រឿងព្រេងប្រទេសបារាំង រឿងមិត្តសម្លាញ់ពីរនាក់

កាលពីព្រេងនាយមានតំណាលថា មានបុរសពីរនាក់បានចងមិត្តនឹងគ្នា ជាសម្លាញ់ស្លាប់រស់ជាមួយគ្នា ។ គ្រប់ពេលវេលា ទោះជាកន្លែងណា ឬទីណាក៏ដោយ គេតែងឃើញបុរសទាំងពីរនៅជាមួយគ្នាជានិច្ច ។ មិនដែលឃើញម្នាក់បាត់ម្នាក់ណាឡើយ ។ មានយប់មួយនោះ គេទាំងពីរនាក់ទៅលេងផ្ទះមិត្តស្រីរបស់គេនៅពេលត្រឡប់មកវិញគេបានសន្យានឹងគ្នាថា យើងទាំងពីរនាក់ជាសម្លាញ់ស្លាប់រស់នឹងគ្នាយើងសន្យាថា ទោះបីយើងស្លាប់ឬរស់ យើងនឹងអញ្ជើញគ្នាទៅចូលរួមក្នុងពិធីរៀបការរបស់យើងរៀងៗខ្លួន ។ ពេលវេលាចេះតែកន្លងទៅ ជាភ័ព្វអាក្រក់ បុរសម្នាក់ក្នុងចំណោមសម្លាញ់ទាំងពីរនាក់បានធ្វើមរណកាលទៅ ។ រីឯបុរសម្នាក់ទៀតដែលនៅរស់ក៏កើតទុក្ខសោកសៅក្រៃលែងមិនអាច ពណ៌នាបានចំពោះមរណភាពរបស់មិត្តខ្លួននេះ ។ ប៉ុន្តែ ដោយសារខ្លួនមានអាយុកាន់តែច្រើន បុរសនោះក៏សម្រេចកសាងគ្រួសារ ។ គេបានទៅស្ដីដណ្ដឹងនារីជាទីស្រឡាញ់គេ ព្រមទាំងកំណត់ថ្ងៃរៀបការជាស្រេច ។ ដោយគោរពតាមពាក្យសន្យារបស់ខ្លួន បុរសនោះបានទៅឯទីប៉ាឆាកន្លែងដែលគេកប់ខ្មោចមិត្តរបស់ខ្លួន។ នៅពេលទៅដល់បុរសនោះបានអង្គុយនៅចំពោះមុខផ្នូរ រួចស្រែកហៅសម្លាញ់របស់គេហើយ និយាយថា "សម្លាញ់អើយ ! ខ្ញុំនឹងរៀបការក្នុងថ្ងៃខាងមុខនេះហើយ យើងបានសន្យានឹងគ្នាថា ទោះជាស្លាប់ឬរស់ យើងនឹងអញ្ជើញគ្នាទៅចូលរួមក្នុងពេលរៀបមង្គលការរៀងៗខ្លួន ឥឡូវខ្ញុំត្រូវរៀបចំការហើយខ្ញុំមកនេះគឺដើម្បីមកអញ្ជើញសម្លាញ់ទៅចូលរួមក្នុងពិធីរៀបអាពាហ៍ ពិពាហ៍របស់ខ្ញុំ សូមសម្លាញ់អញ្ជើញទៅកុំខាន" ។ រំពេចនោះ សម្លាញ់ដែលស្លាប់ទៅហើយនោះ បានបង្ហាញខ្លួននៅចំពោះមុខមិត្តរបស់ខ្លួន ដោយមានរូបរាងដូចកាលពីនៅរស់ដូច្នោះ បុរសដែលស្លាប់ទៅហើយនោះ បាននិយាយតបវិញថា ខ្លួននឹងទៅកំដរមិត្តខ្លួនក្នុងពិធីរៀបការនោះ ដើម្បីនាំកូនក្រមុំទៅព្រះវិហារ ។ ថ្ងៃរៀបការបានមកដល់ បុរសដែលស្លាប់ទៅហើយនោះ ក៏ធ្វើដំណើរទៅចូលរួមតាមពាក្យសន្យា ប៉ុន្តែក្នុងចំណោមមនុស្សនៅទីនោះ មានតែកូនកំលោះ និងកូនក្រមុំទេ ដែលមើលឃើញបុរសដែលស្លាប់ទៅហើយនោះ ។ ភ្ញៀវទាំងឡាយ នាំគ្នាចម្លែកក្នុងចិត្តណាស់ ដោយឃើញពិធីអាពាហ៍ពិពាហ៍នេះប្លែកពីធម្មតា ព្រោះពុំឃើញមានអ្នកកំដរកូនកំលោះមកនាំកូនក្រមុំដូចសព្វដងឡើយ ។ អាពាហ៍ពិពាហ៍បានប្រព្រឹត្តទៅយ៉ាងអធិកអធម និងសប្បាយរីករាយទាំងអស់គ្នា។ នៅពេលដែលភ្ញៀវទាំងឡាយ ត្រឡប់ទៅផ្ទះវិញអស់បុរសអ្នកកំដរកូនកំលោះនោះ ក៏លាសម្លាញ់វិលទៅស្រុកខ្មោចវិញដែរ តែមុននឹងទៅបុរសនោះបានប្រាប់សម្លាញ់របស់ ខ្លួនថា នៅពេលណាខ្លួនរៀបការនោះ ខ្លួននឹងមកអញ្ជើញទៅចូលរួមក្នុងពិធីរៀបការនៅស្រុកខ្មោចវិញម្ដង ។ ក្រោយពេលនោះបន្តិចមក បុរសនៅស្រុកខ្មោច ក៏មកប្រាប់សម្លាញ់ខ្លួនឲ្យទៅចូលរួមក្នុងពិធីរៀបការខ្លួនតាមទម្លាប់របស់អ្នកស្រុកខ្មោចមែន ។បុរសនៅស្រុកខ្មោច ប្រាប់ឲ្យសម្លាញ់ខ្លួនទៅចាំនៅផ្លូវកាច់ជ្រុងជិតទីប៉ាឆា នៅម៉ោងពេលថ្ងៃខែ   ដែលបុរសអ្នកស្រុកខ្មោចកំណត់ឲ្យ ។ ពេលវេលាបានមកដល់ បុរសដែលនៅរស់ បានលាប្រពន្ធទៅហូបការសម្លាញ់ខ្លួននៅស្រុកខ្មោច ។ គេបានដើរតម្រង់ទៅរកកាច់ជ្រុងផ្លូវនៃទីប៉ាឆាកប់ខ្មោច ។ លុះដល់កន្លែងដែលបុរសនៅស្រុកខ្មោចប្រាប់ឲ្យទៅនោះ បុរសនៅឋានមនុស្ស បានឃើញសេះឈ្មោលតូចមួយក្បាល រោមសក្បុស មានចងអាន ចងកែបយ៉ាងស្អាត ឈរចាំជាស្រេច ។ បុរសនោះ ក៏ផែលលើខ្នងសេះនោះភ្លាម ។ រំពេចនោះ កូនសេះសក៏ស្ទុះផាយលឿនដូចព្រួញ នាំបុរសជាមនុស្សនោះឆ្លងកាត់ភូមិ ស្រុកដ៏ចម្លែកៗយ៉ាងឆ្ងាយដាច់សង្វែង រួចហើយទៅឈប់នៅកន្លែងមួយ ដោយមាត់ដង្ហក់យ៉ាងខ្លាំង ញើសហូរជោកខ្លួនដូចគេងូតទឹក ។បុរសនៅស្រុកខ្មោច បានឈរចាំទទួលសម្លាញ់របស់គេនៅទីនោះជាស្រេច ។ រំពេចនោះដែរ ពិធីរៀបការក៏ចាប់ផ្ដើមឡើង រួចអូសបន្លាយអស់ពេលបីថ្ងៃទើបចប់ ។ លុះចប់ពិធី បុរសជាមនុស្សបានលាប្ដីប្រពន្ធដែលទើបរៀបការថ្មីវិលមកលំនៅខ្លួនវិញ ។ បុរសនោះឡើងជិះសេះសតូចល្អិតដដែលនោះ ធ្វើដំណើរត្រឡប់មកវិញយ៉ាងលឿន ឆ្លងកាត់ភូមិស្រុកចម្លែកៗតាមផ្លូវដែលខ្លួនបានធ្វើដំណើរទៅ ។ ប៉ុន្តែនៅពេលដែលគាត់ត្រឡប់មកដល់ភូមិកំណើតគាត់វិញនោះ អ្វីៗបានផ្លាស់ប្ដូរអស់រលីងទៅហើយ ។ ដើមគគីរដែលកាលពីថ្ងៃគាត់ចេញទៅទើបប៉ុនកដៃសោះ ឥឡូវស្រាប់តែចាស់រហូតដល់ពុកគុលរលំបាត់ទៅហើយ ។ បុរសនោះខំរកញាតិសន្ដានរបស់ខ្លួន តែគ្មានស្គាល់នរណាម្នាក់សោះឡើយ ។ ប្រពន្ធគាត់ មិត្តភ័ក្តគាត់ ឪពុកម្ដាយគាត់ បានស្លាប់អស់តាំងពីយូរយារណាស់ទៅហើយ ។រយៈពេលបីរយឆ្នាំបានកន្លងទៅមុខ ហើយបើគិតពីថ្ងៃដែលបុរសនោះចេញទៅហូបការសម្លាញ់គាត់នៅស្រុកខ្មោច មកដល់ថ្ងៃដែលគាត់ត្រឡប់មកវិញនេះ ។

                                                                                                                 ប្រែសម្រួលពីប្រជុំរឿងព្រេងបារាំង ដោយ កុសល

Flag Counter