រឿងព្រេងទីបេត៍​ យើងត្រូវចែកគ្នា​ធ្វើ

មានថូដីឥដ្ឋ ១ ឆ្នាំងខ្ទះដី ១ (tourte de terre) ស្ពៃក្ដោប ១ រុយ ១ កន្សោមគ្រាប់ល្ពៅ ១ និងម្ជុល ១ បានទៅប្រជុំគ្នា ដើម្បីចែកការគ្នាធ្វើសព្វៗខ្លួន ។ ថូដីឥដ្ឋជាអ្នកទទួលចាត់ការនេះ ។ ថូនេះបានបង្គាប់ឲ្យឆ្នាំងខ្ទះដីទៅរកដងទឹក ឲ្យស្ពៃក្ដោបនាំគោញីទៅចម្ការ រុយនាំគោឈ្មោលទៅឲ្យស៊ីស្មៅ គ្រាប់ល្ពៅកិនគ្រាប់ស្រូវសាលី ហើយយកទៅបក់នឹងត្បាល់បក់ ម្ជុលត្រូវបោសច្រាស នៅចាំគេហដ្ឋាន ។ ថូដីឥដ្ឋដល់ ចែកការគ្រប់គ្នារួចស្រេច ក៏ឡើងទៅស្ថិតនៅលើទូថ្នាក់មួយ ហើយក៏អង្គុយស្ងៀម គិតជញ្ជឹងអំពីការដែលខ្លួនត្រូវធ្វើក្នុងថ្ងៃនេះ ។ឆ្នាំងខ្ទះដីបានយកក្អមទៅដងទឹក ។ តែឆ្នាំងខ្ទះដីឥដ្ឋនោះ ត្រូវទឹកខ្ទាតទៅលើក៏រលាយអស់គ្មានសល់ ។ ព្រោះហេតុដូច្នេះ គេហ-ដ្ឋានក៏គ្មានទឹកប្រើប្រាស់ទេ ។ ស្ពៃក្ដោបបាននាំគោញីទៅចម្ការ រុយនាំគោឈ្មោលទៅស៊ីស្មៅ ។ នៅតាមផ្លូវដែលទៅ គោញីដោយសេចក្ដីស្រេកឃ្លាន ក៏ស៊ីស្ពៃក្ដោបអស់ ។ វាសនានៃរុយត្រូវធ្លាក់កប់ក្នុងអាចម៍គោ ដោយខ្លួនហើរជិតគោឈ្មោលនោះពេក ។ ព្រោះហេតុដូច្នោះ គោញី និងគោឈ្មោលនោះ មិនបានវិលត្រឡប់មកកាន់គេហដ្ឋានវិញទេ។ កន្សោមគ្រាប់ល្ពៅបានទៅបក់ស្រូវឯត្បាល់បក់។ ដល់កន្សោមគ្រាប់ល្ពៅទៅដល់ទីនោះ   ស្រាប់តែវាយោបក់ទៅណាបាត់ ។ កន្សោមគ្រាប់ល្ពៅក៏មិនបានវិលត្រឡប់ទៅគេហដ្ឋានវិញ ។ ម្ជុលបានត្រាច់ដើររកអំបោស តែរកមិនឃើញ ។ រួចម្ជុលនោះរត់ចុះឡើង ក៏រមៀលទៅតាមចង្អូរទឹកបាត់ ។ ព្រោះហេតុដូច្នេះ គេហដ្ឋានក៏មិនបានបោសសំអាត ។ ថូដីនោះ ក៏ស្ថិតនៅអស់យូរកាលលើទូថ្នាក់នោះ មានចិត្តព្រួយបារម្ភជាខ្លាំង ដោយមិនឃើញទាសីដែលប្រើទៅ មិនបានឃើញវិលត្រឡប់មកគេហដ្ឋានវិញ ។ ថូដីក៏នឹកខ្លួនឯងថា "ពួកនេះជាពួកគ្មានសមត្ថភាពគ្រប់គ្រាន់ ត្រូវតែអញទៅមើលត្រួតត្រាខ្លួនឯង តើវាទៅទីណា កន្លែងណា ! ។ក្រោយដែលបានត្រិះរិះដូច្នេះ ថូដីឥដ្ឋក៏លោតពីលើទូមកក្រោម ដោយមិនបានគិតថា ខ្លួនធ្វើពីដីឥដ្ឋ ក៏បែកបាក់ខ្ទេចខ្ទីគ្មានសល់ ។ ព្រោះហេតុដូច្នេះ គ្មានអ្នកណាថែទាំងផ្ទះសម្បែងសោះឡើយ ។

គតិរឿង ៖មនុស្សល្ងង់គ្មានប្រាជ្ញា ខំរចនាការទាំងឡាយ 

        មិនបានសម្រេចងាយ វិនាសកាយខ្ចាយមរណា ។ 

        ធ្វើការមិនស្គាល់កាល  យល់ធ្ងន់ជាស្រាលតាមលក្ខណា

        មិនដឹងហេតុផលា អវិជ្ជាបានទោសភ័យ ។ 

                                                                                                                                                ប្រែពីភាសាបារាំង ដោយ រ៉ាយ ប៊ុក

(ចប់)

Flag Counter