រឿងព្រេង អារ៉ាប់ចែងអំពី លារបស់តាស៊ីក

ខ្ញុំ បានធ្វើដំណើរកាត់វាលខ្សាច់  ជាមួយលោកតាស៊ីក-ម៉ាហមូដ អ៊ិបប៊ិនមូសា ព្រមទាំងអ្នកដំណើរកាត់វាលខ្សាច់ចំនួន ១៩ នាក់ និងអូដ្ឋ ៩០ ។ តាស៊ីក ជាមនុស្សចាស់ម្នាក់យ៉ាងខែងរ៉ែង, មានភ្នែកខ្មៅងងឹតគួរខ្លាច និងមានពុកចង្កាសស្គុះ ។ ការបង្គាប់បញ្ជារបស់គាត់ទៅលើអ្នកដំណើរវាលខ្សាច់ គឺជាច្បាប់មួយ ដែលអ្នកដំណើរត្រូវស្ដាប់-ដឹង ។តាស៊ីក ដែលមានពុកមាត់ពុកចង្កានេះ ជិះលាធំមួយពណ៌ស ហើយលានេះក៏ប៉ិនប្រសប់ដែរ ។ តាស៊ីក បានរាប់អានស្រឡាញ់វា ដូចជាសម្លាញ់គាត់ៗ ឲ្យតម្លៃស្មើនឹងគាត់ ។ គាត់ និងលានេះ ស្ទើរតែនៅជាមួយគ្នាជានិច្ចរាល់ថ្ងៃ, ដេកក្នុងទុស្សកុដិ (ខ្ទមសំពត់) ជាមួយគ្នារាល់យប់ ។ ខ្ញុំបានយកទៅជាមួយខ្លួនខ្ញុំ នូវមាសចំនួន ៨០ ដុំ ដែលខ្ញុំបានទុកក្នុងហិបស្បែករបស់ខ្ញុំ ។ ពេលយប់ៗ ខ្ញុំដាក់ហិបមាសនោះក្នុងទុស្សកុដិរបស់ខ្ញុំ, ហើយខ្ញុំតែងដាក់ដៃទៅលើហិបនោះរាល់ព្រឹក ដើម្បីឲ្យដឹងថា "វានៅទេ ឬបាត់ទៅហើយ"។ នៅព្រឹកទី ៩ ស្រាប់តែហិបនោះបាត់ពីកន្លែងតែម្ដង ! ។ ខ្ញុំបានចូលទៅរកតាស៊ីកភ្លាម ហើយនិយាយទៅកាន់គាត់ថា ៖ ម៉ាហមូដ អ៊ិបប៊ិន មូសា ! ចំនួន ៨ ថ្ងៃហើយ ដែលខ្លួនខ្ញុំជាភ្ញៀវរបស់លោក, ខ្ញុំសូមសម្តែងនូវកតញ្ញុតាធម៌ដ៏ស្មោះស្ម័គ្ររបស់ខ្ញុំចំពោះមេត្រីភាពរបស់លោក ។ អ៊ិបប៊ិន មូសា ដាក់ដៃទៅលើទ្រូងគាត់ហើយ និយាយថា ៖ ការផ្ដល់មេត្រីភាចំពោះអតិថិជនជាសេចក្ដីសោមនស្សមួយដ៏ជ្រាលជ្រៅ ហើយមានជានិច្ចក្នុងខ្លួនខ្ញុំ ។ ខ្ញុំនិយាយតទៅគាត់វិញថា ៖ ខ្ញុំបាទមានសេចក្ដីសោកស្ដាយ និងជម្រាបលោកឲ្យបានជ្រាបថា ៖ឥឡូវនេះ ខ្ញុំបាទព្រួយចិត្តខ្វល់គំនិតណាស់ ហើយដោយខ្ញុំជាភ្ញៀវ ខ្ញុំតោងតែជម្រាបលោកឲ្យជ្រាបអំពីការព្រួយនេះ ។ពេលនោះ ខ្ញុំបាទជម្រាបគាត់អំពីការបាត់ហិបមាស ដែលមានមាស៨០ដុំនៅខាងក្នុងនោះ ។ គាត់សួរខ្ញុំពីរ-បីសំណួរ រួចអង្គុយច្បូតពុក ចង្កាដោយស្ងាត់ស្ងៀម ។ ទីបំផុតគាត់ពោលថា៖ ថ្ងៃនេះ អ្នកដំណើរវាលខ្សាច់ទាំងអស់គ្នា មុខតែឥតចេញទៅណាមកណាពីជំរំទេ,មុនពេល ល្ងាចនេះ អ្នកឯងនឹងបានឃើញមាសរបស់ខ្លួនវិញមិនខាន ។មួយម៉ោងក្រោយមក បាហុនកៈរបស់ខ្ញុំនោះ បានដើរចេញពីជំរំតែម្នាក់ឯង, ថ្ងៃជ្រេទើបគាត់និវត្តវិញ ។ ហាមប្រាមអ្នកដំណើរទាំងអស់នោះ កុំឲ្យយកហេតុការណ៍ផ្សេងៗ ទៅកង្វល់ដល់គាត់ រួចតាស៊ីកបានចូលខ្លួនបាត់ទៅក្នុងទុស្សកុដិរបស់គាត់ ហើយបិទគម្របជិត ខ្ញុំចេះតែជ្រួលច្របល់ចិត្តពីមាសរបស់ខ្ញុំមិនឈប់ឈរសោះ ។ ខ្ញុំសង្ឃឹមថា មានតែមនុស្សម្នាក់ទេ ដែលអាចរកមាសនោះឲ្យឃើញដល់ខ្ញុំបាទ, ឥឡូវស្រាប់តែទៅសម្រាន្តក្នុងទុស្សកុដិរបស់គាត់ធ្វើព្រងើយ ! ។ ប៉ុន្តែ ក្រោយវេលាសាយភោជន បាហុនកៈរបស់ខ្ញុំ បានចេញសន្សឹមៗ ពីទុស្សកុដិរបស់គាត់មកក្រៅវិញ ដោយស្លៀកពាក់ឆើតឆាយជាទីបំផុត ។ គាត់បានទៅអង្គុយលើកំពូលគំនរហិប ដែលនៅចំ កណ្ដាលជំរំ ហើយបង្គាប់ខ្ញុំឲ្យអង្គុយក្បែរគាត់ក្នុងទីនោះ ។  ពេលនោះ ក្នុងសម្លេងដ៏មធ្យ័តរបស់គាត់ គាត់ពោលថា ៖ទៅហៅមនុស្សទាំងអស់មកឲ្យខ្ញុំ !មនុស្សទាំងឡាយចេញចាកអូដ្ឋរបស់ខ្លួន រួចមកឈរតម្រៀបគ្នានៅមុខលោកតាស៊ីក។ ជួបជុំគ្នាហើយ លោកតាស៊ីកអង្គុយស្ងប់ស្ងៀមសម្លឹងមើលទៅមនុស្សទាំងនោះ ហើយច្បូតពុកចង្ការបស់គាត់។គាត់ឥតមាន ការប្រញាប់ប្រញាល់អ្វីទេ ។ គាត់សម្លឹងមើលគ្រប់មនុស្សទាំងអស់ ក្នុងពេលដ៏យូរ ហើយមនុស្សទាំងនោះ ក៏បានសម្លឹងមើលមកគាត់វិញដោយស្ងប់ស្ងៀមដែរ ។ ទីបំផុតគាត់ពោលថា ៖ថ្ងៃនេះ មានការកង្វល់ខ្លះបានកើតឡើងដល់ភ្ញៀវរបស់ខ្ញុំ គឺអ្នកដំណើរនេះឯង (គាត់ចង្អុលប្រាប់)។ លួចគេជាអំពើឧក្រិដ្ឋមួយ, ហើយបើអ្នកណាលួចអ្វីៗពីភ្ញៀវ បទឧក្រិដ្ឋរឹតតែអាក្រក់ថែមប្រាំពីរដងទៅទៀត, អ្នកដំណើរនេះ បានឲ្យសិទ្ធិខ្លួនគាត់ (ក្នុងការរកមុខចោរ) ចំពោះខ្ញុំ, មានជនខ្លះបានលួចវត្ថុគាត់ នៅក្នុងអាសយដ្ឋានរបស់ខ្ញុំ, ដោយហេតុតែគ្មានអ្នកណាមួយ ដែលឋិតនៅខាងក្រៅចូលមកក្បែរជំរំយើង, ចោរដែលលួចអ្នកដំណើរនេះ គឺស្ថិតនៅខាងមុខខ្ញុំ ក្នុងពេលនេះឯង វាកំពុងតែឈរនៅពីមុខខ្ញុំ ក្នុងពេលដែលខ្ញុំកំពុងនិយាយនេះ ហើយវាគិតថា វាអាចលាក់នូវបទឧក្រិដ្ឋនេះបាន ។សំឡេងរបស់តាស៊ីកកាន់តែលាន់ឮខ្លាំងឡើងៗ លាយជាមួយកំហឹងនៅពេលដែលគាត់និយាយពីបទឧក្រិដ្ឋនេះ។ គាត់និយាយទៀត ថា ៖អាទិទេពខ្លួនព្រះអង្គ នឹងប្រាប់គាត់ឲ្យឃើញនូវចោរ ហើយនិងមាសមកវិញមិនខាន ។ រួចហើយ សំឡេងតាស៊ីកត្រឡប់ជាស្ងប់ស្ងាត់ រួចបែរឡើងមធ្យ័តម្ដងទៀត ។ ច្បូតពុកចង្កាហើយ គាត់បន្ដពាក្យទៅមុខទៀតថា ៖លាសដែលនៅក្នុងទុស្សកុដិរបស់ខ្ញុំ មិនមែនជាសត្វសាមញ្ញទេ គឺថាជាសត្វតំណពូជដោយផ្ទាល់ អំពីលាដែលព្រះមោហាមម៉េដទ្រង់ជិះ ។ លារបស់ខ្ញុំ ជាសត្វមួយចេះណាស់, វាស្គាល់សច្ចៈ, វាតែងប្រាប់ខ្ញុំនូវពាក្យសច្ចៈជានិច្ច ពីព្រោះអាទិទេពបានប្រាប់វាអំពីកិច្ចការពិតៗមែនៗតែម្យ៉ាង ។តាស៊ីក ឈប់និយាយមួយនាទី រួចសម្លឹងមើលគ្រប់មនុស្សទាំងអស់នោះ ហើយនិយាយបន្តទៅទៀត ៖លារបស់ខ្ញុំ មុខតែនឹងប្រាប់ខ្ញុំឲ្យដឹងថា អ្នកណាដែលលួចមាសអ្នកដំណើរនេះមិនខាន, បាទ ! លាមិនអាចនិយាយភាសាយើងបានទេ ប៉ុន្តែ កាលណាវានិយាយមករកខ្ញុំតាមភាសាវា ខ្ញុំយល់បានជា-និច្ច ។ ឥឡូវនេះ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា ចូលទៅក្នុងទុស្សកុដិរបស់ខ្ញុំ ម្នាក់ម្ដងៗរួចបិទគម្របវាឲ្យជិត កុំឲ្យអ្នកណាមើលឃើញឲ្យសោះ វៀរលែងតែលាខ្ញុំ និងព្រះអាទិទេពប៉ុណ្ណោះ, រួចហើយចូរចាប់កន្ទុយលារបស់ខ្ញុំ ។ កាលណាបើដៃឥតទោស ទៅប៉ះនឹងកន្ទុយលានោះ វានឹងឋិតនៅស្ងប់ស្ងៀម, ប៉ុន្តែ កាលបើដៃរបស់ចោរទៅប៉ះវិញ លានោះនឹងនិយាយមកកាន់យើងនូវរឿងទាំងអស់តាមភាសាវា   ហើយយើងនឹងចាប់យកចោរនោះមកប្រហារជីវិតចោលភ្លាម ដោយឥតករុណាឡើយ ។ និយាយរួច, តាស៊ីក បានបង្គាប់មនុស្សដែលឋិតនៅខាងចុងជួរឲ្យទៅមុនគេ ។ មនុស្សនោះ ក៏ចូលទៅក្នុងទុស្សកុដិតាស៊ីក, បិទគម្របជិត ហើយបន្ទាប់ពីខណៈស្ងប់ស្ងៀមមួយភ្លែតមក ក៏បានចេញមកវិញ ។ មនុស្សទី ២ បានចូលទៅ ... រួចចេញមកវិញ, រួចដល់វេនមនុស្សទី ៣ ... ១២ នាក់ បានចូល រួចចេញមកវិញហើយ ប៉ុន្តែនៅតែគ្មានសំឡេងអ្វីលាន់ចេញមកសោះ ។ មនុស្សទី ១៣, ១៤, ១៥, ១៦, នៅតែមនុស្ស ៣ នាក់ទៀតទេ, ទី ១៧, ១៨, ។ ឥឡូវនៅតែមនុស្សម្នាក់ទេ, គាត់ទី ១៩ នេះ បានចូលទៅក្នុងទុស្សកុដិ ។ តាមពិតគួរតែមានសំឡេងអ្វីចេញពីទុស្សកុដិរបស់តាស៊ីក! តែ បុរសទី ១៩ នេះ ចូលទៅហើយចេញមកវិញ ក៏នៅតែគ្មានសំឡេងអ្វីលាន់ចេញមក ។ ដូច្នេះហើយឃើញថា លាគ្មានការវាងវៃដូចតាស៊ីក អួតនោះសោះឡើយ ។ ប៉ុន្តែ តាម៉ាហមូដ  អ៊ិបអ៊ិន  មូសា   និយាយមកកាន់ខ្ញុំដោយស្ងាត់ថា៖កុំបារម្ភអ្វីឲ្យសោះ, ការនេះវាយ៉ាងហ្នឹងហើយ, អ្នកឯងមុខតែនឹងបានឃើញនូវហិបមាសវិញជាប្រាកដ ។ មនុស្សទាំងឡាយ មកនៅពីមុខគាត់ម្ដងទៀត រួចគេអង្គុយចុះ។ ឈរឡើង ! (តាស៊ីកបង្គាប់) ។ មនុស្សទាំងអស់ក៏ធ្វើតាម រួចគាត់បង្គាប់ទៀតថា ៖សណ្ដូក ដៃត្រង់ទៅមុខគ្រប់គ្នា ហើយលាផ្ងារបាតដៃឡើងលើ។ មនុស្សទាំងអស់ក៏ធ្វើតាម ។ ពេលនោះ តាស៊ីកដើរចុះពីគំនរហិបដោយយឺតៗ ឆ្ពោះទៅមនុស្សទី១ក្នុងជួរ ។ គាត់ឱនខ្លួនចុះហើយដាក់មុខលើបាតដៃជននោះ ។ បន្ទាប់ពីមួយនាទីមកគាត់ដើរទៅធ្វើរបៀបនេះលើដៃមនុស្ស ទី២ ទៀត ។ ខ្ញុំទៅជាស្រឡាំងកាំងដោយឃើញគាត់ធ្វើយ៉ាងនេះ ម្ដងហើយម្ដងទៀត ពីមួយទៅមួយតាមជួរមនុស្សទាំងនោះ ។ គាត់ធ្វើបែបនេះ រហូតទៅដល់មនុស្សទី ១២ ក៏ស្រាប់តែគាត់ងើបមុខឡើង, ហូតដាវខ្វាកចេញមក ហើយស្រែកសន្ធាប់ថា ៖ អាឯងហ្នឹងហើយដែលជាចោរគម្រក់ បានលួចយកហិបមាស, អញសំឡេះអាឯងឥឡូវហ្នឹង ! ជនទុច្ចរិត បានដាក់មុខចុះ, អង្វរសុំឲ្យគាត់អាណិត រួចវាស្ទុះងើបឡើង ហើយរត់ចេញទៅក្រៅជំរំអូដ្ឋ ។ វាទៅភើចទាញថ្មមួយដុំ ហើយត្រឡប់មកវិញ  ដោយយកហិបមាសពីស្បែកនោះមកជាមួយផង ។ ឲ្យទៅអ្នកដំណើរទៅ (តាស៊ីកបង្គាប់) ។ ជនអកុសលបានប្រគល់ហិបមាសនោះមកក្នុងដៃខ្ញុំ ហើយខ្ញុំបានពិនិត្យឃើញថា មាសទាំង ៨០ ដុំ នៅទាំងអស់ក្នុងហិបនោះ ។ ពេលបន្ទាប់នោះ  តាស៊ីកឲ្យមនុស្ស ២ នាក់ សំពងចោរនោះ ។ មួយនាទីក្រោយមក ខ្ញុំសុំឲ្យគាត់អាណិតឈប់វាយវា ហើយតាមការបង្គាប់អំពីបាហុនកៈរបស់ខ្ញុំ ជន ២ នាក់នោះ បានបើកឲ្យវាទៅកាន់កន្លែងខ្លួនវិញ ។ តាស៊ីកក៏ចូលកាន់ទុស្សកុដិរបស់គាត់ មនុស្សទាំងនោះក៏ត្រឡប់ទៅកាន់កន្លែងខ្លួនវិញដែរ ។ ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញមាសរបស់ខ្ញុំ, ប៉ុន្តែខ្ញុំចង់ដឹងអំពីបាតុភូតអស្ចារ្យនេះជាពន់ពេក ខ្ញុំបានសួរបាហុនកៈរបស់ខ្ញុំ សុំឲ្យគាត់ពន្យល់អំពីបាតុភូតនោះ ។គាត់សម្លឹងមើលមុខខ្ញុំ, ច្បូតពុកចង្ការួច និយាយមកកាន់ខ្ញុំថា៖ អ្នកឯងកុំនិយាយប្រាប់ពួកខ្ញុំឲ្យសោះណា៎ !បាទ !, (ខ្ញុំឆ្លើយ) ។ ល្អហើយ, (គាត់ចាប់ផ្ដើមបរិយាយ), កាលដែលខ្ញុំឋិតនៅក្នុងទុស្សកុដិរបស់ខ្ញុំពីម្សិលមិញនោះ ខ្ញុំបានយក"ស្លឹកជីរនាងវង"ទៅត្រាំទឹក ។ កាលទឹកនោះប្រែក្លិនដូចជីរនាងវងហើយខ្ញុំបាន យកកន្ទុយលាទៅជ្រលក់ត្រាំវាឲ្យទាល់តែជាប់ក្លិនជីរឡើងឈ្ងុយ ទើបឈប់ត្រាំ ។ ល្ងាចនោះ អ្នកចាំបានហើយថា មនុស្សគ្រប់គ្នាបានចូលទៅក្នុងទុស្ស-កុដិរបស់ខ្ញុំ រួចចាប់ទាញកន្ទុយលា, តាមពិតនោះ មានតែចោរទេ ដែលវាមិនហ៊ានចាប់ទាញ ព្រោះខ្លាចលាខ្ញុំដឹងរឿងរបស់វា ។ ម្ល៉ោះហើយ ដៃរបស់វាក៏ឥតជាប់ក្លិនជីរនាងវង ដូចអ្នកឯទៀតឡើយ ។

                                                                                                     ភិក្ខុ ម៉ែន - រៀមសិក្សាពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជ

                                                                                                     ប្រែពីភាសាអង់គ្លេស

 

 

 

                                                                                                  អ្នកណាលួចមាសអ្នកដំណើរ ?

                                                                                                  មានតែមនុស្សពីរនាក់ទេដែលបានដឹង,

                                                                                                   ហើយម្នាក់នោះ មិនអាចនិយាយបានឡើយ ។

 

 

(ចប់)

 

Flag Counter