រឿង បុរស​ចាក់​ស្មុគ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១១០-១១១

    កាលពីដើមម្នាក់ចេះចាក់ស្មុគ ។ បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគលើចុងត្នោត ហើយគិតតែម្នាក់ឯងថា " បើអញចាក់ស្មុគបាន ១ លក់បាន ១០ សេន, បើចាក់ស្មុគបាន ១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ, បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា" ។ បុរសនោះមិនគ្រាន់តែគិតក្នុងចិត្ត ក៏យារដៃលើកទាំងជើង ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត តែបានដៃប្រវាចាប់ស្លឹកត្នោតជាប់ទាន់ ក៏នៅតែកតោកៗ ដូចជាគេព្យួរ ។ គ្រានោះ មានទ្រមាក់ដំរីម្នាក់ ជិះដំរីមកជិតនោះ ។ បុរសនោះស្រែកថា " បើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបាន ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់ ១ ជីវិត " ។ ទ្រមាក់ដំរីឮហើយ មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត ឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ ដូចជាអង្រួនខ្នងដំរីនោះ ដំរីក៏ដើរទៅ ។ ទ្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះ ។ គ្រានោះមានមនុស្សទំពែក ៤ នាក់ ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា លុះដើរទៅដល់ក្រោមដើមត្នោតនោះ ទ្រមាក់ដំរីនិងបុរសចាក់ស្មុគស្រែកថា "បើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះ ខ្ញុំទាំងពីរនាក់ សុខចិត្តទៅនៅបម្រើលោកអស់១ជីវិត ។ ទំពែកទាំង ៤ នាក់នោះឮហើយត្រេកអរណាស់ គិតថាបានដូចសេចក្ដីប្រាថ្នា ក៏ស្រែកថា " យើងទាំង ៤ នាក់នឹងជួយអ្នកឲ្យរួច" ។ ទំពែកទាំង ៤ ឈក្រោមដើមត្នោត យកសំពត់ចងកខ្វែងទល់ មុខគ្នាជា ៤ ជ្រុង ហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគ និងទ្រមាក់ដំរីថា " ចូរអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះ ! " ។ បុរសចាក់ស្មុគនិងទ្រមាក់ដំរីទម្លាក់ខ្លួនទាំងបីនាក់ មកលើសំពត់ដែលបុរសទំពែកទាំង ៤ នាក់ចងនោះ ដូចជាគេទាញសំពត់ជាប់នឹងកទំពែកទាំង ៤ ជល់ក្បាលគ្នាស្លាប់ទាំងបួននាក់ទៅ ។ ឯទ្រមាក់ដំរីនិងបុរសចាក់ស្មុគ ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះ ភ័យណាស់ ទៅនិយាយនឹងយាយចាស់ម្នាក់ថា "បើនិយាយគិតដូចម្ដេចឲ្យបានសុខ យើងទាំងពីរនាក់ នឹងនៅបម្រើយាយ ទាល់អស់ជីវិត" ។ យាយចាស់ មានចិត្តត្រេកអរ ដោយប្ដីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា " បើដូច្នោះ អ្នកទៅយកខ្មោចទាំង ៤ នោះមកដាក់ក្នុងផ្ទះ ចងរុំឲ្យស្រេច " រួចយាយចាស់ឲ្យយកខ្មោច ១ ចេញពីផ្ទះមក គាត់ស្រែកយំ ។ អ្នកស្រុកសួរ, គាត់ប្រាប់ថា " ប្ដីគាត់ស្លាប់" អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុត, យាយចាស់ប្រាប់ថា "សូមអ្នកទាំងអស់ដុតធ្វើឲ្យល្អ ត្បិតប្ដីខ្ញុំគាត់ ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់ " ។ លុះគេយកខ្មោច ១ ទៅដុតហើយយាយចាស់ស្រែកថា " ប្ដីគាត់ទៅផ្ទះទៀតហើយ " ។ អ្នកស្រុក ក៏ទៅយកមកដុតទៀត ។ លុះដុតទៅគម្រប់ ៤ លើក ទើបឃើញតាចាស់ប្ដីយាយនោះចេញមកពីព្រៃចម្ការ មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញ ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុតទាំងរស់ឲ្យស្លាប់ទៅ ។

រយោងដូចសម្លកំពឹស


១-ដកស្រង់ពីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ ខ្សែ១.២ រួមគ្នា ទំព័រ ៦៩ ។

Flag Counter