅជាមួយកូនទីពីរ ។ ប៉ុន្តែ ក្នុងពេលយ៉ាងខ្លី តាចាស់បានភ្ញាក់ខ្លួនដឹងថា គាត់គ្រាន់តែប្ដូរស្រូវសាលីយកចំបើងវិញប៉ុណ្ណោះឯង ។ គ្រប់តែពេលដែលគាត់បរិភោគ បុត្រទីពីរ និងកូនប្រសាស្រីរបស់គាត់ ក៏សម្ដែងអាការៈជូរចត់ ខ្សឹបខ្សាវអីចេះអីចុះ រអេចរអូច ដែលមិនជាទីគាប់ចិត្តចំពោះគាត់ ។ ជាញឹកញយណាស់ នាងកូនប្រសាចេះតែរអ៊ូរទាំដាក់តាដោយពោលថា ៖ កាលពីពេលមុនដែលតាកញ្ចាស់មកនៅផ្ទះយើង យើងមាន ប្រាក់កាសល្មមតែនឹងសេចក្ដីត្រូវការរបស់យើងប៉ុណ្ណោះ ស្រាប់តែឥឡូវនេះ យើងត្រូវទ្របន្ទុកមួយថែមមកទៀត ! ... ។ ពេលនោះ តាចាស់ក៏មិនអាចនឹងទ្រាំនៅជាមួយកូនទីពីរនេះទៀតបាន ម្ល៉ោះហើយ គាត់ក៏ចេញទៅនៅជាមួយកូនទីបី ។ កូនទីបីនេះក៏ដូចជាកូនទីពីរដែរ ហើយតានោះគាត់បានចេញទៅនៅជាមួយកូនពៅរបស់គាត់ទៀត ។ ឯកូនពៅសោត ក៏មិនប្លែកអ្វីពីពួកកូនបងៗដែរ ។ តាចាស់បានចេញទៅពីផ្ទះកូនមួយ ទៅផ្ទះកូនមួយទៀត តាមបែបនេះ ។ ទីបំផុត តាមានសេចក្ដីរីករាយ ចេញពីផ្ទះកូនទាំងអស់នោះតែម្ដង ។ គ្រប់កូនទាំងអស់   ម្នាក់ៗបានជំរុញបន្ទុកនៃការថែរក្សាបិតាខ្លួន  ទៅលើម្នាក់ដទៃទៀត  ។  ពេលនោះ,    មានការពិភាក្សាគ្នាយ៉ាងសម្បើមរវាងកូនទាំងឡាយនោះ ដើម្បីដោះស្រាយបញ្ហាថា "តើអ្នកណាល្មមទទួលខុសត្រូវចំពោះបិតាបាន ?" ។ ម្នាក់ថា ពិបាកយ៉ាងនេះ, ម្នាក់ទៀតថា មានការពិបាកយ៉ាងនោះ ។ ទីបំផុត គ្មានអ្នកណាមួយស្ម័គ្រទទួលចិញ្ចឹមបិតាខ្លួនឡើយ ។ ម្នាក់នេះមានកូនតូចៗច្រើនពេក ម្នាក់ទៀតនោះ មានប្រពន្ធជាស្រីរញ៉ាំរញ៉ូវដាក់គាត់ ផ្ទះកូននេះតូចពេក ហើយផ្ទះឯណោះក្រពេក ។ "ណ្ហើយ ! អញ្ជើញទៅណាក៏តាមចិត្តប៉ាចុះ ! គ្រាន់តែកុំមករកយើងតែប៉ុណ្ណោះបានហើយ ! (ពួកកូននិយាយ) "។តាកម្សត់ ក៏យំហ៊ីៗមុខកូនខ្លួន, មិនដឹងជានឹងទៅឯណា មកខាងណា ។ គាត់អស់ការតស៊ូអ្វីទៀតហើយ, ស្រេចតែកូនប្រាថ្នាចង់ធ្វើអ្វីចំពោះគាត់ ក៏តាមចិត្តចុះ ។ ពេលនោះ ពួកកូនមកជួបជុំគ្នា ដើម្បីសម្រេចការថា តើត្រូវធ្វើដូចម្តេចចំពោះគាត់ ? ។ ទីបំផុត គេព្រមព្រៀងគំនិតគ្នាថា កិច្ចការប្រសើរបំផុត ដែលមនុស្សចាស់អាចធ្វើបាន គឺត្រូវបញ្ជូនគាត់ទៅរៀនឯសាលាក្នុងទីណាមួយឲ្យស្រឡះទៅ ។ គេនិយាយថា នៅសាលារៀនឯណោះ នឹងមានជើងម៉ាសម្រាប់ឲ្យគាត់អង្គុយរៀន, កាលណាគាត់ទៅរៀន ត្រូវយើងដាក់អាហារក្នុងស្បោងរបស់គាត់ ដើម្បីឲ្យគាត់យកទៅពិសាតាមផ្លូវចុះ ។ ពិភាក្សារួចហើយ គេបានប្រាប់តានោះឲ្យជ្រាបពីរឿងនេះ ។ ដឹងហើយ តាឥតចង់ទៅសាលានោះសោះ គាត់បានអង្វរសុំកុំឲ្យកូនបញ្ជូនគាត់ទៅទីនោះធ្វើអ្វី រួចហើយគាត់ខ្សឹកខ្សួលម្ដងទៀត ។ គាត់រៀបរាប់ថា ៖ ភ្នែកប៉ាវាស្រវាំងអស់ទៅហើយ ប៉ាមើលឃើញវត្ថុឆើតៗ  ដែលមាននៅជុំវិញប៉ា ដោយពិបាកណាស់ បើដូច្នេះ ឲ្យប៉ានេះ  ប៉ាឥតដែលបានរៀនអក្សរលំនាំអ្វីនឹងគេបន្តិចសោះផងនោះ ? ឲ្យប៉ាទៅផ្ដើមរៀនឥឡូវនេះម្តេចកើត ? តើឲ្យគេយកមនុស្សកញ្ចាស់ដូចប៉ា  ដែលជិតវិលទៅស្រុកដើមវិញហើយនោះ ធ្វើជាស្មៀនម្តេចបាន ? ។ ប៉ុន្តែ ការស្ដីអង្វរកនេះ ជាការឥតប្រយោជន៍ ។ ពួកកូនបានសម្រេចថា ត្រូវតែឲ្យគាត់ទៅសាលារៀន រួចគេបញ្ជូនគាត់ឲ្យទៅទាល់តែបាន ។កាលដែលតាកម្សត់ បានចរយាត្រាកាត់ព្រៃព្រឹក្សាឆ្ពោះទៅសាលារៀន ដែលតាំងនៅក្បែរទីក្រុងតូចមួយនោះ គាត់បានជួបអភិជនម្នាក់ កំពុងបររទេះតាមផ្លូវឆ្ពោះ មក ។ តាចាស់ បានឈប់អែបចិញ្ចើមថ្នល់ដោយសេចក្ដីគោរពដើម្បីបើកផ្លូវឲ្យរទេះបរមក។ ប៉ុន្តែពេលនោះអភិជនបានបញ្ឈប់សេះ ហើយ លោតចេញពីរទេះមកស្រែកសួរទៅតាចាស់ថា ៖ អញ្ជើញទៅណាតា ? ទៅរៀន ! (តាឆ្លើយ) ឱ ! ទៅរៀនឬលោកឪពុក ? ។ តាមពិតចំណាស់ប្រហែលលោកឪពុក  គួរតែឈប់សម្រាកដោយស្ងប់ស្ងៀមក្នុងផ្ទះវិញ ទើបសម ! ។ ពេលនោះ ទឹកភ្នែកបានហូរជោកមុខតាកម្សត់ រួចគាត់ បានថ្លែងសេចក្ដីទុក្ខរបស់គាត់ប្រាប់អភិជននោះ ។ កាលអភិជនបានស្ដាប់រឿងតានោះហើយ គេមានចិត្តអាណិត តាយ៉ាងក្រៃលែង ។ គេគិតមួយសន្ទុះ រួចនិយាយថា ៖ ល្ហើយលោកឪពុកជរា, តាមពិតសាលារៀនមិនមែនជាកន្លែងរបស់លោកឪពុកទេ, សូមលោកឪពុកឈប់ សោយសោកទៅ ហើយសូមលោកឪពុកកុំចង្អៀតចង្អល់ចិត្តឲ្យសោះ ខ្ញុំនឹងជួយលោកឪពុក ។ អភិជនបានយកចេញពីខ្សែក្រវាត់គាត់ នូវកំប្លោកសូត្រមួយ គឺជាវត្ថុមួយដែលពួកថៅកែតែងតែយួរ, ហើយគាត់បានចាក់ដាក់ទៅក្នុងកំប្លោកនោះនូវវត្ថុអ្វីមួយលុះត្រាជិតពេញដល់មាត់កំប្លោក ។ គាត់ចងមាត់កំប្លោកយ៉ាងជិតជាប់ រួចដាក់កំប្លោកនោះទៅក្នុងហិបឈើមួយ ដែលគាត់យកពីក្នុងរទេះមក ។ គាត់ហុច ហិបនេះទៅតាចាស់ដោយវាចាថា៖ អញ្ជើញយកវត្ថុនេះទៅផ្ទះលោកឪពុកចុះ ហើយប្រាប់កូនៗលោកឪពុកថាយ៉ាងនេះ ។ ពេលនោះអភិជន បានបង្រៀនពាក្យ ដើម្បីឲ្យតាចាស់យកទៅប្រាប់កូន ។ តាចាស់បានអរគុណ និងសម្ដែងសេចក្ដីកតញ្ញូដ៏ជ្រាល-ជ្រៅចំពោះអភិជន រួចត្រឡប់ទៅផ្ទះពួកកូនគាត់វិញ ។ កាលគាត់វិលទៅដល់ផ្ទះកូន ពួកកូនៗក៏បានឃើញគាត់យួរហិបនោះ ។ តាមធម្មតា កាលបើអ្នកណាមួយ យួរហិបធ្ងន់ ហិបនោះមុខជាមានអ្វីមួយនៅខាងក្នុងជានិច្ច ។ ពេលនេះ ពួកកូនៗនិងប្រពន្ធរបស់វាឈប់ហាមឃាត់ឪពុកខ្លួនហើយ ។ ពួក វាស្ទុះរត់ទៅជួបគាត់ ដើម្បីឲ្យដឹងថា តើគាត់នាំយកអ្វីពីក្នុងព្រៃមក ។ មានអាខ្លះរួសរាយរាក់ទាក់ចំពោះគាត់ថា ៖ អញ្ជើញទៅសម្រាកលោកប៉ា លោកប៉ាប្រាកដជាអស់កម្លាំងណាស់ហើយមើលទៅ ! ។ អ្នកខ្លះថា ៖ អញ្ជើញទៅពិសាលោកប៉ា, លោកប៉ាមុខជាស្រេកឃ្លានណាស់ហើយមើលទៅ ! ។ ក្សិណនោះ តាចាស់ចាប់ផ្ដើមថ្លែងរឿងរបស់គាត់ប្រាប់កូនតាមពាក្យដែលអភិជនជាសម្លាញ់បានបង្រៀនគាត់រួចមកហើយថា ៖ អាវ៉ាកូនប៉ាជាទីស្រឡាញ់ទាំងអស់គ្នា យូរអង្វែងណាស់ទៅហើយ កាលដែលប៉ានៅពីកំលោះ ហើយបានធ្វើដំណើរទៅកាន់ទីនេះទីនោះ ក្នុងពិភពលោកក្នុងពេលដ៏ខ្លីនោះ ប៉ារកប្រាក់បានបន្តិចបន្តួច។ ប៉ាគិតថា អញនឹងសំចៃប្រាក់នេះទុកសម្រាប់អនាគត, ពីព្រោះ ថាដោយពិត មនុស្សម្នាក់ៗ មិនអាចដឹងអនាគតរបស់ខ្លួនថាជាយ៉ាងណាបានឡើយ ។ ប៉ាបានចូលទៅក្នុងព្រៃរួចជីករណ្ដៅមួយក្រោមដើមអូក ហើយកប់គំនរប្រាក់ទុកក្នុងទីនោះ ។ ចាប់តាំងពីពេលនោះមក ប៉ាលែងភ័យព្រួយ ឬខ្វល់ច្របល់ចិត្តពីរឿងប្រាក់សោះតែម្ដង ពីព្រោះប៉ាមានកូនល្អៗ ប្រកបដោយធម៌ គឺអាវ៉ាទាំងអស់គ្នានេះឯងជាពំនឹង ។ ប៉ុន្តែ លុះដល់អាវ៉ាឯងបញ្ជូនប៉ាឲ្យទៅរៀនឯសាលា ប៉ាក៏បានដើរក្បែរដើមអូកនោះ ហើយប៉ាក៏និយាយនឹងខ្លួនឯងថា យីអើហ្ន៎, អញដូចជាសង្ស័យណាស់ ដុំប្រាក់ពីរ-បីដុំនេះ តើវានៅរង់ចាំម្ចាស់វាគ្រប់ពេលទេឬមួយយ៉ាងម៉េចអេះ!។ ពេលនោះ ប៉ាក៏ជីករណ្ដៅដែលកប់ប្រាក់នោះ ហើយបានឃើញប្រាក់ទាំងនោះនៅដូចដើម ទើបប៉ានាំយកមកផ្ទះពេលនេះឯង។ ប៉ានឹងរក្សាប្រាក់ទាំងនេះទុកដរាបដល់ប៉ាស្លាប់ ។ តែក្រោយប៉ាស្លាប់ទៅ, អ្នកណាដែលនឹងរក្សាប៉ាជាងគេ, អ្នកណាដែលនឹងប្រព្រឹត្តប្រណិប័តន៍ប៉ាដោយត្រឹមត្រូវបំផុត អ្នកនោះត្រូវបានចំណែកប្រាក់ដែលមានក្នុងហិបនេះច្រើនជាងគេ ។ ដូច្នេះ ឥឡូវនេះ ចូរអាវ៉ាទាំងអស់គ្នាទទួលប៉ាវិញចុះ, មើល, អាវ៉ាណាដែលសប្បុរសចំពោះប៉ាចាស់ ដើម្បីប្រាក់ ? ។ ឮដូច្នោះ ពួកបងប្អូនទាំងនោះ ក៏ជែងគ្នាទៅវិញទៅមក ក្នុងការធ្វើសប្បុរសដល់បិតាខ្លួន ។ ម្នាក់និយាយថា"សូមលោក ប៉ាអញ្ជើញទៅនៅផ្ទះខ្ញុំ" ។ ម្នាក់ទៀតថា "ទេ ! ទៅ ផ្ទះខ្ញុំវិញ"។ ពួកអ្នកអស់ទាំងនោះ បានយកចិត្តទុកដាក់ចិញ្ចឹមតាចាស់ដោយត្រឹមត្រូវ ហើយថែទាំងប៉ះសម្លៀកបំពាក់ឲ្យគាត់ ព្រោះតែ ចង់ បានសម្បត្តិរបស់គាត់ប៉ុណ្ណោះឯង ។ នេះជាឧបាយកលមួយ ដែលប្រព្រឹត្តទៅរហូតដល់ទីបំផុត ហើយតាចាស់ក៏អនិច្ចកម្មទៅ ។ ពេលនោះ កូនទាំងឡាយនោះ បានប្រញាប់ប្រញាល់ទៅយកហិបមកពិភាក្សាគ្នាថា តើអ្នកណាដែលជាអ្នកសប្បុរសបំផុត ចំពោះខ្មោចឪពុក ហើយដែលត្រូវបានទទួលចំណែកប្រាក់ដែលមានក្នុងហិបនោះច្រើនជាងគេ ។ ពួកអ្នកស្រុកភូមិផងរបងជាមួយ បានត្រូវគេហៅមកធ្វើជាចៅក្រមក្នុងរឿងចែកនេះ ។ ទីបំផុតទៅ គេសម្រេចថា កូនទាំងបួននាក់ សុទ្ធតែជាអ្នកមានចិត្តសប្បុរសចំពោះបិតាខ្លួនស្មើៗគ្នា ចាប់តាំងពីពេលដែលគាត់ត្រឡប់មកពីព្រៃ ម្ល៉ោះហើយត្រូវតែចែកមត៌កឲ្យស្មើភាគគ្នាទើបបាន ។ ពួកកូនទាំងនោះ បានរៀបចំធ្វើបុណ្យយ៉ាងអស្ចារ្យ  ឧទ្ទិសចំពោះខ្មោចឪពុកខ្លួន បានរៀបជប់លៀងយ៉ាងឱឡារិកដល់ភ្លៀវក្នុងភូមិ ដែលបានជួយកាន់ទុក្ខ បានចំណាយប្រាក់និមន្តព្រះសង្ឃពីព្រះវិហារ (Church) មកសូត្រធម៌អស់សែសិបថ្ងៃ ។ ម្នាក់ៗខំធ្វើឲ្យលើសគ្នាទៅវិញទៅមក គេបានចំណាយប្រាក់ថែមទៀត ទៅលើព្រះវិហារជាគ្រឿងបូជាចំពោះការសូត្រធម៌ ។ កាលដែលពិធីបុណ្យចប់ហើយ គេបានប្រញាប់ប្រញាល់ទៅបើកហិបមើល ។ គេក៏បានឃើញកំប្លោកសូត្រដ៏ឆើតឆាយនៅក្នុងហិបនោះ ។ គេលើកកំប្លោកអង្រួនមើល ក៏ឮសំឡេងច្រឹងៗ យ៉ាងពីរោះ ។ ពួកគេបានស្រាយមាត់កំប្លោកចេញ  រួចតាំងរលាក់អាច្រឹងៗ នោះដាក់ទៅលើតុមួយ ។ បពិត្រអើយ ឰដ៏កាលនោះ  ពួកគេរកកលមិនជឿភ្នែកគេសោះឡើយ វាគ្មានឃើញអ្វីសោះ ឃើញដូចជាសុទ្ធតែអំបែងកែវ ។ លុះដល់ព្រលឹមស្រាងឡើង កនអាវែកទាំងនោះ ក៏ឃើញច្បាស់លែងសង្ស័យថា អាច្រឹងៗនោះ សុទ្ធតែជាអំបែងកែវ គ្មានតម្លៃអ្វីបន្ដិចសោះ ដែលជាហេតុនាំឲ្យគេច្រឡោតខឹង ហើយជជែកគ្នាយ៉ាងសម្បើម ។ ប៉ុន្តែ ពួកអ្នកស្រុកនាំគ្នាសើចស្ទើរចុកពោះ ។ ពួកអ្នកស្រុកនាំគ្នានិយាយថា ៖-អើ!ហ្នឹងហើយជាកម្រៃនៃការបញ្ជូនឪពុកទៅសាលារៀន ការចេះដឹងរបស់គាត់ នាំឲ្យគាត់សុខសប្បាយបានយូរ, ប៉ុន្តែ អ្វីដែលគាត់បានរៀន គឹគាត់ចេះចំណាប់មែន ! ។

                                                                                                   ភិក្ខុ ម៉ែន - រៀម

                                                                                                   សិក្សាពុទ្ធិកមហាវិទ្យាល័យ ព្រះស៊ីហនុរាជប្រែពីភាសាអង់គ្លេស

 

(ចប់)

 

Flag Counter