រឿងអ្នកតាក្នុងវត្តស្រងែ (គ្មានឈ្មោះ) ខេត្តកំពង់ធំ

ព្រះពុទ្ធសករាជ ២៤៨៧

            ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ វត្តស្រងែ ថ្ងៃ៨រោច ខែ៦ ឆ្នាំវក ឆស័ក ត្រូវនឹងថ្ងៃ១៥ ឆ្នាំ១៩៤៦។ ចៅឣធិការខ្ញុំព្រះករុណាឱនកាយថ្វាយបង្គំព្រះតេជគណ:ព្រះវិន័យស្តីទីមេគណវត្តកំពង់ សូមទានជ្រាប សូមតបតាមលទ្ធិទំនៀមខ្មែរតាំងឣំពីខ្មោចឣារក្ស បិសាច មេមត់ ម្តាយដើម ជួរចំបួរ មេបា ព្រាយ ឣាប ធ្មប ម្រេញគង្វាល ឣ្នកតា ទេព្រក្ស សច្ចំ បង់បត់ បារមី ត្រូវជា១៦។

១- ឣធិប្បាយ ឣំពីខ្មោចដែលថាខ្មោចនោះ មានផលប្រយោជន៍ដល់យើងជាកូនចៅសាច់សន្ដានត្រង់សេចក្តីឣធិប្បាយថា មានផលប្រយោជន៍នោះ ព្រោះដល់រដូវចូលឆ្នាំឬចូលព្រះវស្សា ចំណែកកូនចៅឬសាច់សាលោហិតជាជិតហើយបបួលបងប្អូនទាំងប៉ុន្មានប្រជុំគ្នាធ្វើបុណ្យឬដារបង្សុកូលឧទ្ទិសមគ្គផល ដល់ផ្សាយទៅដល់ខ្មោច មាតាបិតាឬជីដូនជីតាដែលឣនិច្ចកម្មទៅ។

២- ឣធិប្បាយឣំពីឣ្នកតានៅក្នុងវត្ត គ្មានរូបរាងមានតែដុំថ្មមូល ហើយធ្វើខ្ទមដាក់ជាសម្គាល់ពីកន្លែងឣ្នកតានោះ។ ដល់ចូលឆ្នាំថ្មីពួកឣ្នកស្រុកប្រមូលគ្នាធ្វើបុណ្យសូមសេចក្តីសុខ ឯតង្វាយដែលថ្វាយនៅលើខ្ទមនោះ គឺមានស្លាធម៌ ១គូ បាយសី ១គូ និងគ្រឿងសម្ភារ:ផ្សេងៗ។ ចំណែកខាងដីមានធ្វើភ្នំខ្សាច់ហើយធ្វើរាជវ័តិ មានរានទិសមួយច្រម៨ ហើយឣ្នកស្រុកប្រជុំគ្នារៀបរបៀបចំណី មានបង្អែមមួយស្ពក ចម្អាបមួយស្ពកតម្កល់ដាក់លើខ្ទម ហើយនាំគ្នានិយាយបួងសួងហៅឣ្នកតាមកពិសា ព្រឹកឡើងនិមន្តលោកសូត្រដាររាប់បាតឆ្លងសម្រេចបុណ្យក្នុងពេលនោះ ។

Flag Counter