រឿង អាប៉ាងនាងតី

  • Print

រឿង អាប៉ាងនាងតី
ប្រជុំរឿងព្រេងខ្មែរភាគ ២ ទំព័រ ១៤៤-១៤៥

    ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់ទំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរទៅស្ដាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា «អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្ដាប់ចាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្ដាប់ចាប៉ី» ។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្ដីប្រពន្ធទៅ ។ ដល់រួចស្រូវ មេខ្មោចនោះ សួរទៅអាប៉ាងថា «ឥឡូវរួចស្រូវហើយ តើឯងព្រមយកអញឬទេ? បើឯងមិនយកអញៗ នឹងកាច់យកឯង» ។ អាប៉ាងថា «អញព្រមយក ប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិន» ។ លុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ ។ មេកន្តី ក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មាន រួចក៏នៅជាមួយគ្នាទៅ ។

    ប្រហែលជាងមួយខែ ពួកខ្មោចទាំងប៉ុន្មានបបួលគ្នា ព្រមទាំងអាប៉ាងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារ ។ អាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះ លុះទៅដល់កណ្ដាលព្រៃដើមត្រថុក ដែលខ្មោចទាំងពួងសម្គាល់ថា ដើមឈើទាល បានប្រទះនឹងកង្កែបមួយ ខ្មោចទាំងនោះស្រែកថា «ប្រយ័ត្នវ៉ីកនយើង! ដំរីធំណាស់ ទៅហើយ! »។ អាប៉ាងឮគេស្រែកថាដំរី ក៏ប្រឹងរកមើល មិនឃើញដំរីសោះ ឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងៗ ក៏ចាប់ដាក់ក្នុងថ្នក់សំពត់ទៅ ។ ខ្មោចអស់នោះ ចេះតែស្រែកថា «ប្រយ័ត្នវ៉ីដំរីស្ដមួយធំណាស់» ហើយស្រែកសួរអាប៉ាងថា «ឃើញដំរីឬទេ?» ។ អាប៉ាងស្រែកថា «មិនឃើញទេ!» ។ ពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថា «ទៅអាប៉ាងទៅផ្ទះយើង រកសត្វមិនបានទេ» ។ អាប៉ាងថា «អញបានកង្កែបមួយ» ។ ខ្មោចទាំងនោះ សួរទៅអាប៉ាងថា «យ៉ាងដូចម្ដេចអាប៉ាងកង្កែបនោះ? ឯងចែកឲ្យយើងរាល់គ្នាស៊ីផង» ។ អាប៉ាងយកកង្កែបចេញពីថ្នក់ ហើយបង្ហាញទៅពួកខ្មោចនោះ ។ ខ្មោចអស់នោះឃើញ ក៏នាំគ្នារត់ព្រោងព្រាតអស់ទៅហើយវាមានវាចាថា «ទុកប្ដីមីកន្តីឲ្យនៅមិនបានទេ ព្រោះវាខ្លាំងពូកែណាស់ វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នក់វា, បើដូច្នោះ យើងឲ្យអាប៉ាងនេះនៅមិនបានទេ ឲ្យវាទៅវិញទៅ!» អាប៉ាងក៏បានរួចខ្លួន ហើយត្រឡប់ទៅផ្ទះវិញ ។

ល្ងង់មើលតែខ្មោច


១- ដកស្រង់ពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ ១៩៣៩ លេខ ១០ ទំព័រ ២៧៨, ។