រឿង ក្មេងកំព្រា

រឿងក្មេងកំព្រា
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤៨-១៥៨

    កាលពីព្រេងនាយ មានបុរសអ្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុចយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយនឹងកូនទាំងពីរ ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុចដដែល ។ វេលាដែលបុរសនោះទៅព្រៃ រកវល្លិផ្ដៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។

    ថ្ងៃមួយ កូនប្អូនមានសេចក្ដីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិផ្ដៅធ្វើជុចពេកណាស់ ព្រោះចង់ដឹងថា តើឪពុកធ្វើជុចយ៉ាងណា ខ្លួនមិនដែលឃើញសោះ ក៏និយាយប្រាប់ឪពុកថា «ឪ! ខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេ ខ្ញុំខ្លាចណាស់! សូមយកខ្ញុំទៅព្រៃជាមួយផង» ។ ឪពុកក៏ព្រមយកកូនប្អូនទៅជាមួយ ។ លុះទៅដល់ព្រៃឪ ពុកក៏ខំប្រឹងរកបោចវល្លិផ្ដៅបានហើយ យកមកពុះច្រៀកជាចម្រៀកតូច ៗ ល្មមនឹងធ្វើជាសរសៃជុច គាត់ក៏រែងធ្វើជាជុចទៅ ។ កូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសព្វ ៗថ្ងៃ មិនដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយ ព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះ គ្រាន់តែបានឃើញជុចជាប់ត្រីប៉ុណ្ណោះ ។ ឯកូនប្អូនដែលទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះ ក៏ខំពិនិត្យមើលឪពុកធ្វើជុច ចាប់តាំងពីកាន់កាំបិតយកទៅកាប់វល្លិផ្ដៅ រហូតដល់កើតជារាងជុច យកទៅដាក់ត្រី ជាប់បានត្រីហើយ យកត្រីមកដុតមកអាំង ចម្អិនជាចំណីអាហារ ។
    ជួនជាថ្ងៃមួយនោះ ឪពុកភ្លេចមិនបានយកដែកភ្លើងទៅ គ្មានអ្វីនឹងបង្កាត់ភ្លើង អាំងត្រីឲ្យកូនបរិភោគ ក៏ទៅកាប់ឫស្សីស្ងួតមួយកំណាត់ យកមកកូតនឹងគ្នាឲ្យទាល់តែក្ដៅ កើតជាភ្លើងឆេះបាន ហើយគាត់បង្កាត់អាំងត្រី ឲ្យកូនទាំងពីរនាក់បរិភោគចម្អែតផ្ទៃមួយពេលទៅ ។
    ចំណេរចេរកាលមកខាងក្រោយ ឪពុកមានជំងឺជាទម្ងន់ ស្លាប់ទៅ ។ កូនទាំងពីរនៅកំព្រារញង់ ឥតមេបានឹងចិញ្ចឹមបីបាច់ថែរក្សា រស់នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុក មិនយូរថ្ងៃខែប៉ុន្មានក៏អស់ទ្រព្យនោះទៅ ទើបប្អូននិយាយនឹងបងថា «ឱ បងអើយ! កាលពីដើមយើងបានឪពុកទំនុកបម្រុង រកស៊ីចិញ្ចឹមយើងទាំងពីរនាក់យើងឥតមានសេចក្ដីព្រួយលំបាកអ្វីឡើយ ចាំតែបរិភោគស្រាប់ ៗ ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយ ឯយើងទាំងពីរនាក់សោតទៀត ក៏មិនទាន់ពេញកម្លាំងល្មមនឹងរកស៊ីចិញ្ចឹមជីវិតបានដោយខ្លួនឯង ទាំងបងក៏នៅតូច ទាំងខ្ញុំក៏នៅតូចនឹងទៅរកស៊ីឈ្នួលជួលព័ទ្ធអ្នកជិតខាង ក្រែងគេមិនព្រមទទួល ពីព្រោះយើងជាមនុស្សកំព្រាអនាថា រកទីពឹងគ្មាន គេមិនហ៊ានឲ្យនៅជាមួយ គេមិនទុកចិត្តយើង ហេតុតែយើងគ្មានមេបាថែរក្សា បើដូច្នេះ តើបងគិតយ៉ាងណា ឲ្យបានរស់នៅជាមួយនឹងគេឯង បង! អង្ករយើង ថ្ងៃនេះនៅតែ ១ ទូកដៃ ល្មមតែល្ងាចនេះ ថ្ងៃស្អែកគ្មានអង្ករដាំបាយបរិភោគទេ, បង! ដើរសូមទានគេឬដូចម្ដេចហ៎ះ! ខ្ញុំមិនទៅសូមទេខ្មាសគេណាស់ ស៊ូតែពីស្លាប់» ។ បងសួរប្អូន «ម្ដេចក៏អូនថាយ៉ាងនេះ?» ។ ប្អូនឆ្លើយតបទៅនឹងបងថា «ខ្ញុំមានដៃពីរជើងពីរ គំនិតមារយាទ ដូចអ្នកទាំងពួងដែរ»។ «ឱ! ប្អូនឯងគិតយ៉ាងហ្នឹង? ពិតមែនតែមានដៃពីរជើងពីរ គំនិតមារយាទដូចអ្នកទាំងពួងមែនហើយ តែខ្លួនយើងនៅតូចណាស់ មិនអាចនឹងពុនរែក កាប់គាស់ លីសែងអ្វីបានឡើយ » ។ «ឱ! បងអើយ សត្វចាបវាដែលទៅពុនរែក លីសែងឯណាដែរឬ? ម្ដេចក៏វាចិញ្ចឹមកូនវារស់ ហើយកូនវាទៀត ធំឡើងរកស៊ីដូចមេវាទៀតបាន, ចុះបង ម្ដេចក៏មិនគិតដល់ការងាររបស់ឪពុកយើងផង?» ។ «ប្អូន! លាក់បាំងអ្វី! កាលពីខ្មោចឪយើងនៅរស់នៅឡើយ គាត់រកស៊ីចិញ្ចឹមយើងតែនឹងដាក់ជុច ប៉ុន្តែបងមិនដឹងថាគាត់ធ្វើជុច យកទៅដាក់ត្រីយ៉ាងណាទេ បងចាំតែឆ្អិនតែម្យ៉ាង ។ ម្យ៉ាងទៀតកាលគាត់យករបស់អ្វីមកធ្វើជុច ក៏បងមិនចាំ ហើយគាត់ធ្វើជុចនោះមានសណ្ឋានបែបណា ក៏បងមិនដឹងទាំងអស់ បើដូច្នោះ ឲ្យបងធ្វើដូចម្ដេចកើត ឃើញតែការសុំទានរកស៊ីឈ្នួលគេហ្នឹងហើយ ដូចជាស្រួលគ្រាន់បើ ប្អូន! ណ្ហើយចុះ! កាត់កេរ្តិ៍ខ្មាសសិនទៅចុះ ទម្រាំយើងធំល្មមរកស៊ីខ្លួនឯងបាន! ។ «ទេ! បង ខ្ញុំមិនទៅសូមទានឬស៊ីឈ្នួលគេទេ ខ្មាសគេណាស់ ពីព្រោះពូជយើងមិនដែលសុំទាន ឬស៊ីឈ្នួលគេបើទុកជាពីជីតាទួតលួតលាមក ធ្លាប់សុំទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើដូចជាសត្វតិរច្ឆានក៏ដោយ ខ្ញុំមិនព្រមប្រព្រឹត្តតាមបវេណីវង្សត្រកូលនោះដែរ នៃបង! ប្អូនគិតឃើញថា «កាលបើមានអ្នកសប្បុរសចិត្តល្អ ដាក់ទានឲ្យយើង ឬ ក៏បានទៅច្រកកោននឹងចៅហ្វាយនាយ យើងក៏បានស្រួលបន្តិចទៅ, តែបើប្រទះពារទៅលើអ្នកចិត្តតក់ម៉ក់អាក្រក់សម្លក់ភ្នែកស្លែ ដូចភ្នែកមៀម គំហកគំរាមយើងដូចសត្វតិរច្ឆាន តើយើងយកមុខទៅទុកឯណា? ម្យ៉ាងទៀត អ្នកចិត្តល្អក្ដី អ្នកចិត្តអាក្រក់ក្ដី កាលគេហុចរបស់មកឲ្យយើងដោយដៃគេ យើងយកដៃទៅទទួលទានគេ ចុះដៃជាដៃ ជើងជាជើងមាត់ជាមាត់ ដូចគ្នាទាំងអស់ ម្ដេចក៏ដៃគេគ្មានសំពះសុំអ្នកណា? មាត់គេមិនហានិយាយសុំអ្នកណា? អន់អ្វីតែដៃជើងមាត់យើងជាងគេម្ល៉េះ ? បងគិតមើលចុះ ប្អូនថាប៉ុណ្ណេះខុសឬត្រូវ?» ។ «បើដូច្នោះ ប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬ? »បងសួរទៅប្អូនវិញ ។ «អើ! មិនអីទេបង! ប្អូនចាំទាំងអស់ បងកុំព្រួយ! កុំគិតទៅសូមទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើ វាថោកខ្លួនណាស់ យើងនេះមិនមែនជាសត្វតិរច្ឆាន គេវាយឯកើតវាយឯលិចដូចសុនខពេកទេ ឪពុកគាត់ទុកកាំបិតព្រាឲ្យមួយដែរតើ! យើងទៅព្រួយអ្វី សព្វបើគ្រាន់ចិញ្ចឹមជីវិតមួយប៉ុណ្ណឹង ។ «អើ! បើយ៉ាងហ្នឹង ប្អូនគិតការងារឪពុកទៅចុះ ។
    ឯប្អូនជាក្មេងមានប្រាជ្ញា ក៏ប្រារព្ធធ្វើជុចកើត យកទៅដាក់ត្រីបានដូចបំណង ។ លុះថ្ងៃក្រោយកន្លងមកទៀត ប្អូនអង្គុយគិតតែម្នាក់ឯង មិនចេញវាចាប្រាប់បងសោះថា «ឪពុកអញ គាត់ចេះធ្វើជុចដាក់ត្រីប៉ុណ្ណោះ ឯសត្វឯទៀតៗ គាត់ដាក់ជុចមិនបានឃើញថា ប្រាជ្ញាគាត់នៅខ្សោយណាស់, បើដូច្នោះ អញរកឧបាយនឹងធ្វើជុចដាក់សត្វម្រឹគ មានសត្វជ្រូកព្រៃ ឈ្លូស រមាំងជាដើម ។ លុះគិតឃើញដូច្នោះហើយ ក៏និយាយប្រាប់បង «បង! យើងគិតទៅរកដាក់ជុចឯព្រៃវិញ ក្រែងបានជាប់ជ្រូកព្រៃ ឈ្លូស រមាំង ជាសត្វធំ ៗ មានសាច់ច្រើន» ។ បងក៏សុខចិត្តតាមប្អូនទាំងអស់ ព្រោះយល់ឃើញថា ប្អូនចេះចាំកិច្ចការរបស់ឪពុកពិតប្រាកដមែន, ហើយក៏បណ្ដើរគ្នាពីរនាក់បងប្អូន ចូលទៅក្នុងព្រៃស្រោងជាទីរហោស្ថាន ។ ទៅដល់ពាក់កណ្ដាលព្រៃ បងស្រេកទឹកយ៉ាងខ្លាំង ក៏និយាយប្រាប់ប្អូនថា «ប្អូន! បងស្រេកទឹកណាស់! រកទឹកឯណាផឹកបាន?» ។ ប្អូនឆ្លើយថា «កាលឪពុកយើងរស់នៅ បើដើរទៅទីណាដែលគ្មានទឹក គាត់តែងជីដីត្រង់កន្លែងណាសើមៗ យូរៗទៅ ចេញទឹកបាន, បើដូច្នេះ បងជីកលមើល!» ។ «ជីកឯណាកើត បើអស់កម្លាំងយ៉ាងនេះ» ។ «អើ! បើដូច្នោះ ចាំដើរទៅខាងមុខបន្តិចសិន ក្រែងជួនប្រទះទឹក» ។ ដើរបានបន្តិចទៅ ក៏ជួបប្រទះត្រពាំងមួយមានទឹកថ្លា ពាសពេញដោយផ្កាឈូកផ្លែឈូក បងប្អូនទាំងពីនាក់ ក៏នាំគ្នាងូតទឹក ផឹកទឹក បេះផ្លែឈូកស៊ីតាមសប្បាយហើយក៏ទៅសម្រាន្តនៅក្បែរមាត់ត្រពាំងនោះមួយស្របក់ ។ លុះមានកម្លាំងល្មមនឹងដើរទៅទៀតបាន ក៏នាំបងប្អូនដើរទៅ ទៅដល់ព្រៃធំមួយ ឈ្មោះព្រៃហិមពាន្ត មិនដែលមានមនុស្សណាទៅដល់សោះ បានឃើញពួកសត្វម្រឹគជាច្រើននៅអាស្រ័យក្នុងព្រៃនោះ ប្អូននិយាយនឹងបងថា «បង! យើងឈប់នៅក្នុងព្រៃនេះហើយ មើលទៅព្រៃនេះសម្បូណ៌សត្វម្រឹគីម្រឹគាណាស់, យើងគិតធ្វើជាធ្នះមួយនៅលើចុងឈើ ហើយខ្ញុំរកផ្ដៅមកធ្វើជុចដាក់សត្វទាំងនោះ យកមកធ្វើជាចំណីអាហារ» ។ ប្អូនធ្វើហើយ ឲ្យបងនៅអាស្រ័យលើធ្នះនោះទៅ ខ្លួនទៅរកបោចផ្ដៅ យកមកធ្វើជុចដាក់សត្វព្រៃ រៀបធ្វើជាចំណារចារជុំវិញព្រៃ ហើយទុកតែផ្លូវ១ ល្មមសត្វនោះដើរចូលបាន ដូចជាធ្វើកន្លែងដាក់ត្រីដែរ ។ ពេលនោះ មានជ្រូកព្រៃមួយដើរសំដៅពីនាយមក ហាក់ដូចជាគ្មានកោតក្រែងដល់អ្វីសោះ ដើរមកតាមចន្លោះផ្លូវដែលកុមារនោះចារ ទៅដល់ត្រង់កន្លែងដាក់ជុច ក៏ស្រាប់តែជាប់ក្នុងជុចកុមារ ។ ជ្រូកនោះខំបម្រះននៀលរើយ៉ាងណាក៏មិនរួច ជុចរឹតរួតជ្រូកព្រៃនោះយ៉ាងតឹង ស្ទើរតែដកដង្ហើមមិនរួច ។ មិនយូរប៉ុន្មានជ្រូកនោះក៏ដាច់ខ្យល់ស្លាប់ទៅ ។ កុមារទាំងពីរ ឃើញជ្រូកព្រៃជាប់ជុចស្លាប់ដូច្នោះហើយ ក៏ត្រេកអរពេកណាស់ នាំគ្នាដោះអូសចេញពីជុច គិតយកមកអាំងឆ្អើរ ធ្វើជាអាហារបរិភោគ ។ ជួនជាវេលានោះ ដែកភ្លើងដែលដាក់ក្នុងហោប៉ៅអាវបង ក៏អស់ប្រឆេះរលីង គ្មានអ្វីធ្វើភ្លើងនឹងបង្កាត់អាំងឆ្អើរជ្រូក, បងទាល់គំនិត មិនដឹងគិតធ្វើយ៉ាងណា ។ ឯប្អូនជាក្មេងមានគំនិត បានដឹងជាក់ប្រាកដពីកាលឪពុកនៅ នាំទៅព្រៃ បើគ្មានភ្លើងបង្កាត់ចម្អិនអ្វីៗ គាត់តែងទៅកាប់ឫស្សីស្ងួតមកកួតគ្នា ឲ្យកើតជាភ្លើង ដុតអាំងបានតាមប្រាថ្នា ហើយបានចាំទុកក្នុងចិត្តរួចស្រេច ។ វេលានោះ ប្អូននិយាយប្រាប់បងថា «កាលពីឪពុកយើងគាត់នៅ បើគាត់ទៅព្រៃគ្មានភ្លើងដុតអាំងអ្វីៗ គាត់កាប់ឫស្សីយកមកកួតគ្នា ឲ្យកើតជាភ្លើងបាន, បើដូច្នោះ បងទៅចាំសត្វក្នុងទីនេះចុះ ខ្ញុំទៅរកកាប់ឫស្សីស្ងួតយកមកកួតធ្វើភ្លើងអាំង» ថាតែប៉ុណ្ណេះហើយ ក៏ទៅរកកាប់ឫស្សីបានយកមក ធ្វើតាមតម្រាឪពុកកើតមែន អាំងឆ្អើរជ្រូកនោះទៅតាមបំណង ឆ្អិនបានបរិភោគក្នុងវេលានោះទៅ ។ កុមារទាំងពីរនៅអាស្រ័យក្នុងព្រៃនោះអស់កាលជាយូរបានសេចក្ដីសុខសប្បាយ រកស៊ីតែនឹងដាក់ជុចសត្វព្រៃប៉ុណ្ណោះ ។ ពួកសត្វដែលដើរមកជាប់ជុចកុមារទាំងពីរនោះ តាំងតែពីសត្វជ្រូកព្រៃ រមាំង ឈ្លូស រហូតដល់ដំរី ។ រាត្រីមួយ កុមារប្អូនបានឃើញដំរីស្ដមួយយ៉ាងធំ ដើរក្បែរធ្នះនោះ ក៏មានបំណងចង់ស៊ីសាច់ដំរី ទើបនិយាយប្រាប់បងថា «ខ្ញុំចង់ស៊ីសាច់ដំរីណាស់ ត្បិតមានដំរីស្ដមួយយ៉ាងធំធាត់ ដើរមកក្បែរធ្នះយើងរាល់រាត្រី ខ្ញុំគិតដាក់ជុចយកដំរីនេះឲ្យបាន» ។ បងនិយាយឃាត់ថា «ណ្ហើយប្អូន កុំ!ដំរីនេះធំណាស់ ប្អូនដាក់វាមិនជាប់ទេ ឬថា ប្រសិនជាវាដើរមកជាប់ជុចប្អូនហើយ វាបម្រះត្រដររួចទៅនោះ វាខឹង, កាលបើវាខឹងហើយ ថ្ងៃក្រោយវាមកព្រេចធ្នះយើង, ល្អិតល្អោចខ្ទេចខ្ទី ហើយវាជាន់សម្លាប់យើង ស៊ីជាចំណីអាហារ ពុំលែងឡើយ» ។ «ទេ មិនអីទេបង កុំព្រួយ! នៅឲ្យតែស្ងៀមទៅចុះ ចាំមើលខ្ញុំធ្វើជុចដាក់ដំរីនេះឲ្យទាល់តែបាន » ។ ប្អូនថាដូច្នោះហើយ ក៏រកកាប់ផ្ដៅក្រែកយ៉ាងធំៗ យកមករែងធ្វើជុច ដាក់ត្រង់កន្លែងដែលដំរីគោចរ ។
    ឯដំរីដែលដើរមកសព្វរាត្រី ឥតមានគិតក្រែងអ្វីសោះឡើយ ដោយគិតថា «ព្រៃនេះ ស្រេចលើអញហើយ គ្មានអ្នកណាជាចម្បងលើអញទៀតទេ» ក៏ដើរតម្រង់ត្រង់មកកន្លែងដែលកុមារដាក់ជុច ស្រាប់តែចូលទៅក្នុងជុច ជាប់ខ្លួនចង្អៀតណែនក្ដន់ ខំបម្រះននៀលស្រែករោទ៍រំពងព្រៃធំយ៉ាងណា ក៏មិនរួច, មិនយូរប៉ុន្មានដាច់ខ្យល់ស្លាប់ទៅ ។
    កុមារទាំងពីរនាក់ បានឃើញដំរីជាប់ជុចស្លាប់ហើយ បបួលបងប្អូនបំពក់ភ្លើងភ្នក់យ៉ាងធំ ដុតឆ្អើរដំរី ។ វេលានោះ ក្លិនឈ្ងុយសាច់ដំរី ក៏ផ្សាយរហូតភពជាទីអាស្រ័យនៃយក្ស ដែលមានអំណាចគ្របសង្កត់ពួកយក្សឯទៀតៗ ។ យក្សនោះលាន់មាត់ថា ថ្ងៃនេះធុំក្លិនអ្វី ក៏ឈ្ងុយឈ្ងប់ម្ល៉េះ? មានអ្នកណាឆ្អើរសាច់ឯណាអេះ? បើដូច្នេះ អញនឹងទៅរកមើល ក្រែងបានមួយចម្អែត ពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់ ហើយដោយស្មានទៅប្រហែលជាច្រើនផង បានជាធុំក្លិនផ្សាយមកដល់ទីអញយ៉ាងនេះអញទៅគំរាមយកស៊ីទាំងអស់ កុំឲ្យអ្នកឆ្អើរនេះនោះវាបានស៊ី » គិតដូច្នេះហើយ ក៏ចាប់យកដំបងពេជ្រ គ្រវីហោះឡើងលើអាកាសវេហា ងាកមើលចុះឡើង ឃើញផ្សេងហុយៗ ត្រង់ព្រៃធំ ក៏ហោះចុះសំដៅទៅត្រង់កន្លែងផ្សែងនោះ ក្រឡេកមើលទៅឃើញក្មេងតូចពីរនាក់កំពុងឆ្អើរដំរី, គិតថា «ថ្ងៃនេះ ពេញជាមហាលាភហើយ បានទាំងចំណី បានទាំងម្ចាស់, បើដូច្នេះ តើអញនឹងស៊ីដំរីមុន ឬស៊ីក្មេងមុនអេះ? បើស៊ីដំរីមុន ក្រែងក្មេងនេះវាភ័យនឹងអញ រត់ពួនបាត់ទៅ ឥឡូវនឹងស៊ីក្មេង គ្មានអ្វីគ្រាន់ធ្វើជាបង្អែម សម្រាប់លាងមាត់ខាងក្រោយ» ។ នៅទីបំផុតនោះ យក្សសម្រេចចិត្តថា «ណ្ហើយ! អញស៊ីដំរីមុនចុះ ទុកក្មេងស៊ីក្រោយជាបង្អែមវិញ ទើបជ្រះមាត់ស្រួល, ក្មេងនេះ វាមិនមែនរត់ពួនទៅឯណាឡើយ ទុកជាវារត់ពួនកន្លែងណាក៏មិនកំបាំងនឹងភ្នែកអញដែរ, វាមកពីស្រុកភូមិរបស់មនុស្សលោក ចូលមកដល់ព្រៃនេះម្ល៉េះហើយ វារត់ទៅណានឹងរួច» ទើបយក្សចូលទៅគំរាមកុមារដែលកំពុងឆ្អើរដំរីនោះថា « វ៉ីអាក្មេងច្រមក់! អាឯងមកពីណា? ដើរចេញឲ្យឆាប់» ។ កុមារទាំងពីរដើរចេញពីទីនោះទៅ ។
    ប៉ុន្តែ កុមារបងមានសេចក្ដីភិតភ័យតក្កមា ព្រោះខ្លួនស្គាល់ច្បាស់ជាយក្សហើយ បានដឹងប្រាកដអំពីសម្នាក់ចាស់ៗ គេនិយាយប្រាប់ថា «យក្សខ្លួនធំ មានចង្កូមពីរ សម្រាប់ស៊ីមនុស្សលោក» តែមិនចេញវាជាប្រាប់ប្អូនឡើយ ។ ចំណែកខាងកុមារប្អូនគិតថា «មនុស្សនេះមកពីណា រូបរាងធំគម្រាំង ធ្មេញធំៗ សស្ងាចប៉ុនៗចបកាប់ ភ្នែកឡើងក្រឡោតៗ ក្រហមត្លែត ដូចភ្នែកអាអូត ស្បែកមុខឡើងគគ្រីតគគ្រាត ដូចស្បែកគីង្គក់ ដងខ្លួនដូចក្របីដេកភក់ សំឡេងឮគ្រក់ៗ ដូចជាទឹកដក់ក្នុងរន្ធឈើ ដុះពុកមាត់ ពុកចង្កាស្រមេមស្រមាម ដូចបីសាចរាជភូត, អានេះប្រហែលជាមិនខ្លាចកោតញញើតចិត្តអញទេ បានជាហ៊ានមកនិយាយកំហែងអញដូច្នេះ មិនអីទេ! អាឯងព្រហើនហ៊ានស៊ីដំរី» ។ កុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មាន ទៅឈរមើលយក្សស៊ីដំរី តែក្នុងចិត្តនឹកក្នាញ់ពេកណាស់ មិនទាន់ចេញស្ដី ថាដូចម្ដេចៗឡើយ គ្រាន់តែនឹកក្នុងពោះប៉ុណ្ណោះ ។ ពេលនោះយក្សសួរថា «នែអាក្មេង! អាឯងធ្វើដូចម្ដេច បានជាបានដំរីនេះយកមកឆ្អើរ?» ។ ពេលនោះកុមារតូចបានឱកាស ក៏ឆ្លើយតបទៅយក្សវិញថា «ពូឯងសួរចង់ដឹងអ្វី? គិតតែបរិភោគទៅចុះ! កុំចាំបាច់ដឹងហេតុការណ៍អ្វីឡើយ» ។ «យើ! អាច្រមក់! ប្រាប់ឲ្យឆាប់ៗ អញស៊ីអាឯងឥឡូវនេះហើយ» យក្សសួរគំរាមកុមារតូច ។ «អើ! ដំរីនេះ វាដើរមកជាប់ជុចខ្ញុំ» កុមារឆ្លើយតបនឹងយក្ស ។ «យីអើ! អាឯងធ្វើជុចដូចម្ដេចក៏ដាក់ដំរីបាន អាឯងនិយាយកុហកទេឬ? ក្រែងដំរីវាស្លាប់ខ្លួនវាទេដឹង? ហើយអាឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅ មើលអាឯងនិយាយឲ្យត្រង់ តែកុហក អញស៊ីឯងទៀត ឥឡូវនេះមិនខាន» ។ «ខ្ញុំមិនចេះនិយាយកុហកទេ, ពូឯងមើលចុះ ! ជុចខ្ញុំនៅឯណោះហ្ន» ។ «ប្រាកដជាអាឯងដាក់ជុចដំរីនេះបានមែន?» យក្សសួរសង្កត់សង្កិនកុមារ ។ «មែន» កុមារឆ្លើយតបយ៉ាងយកជុចមកហើយប្រាប់យក្សថា «ពូឯងចងដឹង ចូលទៅក្នុងជុចខ្ញុំលងមើល!» ។ ដោយហេតុតែការមើលងាយថា «សត្វបើជុចសរសៃរ៉ើងៗប៉ុណ្ណោះ អញគ្រាន់តែកម្រើក ក៏ដាច់ខ្ទេចខ្ទីដែរ» ថាហើយក៏ត្បុរក្បាលចូលទៅក្នុងជុច ផុតដៃផុតជើងទាំងអស់ ស្រាប់តែជុចរឹតរួតតឹងខ្លួនដូចគេចាក់ស្រែះ បម្រះននៀលបាក់ឈើព្រៃល្អិតល្អោច ស្រែកទ្រហោរំពងព្រៃ រឹទ្ធិយក្សដែលធ្លាប់ពូកែយ៉ាងណា ក៏ប្រមូលយកមកអស់ ថែមទាំងនឹកសូធ្យមន្តរបៀនសិល្បសាស្ត្រ ដែលធ្លាប់ចេះធ្លាប់រៀនមកប៉ុន្មាន ក៏នៅតែរើមិនរួចពីជុចនោះ រឹតតែតឹងឡើងៗ ស្ទើរនឹងដាច់ខ្យល់រកតែស្ដីនិយាយស្ទើរតែមិនរួច ។ យក្សទើបដឹងថា «ជុចក្មេងនេះ ពូកែមែន បើអញមិននិយាយអង្វរឲ្យវាស្រាយជុចនេះចេញទេនឹងស្លាប់អសារឥតការមិនខាន» ទើបនិយាយអង្វរកុមារថា «ឱលោកអើយ! កាលពីដើម ខ្ញុំមើលងាយជុចលោកដោយ គិតឃើញថា មើលទៅមិនល្មមនឹងកម្លាំងខ្ញុំសោះ ហេតុតែសេចក្ដីមើលងាយនេះហើយ បានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះ ហេតុនេះ សូមលោកអាណិតខ្ញុំម្ដងទៅចុះខុសម្ដងឆ្គងមួយថ្ងៃ សូមលោកអធ្យាស្រ័យឲ្យតែរស់ជីវិត កុំឲ្យតែខ្ញុំស្លាប់» ។
    ឯកុមារ បានឃើញយក្សបម្រះននៀលមិនរួចអំពីជុចរបស់ខ្លួនហើយ ថែមទាំងឮនិយាយអង្វរទៀត កាំបិតនៅដៃ និយាយតទៅនឹងយក្សវិញថា «ម៉េចអាឯងជឿអញទេ? ឥឡូវ មកធ្វើជានិយាយអង្វរ, ឯសាច់ដំរីអញ ឯងស៊ីអស់ ហើយគិតនឹងស៊ីអញទៀត អាឯងថ្លើមធំណាស់ អញមិនយកអង្វរអាឯងទេ, ល្ងាចនេះ អញគ្មានអ្វីស៊ីសោះ ម្ដងនេះអញស៊ីថ្លើមអាឯងហើយ ចុះមកបង! ទៅរកកាប់ឫស្សីមកធ្វើត្រណោត ដោតថ្លើមអាខូចនេះអាំងស៊ី» ។ បងក៏ចុះពីធ្នះមកទាំងភ័យញញីញញ័រដល់មកជិតប្អូនឃើញយក្សគួរសម្បើម ក៏រឹងរឹតតែញាប់ញ័រ ។ ប្អូននិយាយថា «ឈប់បង! កុំញ័រចង់ស៊ីសាច់វាពេក ឈប់សិន! ចាំឆ្អិនសិន, ហ៎ះ! ញ័រចង់អ្វីទៀតហើយ! កុំញ័រអ្វីពេក ហើយស៊ីឆៅមិនឆ្ងាញ់ទេ ហើមពោះពុងណា៎បង!» ។ យក្សឮសម្ដីកុមារនិយាយនឹងបងដូច្នោះហើយ រឹងរឹតតែភិតភ័យស្លុតព្រលឹង ហើយនិយាយអង្វរកុមារទៀតថា «ឱលោកម្ចាស់ថ្លៃអើយ! សូមលោកអាណិតខ្ញុំ យកតែបុណ្យម្ដងទៅចុះ, ខ្ញុំនឹងជូនកន្លែងបក់កន្សែងបោយមួយ ឲ្យតែលោកលែងខ្ញុំឲ្យបានរស់មានជីវិត, ត្បិតខ្ញុំជាស្ដេចយក្ស គ្រប់គ្រងអាណាប្រជានុរាស្ត្រ បើលោកឲ្យខ្ញុំស្លាប់ទៅសមជាស្រុកទេសរបស់ខ្ញុំអន្តរធានមិនខាន ទាំងកូនប្រពន្ធខ្ញុំ ក៏ពុំមានទីពឹង» ។ កុមារប្អូនសួរបញ្ជាក់យក្សថា «ចុះឯងឲ្យកន្សែងបក់កន្លែងបោយដល់យើង កន្លែងនោះ បើបក់បោយទៅ អាចឲ្យសម្រេចប្រយោជន៍ដូចម្ដេចខ្លះ?» ។ «តាមតែលោកចង់បានអ្វី បក់មក បានតាមប្រាថ្នា បើចង់ឲ្យបាត់ទៅវិញ គ្រាន់តែបោយថា ទៅវិញចុះ ក៏ស្រាប់តែបាត់អស់រលីង» ។ «ប្រាកដជាឯងឲ្យយើងមែនឬ?» ។ «មែន» ។ «ក្រែងកុហកអញទេដឹង?» ។ «មិនកុហកទេលោក» ។ «បើកុហក តើឲ្យយើងធ្វើដូចម្ដេច? យើងមិនទុកចិត្តទេ ពីព្រោះឯងជាស្ដេចសោយរាជ្យ ក្រែងរួចពីកណ្ដាប់ដៃយើងទៅ បបួលរេហ៍ពលមកច្បាំងនឹងយើងវិញ? បង! យកកាំបិតមកពន្លះសាច់វា អាំងស៊ីសម្រន់សេចក្ដីឃ្លាន១ស្របក់ សិន» ។ បងនោះនៅតែមិនទាន់បាត់ភ័យនឹងយក្ស ។ យក្សឮកុមារតូចឲ្យបងយកកាំបិត មកពន្លះសាច់ខ្លួនដូច្នោះ ក៏ញាប់ញ័រស្ទើរបាត់ស្មារតី ហើយនិយាយអង្វរកុមារនោះទៀតថា «សូមលោកទុកតែជីវិតឲ្យចុះ ខ្ញុំនឹងប្រគល់រាជ្យទាំងអស់ព្រមទាំងស្រុកសួយទាំងអម្បាលម៉ាន ជូនលោកទៀត ខ្ញុំសូមរួចតែខ្លួននឹងភរិយាបុត្រីបុត្រា ហើយនៅធ្វើជាសេនារក្សាលោកទៀត » ។ កុមារប្អូនក៏សួរបញ្ជាក់យក្សថា «បើឯងនិយាយទៀតត្រង់មែន ណ្ហើយ! យើងអត់ទោសឲ្យបាន, តែយើងមិនដឹងជាឯងស្ដេចសោយរាជ្យនៅនគរណា ចុះធ្វើម្ដេចឲ្យយើងទៅតាមយកនគរឯងបាន? » ។ «ឱលោក មិនសល់ក្រអ្វីនឹងអញ្ជើញទៅឯនគរខ្ញុំនោះទេ ឲ្យតែលោកលែងខ្ញុំចុះ ខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតដល់ទៅនគរខ្ញុំឯណោះ » ។ «ឯងធ្វើតម្រុយបែបណា?» ។ ខ្ញុំកាច់មែកឈើស្រស់បោះ ហែៗ តាមផ្លូវទៅកាលបើលោកអញ្ជើញទៅ សូមទៅតាមមែកឈើដែលខ្ញុំកាច់បោះនេះចុះ »។ កុមារទាំងពីរក៏ព្រមដោះយកចេញពីជុច ។ ឯយក្សបានរួចខ្លួនពីជុចហើយ ក៏ក្រាបថ្វាយបង្គំកុមារទាំងពីរ ដើរទៅនគរខ្លួនវិញ ហើយកាច់មែកឈើជាតម្រុយ ដើម្បីជាទីសម្គាល់ដល់កុមារទាំងពីរប្រាណ ឥតមានកុហកភូតភរអ្វីឡើយ លុះដល់ទៅនគរហើយចូលទៅនិយាយប្រាប់ពួកពលសេនាយោធាទាហាន ដែលនៅចាំក្លោងទ្វារទាំង ៧ ជាន់ថា «នែវ៉ឺយ! ថ្ងៃស្អែកនេះមានក្មេងតូចៗ ពីរនាក់ ជាក្មេងមនុស្សលោក មកដណ្ដើមរាជ្យអញ បើឯងឃើញវាមកហើយ ត្រូវឃាត់កុំឲ្យវាចូល តែកុំធ្វើទុកបុកម្នេញវាឡើយ គ្រាន់តែស្រែកឃាត់ប៉ុណ្ណោះបានហើយ ពីព្រោះក្មេងនោះពូកែណាស់ អម្បាលអញដែលមានរឹទ្ធិ មានអំណាចច្បាំងដណ្ដើមយកនគរឯទៀតៗ បានមកធ្វើជាប្រទេសរាជទាំងប៉ុន្មាន ក៏វាដាក់ជុចអញជាប់ស្ទើរតែនឹងស្លាប់អសារឥតការ, តែពួកឯងរាល់គ្នាឃាត់វាល្បងមើលសិនចុះបើវាមិនខ្លាចទេ បើកផ្លូវឲ្យវាចូលមកចុះ» ។ យក្សបានប្រាប់គ្រប់សេនាអ្នកចាំក្លោងទ្វារទាំង៧ ជាន់សព្វគ្រប់ហើយ ក៏ចូលទៅក្នុងប្រាសាទ សម្ងំដេកលក់ ស្រមុកកក្រើកប្រឹថពី ។ ឯកុមារបងប្អូនទាំងពីរនាក់ ក៏បណ្ដើរគ្នាទៅនគរយក្សតាមតម្រុយមែកឈើ លុះបានទៅដល់ហើយក៏ជួបប្រទះនឹងពួកកងទ័ពមួយកង ដែលនៅចាំក្លោងទ្វារទី ៧ នោះកុមារបង កាលបានឃើញយក្សច្រើនដល់ម្ល៉ោះ ក៏ភ័យញាប់ញ័រស្ទើរនឹងបាត់ស្មារតី, ប្អូននិយាយកម្លាបងឡើងថា «នែបង កុំញ័រចង់ពេក! ឈប់! កុំអាលចង់ចាប់កាប់ធ្វើបាបវា ឈប់ៗ កុំៗ យើបង! ស្ទើរតែឃាត់មិនឈ្នះណ្ហើយ កុំញ័រចង់ពេក វាខ្លាចបងឯងហើយ» ។ ពួកទាហាន យក្សបានឮកុមារនិយាយដូច្នោះ ក៏ខ្លាចរួញខ្លួន ឥតហ៊ានមាត់កអ្វីសោះ បើកផ្លូវឲ្យកុមារទៅដោយស្រួយរហូតដល់ទៅទ្វារក្នុងគម្រប់៧ជាន់ យក្សខ្លាចទាំងអស់ ។ ទើបនាំបងប្អូនឡើងទៅលើប្រាសាទយក្ស ឃើញយក្សកំពុងដេកស្រមុកខ្ទ័រប្រាសាទ ឃើញពួកស្រីស្នំកំពុងតែអង្គុយបក់ខាងស្ដាំមួយរយ ខាងឆ្វេងមួយរយ ។ ឯបងឃើញយក្សច្រើនសម្បើមណាស់ពេក ក៏ភ័យស្លុតស្មារតី ប្អូនស្រែកហៅយក្សថា «នែ! អានេះក្រោកឡើង ! អញមកដល់ហើយដេកដល់ណាទៀត» ។ យក្សឮសំឡេងកុមារតូចស្រែកហៅខ្លួន ដែលកំពុងដេកលក់ដូច្នោះ ក៏ភ្ញាក់ដឹងខ្លួនឡើង ក្រឡេកមើលទៅ ស្គាល់ជាក់ជាកុមារម្ចាស់ជុច ក៏ភិតភ័យមហិមា ស្ទុះមកម្នីម្នាក្រាបថ្វាយបង្គំកុមារតូចទាំងពីរ ហើយប្រាប់ពួកស្រីស្នំដែលកំពុងអង្គុយគាល់ ប្រើអមាត្យឲ្យហៅពួកសេនាបតី នាហ្មឺនមុខមន្ត្រី ព្រាហ្មណ៍ព្រឹទ្ធ បុរោហិត បណ្ឌិតកវី ឲ្យចូលមកក្នុងបុរីយ៉ាងឆាប់វៃៗ ។ លុះពួករាជសេវកាមាត្យមកជួបជុំគ្នាសព្វគ្រប់ហើយ យក្សស្រែកប្រកាសថា «អ្នករាល់គ្នាចូរក្រាបថ្វាយបង្គំស្ដេចមនុស្សទាំងពីរនាក់នេះ ហើយត្រូវគោរពកោតខ្លាចយកចិត្តទុកដាក់ឲ្យដូចជាខ្លួនអញ ត្បិតអញប្រគល់រាជ្យ ឲ្យស្ដេចមនុស្សលោកនេះសោយហើយ ។ អញសូមរួចតែខ្លួនប៉ុណ្ណោះទេ, ឯអ្នកទាំងអស់ត្រូវនៅជ្រកក្រោមម្លប់បុណ្យស្ដេចមនុស្សលោកនេះចុះ» ។ ពួករាជសេវកាមាត្យទាំងអស់ ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នា ឥតមាននរណាមួយហ៊ាននិយាយថាដូចម្ដេចឡើយ ។
    យក្សក៏បានរៀបពិធីអភិសេកជាឯកមង្គល ប្រជុំពួកពលយោធាជាអនេកប្រការ ហើយប្រគល់ធីតារបស់ខ្លួនឲ្យជាមហេសី ។ ប៉ុន្តែកុមារប្អូនមិនសោយរាជ្យខ្លួនឯងទេ ឲ្យបងសោយរាជ្យវិញ ព្រោះយល់ឃើញថា បងបានចិញ្ចឹមបីបាច់ថែរក្សាខ្លួន ។ កុមារទាំងពីរ សឹងនៅជាសុខសប្បាយក្នុងនគរយក្សនោះ រហូតអវសានកាលទៅហោង ។

គិតគ្រប់សព្វដោយផ្លូវ ក្ដីចន្លោះកុំបីមាន


១- ស្រង់ពីកម្ពុជសុរិយា លេខ១ ទំព័រ ២៨ ឆ្នាំ ១៩៥០ (ម ៥២,២២) រៀបរៀងដោយឃុន បុរីរក្សបរិភ័ណ្ឌ ឈឹម-ណាក

Flag Counter