រឿងព្រេងប្រទេសជប៉ុន អ្នកជួយសង្គ្រោះគេ

មានតាចាស់ម្នាក់ជាជាតិជប៉ុន សង់ផ្ទះនៅក្បែរមាត់សមុទ្រ គាត់ជាអ្នកដឹងពេលទឹកសមុទ្រជោរ ។ ថ្ងៃមួយ ជិតនឹងដល់ពេលទឹកសមុទ្រជោរ មានមនុស្សជាច្រើនរយនាក់នាំគ្នាចុះទៅរកចាប់ក្ដាមនៅមាត់សមុទ្រ បានទៅជួបនឹងតាចាស់នោះៗ ឃាត់ថា "អ្នករាល់គ្នាកុំចុះទៅ ដ្បិតទឹកសមុទ្រជិតជោរជន់ហើយ បើចេះតែចចេសទៅ មុខជាលង់ទឹកស្លាប់ទាំងអស់គ្នាមិនខាន" ។ អ្នកចាប់ក្ដាមទាំងនោះមិនព្រមស្ដាប់ ចេះតែនាំគ្នាចុះទៅចាប់ ។ ពេលនោះ តាចាស់យកភ្លើងដុតផ្ទះរបស់ខ្លួនឲ្យឆេះហុយផ្សែងទ្រលោម ហើយស្រែកហៅឲ្យគេជួយលត់ភ្លើង ។ អ្នកចាប់ក្ដាមទាំងអស់បានឮដូច្នោះ ក៏ក្រឡេកមើលមកក្រោយ ឃើញភ្លើងឆេះផ្ទះតាចាស់ ក៏នាំគ្នារត់មកជួយលត់ភ្លើង ។ ក្នុងវេលាដែលគេកំពុងតែរត់មកនោះ ស្រាប់តែទឹកសមុទ្រជោរមកដល់ប្រផុតៗ អ្នកទាំងនោះៗ រត់ស្ទើរតែមិនទាន់ ។ អ្នកចាប់ក្ដាម កាលជួយលត់ភ្លើងរលត់ហើយ   ក៏សួរតាចាស់ថា  "នែតា !  ហេតុអ្វីបានជាភ្លើងឆេះផ្ទះតា ?” ។ តាចាស់ប្រាប់ថា "ឥតហេតុអ្វីទេ ខ្ញុំដុតផ្ទះខ្ញុំ ដើម្បីឲ្យពួកអ្នករត់ត្រឡប់មកវិញ កុំឲ្យលង់ទឹកជំនន់ស្លាប់" ។ អ្នកចាប់ក្ដាមទាំងអស់បានដឹងថា ខ្លួនរួចរស់ជីវិតដោយសារតាចាស់ ក៏ត្រេកអរណាស់ នឹករលឹកគុណតាចាស់មិនភ្លេច ដោយឃើញថា តានេះជាមនុស្សមានចិត្តសប្បុរសល្អ ព្រោះតែគាត់ចង់ជួយសង្គ្រោះពួកយើង ទើបសុខចិត្តដុតផ្ទះរបស់ខ្លួនចោលមិនស្ដាយ ។ 

រឿងនេះបានគតិថា អ្នកដែលជួយសង្គ្រោះដោះទុក្ខធុរៈគេ ត្រូវតែជាអ្នករិះគិតឲ្យយ៉ាងល្អិតជ្រាលជ្រៅ ហើយប៉ិនប្រសប់ខាងការជួយគេឲ្យបានរួចពីទុក្ខភ័យផង កុំឲ្យខ្លួនមានទុក្ខទោសផង ។

                                                                                ឃុនបណ្ណានុរ័ក្ស ប៊ូ-ប៉ូ រៀបរៀងតាមសេចក្តីតំណាលរបស់លោក ហង់-គឹមសេង

(ចប់)

Flag Counter