រឿង បុរស៤នាក់ រៀនសិល្ប៤បែប

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៩ - ១១
           
            -ម្នាក់រៀនធ្វើឲ្យកើតជារូបមនុស្ស;
            -ម្នាក់រៀនធ្វើឲ្យមានអវយវៈ;
            -ម្នាក់រៀនធ្វើឲ្យមានសាច់ឈាមពណ៌សម្បុរ ;
            -ម្នាក់រៀនធ្វើឲ្យមានជីវិតចេះនិយាយស្ដី ។
    មាននិទានមួយថា : មានបុរស ៤ នាក់ ទៅស្វែងរករៀនសិល្បសាស្ត្រឯតក្កសិលាមហានគរ, លុះរៀនបានចេះចប់សព្វគ្រប់ហើយ ក៏លាលោកគ្រូអាចារ្យត្រលប់មកស្រុកវិញ, កាលមកដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់សម្រាកនៅទីមួយក្នុងព្រៃ ទីនោះមានខ្លាកាចសាហាវជាច្រើននឹងដេកមិនលក់សោះ ។ បុរសទាំង ៤ នាក់នោះគិតគ្នាថា “គួរតែយើងយកឈើមកធ្វើជារូបស្ត្រីម្នាក់ ឲ្យដេកកំដរយើង” ។ លុះគិតព្រមព្រៀងគ្នាហើយ បុរសម្នាក់យកឈើមកធ្វើជារូបរាងខ្លួនប្រាណ បុរសម្នាក់ឆ្លាក់រចនាសម្រេចជារូបអង្គឲ្យល្អល្អះ ត្រចះត្រចង់សព្វសព៌ាង្គកាយ មានទាំងកេរ្តិ៍ខ្មាសផង, បុរសម្នាក់សូត្រសែកមន្តឧបទេស បន្ទន់សាច់ឲ្យមានពណ៌សម្បុរល្អិតល្អ ព្រមទាំងឲ្យមានសំលៀកបំពាក់ដណ្ដប់ស្បៃ វិស័យជាមនុស្សពិត ៗ, បុរសម្នាក់សូត្រសែកមន្តវិសេសឧបទេសជបឲ្យរសជាមនុស្សចេះនិយាយស្ដី ។

    កាលបុរសទាំង ៤ នាក់យកឈើមកធ្វើឲ្យកើតជារូបមនុស្សស្ត្រីបានស្រេចហើយ ក៏ដណ្ដើមគ្នាយកស្ត្រីនោះធ្វើជាភរិយាតែរៀងខ្លួន ប្រកែកគ្នាទៅវិញទៅមក គ្មានអ្នកណាជំនុំជម្រះសម្រេចឲ្យសោះ ទើបនាំគ្នាទៅប្ដឹងចៅក្រមតាមដំណើរទីទៃ ៗ ។ ឯចៅក្រមជំនុំជម្រះឲ្យដោយនូវគន្លងធម៌ពុំបានក៏នាំបុរសទាំង ៤ នាក់នោះ ឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរគ្រប់ប្រការ ។ បុរសទាំង ៤ នាក់ក្រាបទូលសួរថា “សូមទ្រង់ព្រះមេត្តាប្រោស, បើសេចក្ដីដូច្នេះ តើស្រីនេះគួរបានជាប្រពន្ធអ្នកណា ? ” ។
    ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ស្រេចហើយ ទ្រង់មានព្រះបន្ទូលថា “បុរសដែលយកឈើមកធ្វើជារូបរាងសាងឡើងជាអង្គនោះត្រូវបានជាម្ដាយ, បុរសដែលឆ្លាក់សម្រេចរូបអង្គផ្ចិតផ្ចង់គ្រប់ប្រការឲ្យល្អល្អះសព្វសព៌ាង្គ មានទាំងកេរ្តិ៍ខ្មាសផងនោះ ត្រូវបានជាប្រពន្ធ, បុរសដែលសូត្រសែកមន្តឧបទេស បន្ទន់សាច់សម្បុរស្បែកឲ្យល្អិតល្អ ឲ្យមានសំលៀកបំពាក់ដណ្ដប់ស្បៃវិស័យមនុស្សពិតនោះ ត្រូវបានជាបង, ឯបុរសដែលសូត្រសែកមន្តឧបទេស ជបឲ្យរស់ជាមនុស្សមានវិញ្ញាណចេះនិយាយចេះស្ដីនោះ ត្រូវបានជាឪពុក” ។
    ព្រះមហាក្សត្រទ្រង់កាត់ក្ដីដូច្នេះ ហៅសុគតិគមនំហោង ។

Flag Counter